Tuesday, November 26, 2024
Homeតារាខ្មែរគង់ វិច្ឆិកា កើតជំងឺអាលែរហ្សុី ពេលនេះកំពុងសម្រាកនៅផ្ទះមិនហ៊ានចេញទៅថត

គង់ វិច្ឆិកា កើតជំងឺអាលែរហ្សុី ពេលនេះកំពុងសម្រាកនៅផ្ទះមិនហ៊ានចេញទៅថត

ស្របពេលដែលគង់ វិច្ឆិកា កំពុងត្រូវទូរទស្សន៍ហង្សមាស បញ្ឈរជើង ដោយផ្អាកការធ្វើពិធីការិនី ពេលនេះតាមព័ត៌មានថា កើតជំងឺអាល់លែរហ្ស៊ីពេញផ្ទៃមុខ បណ្តាលឱ្យនាងរោលពេញមុខតែម្តង កុំថាឡើយទៅធ្វើពិធីការិនីវិញ សូម្បីតែថតភាពយន្ត និង MV ក៏មិនអាចធ្វើបានដូចមុនទៀតដែរ ហេតុនេះហើយបានជាប្រាក់ចំណូលពីសិល្បៈរបស់តារាតូចច្រឡឺងរូបនេះ គឺត្រូវបាត់បង់ទាំងស្រុងតែម្តង។


អតីតពីធីការិនីហង្សមាស រូបនេះ និយាយដោយស្រងូតស្រងាត់ថា “ជាការពិតបង ខ្ញុំកើតអាល់លែរហ្ស៊ីពេញផ្ទៃមុខតែម្តង ឥឡូវខ្ញុំមិនទាន់ហ៊ានទទួលការថតភាពយន្ត និង MV វិញទេ ព្រោះមុខខ្ញុំហើមប៉ោងៗ ហើយឥឡូវគីឡូហ្នឹងក៏ឡើងទៀត ពិបាកដល់ហើយខ្ញុំ។ អំឡុងពេលហ្នឹងមានគេហៅថតរឿង និងខារ៉ាអូខេដែរ តែខ្ញុំមិនទទួលទេ ព្រោះចង់ព្យាបាលមុខឱ្យជាសះស្បើយសិន ហើយឥឡូវជាបាន៧០ភាគរយ រយៈពេល៤ខែនេះ គឺសល់តែ៣០ភាគរយប៉ុណ្ណោះ។ ខ្ញុំព្យាបាលអាល់លែរហ្ស៊ីនេះ នៅពេទ្យ SV ឡាស៊ែរ នៅម្តុំបឹងត្របែក ហើយមិនហ៊ានបំពានវេជ្ជបញ្ជាពីគ្រូពេទ្យទេ ដែលគាត់ហាមយើងទៅធ្វើការនៅកន្លែងក្តៅៗ គឺអាចនៅកន្លែងណាដែលត្រជាក់ៗសិន ចាំជាដាច់ ទើបអាចទៅធ្វើការបានវិញ”។


ជាមួយការបារម្ភថា មិនទាន់អាចកំណត់ក្នុងការវិលត្រឡប់មករកអាជីពចាស់នេះ គង់ វិច្ឆិកា បានឱ្យដឹងដែរថា ការដែលនាងកើតជំងឺអាល់លែរហ្ស៊ីពេញផ្ទៃមុខនេះ គឺបណ្តាលមកពីកន្លងមក នាងដែលមានសម្បុរស្រអែមនេះ ត្រូវអ្នកដឹកនាំរឿងឱ្យថតតែប្លង់នៅស្រុកស្រែ មានដីហុយ ដូចជារឿង “កំលោះស្រុកស្រែស្នេហ៍ក្រមុំឡប់” ជាដើម ដែលប្លង់ដែលនាងត្រូវសម្តែង គឺសុទ្ធតែជាកន្លែងក្តៅ និងមានដីហុយច្រើនមកប៉ះផ្ទៃមុខ។ ជាមួយគ្នានេះដែរ វិច្ឆិកា ក៏កាន់តែដុនដាបថែមទៀត នៅពេលដែលនាងថត MV បទ “ត្រចៀកកាំចាំស្នេហ៍” ដែលតម្រូវឱ្យនាងចេញទៅថតនៅប្រទេសភូមា និងទីក្រុងឈៀងម៉ៃ ប្រទេសថៃ រយៈពេល៩ថ្ងៃទៀតផង ទើបគ្រាន់តែស្រីស្រស់ត្រឡប់មកដល់ស្រុកវិញ ផ្ទៃមុខនាងប្រែទៅជារោល ហើយអាល់លែរហ្ស៊ី បាត់សម្រស់ស្ទើរតែទាំងស្រុង។ ប៉ុន្តែ ជាមួយគ្នានេះដែរ អ្នកខ្លះទៀតសង្ស័យថា វិច្ឆិកា សម្ងំលាក់ខ្លួន ព្រោះមានគូស្នេហ៍ហួងហែង លែងឱ្យលេងអាជីពសិល្បៈទៅវិញ ព្រោះតែកន្លងមក ក៏ធ្លាប់មានព័ត៌មានថា តារាស្រអែមស្រស់រូបនេះ មានប្រុសទាំងក្នុង និងក្រៅស្រុក តាមញ៉ែដែរ។


គង់ វិច្ឆិកា អាយុ២២ឆ្នាំ វាចាដោយស្រងូតស្រងាត់ថែមទៀតថា “និយាយទៅ មួយរយៈហ្នឹង បើគ្មានជំងឺអាល់លែរហ្ស៊ីតាមព្យាបាទទេ ខ្ញុំក៏មិនអាចថតសម្តែងដូចមុនបានទៀតដែរ ព្រោះពេលនេះខ្ញុំកំពុងតែកាន់ទុក្ខដែរ ដោយសារថ្មីៗនេះ លោកយាយរបស់ខ្ញុំ រស់នៅខេត្តកណ្តាល គាត់ទើបទទួលមរណភាព អីចឹងយើងមានទុក្ខ បើថតសិល្បៈសប្បាយភ្លាមៗ ក៏មិនកើតដែរ។ ខ្ញុំសង្ឃឹមថា អាជីពសិល្បៈរបស់ខ្ញុំនឹងវិលមករកធម្មតាវិញ នៅពេលដែលខ្ញុំរំសាយទុក្ខរឿងលោកយាយខ្ញុំស្លាប់ ហើយជំងឺអាល់លែរហ្ស៊ីមុខរបស់ខ្ញុំបានធូរស្រាលវិញនេះ”៕

RELATED ARTICLES