Friday, October 18, 2024
Homeតារាខ្មែរឡាយ សានិកា ផ្ទុះជម្លោះជាមួយសឹម ស្រីនិច្ច ដោយសាររឿងស្ទះចរាចរណ៍

ឡាយ សានិកា ផ្ទុះជម្លោះជាមួយសឹម ស្រីនិច្ច ដោយសាររឿងស្ទះចរាចរណ៍

អតីតតារាសម្ដែងលេចធ្លោម្នាក់ ឡាយ សានិកា ដែលធ្លាប់ចេញតាមវ៉ុលខារ៉ាអូខេបទល្បីៗរបស់ផលិតកម្ម U2 នោះ ស្រាប់តែបាត់មុខឈឹងរយៈពេលជាង១០ឆ្នាំនេះ មិនដឹងនាងទៅណាឡើយ តែថ្មីៗនេះ បែរជាលេចឮផ្អើលពេញចង្កោមអ្នកសិល្បៈថា សារិកា មានទំនាស់ជាមួយតារាសម្ដែងជើងថ្មីស្រីស្អាតសឹម ស្រីនិច្ច យ៉ាងតឹងសរសៃក រហូតធ្វើឲ្យតារាៗជាច្រើនមានការភ្ញាក់ផ្អើលរត់ជាន់ជើងគ្នាពេលកំពុងថតរឿង ”វាសនាវីរីយ៉ា” ដែលជាដឹកនាំសម្ដែងដោយលោកឡេង សុវណ្ណរ៉ា ដែលជាគូស្នេហ៍សារិកា។

ប្រភពបានឲ្យដឹងថា សារិកា ជាតួអង្គម្ដាយតួឯកប្រុសដែលសម្ដែងដោយលោកហូរ ប៉ូសេង នោះ បានប្រតិកម្មខឹងខ្លាំងទៅលើស្រីនិច្ច ដែលមកយឺតយ៉ាវជាងគេ ដោយធ្វើឲ្យក្រុមការងារផលិតកម្មរង់ចាំតែនាងម្នាក់នោះ ទើបធ្វើឲ្យសារិកា ដែលជាភរិយារបស់លោកសុវណ្ណរ៉ា នោះឆេះដុំ ប្រើសម្ដីធ្ងន់ៗ រហូតក្លាយទៅជាជម្លោះតែម្ដង ហើយតាមការបង្ហើបពីតារាដែលសម្ដែងក្នុងរឿងនោះ បានឲ្យដឹងថា ស្រីនិច្ច ពិតជាមកយឺតយ៉ាវមែន បានជាសារិកា ទប់កំហឹងមិនបាន។

ក្នុងជំនួបតាមទូរស័ព្ទជាមួយសឹម ស្រីនិច្ច កាលពីព្រឹកថ្ងៃទី២១ ខែសីហា តារាដែលជាតួឯកស្រីក្នុងរឿង ”វាសនាវីរីយ៉ា” នោះ ស្រីស្អាតរូបនេះបានទទួលស្គាល់ថា នាងពិតជាត្រូវឡាយ សានិកា ស្តីឲ្យដោយសម្ដីធ្ងន់ធ្ងរខ្លះៗមែន តែពេលនេះបានដោះស្រាយគ្នាអស់ទៅហើយ គ្មានគំនុំអីជាមួយគ្នាទេ គឺនាងនៅបន្ដថតរឿងនេះធម្មតា។

ឡាយ សានិកា

ស្រីនិច្ច រៀបរាប់ថា ”នេះជាលើកទី១ហើយ ដែលខ្ញុំមានបញ្ហាអីចឹងកន្លងមក ខ្ញុំមិនដែលជួបរឿងបែបហ្នឹងទេ។ រឿងនេះដោយសារតែខ្ញុំមកយឺត ព្រោះតែទីតាំងថតនៅឆ្ងាយដល់ព្រែកហូរ ឯណោះ ហើយខ្ញុំស្ទះផ្លូវ បានជាទៅមិនទាន់តែបន្ដិចទេ មិនយូរទេ។ បងសានិកា គាត់ស្ដីឲ្យខ្ញុំមែន ព្រោះតែជាការយល់ច្រឡំប៉ុណ្ណោះ ហើយបន្ទាប់មកក៏ប៉ះសម្ដីគ្នាទៅ។ តែក្រោយមក ខ្ញុំក៏បានសូមទោសគាត់ គាត់សុំទោសខ្ញុំ បញ្ចាប់បញ្ហាអស់ហើយ គ្មានរឿងអីធំដុំទៀតទេ គឺខ្ញុំនិងគាត់នៅតែធ្វើការជាមួយគ្នាដោយគ្មានគំនុំអីជាមួយគ្នាទេ ចប់អស់ហើយបង។ តួខ្ញុំសម្ដែងម៉េច គឺគាត់នៅតែរក្សាដដែលហ្នឹង អត់មានរឿងអីទៀតទេ”។

ការផ្ទុះជម្លោះមួយប្រាវរវាងតារាសម្ដែងជាតួឯកស្រី និងភរិយាអ្នកដឹកនាំរឿង ឡាយ សានិកា នេះធ្វើឲ្យតារាសម្ដែងមួយចំនួនដែលថតរឿង ”វាសនាវីរីយ៉ា” បានប្រុងប្រយ័ត្នគ្រប់គ្នាថា បើសិនជាពួកគេមកយឺត ច្បាស់ជាត្រូវមាត់សារិកា ដូចស្រីនិច្ច គ្រប់គ្នាជាមិនខាន ហើយពេលនោះ តំណែងតួក្នុងរឿងនេះ ក៏អាចមានការផ្លាស់ប្ដូរជាមិនខានឡើយ។

តែតាមព័ត៌មានថា ក្រោយភ្លៀងមេឃស្រឡះ គឺតារាទាំងអស់ដែលថតរឿងនេះនៅតែរក្សារដដែល ហើយគេឃើញសារិកា និងស្រីនិច្ច បានរាប់អានគ្នាជាធម្មតាវិញ ដោយមិនមានការមើលមុខគ្នាមិនត្រង់នោះឡើយ ហើយនេះក៏មិនមែនជាលើកទី១ដែរ រវាងតារាសម្ដែងនិងផលិតករនោះ ព្រោះមានតារាខ្លះបានល្បីក្រឡុកផលិតកម្មឲ្យឈឺក្បាល ដោយការមកមិនដែលទៀងពេលវេលាឡើយ ព្រោះកើតជំងឺជាតួឯក។

ឡាយ សានិកា បានប្រាប់ក្នុងថ្ងៃតែមួយនេះ ដើម្បីឲ្យជ្រះមន្ទិលថា នាងពិតជាគ្មានទំនាស់ធំដុំជាមួយស្រីនិច្ច ឡើយ គឺនាងស្រលាញ់ពេញចិត្តស្រីនិច្ច ខ្លាំងណាស់ គឺចាត់ទុកដូចជាប្អូនបង្កើតអីចឹង មានរឿងអីដែលត្រូវផ្ទុះជម្លោះបែកផ្សែងដាក់គ្នាទៅ។

សឹម ស្រីនិច្ច

សារិកា ដែលបាត់ខ្លួនពីអាជីពសិល្បៈជាង១០ឆ្នាំនោះ ប្រាប់ថា ”រឿងហ្នឹងខ្ញុំមិនចង់ឲ្យមានការចុះផ្សាយ ឬលេចឮច្រើនទេ ព្រោះខ្ញុំត្រូវធ្វើការជាមួយតួទាំងអស់ក្នុងរឿងហ្នឹង ដល់ទៅ៨ខែទៀតឯណោះ។ តាមពិតរឿងដែលកើតឡើងហ្នឹង មកពីការស្ទះចរាចរណ៍ហ្នឹងឯង ដែលធ្វើឲ្យកើតទៅជាអីចឹង។ ខ្ញុំមិនបានទាស់គ្នាជាមួយស្រីនិច្ច អីធ្ងន់ធ្ងរនោះទេ ល្ងាចមិញហ្នឹង ខ្ញុំទៅញាំអីជាមួយគាត់តើ! និយាយដោយត្រង់ចុះ ខ្ញុំស្រលាញ់ពេញចិត្តស្រីនិច្ច ខ្លាំងណាស់ គឺចាត់ទុកដូចប្អូនស្រីបង្កើតអីចឹង បានហៅគាត់ឲ្យថតរឿងហ្នឹងជាមួយគ្នា។ គាត់ជាមនុស្សល្អម្នាក់ គាត់មិនមែនជាតារាដែលមកថតមិនគោរពពេលវេលាទេ គឺបញ្ហាមកពីការស្ទះចរាចរណ៍ហ្នឹងឯង។ រឿងនេះ ស្រីនិច្ច នៅតែថតជាតួឯកដដែល គ្មានការផ្លាស់ប្ដូរអីទាំងអស់ ព្រោះអត់មានរឿងអីផងហ្នឹង។ សម្រាប់ខ្ញុំនេះជាលើកទី១ហើយ ដែលខ្ញុំលេងជាតួម្ដាយគេក្នុងរឿងនេះ ព្រោះតែខ្ញុំបានផ្អាកពីសិល្បៈយូរដែរហើយ ទៅនៅថៃ ហើយឥឡូវគ្រួសារខ្ញុំ គាត់ជាអ្នកផលិតដឹកនាំសម្ដែងរឿងនេះ អីចឹងខ្ញុំក៏ចូលថតវិញទៅ”។

រឿង ”វាសនាវីរីយ៉ា” ជារឿងភាគដែលមានដល់ទៅ៥០ភាគ ហើយត្រៀមថត៨ខែ នឹងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN នាពេលខាងមុខនេះ ដោយមានតារាសម្ដែងល្បីជាច្រើនបានចូលរួមជាច្រើនដួង ហើយក្នុងនោះស្រីស្អាតសឹម ស្រីនិច្ច ជាតួឯកស្រី​ប៉ះជាមួយប្រុសសង្ហាលោកហូរ ប៉ូសេង ។ រឿងនេះ ស្រីនិច្ច ធ្វើជាតួកូនស្រីនិន សុធារ៉ា ចំណែកតួប្រុសប៉ូសេង ជាកូនឡាយ សានិកា ហើយតាមប្រភពថា ការផលិតរឿងនេះប្រើថវិកាអស់ច្រើន ព្រោះការថតចំណាយពេលវេលាយូរខែ ហេតុនេះហើយបានជាថៅកែផលិតកម្មមានការព្រួយបារម្ភខ្លះៗដែរ នៅពេលលេចឮថា តារាៗមានទំនាស់គ្នានេះ។ តែរឿងនេះត្រូវបានបន្សាបទៅវិញ ក្រោយពេលដែលឡាយ សានិកា និងសឹម ស្រីនិច្ច ចេញមុខមកព្រមគ្នាថា អ្នកទាំង២មិនមានជម្លោះគុំគួនជាមួយគ្នា ហើយនៅតែបន្ដចាប់ដៃគ្នាសម្ដែងរឿងនេះឲ្យបានដល់ចប់ទៅតាមអ្វីដែលអ្នកដឹកនាំសម្ដែងចង់បានដើម្បីឲ្យរឿងនេះទទួលបានការគាំទ្រពីមហាជន។

សឹម ស្រីនិច្ច ជាអតីតបេក្ខភាពកម្មវិធីប្រលងតារាផលិតផលហ៊ីរ៉ូស្ការ តែមិនទទួលបានជ័យជម្នះឡើយ ប៉ុន្ដែដោយសារមានរូបសម្រស់គួរឲ្យទាក់ទាញ ទើបស្រីស្អាតរូបនេះបានក្លាយទៅជាតារាបង្ហាញម៉ូដដ៏លេចធ្លោរបស់ Sun Super model ហើយពេលនេះ ស្រីនិច្ច បានក្លាយទៅជាតារាសម្ដែងភាពយន្ដ និងខារ៉ាអូខេដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់។

ក្រៅពីឆក់បានតំណែងជាតួឯករឿង ”វាសនាវីរីយ៉ា” នេះ ស្រីនិច្ច ក៏ធ្លាប់ថតតួឯករឿងមួយចំនួនទៀត ដូចជារឿង ”សង្សារ១៤ថ្ងៃ” និងរឿង ”១៨ថ្ងៃ” ជាដើម។

សឹម ស្រីនិច្ច មិនដែលបណ្ដើរគូស្នេហ៍ជាចំហឡើយ តែគេជឿថា ស្រីស្រស់ដែលកំពុងជិះឡាន Toyota corolla 03 រូបនេះ មិនមែនទុកបេះដូងនៅទំនេរឡើយ ខណៈដែលកន្លងមកមានប្រុសសម្បូរទ្រព្យចង់ដាក់អន្ទាក់ស្នេហ៍ស្រីស្អាតរូបនេះ តែស្រីនិច្ច ធ្លាប់ប្រាប់ថា នាងចូលសិល្បៈមិនមែនយកសិល្បៈជាឈ្នាន់ឡើយ ហើយនាងក៏មិនធ្វើជាស្រីកំណាន់ចិត្តរបស់អ្នកណាម្នាក់ជាថ្នូរសម្ភារៈទំនើបៗនោះដែរ៕

RELATED ARTICLES