ថ្មីៗនេះ មានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា មានការប្រៀបធៀបគ្នារវាងសម្រស់តារាចម្រៀងសុគន្ធនិសា និងនាងស្រី សុរង្សី ដែលជាគូដណ្ដឹងរបស់អតីតសង្សារ គឺលោកសុខ ជំនោរ ដែលបានភ្ជាប់ពាក្យកាលពីពេលថ្មីៗនេះ បែរជាមានការបង្អាប់ថា និសា កាលចូលសិល្បៈដំបូង សម្រស់ចាញ់នាងរង្សី។ ការផ្គូរផ្គងបែបនេះប្រាកដជាធ្វើឲ្យលោកសុខ ជំនោរ ដែលត្រៀមដឹកដៃគូដណ្ដឹងដែលជាអ្នកធ្វើការនៅធនាគាររូបនេះចូលរោងការនៅខែវិច្ឆិកា ប្រាកដជារំភើបសប្បាយចិត្តក្រៃលែងជាមិនខាន ព្រោះតែអំឡុងពេលដែលលោកចែកផ្លូវគ្នាជាមួយនិសា កាលពីឆ្នាំ២០១១នោះ មានអ្នកមើលងាយលោកជំនោរ ថា គ្មានថ្ងៃអាចរកសង្សារថ្មីបានស្អាតដូចនិសា ឡើយ។ ប៉ុន្ដែពេលនេះនៅពេលដែលលោកជំនោរ បញ្ចេញរូបអនាគតភរិយា បែរជាមានអ្នកសរសើរថា កវីនិពន្ធរូបនេះពិតជាពូកែរកម្ចាស់ចិត្តថ្មីមែន គឺស្អាតជាងសង្សារចាស់ទៅទៀត ស្របពេលដែលសុគន្ធ និសា ហាក់មិនចាប់អារម្មណ៍ការបណ្ដុះបង្អាប់លើនាងក្នុងការប្រៀបធៀបនោះទេ តែនាងបែរជានិយាយលើបណ្ដាញសង្គមយ៉ាងស្រងូតស្រងាត់ថា ”កុំយកក្ដីសុខខ្លួនឯង ផ្ញើនិងការតបសេចក្ដីស្រលាញ់ពីអ្នកដទៃ ។ គេផ្ដល់ឲ្យមិនដូចយើងផ្ដល់ឲ្យខ្លួនឯងទេ។ ខ្ញុំរឹងមាំមកដល់ថ្ងៃនេះ ព្រោះខ្ញុំស្រលាញ់ខ្លួនឯង”។
សុគន្ធ និសា ហាក់មិនបានបញ្ចេញចំណាប់អារម្មណ៍ទៅលើអតីតគូស្នេហ៍ភ្ជាប់ពាក្យ និងត្រៀមចូលរោងការមុននាងនោះឡើយ តែនាងហាក់បង្ហាញពីការតស៊ូក្នុងជីវិត ដោយគ្មានអ្វីត្រូវខ្លាច ឬរាថយក្រោយឡើយ។
សុគន្ធ និសា សរសេរបន្ថែមថា ”រៀនរស់កុំខ្លាចថ្ងៃស្អែក បើសិនជាខ្លាច សាករាប់ទៅមើលថា យើងឆ្លងផុតម្សិលមិញប៉ុន្មានដងហើយ។ រាប់ទៅនិងដឹងថា ស្អែករាប់ពាន់ដងទៀត ក៏គ្មានអ្វីត្រូវខ្លាចដែរ”។
សុគន្ធ និសា បានរួមរស់ជាមួយលោកសុខ ជំនោរ ជាប្ដីប្រពន្ធតាំងពីឆ្នាំ២០០៤ អំឡុងពេលដែលអ្នកទាំង២ ជ្រកកោនក្រោមដំបូលផលិតកម្មរស្មីស្ទឹងសង្កែ Spark Music រហូតឈានចូលហង្សមាស កាលពីឆ្នាំ២០០៧ ក៏បានចែកផ្លូវគ្នានៅឆ្នាំ២០១១ ។ ការភ្ជាប់ពាក្សរបស់លោកសុខ ជំនោរ នៅពេលនេះ គឺបន្ទាប់ពីលោកបានអស់ក្ដីអត់ធ្មត់ក្នុងការរងចាំផ្លូវនិសា វិលមករួមរស់ និងសាងស្នេហាជាថ្មីទៀតហើយ ក្រោយពេលដែលនិសា បានផ្ដាំទៅលោកជំនោរ ថា កុំឲ្យតាមដាននាងទៀត ហើយនាងអះអាងច្បាស់ៗថា មិនអាចត្រឡប់ថយក្រោយបានទេ ព្រោះតែការរស់នៅរវាងនាងនិងលោកជំនោរ កន្លងមក គឺប្រៀបបានទឹកនិងប្រេងដែលមិនអាចត្រូវ ឬនៅជាមួយគ្នាបានជាដាច់ខាត…។
សុគន្ធ និសា ដែលស្ពាយបង្វេចចេញពីថោន ចូលផលិតកម្មរស្មីហង្សមាស នៅពេលនេះ គឺត្រូវបានទ្រនំធំនេះប្រឹងថ្នមចិត្តនិសា ជាខ្លាំង ដូចជាការផ្ដល់តំណែងឲ្យនាងក្នុងភាពយន្ដរឿងភាគរបស់ទូរទស្សន៍ហង្សមាស រឿង ”សិសិររដូវក្នុងបេះដូង” ដែលនាងសម្ដែងជាតួឯកប៉ះជាមួយបុរសសង្ហារោមទ្រូងច្រើនលោកឆន សុវណ្ណរាជ ហើយភាពយន្ដដែលដឹកនាំដោយលោកខាំ ភូរិ រូបនេះ នឹងដាក់បញ្ចាំងនៅប៉ុស្ដិ៍ហង្សមាស នៅដើមខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះហើយ ខណៈដែលការផ្សព្វផ្សាយឃោសនារឿងនេះទ្រង់ទ្រាយធំ គឺនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ នៅផ្សារទំនើប Aeon Mall។ សុគន្ធ និសា ក៏ត្រូវហង្សមាស ហុចតំណែងជា Coach ក្នុងកម្មវិធីប្រលងចម្រៀង “The Voice Kids Cambodia” ដែលត្រូវប៉ះជាមួយឱក សុគន្ធកញ្ញា និងព្រាប សុវត្ថិ ផងដរ។
អ្នកសិល្បៈជាច្រើនបាននិយាយដូចគ្នាថា ការដែលហង្សមាស ផ្ដល់តំណែងធំផ្ទួនៗគ្នា ទៅឲ្យនិសា នៅពេលនេះ គឺជាលួងចិត្តនិសា កុំឲ្យវិលត្រឡប់ទៅទ្រនំថោន វិញ ព្រោះតែថ្មីៗនេះ មានតារាហង្សមាស ៣នាក់បានដើរចេញពីហង្សមាស ចូលថោន ព្រមគ្នាតែម្ដង នោះគឺយក់ ថិតរដ្ឋា ឈិត សុវណ្ណបញ្ញា និងសុន ស្រីពេជ្រ ខណៈដែលអតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មហង្សមាសគឺលោកអ៊ិន ទីតូ ក៏ក្លាយទៅជាបុគ្គលិករបស់ថោន ទៅហើយនៅពេលនេះ។
ក្នុងជំនួបថ្មីៗនេះ ជាមួយសុគន្ធ និសា តារាចម្រៀងមានសម្រស់ដាច់គេ នៅហង្សមាស រូបនេះបានឲ្យដឹងថា នាងពិតជាមានភាពរវល់ច្រើនជាមួយការថត MV បទថ្មីៗនៅហង្សមាស រួមទាំងធ្វើជាគ្រូបង្វឹកក្មេងៗកម្មវិធីប្រលងចម្រៀង “The Voice Kids Cambodia” ហេតុនេះហើយនៅឆ្នាំ២០១៧នេះ នាងគ្មានគម្រោងចេញទៅច្រៀងសម្ដែងនៅក្រៅប្រទសឡើយ។
សុគន្ធ និសា ដែលបង្ហាញសង្សារថ្មីជាចំហរ គឺអណិកជនខ្មែរ មកពីអាមេរិក លោកសាំបា មិនទាន់កំណត់ពេលវេលាភ្ជាប់ពាក្យ ឬចូលរោងការដូចអតីតសង្សារឡើយ បើទោះជាគេដឹងថា នាងកំពុងរួមរស់ជាមួយគូស្នេហ៍នៅផ្ទះល្វែងបុរីមួយ ខណ្ឌឬស្សីកែវ យ៉ាងមានសេចក្ដីសុខក៏ដោយ។
សុគន្ធ និសា ហាក់មិនចាប់អារម្មណ៍គេបង្អាប់ថា នាងសម្រស់ក្រោមសង្សារថ្មីរបស់លោកជំនោរ នោះឡើយ តែ Fan តារាចម្រៀងរូបនេះថា ការផ្គូរផ្គងនោះហាក់ដូចជាមិនសូវសម ព្រោះបើកញ្ញារង្សី ស្អាតជាងនិសា មែននោះ ម្ល៉េះលោកជំនោរ ជ្រើសអនាគតភរិយាឲ្យធ្វើជាតួឯកក្នុងភាពយន្ដរបស់លោកផលិតទៅហើយ ចាំបាច់អីប្រកាសស្វែងរកតួសម្តែងនោះ៕