Friday, September 20, 2024
Homeតារាខ្មែររស់ ម៉ូនីកា បែកធ្លាយដំណឹងឪពុកម្ដាយក្មេកមិនពេញចិត្តមិនចូលរួមមង្គលការ

រស់ ម៉ូនីកា បែកធ្លាយដំណឹងឪពុកម្ដាយក្មេកមិនពេញចិត្តមិនចូលរួមមង្គលការ

តារាចម្រៀងដែលមានទឹកដមសំឡេងក្រអួនក្រអៅរស់ ម៉ូនីកា ដែលហោះទៅច្រៀងនៅប្រទេសកាណាដា មួយរយៈមកហើយនោះបានសម្រេចចិត្តចូលនឹមអាពាហ៍ពិពាហ៍ រួចហើយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះជាមួយអាណិកជនខ្មែររស់នៅកាណាដា ឈ្មោះតិច សុងលី ដែលបម្រើការជាប្រធានផ្នែកនៅភោជនីយដ្ឋានMigasa។ ប៉ុន្តែអ្វីដែលស្ទើរមិនគួរឲ្យជឿនោះតាមដំណឹងថាឪពុកម្ដាយក្មេករបស់នាងពុំបានចូលរួមក្នុងមង្គលការឲ្យពរជ័យដល់កូនកម្លោះកូនក្រមុំក្នុងថ្ងៃសិរីសួស្ដីនោះទេដែលមានពាក្យចចាមអារ៉ាមថា ឪពុកមា្ដយក្មេងមិនពេញចិត្តនាងដែលមានអាជីពជាអ្នកចម្រៀង។

ពាក់ព័ន្ធនឹងដំណឹងនេះ”នគរធំ”បានធ្វើបទសម្ភាសន៍ជាមួយម៉ូនីកា តាមសារអេឡិចត្រូនិក ខណៈដែលនាងកំពុងស្ថិតនៅប្រទេសកាណាដា ហើយម៉ូនីកា បានឆ្លើយតបថា”ពិតជាមានពាក្យចចាមអារ៉ាមថាឪពុកម្ដាយក្មេកខ្ញុំមិនពេញចិត្តខ្ញុំដោយសារតែខ្ញុំជាអ្នកចម្រៀងមែន។ប៉ុន្តែខ្ញុំចង់ឆ្លើយអោយមនុស្សទាំងអស់គ្នាបានដឹងថា  ពួកគាត់គ្មានសិទ្ធមិនពេញចិត្តខ្ញុំទេ ព្រោះខ្ញុំមិនត្រូវការពួកគាត់ឡើយ មកពីពួកគាត់មិនបានទុកកូនបងទាំងពីរជាកូនស្រាប់ទៅហើយ ព្រោះនៅពេលកូនប្រុសច្បងរបស់គាត់រៀបការកន្លងមកក៏ពួកគាត់មិនទៅចូលរួមដែរ ចឹងការខ្ញុំនិងប្តីខ្ញុំគាត់មិនមកក៏ជារឿងធម្មតាសម្រាប់ពួកខ្ញុំទៅហើយ ព្រោះពួកខ្ញុំមិនបានទុកពួកគាត់ជាមនុស្សសំខាន់អីផង។ មួយវិញទៀតពួកខ្ញុំមិនបានយកលុយគាត់មករៀបការ និងរកស៊ី ឯណា ។ កូនបងទាំងពីរនេះចេញពីពួកគាត់ដោយមិនមានទទួលទ្រព្យពីគាត់គឺពួកគាត់ប្រឹងរកស៊ីមានបានដោយខ្លួនឯង មិនមែនដោយសារគាត់ទេ!”។

ម៉ូនីកា បន្ថែមថា” ចុងក្រោយខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាដែលចូរចិត្តឆ្ងល់រឿងខ្ញុំ អោយដឹងថាខ្ញុំមិនខ្វល់អ្នកណាពេញចិត្តឬមិនពេញចិត្តនោះទេ ព្រោះខ្ញុំមិនរស់នៅជាមួយពួកអ្នកដែលទំនេរអត់ប្រយោជន៍នោះទេ ខ្ញុំរស់នៅក៏មិនដើម្បីផ្គាប់ចិត្តអ្នកនោះដែរ ។ តែអរគុណដល់បងប្អូនភ្ញៀវកិត្តិយស ទាំងអស់ដែលបានអញ្ចើញមកចូលរួមនិងជូនពរដោយចេញពីចិត្តពិត “។

តាមដំណឹងថា ភ្ញៀវកិត្តិយសជាច្រើនដែលបានចូលរួមមង្គលការរបស់ម៉ូនីកា បានសម្ដែងការហួសចិត្តជាខ្លាំងនៅពេលដែលមិនឃើញវត្តមានឪពុកម្តាយខាងប្រុសមកចូលរួមខណៈដែលនៅជិតបង្កើយ តែបែរជា ឃើញបងប្អូនខាងស្រីដែលនៅឆ្ងាយបានមកពីបារាំង និងអាមេរិកដើម្បីចូលរួមជូនពរពួកគេទៅវិញ។យ៉ាងណាម៉ូនីកា អះអាងថា នាងនិងស្វាមីមិនខ្វល់ទេអ្វីដែលសំខាន់នាងនឹងស្វាមីរបស់នាងនឹងប្រឹងប្រែងរកស៊ីកសាងសុភមង្គលដោយមិនពឹងផ្អែកលើឪពុកម្ដាយក្មេកខណៈដែលនាងក៏គ្រោងមករៀបការលើកទី២នៅស្រុកខ្មែរផងដែរ។

ម៉ូនីកា​ បានឲ្យដឹងដែរថា ស្វាមីរបស់នាង ជាបុរសល្អស្រលាញ់នាងស្មោះទើបនាងសម្រេចចិត្តចូលនឹមអាពាហ៍ពិពាហ៍កសាងសុភមង្គលរួមគ្នាពោលគឺ ជាការស្រលាញ់គ្នាដោយចិត្តនិងចិត្តមិនផ្ដោតរឿងទ្រព្យជាធំខណៈដែលនាងនឹងគ្រោងមកលេងស្រុកខ្មែរនៅអំឡុងពាក់កណ្ដាលខែសីហា នេះនឹងគ្រោងរៀបការ នៅស្រុកខ្មែរម្ដងទៀតនៅអំឡុងខែតុលា ឆ្នាំ២០១៧ ចំថ្ងៃខួបកំណើតរបស់នាងតែម្ដង។

ម៉ូនីកា អះអាងថា បើទោះបីមង្គលការរបស់នាងពុំមានឪពុកម្ដាយក្មេកចូលរួមក៏ប្រព្រឹត្តិទៅយ៉ាងរលូនដែរហើយនាងនឹងរក្សាចំណងស្នេហ៍ឆ្លងដែនមួយនេះឲ្យបានរឹងមាំខណៈដែលនាងមិនទាន់មានគម្រោងយកកូនក្នុងពេលឆាប់ៗទេ៕

 

RELATED ARTICLES