ខណៈដែលអ្នកនាងពេជ្រ សោភា ទើបទិញម៉ូតូស្កុបពី តម្លៃជាង២០០០ដុល្លារ ជាកាដូឲ្យក្មួយស្រីគម្រប់អាយុ១៦ឆ្នាំ និងបានបង្ហើបឲ្យដឹងថា ធ្លាប់ជួយក្មួយៗជិត១០នាក់ទៀតនោះ អ្នកនាងបានទម្លាយពីប្រវត្តិកម្សត់ជូរចត់ ដែលអ្នកនាងធ្លាប់ជួបកាលពីនៅតូច ដោយគ្រាន់តែចង់ញ៉ាំនំត្នោត ត្រូវម្ដាយមីងធ្វើបាបឲ្យស្ទូងស្រូវ ទាំងនៅក្មេងអាយុ៧ឆ្នាំ ចង់បាក់ម្រាមដៃ។
អ្នកនាងពេជ្រ សោភា បានថ្លែងឲ្យដឹងថា កាលពីនៅតូច អ្នកនាងធ្លាប់មានប្រវត្តិកម្សត់ណាស់ ដែលនៅគ្រាមួយ ខណៈដែលអ្នកនាងទើបមានវ័យ៧ឆ្នាំ ហើយត្រូវឪពុកម្ដាយមកធ្វើការជាកម្មករសំណង់ នៅរាជធានីភ្នំពេញ ដោយទុកឲ្យអ្នកនាងនៅជាមួយម្ដាយមីងនោះ គឺអ្នកនាងជួបការលំបាកខ្លាំង ដោយគ្រាន់តែចង់ញ៉ាំនំត្នោតមួយ ក៏វេទនាដែរ។
អ្នកនាងបន្តថា ”ខ្ញុំចង់ញ៉ាំនំត្នោត ម្ដាយមីងខ្ញុំបានធ្វើបាបខ្ញុំ គឺតម្រូវឲ្យខ្ញុំស្ទូងស្រូវ ខណៈដែលខ្ញុំនៅតូចនៅឡើយ ដោយគាត់ប្រើខ្ញុំឲ្យស្ទូង ចង់បាក់ចង្អុលដៃ។ ពេលនោះខ្ញុំតូចចិត្តណាស់ ហើយខ្ញុំនិងម៉ែ ហើយពេលនោះ ខ្ញុំគិតថា បើខ្ញុំមានស្លាប ខ្ញុំនឹងហោះមកជួបម្ដាយខ្ ញុំមកធ្វើសំណង់នៅភ្នំពេញ”។
តារាកំពុងឡើងកូដរូបនេះ បន្តថា ”ទិដ្ឋភាពបែបនោះតែងតែដក់ជាប់នៅក្នុងខួរក្បាលរបស់ខ្ញុំ គឺទើបតែបំភ្លេចរយៈពេល២ទៅ៣ឆ្នាំចុងក្រោយប៉ុណ្ណោះ។ ពេលនោះខ្ញុំតែងតែចោទសួរខ្លួនឯងថា ហេតុអ្វីក៏ចាំបាច់បែកចែកក្ដីស្រលាញ់អាក្រក់បែបនេះ គឺខ្ញុំមិនធ្លាប់ទទួលបានក្ដីស្រលាញ់ពីម្ដាយមីងទេ។ ហេតុនេះហើយទើបខ្ញុំតាំងចិត្តរួចហើយថា នឹងធ្វើជាមនុស្សស្រីដែលល្អធ្វើជាម្ដាយមីងដ៏ល្អ គឺស្រលាញ់ក្មួយៗស្មើៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំបានជួយផ្គត់ផ្គង់ពួកគេជាច្រើនមកហើយ”។
ក្រៅពីទិញម៉ូតូស្កុបពីឲ្យក្មួយដែលគេច្រឡំជាកូនស្រីនោះ អ្នកនាងពេជ្រ សោភា អះអាងថា អ្នកនាងធ្លាប់បានជួយទំនុកបម្រុងក្មួយៗជាច្រើនមកហើយ ថែមទាំងជួយផ្គត់ផ្គង់លើការសិក្សារបស់ពួកគេទៀតផង គឺបានជួយក្មួយដូចៗគ្នា ហើយអ្វីដែលអ្នកនាងចង់បាននោះដោយគ្រាន់តែសុំឲ្យក្មួយៗផ្ដល់ក្ដីស្រលាញ់ត្រឡប់មកវិញ ជាមួយនឹងភាពស្មោះត្រង់តែប៉ុណ្ណោះ។
ម្ចាស់បទ ”ឆ្កែរាំបុកប៉ោត” រូបនេះបញ្ញាក់ថា ទម្រាំមានថ្ងៃនេះ អ្នកនាងធ្លាប់ឆ្លងកាត់ការលំបាកច្រើនណាស់ ធ្លាប់ត្រូវម្ដាយមីងធ្វើបាប ធ្លាប់ជាលក់ទឹកអំពៅ និងច្រៀងមួយថ្ងៃ៣ដុល្លារ ជាដើម ។ ប៉ុន្តែអ្នកនាងមិនធ្លាប់រាថយទេ បើទោះបីធ្លាប់ជួបព្យុះបញ្ហាជាច្រើនក្ដី ទើបអ្នកនាងទទួលបានជោគជ័យដូចពេលនេះ ហើយក៏មិនខ្វល់ពីពាក្យចចាមអារ៉ាមទាំងឡាយដែរ៕