Tuesday, November 26, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ថៅកែហង្សមាសពេញចិត្ត តែមានអ្នកខ្លះរិះគន់ថា នាងវាយប្ញក

រ៉េត ស៊ូហ្សាណា ថៅកែហង្សមាសពេញចិត្ត តែមានអ្នកខ្លះរិះគន់ថា នាងវាយប្ញក

រ៉េត ស៊ូហ្សាណា ដែលធ្លាប់រងការរិះគន់តាមបណ្តាញសង្គម Facebook ថា ជាតារាវាយឬកឆ្មើងឆ្មៃ និងអ្នកខ្លះទៀតថា នាងច្រៀងមិនកើត ព្រោះសំឡេងអក្ខរាវិរុទ្ធខ្មែរមិនសូវច្បាស់ និងច្រៀងបទជាភាសាអង់គ្លេស បន្លំតុងនោះ ត្រូវបានផលិតកម្មហង្សមាស មិនខ្វល់ខ្វាយរឿងទាំងនោះឡើយ ហើយថែមទាំងលេងមួយក្បាច់ ដើម្បីឱ្យអ្នករិះគន់នាង បានភ្លឺភ្នែក ដោយប្រគល់តំណែងជាតួឯកក្នុងរឿងភាគរបស់ប៉ុស្តិ៍ហង្សមាស គឺរឿង “បិសាចគួរឱ្យស្រលាញ់” ទៀតផង។

អ្នកខ្លះថា ស៊ូហ្សាណា មានរូបសម្រស់គួរឱ្យទាក់ទាញ ហេតុនេះហើយ ពិតជាស័ក្តិសមជាតួឯក តែយ៉ាងណា ការទម្លាក់ពេជ្រ សោភា ឱ្យធ្វើជាតួម្តាយនោះ ហាក់ត្រូវបានគិតទុកថា នាពេលខាងមុខ អតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី២ ដែលបរាជ័យក្នុងការលើកពាននេះ ប្រាកដជាត្រូវទ្រនំធំនេះលើកឱ្យធ្វើជាតារាចម្រៀងសំខាន់របស់ខ្លួនជាមិនខាន បើទោះបីជាសមត្ថភាពរបស់នាង ហាក់មិនទាន់អាចទៅប្រជែងជាមួយពេជ្រ សោភា និងឱក សុគន្ធកញ្ញា បានក៏ដោយ។

បើតាមតារាដែលសម្តែងរឿង “បិសាចគួរឱ្យស្រលាញ់” បានបង្ហើបប្រាប់ថា រ៉េត ស៊ូហ្សាណា នឹងឡើងកូដថែមទៀត នៅពេលដែលរឿងភាគនោះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ហើយថ្វីត្បិតនាងជាតារាចម្រៀងមែន តែនៅពេលដែលចាប់ដៃគូសម្តែងជាមួយតារាលេងស្ទីលកូរ៉េ លោក Step នោះ ពួកគេលេងយ៉ាងស៊ីចង្វាក់គ្នា មិនចាញ់តារាសម្តែងអាជីពឡើយ។
ប្រភពបានឱ្យដឹងថា រ៉េត ស៊ូហ្សាណា នឹងត្រូវហង្សមាស ផ្តល់ឱកាសឱ្យបានលេងជាតួឯកទៀត នៅរឿងភាគក្រោយៗរបស់ប៉ុស្តិ៍ទូរទស្សន៍នេះ ដោយគ្រាន់តែមានការផ្លាស់ប្តូរតួឯកប្រុសប៉ុណ្ណោះ ព្រោះអ្នកដឹកនាំបានពេញចិត្តការសម្តែងរបស់នាងថា ដាក់អារម្មណ៍បានល្អទៅតាមសាច់រឿងដែលគេចង់បាន។


រ៉េត ស៊ូហ្សាណា ជាកូនក្រុមរបស់តារាចម្រៀងឱក សុគន្ធកញ្ញា ក្នុងកម្មវិធីប្រលងចម្រៀង “The Voice Cambodia” រដូវកាលទី២ តែនាងមិនអាចសម្រេចក្តីស្រមៃក្នុងការលើកពានបានឡើយ ដោយម្ចាស់ជ័យលាភីពិតប្រាកដ គឺធ្លាក់ក្នុងកណ្តាប់ដៃលោកថែល ថៃ។ ទោះជាយ៉ាងណា ស៊ូហ្សាណា អាចប្រជៀតចូលទ្រនំធំហង្សមាស បានដោយងាយ តែការផ្ញើប្រាណជាង១ឆ្នាំនេះ ស្រីស្អាតក្មេងរូបនេះ មានតែចម្រៀង១បទប៉ុណ្ណោះ ដែលគេស្គាល់ថា ជាបទរបស់នាង គឺបទ “ឈប់” ដោយមានការពេញនិយមគួរសមពីយុវវ័យ ធ្វើឱ្យតារាចម្រៀងវ័យក្មេងរូបនេះ ឡើងតម្លៃខ្លួន ច្រៀង១កម្មវិធី ស៊ីថ្លៃដល់ជាង១ពាន់ដុល្លារឯណោះ ខណៈដែលតារាចម្រៀងខ្លះច្រៀងជាច្រើនឆ្នាំមកហើយ តែតម្លៃខ្លួននៅទាបជាងនាង។

រ៉េត ស៊ូហ្សាណា និងឱក សុគន្ធកញ្ញា

អ្នកជំនាញសិល្បៈម្នាក់ ដែលធ្លាប់ធ្វើការជាមួយផលិតកម្មរស្មីហង្សមាស បាននិយាយ ដោយសុំមិនបញ្ចោញឈ្មោះថា រ៉េត ស៊ូហ្សាណា មានរូបសម្រស់ស្អាត ហើយច្រៀងបទចម្រៀងជាភាសាអង់គ្លេស បានល្អជាងបទខ្មែរ ការដែលហង្សមាស លើកឱ្យធ្វើជាតួឯក គឺត្រឹមត្រូវហើយ ព្រោះនាងស្អាតសមជាតួឯក តែបើថា ថ្ងៃក្រោយនឹងក្លាយជាតារាចម្រៀងខ្លាំងដូចមាស សុខសោភា, ឱក សុគន្ធកញ្ញា ឬពេជ្រ សោភា នោះ មិនអាចទេ ព្រោះសំឡេងមិនខ្លាំងប៉ុន្មានឡើយ គ្រាន់តែថា នាងឈរនៅផលិតកម្មធំដូចហង្សមាស យ៉ាងណា បើផលិតកម្មនេះចង់លើកស្ទួយ គឺនាងល្បីឈ្មោះក្នុងចំណោមយុវវ័យស្គាល់នាងប៉ុណ្ណឹង។

លោក step, រ៉េត ស៊ូហ្សាណា និងពេជ្រ សោភា

អតីតបុគ្គលិករបស់ហង្សមាស រូបនេះនិយាយថា “ហង្សមាស យកកូនហ្នឹង (ហ្សាណា) ធ្វើតួឯកល្អតើ! គេស្អាត ប៉ុន្តែ អត់ដឹងថា សម្តែងជាតួឯកបានដែរឬអត់ទេ ព្រោះតួឯកមិនមែនចេះតែលើកដាក់ៗនោះទេ គឺទាមទារនូវសមត្ថភាពបន្ថែមពីលើរូបសម្រស់។ តាមខ្ញុំមើលទៅ ស៊ូហ្សាណា ហ្នឹង បើឱ្យថតកុនរហូតល្អហើយ ព្រោះសម្រស់បាន តែរាងទាបបន្តិច ហើយបើថាចង់លើកឱ្យក្លាយជាតារាចម្រៀងល្បីដូចសុគន្ធកញ្ញា, មាស សុខសោភា, ពេជ្រ សោភា អី មិនអាចទេ គេខ្លាំងយូរហើយ។ ស៊ូហ្សាណា មានដង្ហើមខ្លី ច្រៀងមិនសូវច្បាស់ទេ តែនាងនៅក្មេង ហើយហង្សមាស គេមានអ្នកជំនាញខ្លាំងៗច្រើន អាចបណ្តុះបណ្តាលនាងឱ្យ គ្រាន់បើជាងនេះបាន។ ខ្ញុំក៏ឮគេនិយាយដែរថា កូនហ្នឹងប្ញកណាស់ តែពិបាកថាដែរ ជួនកាលគ្នាមិនស្គាល់ មករាក់ទាក់ជាមួយគេគ្រប់គ្នាម៉េចកើត? តែថា គ្រាន់តែប៉ិចឡើងមិនទាន់ដឹងស្អីផង មកវ៉ៃប្ញកកាច់រាងអី ទៅចូលសិល្បៈធ្វើអី? មិនមើលតារាខ្លាំងៗនៅហង្សមាស ផង គេធ្វើម៉េចជាមួយមហាជន?”៕

RELATED ARTICLES