Saturday, September 27, 2025
Homeព័ត៌មានជាតិឈឺចាប់ពងស្វាស ខំជិះឡានឈ្នួលមកព្យាបាលនៅភ្នំពេញ ជំងឺធ្វើទុក្ខខ្លាំង ស្លាប់នៅមុខសាលាតិចណូ

ឈឺចាប់ពងស្វាស ខំជិះឡានឈ្នួលមកព្យាបាលនៅភ្នំពេញ ជំងឺធ្វើទុក្ខខ្លាំង ស្លាប់នៅមុខសាលាតិចណូ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់មានជម្ងឺចុកពងស្វាស ត្រូវបានបងប្រុសដឹកតាមរថយន្ត​ពីខេត្តកំពង់ចាម យកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ជិតដល់មន្ទីរពេទ្យទៅហើយ​ ស្ថានភាពជម្ងឺធ្វើទុក្ខខ្លាំងពេក ត្រូវបានអ្នករត់តាក់ស៊ីទម្លាក់ចុះតាមផ្លូវបានបន្តិច ក៏ដាច់ខ្យល់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅមុខចំណុចសាលាតិចណូ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

ជនរងគ្រោះដែលស្លាប់នៅតាមផ្លូវ មាន​ឈ្មោះ លូយ សុខផាត ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំព្រះធាតុ ស្រុកអូររាំឪ ខេត្តកំពង់ចាម។

បើតាមសម្តី​ប្អូនប្រុសមានឈ្មោះ បាទ មឿន បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានហៅរថយន្តឈ្មួលជិះ​ពីខេត្តកំពង់ចាម គោលបំណងយកបងប្រុសរបស់គាត់ដែលមានជម្ងឺចុកពងស្វាស ឡើងហើម យកទៅព្យាបាលនៅឯមន្ទីរពេទ្យព្រះកុសមៈ (​ពេទ្យលោកសង្ឃ) ខណៈពេលដែលកំពុងធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ដល់មុខចំណុចសាលាតិចណូ រថយន្តឈ្មួលក៏បានដាក់ពួកគាត់ចុះ ដោយសារតែឃើញស្ថានភាពមិនសូវស្រួល។ ក្រោយពីដាក់ពួកគាត់ចុះពីលើរថយន្តរួចមក រថយន្តឈ្មួលក៏បានបើកចេញទៅបាត់​ ស្រាប់តែមួយសន្ទុះក្រោយមក ជនរងគ្រោះខាងលើបានធ្វើទុក្ខយ៉ាងខ្លាំង បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងពិនិត្យមើលរួច បានហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកុមារជាតិ ដឹកសពខាងលើយកទៅដាក់តម្កល់ទុកនៅមន្ទីរពេទ្យ រុស្សី ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

RELATED ARTICLES