ម្ចាស់ពាន “I Am A Singer Cambodia” លោកដួង វីរៈសិដ្ឋ ដែលឈរជើងនៅផលិតកម្ម Pleng Record ដែលជាសាខារបស់ហង្សមាស នោះ នឹងហោះទៅអាមេរិក ៣ខែ នៅចុងខែសីហា នេះ ហើយក៏ជាលើកដំបូងដែរ ដែលអ្នកចម្រៀងវ័យក្មេងរូបនេះត្រូវស្គាល់ទឹកដីលោកប្រធានាធិបតី Donald Trum នេះដោយសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើន ព្រោះតែអតីតតារាចម្រៀងផលិតកម្មមហាហង្ស រូបនេះអាចច្រៀងបទសម័យក៏បាន បទពីដើមក៏បានដែរ។
ដួង វីរៈសិដ្ឋ ត្រូវបានបងប្រុសជាអ្នកលើកទូរស័ព្ទជំនួសកាលពីរសៀលថ្ងៃទី០៤ ខែសីហា ដោយប្រាប់ថា អ្នកចម្រៀងរស្មីហង្សមាសរូបនេះ បានត្រៀមខ្លួនជាស្រច ដើម្បីទៅបំពេរអារម្មណ៍បងប្អូនខ្មែរយើង ដែលរស់នៅអាមេរិកនោះ។
បងប្រុសវីរៈសិដ្ឋ បានឲ្យដឹងថា ”ដួង វីរៈសិដ្ឋ ចេញទៅអាមេរិក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ហើយតាមម្រោង គឺទៅ៣ខែ តែអាចនឹងបន្ដលើសនេះទៀត ព្រោះខាង Sponsor គេចង់ឲ្យវីរៈសិដ្ឋ ច្រៀងឲ្យបានយូរជាងនេះ នេះគឺជាលើកទី១ហើយដែលប្អូនប្រុសរបស់គាត់ ត្រូវទៅសម្ដែងនៅក្រៅប្រទេស តែមិនមានការព្រួយបារម្ភទេ ព្រោះអីវីរៈសិដ្ឋ អាចច្រៀងបទពីដើមៗ និងបទសម័យបានដូចគ្នា”។
ដួង វីរៈសិដ្ឋ អាយុ២៤ឆ្នាំ បានក្លាយទៅជាម្ចាស់ពាន” I Am A Singer Cambodia“ រដូវកាលទី១ ដោយផ្ដួលរៀមច្បងហ្សូណូ និងសួស វីហ្សា ធ្វើឲ្យតារាចម្រៀងអាជីពដ៍ទៃទៀត មានការភ្ញាក់ផ្អើលគ្រប់គ្នា។ ពេលនេះ វីរៈសិដ្ឋ ឡើងកាលីពជិះរថយន្ដ TOYOTA SIENNA តម្លៃជាង២ម៉ឺនដុល្លារ ហើយថែមទាំងបានបង្កើតក្រុមរាំ មានសុទ្ធតែស្រីក្មេងៗ៤នាក់រាំអមទៀតផង ដែលនេះបញ្ជាក់ថា វីរៈសិដ្ឋ បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងជាមួយតារាច្រៀងរៀមច្បងល្បីៗនៅហង្សមាស។
បងប្រុសដួង វីរៈសិដ្ឋ បានឲ្យដឹងទៀតថា “លោកមិនហ៊ានអះអាងថា សមត្ថភាពរបស់ប្អូនប្រុសលោកយ៉ាងណានោះទេ តែច្បាស់ណាស់ថាការកាន់ពានកន្លងមកនោះ ជាការបោះឆ្នោតដោយមហាជន អីចឹងលោកជឿថា វីរៈសិដ្ឋ មានការពេញនិយមច្រើនពីអ្នកគាំទ្រ ទើបមានថ្ងៃនេះ។ ចំពោះការទិញឡាន Siena នោះ គឺវីរៈសិដ្ឋ ទិញបង់រំលស់ទេ ហើយគេទិញរថយន្ដធំហ្នឹង ដើម្បីស្រួលដឹកក្រុមរាំទៅជាមួយគ្នា ពេលត្រូវសម្ដែងតាមឆាកតន្ដ្រី។
វីរៈសិដ្ឋ ទើបតែបង្កើតក្រុមរាំអមមានសមាជិកស្រីៗ៤នាក់សិន ហើយទិសដៅនាពេលអនាគត គឺមានក្រុមរាំអមដល់ទៅ៨នាក់ឯណោះ។ ការដែលប្អូនខ្ញុំបង្កើតក្រុមរាំអមនៅពេលនេះ ព្រោះគេមានបទញាក់ខ្លះដែរ ហើយប្រាកដណាស់ គឺជាពេលវេលាដែលត្រូវតែមានក្រុមរាំតែម្ដង តែមិនមានចេតនាប្រជែងជាមួយតារាណាម្នាក់ទេ គឺជាការខិតខំប្រឹងប្រែងប៉ុណ្ណោះ។
ដួង វីរៈសិទ្ធ មានបទចម្រៀងនៅផលិតកម្ម Pleng Record មានដូចជាបទ ”ស្រលាញ់អូនលើសជីវិត”, ”ប្រយោគស្នេហ៍”, ”ប្រុសចិត្តខ្មៅនេះសមតែស្លាប់” ជាដើម។ ប៉ុន្ដែអ្វីដែលមហាជនចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺនៅពេលដែលតារាចម្រៀងសម័យវ័យក្មេងរូបនេះ យកបទមរតកដើមទៅច្រៀង ដូចជាបទ ”នាវាជីវិត”, ”ស្ទឹងសែនប៉ារីស” ជាដើម ដែលមានអ្នកទស្សនា (Views) រាប់លានឯណោះ ទើបគេចាត់ទុកថា មានតែវីរៈសិទ្ធ ម្នាក់គត់ដែលច្រៀងបទពីដើមៗទទួលបានការគាំទ្រច្រើនជាងតារារៀមច្បងផ្សេងៗទៀតផង។ ចំណែកតារាចម្រៀងអាជីពផ្សេងៗទៀត បានលើកឡើងថា ដួង វីរៈសិដ្ឋ មានការតស៊ូព្យាយាមដើម្បីឲ្យហង្សមាស បានឃើញពីសមត្ថភាពរបស់គេហើយ ក្រោយពីលើកពាន “I Am A Singer Cambodia” នេះមក វីរៈសិដ្ឋ ដោយពេលនេះច្រៀង១កម្មវិធី ស៊ីថ្លៃជិត១ពាន់ដុល្លារ ហើយអ្នកចម្រៀងវ័យក្មេងនេះ គឺជាគ្រាប់ពេជ្ររបស់ហង្សមាស ទៅហើយ។
បងប្រុសរបស់តារាចម្រៀងវ័យក្មេងរូបនេះ បន្ថែមទៀតថា ប្អូនប្រុសរបស់គាត់នឹងមានឱកាសអាចលេចធ្លោជាងនេះបានព្រោះតែគេមានជំនាញសិល្បៈច្បាស់លាស់ គឺអាចធ្វើភ្លេង និងនិពន្ធបទចម្រៀងដោយខ្លួនឯងបាន។ អ្វីដែលលោកមានមោទនភាពនោះ គឺនៅពេលដែលវីរៈសិដ្ឋ ចេញបទពីដើមៗឡើងវិញនោះ គឺមានការគាំទ្រច្រើនដល់រាប់លាននាក់ឯណោះ តែសូមកុំយកប្អូនលោកទៅប្រៀបធៀបជាមួយតារារៀមច្បងអីពិសេសគឺលោកតាស៊ីន ស៊ីសាមុត គឺសំឡេងមាស គ្មានអ្នកណាអាចប៉ះ ឬប្រៀបធៀបបានឡើយ ហើយប្អូនរបស់លោកច្រៀងបទរបស់អធិរាជសំឡេងមាសឡើងវិញនោះ ព្រោះតែជាការស្រលាញ់ និងចង់អភិរក្សបទមរតដើមឡើងវិញប៉ុណ្ណោះ។
ដួង វីរៈសិដ្ឋ មានឈ្មោះដើមថា ម៉ម វាសនា អាយុ២៤ឆ្នាំ ស្រុកកណើតនៅខេត្តកំពត ត្រូវបានមហាជនលើកឡើងថា អ្នកចម្រៀងវ័យក្មេងរូបនេះស្ថិតក្នុងចំណោមតារាចម្រៀងវ័យក្មេងម្ចាស់ពានដ៍ទៃទៀត របស់ផលិតកម្មហង្សមាស មានដូចជា ប៊ុត សីហា នី រតនា និងថែល ថៃ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីជំនួសតំណែងលោកព្រាប សុវត្ថិ នាពេលអនាគត។
ប្រភពបានឲ្យដឹងថា តាមរយៈរូបរាងសង្ហា ចរិតសុភាពរាបសារនេះ វីរៈសិដ្ឋ មានស្រីៗជាកូនអ្នកមានជាច្រើនស្នេហ៍តារារូបនេះ សូម្បីតែក្រមុំៗនៅអាមេរិក ក៏ជ្រួលជ្រើមមិនតិចដែរ នៅពេលដែលដឹងថា វីរៈសិដ្ឋ នឹងហោះទៅផ្ញើខ្លួន៣ខែ ដោយចេញដំណើរនៅថ្ងៃទី២៨ ខែសីហា នោះទើបធ្វើឲ្យអ្នកគាំទ្រ (Fan) តារាចម្រៀងរូបនេះភ័យ ខ្លាចតែវីរៈសិដ្ឋ ទៅដល់អាមេរិក ហើយត្រូវស្រីស្អាតឃាត់មិនឲ្យវិលត្រឡប់មកស្រុកខ្មែរវិញ។
បងប្រុសដួង វីរៈសិដ្ឋ បញ្ជាក់ថា ”ធម្មតាទេយើងជាអ្នកសិល្បៈមានអ្នកស្រលាញ់គាំទ្រអីចឹងហើយ តែសិដ្ឋ មិនដែលប្រាប់ខ្ញុំថា គេមានសង្សារអីទេ។ មើលទៅគ្នានៅក្មេងណាស់ ចង់ឲ្យគិតគូររឿងការងារសិន ល្អជាង ហើយការទៅអាមេរិក នោះ នឹងសម្ដែងលើសពី៣ខែ តែមិនមែនរស់នៅហ្នុងទេ គឺត្រូវតែវិលមកធ្វើការនៅស្រុកខ្មែរវិញ”៕