ព្រះកាយច័ន្ទ ដែលបានជាតួឯកទើបថតបញ្ចប់រឿង ”អ្នកណាសម្រក់ទឹកភ្នែកដើម្បីអូន” របស់ស្ថានីយទូរទស្សន៍លេខ៥ កាលពីខែមុននោះ ស្រាប់តែពេលនេះក្រសោបបានតំណែងថ្មីរបស់ស្ថានីយទូរទស្សន៍នេះ មួយរឿងទៀត គឺរឿង ”ទណ្ឌកម្មស្នេហ៍” ដែលប៉ះប្រុសសង្ហាលោកសូឆានី ជាលើកដំបូងផង ទើបធ្វើឲ្យស្រីស្អាតរូបនេះមានអារម្មណ៍ហាក់ច្របូកច្របល់បន្ដិចដែរ តែនាងសង្ឃឹមថា នឹងចាប់ដៃគ្នាសហការថតរឿង១នេះ ដោយរលូន។
តារារាងស្វែលព្រះកាយច័ន្ទ បានដឹកដៃលោកសូឆានី ចូលរួមកម្មវិធីសែនក្រុងពលីរឿង ”ទណ្ឌកម្មស្នេហ៍” នេះនៅសណ្ឋាគារសូហ្វីតែល របស់ប៉ុស្ដិ៍លេខ៥ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ដោយមានតារាល្បីៗ និងអ្នកសារព័ត៌មានជាច្រើនបានចូលរួមផងដែរ។
ក្នុងជំនួបផ្ទាល់ជាមួយតារាស្រអែមស្រស់ ព្រះកាយច័ន្ទ ជាតួឯក ឈ្មោះ”ឧស្សាហ៍” នោះ តារារាងតូចច្រឡឹងរូបនេះ បានឲ្យដឹងថា ”ខ្ញុំរីករាយណាស់ដែលបានសម្ដែងរឿងថ្មីនេះ ហើយក៏ជាលើកទី១ដែរ ដែលត្រូវចាប់ដៃគូសម្ដែងជាមួយលោកឆានី។ ក្នុងរឿងនេះឈុតដែលខ្ញុំគិតថា នឹងជួបការលំបាកច្រើននោះ គឺត្រង់តួប្រុស (ឆានី) បានចាប់ខ្ញុំទៅចងនៅមាត់សមុទ្រ គាត់វ៉ៃអូសជើងខ្ញុំ…។ ខ្ញុំដឹងថា រឿងហ្នឹងប្រាកដជាមានស្លាកស្នាមរលាត់ដៃជើងខ្លះ ហើយចាំមើលទៅ ទម្រាំថតចប់ហ្នឹង។ តែខ្ញុំមិនខ្លាចទេ ហើយសន្យាថា នឹងសហការគ្នាជាមួយបងឆានី សម្ដែងឲ្យបានល្អទៅតាមអ្នកដឹកនាំរឿងចង់បាន ដោយប្រឹងប្រែងឲ្យអស់ពីសមត្ថភាព”។
ដោយឡែកលោកសូឆានី តួឯកប្រុស ឈ្មោះ”សត្យា” ដែលប៉ះស្រីស្អាតព្រះកាយច័ន្ទ ជាលើកទី១នោះ និយាយដោយសប្បាយចិត្តថា ខ្ញុំរំភើបណាស់ដែលបានចាប់ដៃគូជាមួយព្រះកាយច័ន្ទ ហើយខ្ញុំសន្យាថា នឹងលេងឲ្យអស់ពីចិត្ត ដើម្បីឲ្យអ្នកដឹកនាំរឿងគាត់ពេញចិត្តពួកយើងទាំង២។ ឈុតដែលខ្ញុំគិតថា ពិបាកសម្ដែង គឺនៅពេលដែលខ្ញុំដឹងថា ព្រះកាយច័ន្ទ ជាមនុស្សល្អ ហើយខ្ញុំមិនគួរចាប់ចងគាត់ទេ ពេលនោះហើយដែលខ្ញុំពិបាកមែនទែន ព្រោះតែតាមអង្វរព្រះកាយច័ន្ទ ពិបាកណាស់ទម្រាំតែគាត់ព្រមស្រលាញ់យើងវិញនោះ តែមិនអីទេ ចុងក្រោយបានជួបគ្នា…”។
លោក Houng Daramony អគ្គនាយករងទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា លោកសូមស្វាគមន៍ និងសូមជូនពរតារាទាំងអស់ដែលចូលរួមសម្ដែងក្នុងរឿង ”ទណ្ឌកម្មស្នេហ៍” នេះ ទទួលបានពរជ័យគ្រប់ៗគ្នា នៅថ្ងៃក្រុងពលីរឿងនេះ។ លោកសង្ឃឹមថា ការបន្ដផលិតរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍លេខ៥ ដែលមានក្រុមការងារផលិតដឹកនាំថៃនិងខ្មែរ សហការគ្នានាពេលនេះ នឹងធ្វើឲ្យភាពយន្ដខ្មែរកាន់តែល្អថែមទៀត ពិសេសគឺតារាខ្មែរ មានសមត្ថភាពមិនចាញ់តារាបរទេសឡើយ ហើយក្នុងនាមលោកតំណាងលោកអគ្គនាយក សុផាឆៃវីរៈ ភុឆុង នោះ លោកសូមឲ្យតារាទាំងអស់ដែលសម្ដែងរឿងនេះ ទទួលបានជោគជ័យ និងសុខសប្បាយទាំងអស់គ្នា។
រឿង ”ទណ្ឌកម្មស្នេហ៍” ជារឿងភាគដ៏ល្បីរបស់រឿងថៃ ដែលពេលនេះ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានយកមកថតជាភាពយន្ដបែបជាលក្ខណៈខ្មែរវិញម្ដង ហេតុនេះហើយបានជាមានអ្នកខ្លះថា ខ្លាចតែតារាខ្មែរលេងមិនដល់កម្រិតដូចតារាថៃ តែទាំងព្រះកាយច័ន្ទ និងលោកសូឆានី សុទ្ធតែតាំងចិត្តយ៉ាងមុតមាំនៅពេលនេះថា មិនធ្វើឲ្យទស្សនិកខ្មែរអស់សង្ឃឹមឡើយ គឺពួកគេនឹងប្រឹងប្រែងសម្ដែងឲ្យដល់កម្រិតមួយដែលអ្នកដឹកនាំរឿងចង់បាន ហើយនេះក៏ជាឱកាសល្អមួយ ដើម្បីឲ្យតារាខ្មែរបានបញ្ចេញនូវទេពកោសល្យ ដើម្បីបញ្ជាក់ថា តារាខ្មែរយើងមានសម្ថភាពមិនចាញ់តារាបរទេសឡើយ ព្រោះអ្វីដែលគេធ្វើបាន យើងក៏អាចធ្វើបានដូចគ្នាដែរ។
លោកស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យកម្មវិធីរបស់ប៉ុស្ដិ៍លេខ៥ បានបានឲ្យដឹងដែរថា ”រឿង ”ទណ្ឌកម្មស្នេហ៍” នេះ មាន៣៨ទៅ៣៩ភាគ ដែលគ្រោងថតប្រើពេលជាង៣ខែ ហើយយើងបានយករឿងភាគរបស់ថៃ មកថតសារជាថ្មី តែយើងផលិតទៅជាលក្ខណៈខ្មែរ។ មូលហេតុដែលយើងបានយករឿងថៃ មកថតឡើងវិញនេះ ដោយសារតែតម្រូវការអ្នកនិពន្ធរបស់យើងនៅមានកម្រិត ហេតុនេះហើយបានជាប៉ុស្ដិ៍លេខ៥ សហការជាមួយផលិតករខ្មែរ-ថៃ ធ្វើរឿងនេះឡើងឲ្យទៅជាបែបផែនរឿងរបស់ខ្មែរយើង។ រឿងនេះគ្រោងនឹងដាក់បញ្ចាំងនៅអំឡុងចុងឆ្នាំ២០១៧នេះហើយ ចំពោះការចំណាយថវិកានោះ យើងមិនទាន់អាចសន្និដ្ឋានថាបានប៉ុន្មានទេ ព្រោះមានតារាល្បីៗច្រើន។ ជាគោលការណ៍ប៉ុស្ដិ៍លេខ៥ ផលិតរឿងភាគខ្មែរឲ្យបាន២៤រឿង ឬយ៉ាងហោចណាស់១៥រឿង ក្នុង១ឆ្នាំ ដើម្បីលើកស្ទួយពីភាពយន្ដខ្មែរ តាមអនុសាសន៍របស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យដាក់បញ្ចាំងរឿងខ្មែរ នៅម៉ោងមាស លើកញ្ចក់ទូរទស្សន៍ទាំងអស់នោះ”។
ក្រៅពីព្រះកាយច័ន្ទ និងលោកសូឆានី ជាតួឯករឿង ”ទណ្ឌកម្មស្នេហ៍” នោះរឿងនេះមានតារាល្បីជាច្រើនទៀតចូលរួមសម្ដែង ដូចជា ទឹម រដ្ឋា, នៅ ដាណា, តូច ស្រីពេជ្រ, ច័ន្ទ សោភ័ណ្ឌ, អ៊ិន សំភាស់, យូ ឌីស្កូ, ឯក សុភារិទ្ធ, ហេង ដាវី, គីម មិនយ៉ុន, ភិន ភក្ដី, នាង រ៉ាង, ជុន ណារ៉ា, សេង គីមថៃ, ភូ ច័ន្ទតារា, នួន រ៉ា និងលោកប្រាក់ សារូន ជាដើម៕