ក្រោយចំណាយពេលជាង២ឆ្នាំ ក្នុងការថតដោយសម្រិតសម្រាំង នៅទីបំផុត ភាពយន្ដជាប្រវត្តិសាស្រ្ដខ្មែរ រឿង ”ហ្លួងព្រះស្ដេចកន” ត្រូវបានសម្ពោធជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី១៧ ខែសីហា នៅសាលមហោស្រពចតុមុខ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី, លោកជំទាវភឿង សក្កណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌, លោកឧកញ៉ាលី ឆៃឆូក អគ្គនាយកទូរទស្សន៍ PNN, អតីតតារាសម្ដែងស្រីតូច ចំណាន, ភរិយាលោកឧកញ៉ាហុង ពីវ ព្រមទាំងតារាល្បីៗជាច្រើនទៀតផងដែរ។
រឿង ”ហ្លួងព្រះស្ដេចកន” ជាការបោះទុនរបស់លោកឧកញ៉ាលី យ៉ុងផាត់ ម្ចាស់ទូរទស្សន៍ PNN ដែលបានចំណាយទុនជិត២លានដុល្លារ ហើយភាពយន្ដដែលមានរយៈពេលបញ្ចាំងជាង២ម៉ោងនេះ ដាក់បញ្ចាំងចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះតទៅ នៅគ្រប់រោងកុនទំនើបៗទាំងអស់ នៅរាជធានីភ្នំពេញ និងរោងកុននៅខេត្តសៀមរាប ផងដែរ។
ឯកឧត្តមម៉ៅ អាយុទ្ធ ប្រធានសមាគមទូរទស្សន៍កម្ពុជា និងជាអ្នកដឹកនាំសម្ដែងរឿង ”ហ្លួងព្រះស្ដេចកន” បានឲ្យដឹងថា ”លោកឧញ៉ាលី យ៉ុងផាត់ គាត់ឮរឿងនេះ គាត់ពេញចិត្ត ហើយគាត់ឲ្យខ្ញុំធ្វើ គាត់អ្នកចេញទុនផលិត ហើយខ្ញុំលើកគម្រោងថា១លានដុល្លារ។ តែការផលិតជាក់ស្ដែងលើសពី១លានដុល្លារ ហើយរឿងនេះដំណើរការថតដោយរលូន ដោយមានការជ្រោមជ្រែងពីគ្រប់ស្ថាប័នដែលជំនាញ ហើយគេគ្រាន់តែឮថាថតរឿងហ្នឹង គេគាំទ្រ គេជួយ ដូចជា ក្រសួងវប្បធម៌ លោកជំទាវភឿង សក្កណា គាត់ជួយជ្រោមជ្រែងមែនទែន ព្រោះជាវិស័យសិល្បៈផង វប្បធម៌ផង គាត់បានឲ្យមន្ដ្រីខាងគាត់ជួយខាងគ្រឿងអលង្ការ សម្លៀកបំពាក់ របៀបរបបរឿងហ្នឹង គ្រាន់តែសម្លៀកបំពាក់ព្រះបាទ ”ស្រីសុគន្ធបទ” មានអ្នកគ្រូដល់ទៅ៦នាក់ ជួយស្លៀកពាក់ឲ្យបានត្រឹមត្រូវ។ មួយទៀត លោកឧកញ៉ាពង់ ឃាវសែ គាត់បានជួយឲ្យទៅថតនៅភូមិវប្បធម៌ ព្រោះនៅហ្នុងសម្បូរផ្ទះបុរាណ ផ្ទះឈើ ហើយបើយើងយកថវិការទាំងអស់មកសាងសង់ គឺអស់កាន់តែច្រើនទៀត។ ចំណែកខាងអាជ្ញាធរអប្សារ៉ា គាត់ ក៏បានជួយរកកន្លែងល្អៗជាច្រើននៅខេត្តសៀមរាប ទោះជារឿងនេះមិនប៉ះប្លង់ដល់ប្រាសាទមែន តែខាងក្រៅប្រាសាទមានទិដ្ឋភាពល្អច្រើន។ ក្នុងនោះដែរ ក៏មានការជួយជ្រោមជ្រែងពីឯកឧត្តមសេនីយសៅ សុខា ដែលគាត់ជួយឲ្យទ័ពកាប់ដាវចូលរួមថតផងដែរ ទើបយើងអាចថតរឿងនេះបានគ្រប់ចំណុច”។
រឿង ”ហ្លួងព្រះស្ដេចកន” មានការចូលរួមសម្ដែងពីតារាល្បីៗ មានដូចជា អ្នកស្រីឌី សាវ៉េត, លោកធា សំនៀង, ទេព រិនដារ៉ូ, រស់ សោភ័ណ, សុខ ដែន និងកញ្ញាឆុំ វត្តី ជាដើម។ ដោយឡែកតួឯកស្ដេចកន គឺលោករស់ សោភ័ណ ចំណែកតួឯកអ្នកម្នាងជីលែង គឺកញ្ញាឆុំ វត្តី ។
លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដីបានមានប្រសាន៍ថា ”ថ្ងៃនេះខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ ដោយបានចូលរួមក្នុងកម្មវិធីសម្ពោធ និងចាក់បញ្ចាំងរឿង ”ហ្លួងព្រះស្ដេចកន” របស់ផលិតកម្មត្រីសូរភាពយន្ដ នាឱកាសនេះ។ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដោយការខិតខំប្រឹងប្រែងរបស់ផលិតកម្មត្រីសូរភាពយន្ដ ដែលមានឯកឧត្តមម៉ៅ អាយុទ្ធ ជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង ព្រមទាំងបងប្អូនសិល្បករសិល្បការិនីទាំងអស់ ដែលបានខិតខំក៏សាងវណ្ណកម្មភាពយន្ដរឿង ”ហ្លួងព្រះស្ដេចកន” ដោយសម្រិតសម្រាំងដើម្បីបម្រើអារម្មណ៍ទស្សនិកជនផង និងដើម្បីទុកជាឯកសារភាពយន្ដសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ដផង។ ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកឧបត្ថមនានា ជាពិសេសឯកឧត្តមលី យ៉ុងផាត់ និងដៃគូសហការទាំងអស់ ដែលបានរួមចំណែកធ្វើឲ្យភាពយន្ដបែបប្រវត្តិសាស្រ្ដ បានលេចជារូបរាងឡើងនាពេលនេះ ដោយចំណាយពេលវេលាថតជាង២ឆ្នាំ។ ប្រទេសកម្ពុជាយើងជាប្រទេសដែលមានវប្បធម៌និងសិល្បៈដ៍យូរលង់ ហើយប្រជាជនយើងបានទទួលមរតកនៃសម្បត្តិសិល្បៈសម្បូរបែបទាំងវប្បធម៌រូបិយ និងអរូបី។ ការផ្សព្វផ្សាយសិល្បៈវប្បធម៌តាមរយៈភាពយន្ដ គឺជាមធ្យោបាយដ៏ប្រសើរបំផុតសម្រាប់កេរ្ដិ៍មរតកដ៏ថ្លៃថ្លានេះទៅឲ្យកូនចៅជំនាន់ក្រោយ សម្រាប់បន្ដការសិក្សាស្វែងយល់ និងស្គាល់ការពិតនៃប្រវត្តិសាស្រ្ដ។ យើងនៅចាំបានថា នៅទសវត្សន៍ទី៦០ និងដើមទសវត្សន៍ទី៧០ ភាពយន្ដខ្មែរមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានបង្កឲ្យប្រទេសកម្ពុជា ធ្វើការផ្លាស់ប្ដូរបទពិសោធន៍ល្អៗជាមួយប្រទេសនានា ក្នុងតំបន់ ។ តែសង្គ្រាមបានកើតឡើងជិត៣ទសវត្សន៍ ក្នុងរបបប្រល័យពូជសាន៍ បានធ្វើឲ្យវិស័យភាពយន្ដបានរងគ្រោះ ពិបាកនឹងស្ដារឡើងវិញ។ តាមរយៈរឿង ”ហ្លួងព្រះស្ដេចកន” នេះ ខ្ញុំសង្ឃឹមថា ទស្សនិកជនពិតជាបានទទួលអារម្មណ៍រីករាយ រំភើប កម្សត់ទៅតាមសាច់រឿងបែបរស់រវើក និងបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ពិសេសការតស៊ូដ៏មុះមុតរបស់តួអង្គព្រះស្ដេចកន”៕