Friday, September 20, 2024
Homeតារាខ្មែរសឿ សុធារ៉ា ធ្លាក់ចុះប្រជាប្រិយភាព ដោយសារប្តី?

សឿ សុធារ៉ា ធ្លាក់ចុះប្រជាប្រិយភាព ដោយសារប្តី?

ថ្មីៗនេះ មានអ្នកសិល្បៈជាច្រើនបានជជែកគ្នារឿងសាពូន មីដាដា ចង់យកប្រពន្ធភ្នាល់ដាក់ឱ្យតារាសម្តែងសោភ័ណ្ឌ ឡារី ៣យប់ ដោយម្នាក់ៗនាំគ្នាហួសចិត្ត ហើយគេថា ពេលនេះកេរ្តិ៍ឈ្មោះ សុធារ៉ា ហាក់បាក់ស្រុតចុះខ្លាំង ដោយសាររងភាពអាម៉ាស់ព្រោះប្តី…។

សាពូន មីដាដា និងសឿ សុធារ៉ា

មហាជន និងចង្កោមអ្នកសិល្បៈមានភាពច្របូកច្របល់ខ្លាំង នៅពេលដែលសឿ សុធារ៉ា កំពុងតែមានព័ត៌មានថា មានមន្ត្រីធំតាមស្នេហ៍ ហើយដំណឹងខ្លះទៀតថា នាងត្រូវមន្ត្រីធំលួងលោមឱ្យលែងប្តី ជាថ្នូរការប្រគល់ទ្រព្យសម្បត្តិឱ្យគ្រប់យ៉ាងនោះ ស្រាប់តែពេលនេះសុធារ៉ា កាន់តែបង្ហាញភាពហ៊ឺហាទៅៗ ដែលតារាលេងខ្លួនដទៃទៀត មិនអាចប្រជែងជាមួយនាងបានឡើយ។

ការមានរថយន្តទំនើប Lexus LX570 ស៊េរីឆ្នាំ២០១៥ តម្លៃជាង១៨ម៉ឺនដុល្លារ និងមានអង្គរក្សបើកជូន ហើយប្រើរបស់សុទ្ធតែជាម៉ាកល្បីៗ តម្លៃកាបូប១​ ស្មើម៉ូតូ១គ្រឿងនោះ មិនគ្រប់គ្រាន់ឡើយ សម្រាប់សុធារ៉ា។ តាមប្រភពថា តារាកូន១សាច់សខ្ចីរូបនេះ កំពុងតែសម្លឹងមើលផ្ទះវីឡា១ទៀត បើទោះជាគេដឹងថា ផ្ទះរបស់នាង ដែលសាងសង់ឡើងខ្ពស់ នៅក្បែរផ្សារទួលទំពូងនោះ មិនទាន់បង់រំលស់ដាច់អស់ពីធនាគារក្តី។

សំណួរដែលគ្រប់គ្នាចង់ដឹងនោះថា តើសឿ សុធារ៉ា បានលុយមកពីណា ជុំវិញភាពហ៊ឺហារបស់នាងរាល់ថ្ងៃ ដែលតារាដទៃមិនអាចធ្វើដូចនាងបាននេះ?

លោកសុភ័ណ្ឌ ឡារី

សឿ សុធារ៉ា បានធ្លាក់កេរ្តិ៍ឈ្មោះភ្លាមៗ ក្រោយពេលដែលមានប្តី ធ្វើឱ្យអាជីពសិល្បៈរបស់នាងបាត់បង់ទាំងស្រុង ខណៈដែលអាជីវកម្មសម្អាងការក៏មិនសូវកាក់កបដែរ ហើយប្តីរបស់នាង សាពូន មីដាដា ដែលបើកហាងលក់ស្រាថ្នាំបណ្តូលពេជ្រនោះ លែងខ្វល់ខ្វាយពីច្រៀងរាំទៀតហើយ គឺងាកទៅប្រឡូកក្នុងឆាកនយោបាយវិញ ហេតុនេះហើយ ការជិះរថយន្តទំនើបរបស់សុធារ៉ា នៅពេលនេះ គឺហាក់ផ្ទុយពីប្រាក់ចំណូលរបស់នាងរាល់ថ្ងៃនេះ ទើបធ្វើឱ្យមានការសង្ស័យកាន់តែច្រើនឡើងថា នាងមានមន្ត្រីធំនៅក្រោយខ្នង តែលោកមីដាដា ធ្លាប់បញ្ចោញកំហឹងតាម Facebook ថា អ្នកគិតបែបនោះ គឺសុទ្ធតែពួកមានទំនោរទៅរកបក្សប្រឆាំង។ អ្វីដែលនាំឱ្យកក្រើកពេញបណ្តាញសង្គមនោះ គឺថ្មីៗនេះ ប្តីសឿ សុធារ៉ា គឺមីដាដា ថែមទាំងចង់យកប្រពន្ធទៅភ្នាល់ជាមួយតារាសម្តែងសោភ័ណ្ឌ ឡារី ៣យប់ ព្រោះតែមីដាដា ចាត់ទុកថា លោកឡារី ជាប្រុសខ្ទើយ “ចេក” នោះទៀតផង។

ទាំងក្នុងនិងក្រៅចង្កោមអ្នកសិល្បៈ សុទ្ធតែមានការហួសចិត្តនៅពេលដែលឮមីដាដា លេងពាក្យសម្តីបែបនេះ ហើយអ្នកខ្លះថា តើសុធារ៉ា យកមុខទៅទុកឯណាទៅ​ បើប្តីខ្លួនឯងចង់យកនាងទៅភ្នាល់លេងបែបនេះ?

សឿ សុធារ៉ា មិនទាន់មានប្រតិកម្មរឿងដែលគេកំពុងតែរិះគន់ប្តីនាងពេញបណ្តាញសង្គម ដែលយកប្រពន្ធទៅលេងសើចនោះឡើយ តែលោកមីដាដា បានពន្លះអ្នកពេបជ្រាយលោកនោះ យ៉ាងចាស់ដៃតែម្តង។

ទោះជាយ៉ាងណា គេមើលឃើញថា ពេលនេះចំណងស្នេហាសឿ សុធារ៉ា-សាពូន មីដាដា ហាក់មានភាពច្របូកច្របល់ខ្លាំងទៅៗ រហូតដល់តារាខ្លះពេលដែលឃើញសុធារ៉ា ចុះពីលើឡានទំនើប Lexus LX570 នោះ ម្នាក់ៗនាំគ្នាសម្លឹងមើលនាងលើក្រោម មិនដាក់ភ្នែកទៀតផង ស្របពេលដែលមីដាដា មិនខ្វល់ខ្វាយអ្វីទាំងអស់។

តារាសិល្បៈមួយចំនួននិយាយថា គេពិបាកនឹងជឿជាក់ថា ចំណងស្នេហ៍អតីតតារាល្បី១គូនេះ នឹងអាចបន្តទៅមុខបានយូរអង្វែងទៀតណាស់ ព្រោះតែអ្នកណាក៏ដឹងដែរថា សុធារ៉ា មានប្តីនិងកូនស្រី១ទៅហើយ តែមន្តស្នេហ៍តារាសាច់សខ្ចីរូបនេះ នៅតែធ្វើឱ្យមន្ត្រីធំៗជ្រួលជ្រើមគ្រឺតក្នាញ់សម្រស់នាងដដែល រហូតដល់មានក្រុមម៉ែយ៉ែមតាមឆាឆៅ តាមលួងលោមនាងទៅញ៉ាំបាយជាមួយលោកធំៗ ជាថ្នូរលុយដុល្លារទាំងបាច់ៗទៀតផង ដែលរឿងនេះនឹងធ្វើឱ្យលោកមីដាដា ដែលរវល់លើឆាកនយោបាយនោះ កាន់តែក្តៅក្រហាយថែមទៀតជាមិនខាន។ ប៉ុន្តែ ទន្ទឹមនឹងនេះក៏មានអ្នកខ្លះបានយល់ផ្ទុយស្រឡះពីនេះ ដោយគិតថា ប្តីប្រពន្ធ១គូនេះ បើសិនជាបែក គឺបែកតាំងពីយូរណាស់មកហើយ ព្រោះឮថា មិនចុះសម្រុងគ្នាតាំងពីឆ្នាំ២០០៩ តែឥឡូវអាចរស់នៅជាមួយគ្នាបានជាង៨ឆ្នាំទៅហើយ អីចឹងប្រហែលជាមិនដើរតាមគន្លងតារាមួយចំនួន ដែលច្រើនតែលែងលះគ្នាកណ្តាលផ្លូវនោះទេ។

សឿ សុធារ៉ា បានដឹកដៃសាពូន មីដាដា ចូលរោងការ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលមង្គលការនេះមានរយៈពេល៣ថ្ងៃ នាំឱ្យកក្រើកសិល្បៈតែម្តង ហើយពេលនេះ ពួកគេទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ សាពូន ដារ៉ាពិមាន អាយុជាង៧ឆ្នាំ។ សឿ សុធារ៉ា ដែលប្រកាសថា នឹងវិលត្រឡប់មករកអាជីពចាស់វិញ បើទោះជាឱ្យធ្វើតួអីក៏ព្រមដែរនោះ ពេលនេះ នាងមិនទាន់បានបញ្ចោញស្នាដៃថ្មីឡើយ ហើយចំពេលដែលមានការរិះគន់ពេញបណ្តាញសង្គមរឿងប្តីនាងចង់យកនាងភ្នាល់ជាមួយតារាសម្តែងសោភ័ណ្ឌ ឡារី ៣យប់នោះទៀត គេជឿថា សុធារ៉ា នឹងកាន់តែពិបាកស្តារមុខមាត់ថែមទៀតជាមិនខាន ព្រោះមហាជនហាក់លែងចង់មើលស្នាដៃនាងនិងប្តី ដូចមុនទៀតហើយ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ត្រូវបានប្រភពមួយទម្លាយថា សុធារ៉ា ពេលនេះបើនាងព្រមលែងលះប្តី មីដាដា នោះ នាងនឹងក្លាយជាជំទាវភ្លាម ហើយកុំថាឡើយ រថយន្តទំនើប Lexus LX 570 មួយគ្រឿង និងវីឡាមួយខ្នង ទោះជាចង់បានហាងលក់ពេជ្រ នៅកណ្តាលរាជធានី ក៏បានដែរ។ ទោះជាយ៉ាងណា សុធារ៉ា និងមីដាដា មិនអាចទាក់ទងសុំយោបល់បំភ្លឺបានទេ កាលពីពេលថ្មីៗនេះ…៕

RELATED ARTICLES