Tuesday, November 26, 2024
Homeតារាខ្មែរសុគន្ធ និសា​ រឿងទី១ ខកចិត្ត រឿងទី២ ត្អូញពិបាក

សុគន្ធ និសា​ រឿងទី១ ខកចិត្ត រឿងទី២ ត្អូញពិបាក

សុគន្ធ និសា ធ្លាប់ត្រូវបានផលិតកម្មថោន លើកឱ្យធ្វើជាតួឯកស្រីក្នុងរឿង “ចងចាំ” ដែលប៉ះជាមួយតួឯកប្រុស លោកករុណា ពេជ្រ តែនិសា បានត្រឹមខកចិត្ត ព្រោះរឿងនោះមិនទាន់ដាក់បញ្ចាំងឡើយ ក្រោយពេលដែលនាងដើរចេញពីថោន វិលចូលហង្សមាស។ ប៉ុន្តែ យ៉ាងណា ពេលនេះ ហង្សមាស បានលើកនិសា ថែមមួយក្រឺតទៀត គឺការប្រគល់តំណែងជាតួឯក ក្នុងរឿង “សិសិររដូវក្នុងបេះដូង” ប៉ះជាមួយតួឯកប្រុស លោកឆន សុវណ្ណរាជ។

សុគន្ធ និសា បានត្អូញថា នាងមានការលំបាកច្រើនក្នុងការថតរឿងនេះ មិនមែនដូចការថត MV បទចម្រៀងឡើយ…។

សុគនញធ និសា និងឆន សុវណ្ណរាជ

“មិនមែនជាការងាយស្រួលទេបង ថតរឿងមិនមែនដូចការថត MV ដែលកាត់តចុះឡើងៗបាននោះទេ ខ្ញុំគិតថា មានការលំបាកច្រើនណាស់សម្រាប់ខ្ញុំ តែខ្ញុំបានប្រឹងប្រែងនិងធ្វើវាបាន”។ នេះជាការថ្លែងរបស់សុគន្ធ និសា ប្រាប់អ្នកយកព័ត៌មានយើង នៅពេលដែលត្រូវសួរថា ការថតភាពយន្តរឿង “សិសិររដូវក្នុងបេះដូង” និងថត MV មួយណាមានភាពលំបាកជាងនោះ។

សុគន្ធ និសា ថែមទាំងមានជំនឿចិត្តថា នៅពេលដែលរឿងថ្មីរបស់នាងត្រូវបានដាក់បញ្ចាំងនៅប៉ុស្តិ៍ហង្សមាស នោះ នាងនឹងទទួលបានការគាំទ្រជាមិនខាន។

តារាចម្រៀងហង្សមាស រូបនេះថ្លែងថា “រឿងហ្នឹងខ្ញុំថតជាមួយលោកឆន សុវណ្ណរាជ ហើយមិនមែនជាការស្រួលទេបង ប្លង់ពិបាកច្រើនណាស់ តែខ្ញុំអាចធ្វើបានទៅតាមអ្នកដឹកនាំសម្តែងចង់បាន។ និយាយទៅ ការថតរឿងពិបាកជាងការថត MV  ខារ៉ាអូខេ ដែលគេកាត់តចុះឡើងក៏ចប់ អាចចេញបាន តែការថតភាពយន្ត មិនងាយអីចឹងទេ ពិបាកច្រើនជាងឆ្ងាយណាស់។ ខ្ញុំសង្ឃឹមថា រឿងនេះនឹងទទួលបានការចាប់អារម្មណ៍ពីបងប្អូនជាមិនខាន ព្រោះជារឿងសម័យមួយដែលសាច់រឿងល្អ”។

រឿង “សិសិររដូវក្នុងបេះដូង” នេះ ជារឿងទី២ហើយ សម្រាប់សុគន្ធ និសា ដែលជាតារាចម្រៀងល្បីម្នាក់ ប្រចាំប្រទេស ហើយបន្ថែមអាជីពថ្មី គឺថតភាពយន្ត ដែលរឿងរបស់នាងទី១ គឺរឿង “ចងចាំ” របស់ផលិតកម្មថោន ដែលនិសា សម្តែងជាមួយលោកករុណា ពេជ្រ តែរហូតមកដល់ពេលនេះ មិនទាន់ដាក់បញ្ចាំងឡើយ បើទោះជាបានថតចប់ជាច្រើនខែក្តី ហើយមានព័ត៌មានខ្លះថា រឿង “ចងចាំ” អាចនឹងត្រូវរំសាយចោល ព្រោះថោន អន់ចិត្តនិសា ហើរចេញពីទ្រនំរបស់ខ្លួន ចូលហង្សមាស។

យ៉ាងណា មហាជនជាច្រើនរង់ចាំមើលថា តើការចាប់ដៃគូលោកឆន សុវណ្ណរាជ សម្តែងជាតួឯករបស់សុគន្ធ និសា នៅក្នុងរឿង “សិសិររដូវក្នុងបេះដូង” នេះពួកគេមានសមត្ថភាពកម្រិតណា? ព្រោះរឿងនេះ ជារឿងល្បីរបស់កូរ៉េ ប្រសិនបើលេងមិនដល់ទេ តារាទាំង២ មិនត្រឹមតែមិនល្បីថែមទៀតទេ តែអាចធ្លាក់ទឹកក៏ថាបានដែរ។

លោកខាំ ភូរិ អ្នកដឹកនាំសម្តែងរឿង “សិសិររដូវក្នុងបេះដូង” បានឱ្យដឹងថា លោកមិនហ៊ានអះអាងទេថា ពួកគេលេងបានកម្រិតណា ដល់តួកូរ៉េ ឬមិនដល់នោះ តែលោករំពឹងថា នឹងទទួលបានការគាំទ្រពីមហាជន ព្រោះសុគន្ធ និសា និងឆន សុវណ្ណរាជ ជាដៃគូដែលសម្តែងមានការស៊ីចង្វាក់គ្នាល្អណាស់ ហើយក៏ជាតួអង្គដែលលោកស្រមៃថា ឱ្យពួកគេចាប់ដៃគូជាយូរមកហើយដែរ។

លោកភូរិ បញ្ជាក់ថា “រឿង “សិសិររដូវក្នុងបេះដូង” នេះ យើងទិញសិទ្ធិ (license) ពីកូរ៉េ ព្រោះជារឿងល្បីរបស់គេ។ រឿងនេះមាន២៤ភាគ ហើយទីតាំង៨០ភាគរយ គឺថតនៅខេត្តកោះកុង ដែលសាច់រឿងតម្រូវ ហើយយើងបានរៀបចំតាំងពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០១៧នេះ ទើបថតចប់ ហើយនឹងដាក់បញ្ចាំងនៅទូរទស្សន៍ហង្សមាស នៅអំឡុងដើមខែកញ្ញា ឆ្នាំ២០១៧នេះហើយ។ ខ្ញុំគិតថា តួឯកស្រី សុគន្ធ និសា និងតួឯកប្រុស លោកឆន សុវណ្ណរាជ គឺពិតជាដៃគូដ៍ស័ក្តិសមខ្លាំងណាស់ក្នុងការសម្តែងរឿងនេះ ហើយគឺជាក្តីស្រមៃមួយដែលខ្ញុំធ្លាប់គិតថា ថ្ងៃណាមួយខ្ញុំធ្វើរឿង នឹងហៅតារាចម្រៀងល្បីទាំង២ ឱ្យធ្វើជាតួឯក ឥឡូវគឺបំណងនេះបានសម្រេចហើយ”។

សុគន្ធ និសា-ឆន សុវណ្ណរាជ នឹងត្រូវបង្ហាញខ្លួនឃោសនារឿង “សិសិររដូវក្នុងបេះដូង” នៅផ្សារទំនើបអ៊ីអនម៉លដែរ នៅថ្ងៃទី២៤ ខែសីហា ហើយរំពឹងថា មាន Fan ជាច្រើនបានស្វាគមន៍  និងអបអរសាទរតារាទាំង២។

ទស្សនិកជនយល់ថា នេះជាកាដូថ្មីមួយទៀតដែលហង្សមាស បានប្រគល់ទៅឱ្យសុគន្ធ និសា បន្ទាប់ពីមុននេះ ហង្សមាស ក៏បានប្រគល់តំណែងថ្មីឱ្យនិសា ធ្វើជាគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀង “The Voice Kids Cambodia” ដើម្បីចងជើងតារាតូចច្រឡឹងរូបនេះកុំឱ្យវិលត្រឡប់ទៅផលិតកម្មថោន វិញ ព្រោះថា អាជីពចម្រៀងនិសា នៅពេលនេះ ហាក់នៅទ្រឹង ពិបាកប្រជែងជាមួយឱក សុគន្ធកញ្ញា និងពេជ្រ សោភា ណាស់៕

RELATED ARTICLES