Tuesday, November 26, 2024
Homeតារាខ្មែរតន្ត្រីសប្បុរសធម៌ផ្សព្វផ្សាយលុបបំបាត់គ្រឿងញៀន ទទូចសុំការជ្រោមជ្រែងពីសម្ដេចតេជោហ៊ុន សែន

តន្ត្រីសប្បុរសធម៌ផ្សព្វផ្សាយលុបបំបាត់គ្រឿងញៀន ទទូចសុំការជ្រោមជ្រែងពីសម្ដេចតេជោហ៊ុន សែន

បើទោះជាការប្រគំតន្ត្រីសប្បុរធម៌ធំមួយស្ដីពីរួមគ្នាលុបបំបាត់គ្រឿងញៀនដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ សីហា ត្រូវបានភាគីកូរ៉េគឺលោកស្រីYoo Rina ជាជនជាតិកូរ៉េ និងនាយកមូនិធិវប្បធម៌កម្ពុជាអន្តរជាតិដែលជាអ្នករៀបចំកម្មវិធី និងលោក Kim Sungman ជាជនជាតិកូរ៉េដូចគ្នា ជាអ្នកសហការរៀបចំ និងជានាយកកម្មវិធីតន្ត្រីសប្បុរសធម៌«សុបិន្តនៃក្ដីស្រឡាញ់សម្រាប់អនាគត»ជាអ្នករៀបចំ ក៏លោកសាម៉ន បណ្ឌិត្យ ដែលបានរួមចំណែកជួយអន្តរគមន៍អោយមានវត្តមានតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងព្រឹត្តិការណ៍នេះ នៅតែមានការបារម្ភភ័យខ្លាចការប្រគំតន្ត្រីរយៈពេលច្រើនថ្ងៃនេះមិនទទួលជោគជ័យ។ លោកបានប្រកាសអោយមានការជ្រោមជ្រែងពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអោយមានការទ្រទ្រង់នូវថវិកាមួយផ្នែកផង និងដើម្បីអោយមានការចូលរួមកាន់តែខ្លាំងពីសំណាក់មន្ត្រីគ្រប់ជាន់ថ្នាក់ ដើម្បីអោយការប្រគំតន្ត្រីមួយនេះមិនស្ថិតនៅលើបន្ទុករបស់ភាគីលើសពីគម្រោងដាច់ឆ្ងាយផង។

លោកសាម៉ន បណ្ឌិត្យ អគ្គនាយករងទូរទស្សន៍ NTV ដែលទទួលសិទ្ធិផ្ដាច់មុខក្នុងការបន្តផ្ទាល់ពីការប្រគំតន្ត្រីនេះបានអះអាងថា មកទល់ពេលនេះការប្រគំតន្ត្រីទាំងមូលមានការប្រឈមជុំវិញការចំណាយអស់យ៉ាងច្រើនលើសលប់ ដែលការចំណាយទាំងនោះគឺជាបន្ទុកដ៏ធំរបស់លោកស្រីយូរីណា និងលោកគីម ដែលជាអ្នកផ្ដើមគំនិតបោះទុនរៀបចំ។ លោកថាការប្រគំតន្ត្រីមួយនេះ គឺដើម្បីប្រយោជន៍សង្គម ដូច្នេះលោកទទូចអោយមានការចូលរូមពីមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដោយក្រៅពីមានការសហការក៏ត្រូវរួមចំណែកជួយជាថវិកាមួយផ្នែកផងដែរ ដើម្បីកុំអោយភាគីកូរ៉េដែលជាអ្នកទទួលបន្ទុកមានការចំណាយកាន់តែច្រើនហើយធ្វើអោយភាគីទាំង២មានគំនិតរារែកក្នុងការប្រគំតន្ត្រីបែបសប្បុរសធម៌លើកក្រោយៗ។ លោកស្នើអោយមានការជ្រោមជ្រែងយ៉ាងពិសេសពីសម្ដេចនាយករដ្ឋមន្ត្រី ដោយលោកបញ្ជាក់ថា បើមានការរួមចំណែកពីសម្ដេចគឺការប្រគំតន្ត្រីដ៏ធំមួយនេះ ពិតជាមានការចូលរួមកាន់តែសកម្មពីមន្ត្រីពាក់ព័ន្ធ។ លោកថាភាគីកូរ៉េ បានចំណាយលើការរៀបចំតែភាគីរបស់កូរ៉េគេមានកញ្ចប់ថវិកាមួយច្បាស់លាស់របស់គេសម្រាប់ការប្រគំតន្ត្រីមួយនេះ។ ប៉ុន្តែសម្រាប់ជាក់ស្ដែងលោកខ្ទង់ចំណាយដែលបានបម្រុងទុកមិនអាចគ្រប់គ្រាន់នោះទេ ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធអោយបានខ្លាំងក្លា ដោយសាររតែការរៀបចំគឺត្រូវចំណាយទាំងអស់ ជាក់ស្ដែងសូម្បីតែតារាចម្រៀងដែលមិនទទួលយកតម្លៃខ្លួនពីការច្រៀងរាំក៏ទទួលបានកម្រៃមួយក្នុងលក្ខណៈស្ម័គ្រចិត្តផងដែរ ដោយមិនមែនមិនមានការចំណាយនោះទេ។ អ៊ីចឹងហើយទើបលោកយល់ថាការប្រគំតន្ត្រីមួយនេះគឺមានតែទទួលបាននូវការជ្រោមជ្រែងពីសម្ដេចនាយករដ្ឋមន្ត្រីប៉ុណ្ណោះទើបអាចទទួលបាននូវថវិកាមួយផ្នែកដើម្បីបម្រុងទុក កុំអោយភាគីកូរ៉េមានការខាតច្រើនក្នុងគម្រោងមួយនេះ។

គួរបញ្ជាក់ថា កម្មវិធីនេះគឺរៀបចំដោយភាគីកូរ៉េហើយលោកសាម៉ន បណ្ឌិត្យ អគ្គនាយករងទូរទស្សន៍NTV ជាអ្នកសម្របសម្រួលក្នុងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍NTV ហើយនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីរយៈពេលប៉ុន្មានថ្ងៃនេះកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា នឹងត្រូវបង្ហាញវត្តមាននៅថ្ងៃទី១៩ ខែសីហា នៅបុរីចំការដូង។ដោយឡែកនៅថ្ងៃប្រគំតន្ត្រីថ្ងៃផ្សេងៗមានតារាចម្រៀងល្បីៗផ្សេងៗឆ្លាស់គ្នាច្រៀងដូចជាលោកនេន ទុំ និងតារាចម្រៀងមកពីផលិតកម្មBN ជាដើម៕

RELATED ARTICLES