Friday, September 20, 2024
Homeតារាខ្មែរប៉ែន ចំរ៉ុង ទើបស្ងប់រឿងអាស្រូវរត់ចោលប្រពន្ធកូន​​ ស្រាប់តែផ្ទុះការរិះគន់រឿងតែងខ្លួនស្ទីលថៃ

ប៉ែន ចំរ៉ុង ទើបស្ងប់រឿងអាស្រូវរត់ចោលប្រពន្ធកូន​​ ស្រាប់តែផ្ទុះការរិះគន់រឿងតែងខ្លួនស្ទីលថៃ

ពិធីករលោកប៉ែន ចំរ៉ុង ដែលទើបស្ងប់ការរិះគន់ពាក់ព័ន្ធរឿងអាស្រូវស្នេហារត់ចោលប្រពន្ធអ្នកភិន សុដាលីស ឲ្យរស់នៅជាស្ត្រីមេម៉ាយរ៉ាប់រងចិញ្ចឹមកូនស្រីម្នាក់ឯងនោះកាលពីយប់ថ្ងៃទី៨ សីហា ស្រាប់តែត្រូវបានមហាជនផ្ទុះប្រតិកម្មយ៉ាងខ្លាំងពាក់ព័ន្ធនិងការតុបតែងខ្លួនស្ទើរតែដូចគ្នាបេះបិទនឹងទម្រង់លំលៀកបំពាក់របស់ជនជាតិថៃនៅក្នុងកម្មវិធី«ស៊ីអារម្មណ៍» ដែលជាកម្មវិធីលេចធ្លោមួយរបស់ទូរទស្សន៍PNN ។

ក្នុងពេលដែលលោកប៉ែន ចំរ៉ុង ស្រាប់តែតុបតែងសំលៀកបំពាក់មួយឈុតដោយមានទាំងចងក្បាលនឹងក្រណាត់ពណ៌ផង ដែលការតែងតែងខ្លួនបែបនោះគឺត្រូវគេស្គាល់ភាគច្រើនថាលុះត្រាតែជនជាតិថៃទើបមានរចនាបទបែបនោះ។ នេះជាការបង្ហាញទម្រង់បែបថៃដ៏គួរអោយចាប់អារម្មណ៍នៅក្នុងកម្មវិធី«ស៊ីអារម្មណ៍»ដែលបានចាក់ផ្សាយកាលពីយប់មិញ ដោយកម្មវិធីនោះផ្ដោតកិច្ចសម្ភាសន៍ជុំវិញរឿង«ហ្លួងព្រះស្ដេចកន» ។ប៉ុន្តែសំលៀកបំពាក់របស់ពិធីករ គឺបើក្រឡេកមួយភ្លែតអត់មានអ្នកណាយល់ថាជាការស្លៀកពាក់របៀបខ្មែរនោះទេ។ អ្នកលេងហ្វេសប៊ុកជាច្រើនបានសម្ដែងប្រតិកម្មភ្លាមៗ នៅពេលឃើញ លោកប៉ែន ចំរ៉ុង ស្លៀកពាក់ទម្រង់ជារបៀបថៃគឺជាមុខសញ្ញាដែលត្រូវគេធ្វើការរិះគន់ជាងគេ ដោយសារតែលោកគឺជាតារាល្បីឈ្មោះមួយរូបមិនគួរស្លៀកពាក់ជារបៀបវប្បធម៌របស់គេ ។

លោកសាម៉ន បណ្ឌិត្យ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអ្នកជំនាញក្នុងការផលិតកម្មវិធីសិល្បៈ វប្បធម៌ និងអប់រំ បានសម្ដែងការហួសចិត្តបន្ទាប់ពីមានការសាកសួរជុំវិញទម្រង់កម្មវិធី និងសំលៀកបំពាក់របស់លោកប៉ែន ចំរ៉ុង នៅក្នុងកម្មវិធី«ស៊ីអារម្មណ៍!»ដែលបានចាក់បញ្ចាំងនៅPNN កាលពីយប់ថ្ងៃទី៨ សីហា។ លោកបានសួរច្រាសមកវិញថា តើរចនាបទរបស់កម្មវិធី និងការតែងខ្លួនរបស់តារាខ្មែរ គឺត្រូវតាមលក្ខណៈរបស់ខ្មែរដែរឬទេ ហើយតើមានការត្រួតពិនិត្យកម្រិតណា ពីរចនាបទនោះ? លោកអះអាងថាសំលៀកបំពាក់របស់លោកប៉ែន ចំរ៉ុង គឺជាឈុតដែលគេមើលឃើញភាគច្រើនថាជាទម្រង់ថៃ ។លោកបានសួរទៀតថាតើមានទក្ហីករណ៍ណាខ្លះបញ្ជាក់ថា សំលៀកបំពាក់ និងការចងក្រណាត់ក្បាលរបស់ប៉ែន ចំរ៉ុង គឺជារចនាបទរបស់ខ្មែរ ខណៈដែលលោកស្នើអោយក្រសួងវប្បធម៌ និងអ្នកជំនាញវប្បធម៌ ធ្វើការបកស្រាយនូវការរៀបចំពីរចនាបទនោះ ដើម្បីកុំអោយមានការយល់ច្រលំថាខ្មែរគឺជាអ្នកចម្លងនូវវប្បធម៌របស់ថៃទៅវិញ។ លោកក៏បានដាក់កំហុសចំពោះលោកប៉ែន ចំរ៉ុង ដោយលោកបញ្ជាក់ថាក្នុងនាមជាតារាសិល្បៈជើងចាស់មួយរូបបែរជាតុបតែងកាយជាបែបប្រពៃណីថៃ។

ពាក់ព័ន្ធនឹងប្រតិកម្មខាងលើ លោកម៉ៅ អាយុទ្ធ ដែលជាអ្នកដឹកនាំរឿង”ហ្លួងព្រះស្ដេចកន”ធ្លាប់បានប្រកាសថាសំលៀកបំពាក់ដែលបានតុបតែងនោះ គឺឆ្លងកាត់ការស្រាវជ្រាវយ៉ាងម៉ត់ចត់ ដោយលោកបញ្ជាក់ថានោះជាសំលៀកបំពាក់ដែលខ្មែរបានប្រើនៅក្នុងសម័យស្ដេចកន ប៉ុន្តែមកពី សម័យក្រោយៗខ្មែរមិនសូវនិយម ហើយថៃគេប្រើជាប់លាប់ជាងទើបធ្វើអោយមានការយល់ច្រលំ។ យ៉ាងណាមិញ អ្នកលេងហ្វេសប៊ុកនៅតែ យល់ថា ការតុបតែងខ្លួនរបស់ លោកប៉ែន ចំរ៉ុង ក្នុងកម្មវិធី«ស៊ីអារម្មណ៍»កាលពីយប់ថ្ងៃទី៨ សីហា ថាលើសពីការតុបតែងខ្លួនបែបចង់ច្រលំថៃ ទើបបណ្ដាលអោយមានការរិះគន់។

មានការចាប់អារម្មណ៍ថា ពេលលោកប៉ែន ចំរ៉ុង ផ្ទុះការរិះគន់ក្រោយពេលរត់ចោលប្រពន្ធកំពុងមានផ្ទះពោះ៣ខែនោះ បានធ្វើឲ្យអាជីពសិល្បៈរបស់ធ្លាក់កូដបាត់ប្រភពចំណូលជាច្រើនហើយពេលនេះ ស្រាប់តែរងការរិះគន់ស្លៀកពាក់ស្ទីលថៃទៀតមិនដឹងលោកនឹងទប់ការលំនឹងការគាំទ្របានកម្រិតណានោះទេខណៈដែលដំណឹងនេះមិនទាន់ទទួលបានការបកស្រាយពីប៉ែន ចំរ៉ុង នៅឡើយ៕

RELATED ARTICLES