Friday, September 20, 2024
Homeតារាខ្មែរលោកសូ ស្រណោះ ចំណាយ១០មុឺនដុល្លារ ផ្តល់អាហារូបករណ៍ដល់សិស្ស៣០នាក់

លោកសូ ស្រណោះ ចំណាយ១០មុឺនដុល្លារ ផ្តល់អាហារូបករណ៍ដល់សិស្ស៣០នាក់

លោកសូ ស្រណោះ ដែលជានាយកសាលាស្រណោះតន្ដ្រី នៅក្បែរផ្សារបឹងកេងកង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីជួបជុំមួយ នៅសាលាតន្ដ្រីរបស់លោក កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ថា លោកនឹងផ្ដល់អាហារូបករណ៍ដល់សិល្សចំនួន៣០នាក់ សម្រាប់អ្នករៀនជំនាញច្រៀង រយៈពេល៦ខែ ដោយចាប់ពីពេលនេះតទៅ បេក្ខភាពអាចមកដាក់ពាក្យនៅសាលារបស់លោកទាំង២សាខា គឺសាខាបឹងកេងកង និងសាខាទួលគោក រហូតដល់ថ្ងៃទី១១ ខែកញ្ញា ទើបត្រូវបិទលែងទទួលពាក្យ។

លោកសូ ស្រណោះ បានឲ្យដឹងថា ”នេះគឺជាលើកទី១ហើយ ដែលសាលាស្រណោះតន្រ្ដីបានផ្ដល់អាហារូបករណ៍ដល់សិស្សដែលចង់ចាប់អាជីពចម្រៀង ដោយរៀនរយៈពេល៦ខែ មិនបង់ប្រាក់ ហើយយើងគ្រោងជ្រើសរើសយកស្រី១៥រូប បុរស១៥រូប។ ចំណែកអាយុវិញ គឺមិនកំណត់ទេ ប៉ុន្តែខ្ញុំចង់បានអ្នកមានអាយុ១៣ឆ្នាំដល់២៥ឆ្នាំ ហើយច្រៀងមិនភ្លាវ សូមឲ្យពួកគាត់មកដាក់ពាក្យឲ្យបានមុនថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ដើម្បីធ្វើតេស្ដច្រៀងដោយផ្ទាល់ និងច្រៀងជាមួយព្យ៉ាណូ។ ចំពោះការសិក្សា១វគ្គ សម្រាប់៦ខែនេះ បើបង់លុយវិញ មិនម្នាក់ៗមិនក្រោម៣ពាន់ដុល្លាឡើយ។ ប៉ុន្ដែមូលហេតុដែលខ្ញុំសម្រេចចិត្តផ្ដល់អាហារូបករណ៍នេះ គឺមកពីខ្ញុំចង់រកអ្នកដែលមានសំឡេងល្អ និងមិនមានលទ្ធភាពសិក្សាផ្នែកច្រៀងនៅសាលាតន្ដ្រីកម្រិតអន្ដរជាតិ ដែលក្លាយទៅជាតារាចម្រៀងអាជីព ទើបខ្ញុំសម្រេចចិត្តផ្ដល់ជាអាហារូបករណ៍នេះឡើង ដើម្បីផ្ដល់ឱកាសដល់ប្អូនៗដែលស្រលាញ់វិស័យសិល្បៈចម្រៀងនេះ”។

សូ ស្រណោះ ជាបណ្ឌិតព្យ៉ាណូមកពីប្រទេសជប៉ុន ដែលមានបទពិសោធន៍ និងជំនាញច្បាស់ខាងព្យ៉ាណូ ដែលការផ្ដល់អាហារូបករណ៍ដល់និស្សិត៣០នាក់ សម្រាប់ការសិក្សារយៈពេល៦ខែនេះ ត្រូវបានគេប្រមាណថា លោកស្រណោះ ចំណាយលុយមិនក្រោម១០ម៉ឺនដុល្លារឡើយ។

សូ ស្រណោះ បន្ថែមថា ”រយៈពេល៦ខែនេះ គឺយើងនឹងបង្វឹកពីរបៀបច្រៀង និងបង្រៀនឲ្យចេះពីអក្សរភ្លេង ហើយខ្ញុំគិតថា ៦ខែនេះ សិស្សនឹងគ្រប់គ្រាន់នូវការប្រើប្រាស់ដង្ហើម និងប្រើប្រាស់សំឡេងច្រៀង ហើយវាគឺជាវគ្គពិសេសសម្រាប់អ្នកមានសំឡេងល្អ ដែលគ្មានលទ្ធភាពរៀននៅសាលាតន្ដ្រីអន្ដរជាតិ ដើម្បីឲ្យក្លាយខ្លួនទៅជាតារាចម្រៀងអាជីពនោះ ដូច្នេះគឺជាកាដូធំសម្រាប់ប្អូនៗដែលមានសមត្ថភាព៣០នាក់នាពេលនេះ”។

ទោះជាយ៉ាងណា ការអាចទទួលបានអាហាររូបករណ៍ពីសាលាតន្ដ្រីសូ ស្រណោះ នៅពេលនេះ គឺសំខាន់បំផុតការដែលបេក្ខភាពទៅធ្វើតេស្ដសំឡេងច្រៀងដោយមិនភ្លាវ ទើបអាចបានកាដូពិសេស ប៉ុន្តែចំពោះអ្នកដែលមានចំណុចខ្វះខាតតិចតួចនោះ សាលាសូ ស្រណោះ ក៏មានអ្នកជំនាញបង្ហាត់ច្រៀងភ្លេងជួយបង្រៀន ដើម្បីឲ្យពួកគេបានទទួលនូវអាហារូបករណ៍នេះដែរ។

លោកឡុង សេរីវណ្ណ ជាគ្រូបង្រៀនព្យ៉ាណូនៅសាលាស្រណោះតន្ដ្រី បានឲ្យដឹងថា បេក្ខភាពទាំងអស់អាចច្រៀងតេស្ដជាភាសាអង់គ្លេស ជាការល្អ ដោយសារតែការបង្វឹកពីរបៀបច្រៀង និងអក្សរភ្លេង គឺត្រូវប្រើប្រាស់អង់គ្លេសមួយផ្នែក ចំណែកគ្រូដែលបង្រៀនដោយផ្ទាល់ គឺជាជនជាតិបរទេសផងដែរ។ អ្នកដែលហ្វឹកហាត់នៅសាលាស្រណោះតន្ដ្រី និងមកពីសាលាផ្សេងទៀត ក៏មានសិទ្ធដាក់ពាក្យចូលរួមប្រកួតដែរ ពិសេសគឺអ្នកដែលមានសំឡេងល្អតែម្ដង។

ក្រៅពីលោកឡុង សេរីវណ្ណ ដែលជាគ្រូបង្រៀនគ្រប់គ្រងផ្នែកព្យ៉ាណូ និងលោកបណ្ឌិតព្យ៉ាណូ សូ ស្រណោះ ដែលជានាយកសាលាដែលចាំជួយជ្រោមជ្រែងបេក្ខភាព ជាប់ទាំង៣០នាក់នោះ ក៏នៅមានអ្នកនាងគីមបឺរលី ប៊ូហ្គូ (Kimberly Bugo) ជាអ្នកបង្ហាត់ខាងច្រៀង នៅរង់ចាំជួយដល់ប្អូនដែលមានសំណាងបានជាប់អាហារូបករណ៍នេះដែរ។

លោកសូ ស្រណោះ បានបព្ជាក់ថា បន្ទាប់ពីជ្រើសរើសប្អូនៗបានទាំង៣០នាក់ យកមកបណ្ដុះបណ្ដាលគ្រប់៦ខែហើយនោះ សាលាស្រណោះតន្ដ្រី ក៏នឹងត្រៀមបញ្ជូនអ្នកដែលមានសមត្ថភាពទៅប្រលងចម្រៀងលើឆាកអន្ដរជាតិដូចមុននេះ ដែលយើងបានទៅប្រកួតនៅប្រទេសសឹង្ហបុរី ដោយជោគជ័យនោះ ហើយការចំណាយស្នាក់នៅ និងការធ្វើដំណើរ គឺសលាជាអ្នករ៉ាប់រងទាំងអស់៕

RELATED ARTICLES