Tuesday, December 24, 2024
Homeព័ត៌មានជាតិដាក់​​ញត្តិ​​ជូន​​ប្រធាន​​រដ្ឋ​​សភា តំណាង សហ​​ជីព​​កម្ម​​ករ​​តវ៉ា​​ប្រឆាំង​​សំណើ​​លោក​​សម រង្ស៊ី

ដាក់​​ញត្តិ​​ជូន​​ប្រធាន​​រដ្ឋ​​សភា តំណាង សហ​​ជីព​​កម្ម​​ករ​​តវ៉ា​​ប្រឆាំង​​សំណើ​​លោក​​សម រង្ស៊ី

ភ្នំពេញ ៖ តំណាងសហជីព កម្មករ កម្មការិនី ចំនួន១០០នាក់ ដឹកនាំដោយលោកស្រី ចំរើន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ បានយកញត្តិទៅដាក់ជូនប្រធានរដ្ឋសភា ប្រឆាំង នឹងលោកសម រង្ស៊ី ដែលបានស្នើឱ្យសហភាព អឺរ៉ុបបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជា បន្ទាប់ពីតំណាងទាំងនោះ បានធ្វើសេចក្តីព្រមាន ធ្វើបាតុកម្មរំលាយគណបក្សសង្គ្រោះជាតិ។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ លោក ស្រី ចំរើន តំណាងសហជីព កម្មករ កម្មការិនីនិងយុវជន ចំនួន១០០នាក់ បានធ្វើលិខិត ទៅរដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំដាក់ញត្តិជូន រដ្ឋសភា ប្រឆាំងនឹងលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ បិទការនាំចេញពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប។

ពាក់ព័ន្ធនឹងការស្នើសុំនោះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក៏បានធ្វើលិខិតឆ្លើយតបមក លោក ស្រី ចំរើន វិញ ដោយបញ្ជាក់ថា “ចំពោះការដាក់ញត្តិជូន រដ្ឋសភា ប្រឆាំងនឹងការស្នើសុំរបស់លោកសម រង្ស៊ី ឱ្យសហភាពអឺរ៉ុបបិទការនាំចេញពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ដោយធ្វើការជួបជុំគ្នា នៅវេលាម៉ោង១៤និង០០នាទី នាថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៦ មានកម្មករ កម្មការិនី ចូល រួមចំនួន១០០នាក់ របស់តំណាងសហជីព កម្មករ កម្មការិនី នោះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាត ឱ្យលោកធ្វើការជួបជុំនៅទីលានប្រជាធិបតេយ្យ រួចចាត់តំណាង១០រូប យកញត្តិទៅជូនរដ្ឋសភា។

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងឱ្យការជួបជុំ ខាងលើបានរលូន រដ្ឋបាលរាជធានីភ្នំពេញ ស្នើ លោកសហការឱ្យបានល្អជាមួយអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ និងគោរពឱ្យបានតាមខ្លឹមសារកំណត់ហេតុ ប្រជុំថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៦ នៅសាលារាជធានីភ្នំពេញ”។

លោក ស្រី ចំរើន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ថា ដោយសារបានទទួលការអនុញ្ញាតពីរដ្ឋបាលរាជធានី- ភ្នំពេញ នោះហើយ ទើបនៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦ លោកបានចូលរួម ជាមួយតំណាងសហជីព កម្មករ យកញត្តិទៅ ដាក់ជូនប្រធានរដ្ឋសភា។

លោក ស្រី ចំរើន បានឱ្យដឹងថា “បាទ! ពាក់ព័ន្ធនឹងញត្តិហ្នឹង គឺដូចអ្វីដែលខាងសាលា- ក្រុង លោកបានជំរុញអ៊ីចឹង គឺយើងដាក់ហ្នឹង គឺដើម្បីប្រឆាំងទៅនឹងការស្នើសុំរបស់លោក សម រង្ស៊ី ដែលស្នើឱ្យសហភាពអឺរ៉ុប បិទទីផ្សារ នាំចេញសម្លៀកបំពាក់ ក៏ដូចជាទំនិញពីកម្ពុជា ទៅកាន់ប្រទេសអឺរ៉ុប។ ដូច្នេះខាងបងប្អូនកម្មករ កម្មការិនី ដែលជាតំណាងសហជីព ដែលខ្ញុំបាន សហការជាមួយពួកគាត់ គឺពួកគាត់មិនពេញចិត្តនឹងការលើកឡើងរបស់លោកសម រង្ស៊ី ទើប ពួកគាត់សម្រេចជ្រើសរើសយកថ្ងៃអាទិត្យនេះ ដើម្បីដាក់ញត្តិជូនរដ្ឋសភា ដើម្បីជួយអន្តរាគមន៍ ទៅកាន់សហភាពអឺរ៉ុប ដើម្បីកុំឱ្យសហភាព អឺរ៉ុប បិទទីផ្សារនាំចេញពីកម្ពុជា។ ក្រោយការ ដាក់ញត្តិនោះ ហើយអាស្រ័យទៅលើភាពជាក់ស្តែង បើសិនជាការឆ្លើយតបយ៉ាងណានោះ គឺពួកខ្ញុំនឹងសម្រេចប្រជុំជាមួយបងប្អូនកម្មករ កម្មការិនី ក៏ដូចជាសហភាពសហជីព តំណាង ហ្នឹង គឺគាត់នឹងមានជួបជុំគ្នាម្តងទៀត តែខ្ញុំពុំ ទាន់អាចឆ្លើយបានថា គាត់មានគម្រោងអ្វីបន្ត ទៀតទេ”។

យោងតាមញត្តិសុំអន្តរាគមន៍របស់តំណាង សហជីព កម្មការិនី និងយុវជនចំនួន១៥០នាក់ គោរពជូនសម្តេចហេង សំរិន ប្រធានរដ្ឋសភា មានខ្លឹមសារខាងក្រោម ៖

កម្មវត្ថុ ៖ ស្នើសុំ សម្តេច ប្រធានរដ្ឋសភា មេត្តាជួយអន្តរាគមន៍ទៅកាន់សហភាពអឺរ៉ុប កុំបិទទីផ្សារនាំចូលពីប្រទេសកម្ពុជា និងចាត់ វិធានការចំពោះលោកសម រង្ស៊ី ប្រសិនបើ សហភាបអឺរ៉ុបបិទទីផ្សារនាំចូលពីប្រទេសកម្ពុជា តាមសំណើរបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។

យោង ៖ ការចុះផ្សាយអត្ថបទ របស់ វិទ្យុបារាំង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

-សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជាជីវៈ។

តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំ មានកិត្តិយសសូមជម្រាបសម្តេច ប្រធានរដ្ឋ- សភា មេត្តាជ្រាបថា “កាលពីថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៦ លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ បានស្នើឱ្យសហភាព អឺរ៉ុប បិទទីផ្សារនាំចូលពីកម្ពុជា។ សំណើលោក សម រង្ស៊ី នឹងធ្វើកម្មករ-កម្មការិនីរោងចក្រ ជិត១លាននាក់ បាត់បង់ការងារ ដែលធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពកម្មករ-កម្ម- ការិនី និងគ្រួសារ។

អាស្រ័យដូចបានគោរពជម្រាបជូនខាង លើ សូមសម្តេច ប្រធានរដ្ឋសភា មេត្តាជួយ អន្តរាគមន៍ទៅកាន់សហភាពអឺរ៉ុបដោយសេចក្តី អនុគ្រោះ…។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្រុមតំណាងសហជីពកម្មករ ដែល រួមមាន លោក ស្រី ចំរើន និងកញ្ញាធី សុវណ្ណថា ជាដើមបានចេញសេចក្តីព្រមានមួយចំពោះគណ- បក្សសង្គ្រោះជាតិ ដោយបញ្ជាក់ថា នឹងធ្វើ បាតុកម្មរំលាយគណបក្សប្រឆាំងមួយនេះ ប្រសិន បើសហភាពអឺរ៉ុបបិទការនាំចូលសម្លៀកបំពាក់ ពីប្រទេសកម្ពុជា តាមសំណើរបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នោះ។

ដោយឡែក ក្នុងថ្ងៃដាក់ញត្តិ ជូនរដ្ឋសភា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នោះ កញ្ញាធី សុវណ្ណថា មិនបានមានវត្តមានចូលរួម ទេ ដែលលោក ស្រី ចំរើន ពន្យល់ថា ដោសារ កញ្ញាធី សុវណ្ណថា ជាប់ចុះជួបសកម្មជននៅតាម បណ្តាខេត្ត។

លោក ស្រី ចំរើន បានឱ្យដឹងបន្តថា “ជា ការពិត នៅថ្ងៃនេះ ខ្ញុំគ្រាន់តែជាតំណាងមកអម ជាមួយពួកគាត់ទេ។ អ្វីដែលពួកគាត់ធ្វើនោះ គឺ ពួកគាត់បងប្អូនសហជីព កម្មករ កម្មការិនី ទេ ដែលគាត់ជាអ្នកចេញមុខធ្វើការងារនេះផ្ទាល់ តែម្តង។ ខ្ញុំគ្រាន់តែតំណាងពួកគាត់ក្នុងការចូល រួមតែប៉ុណ្ណោះ ហើយមួយវិញទៀត កញ្ញាគាត់ ជាប់រវល់នឹងកម្មវិធីនៅតាមខេត្ត។ ដូច្នេះគាត់ ឱ្យខ្ញុំមកជំនួសគាត់ទៅឱ្យចូលរួមជាមួយបងប្អូន ទៅ ព្រោះគាត់ជាប់កម្មវិធីនៅតាមខេត្ត”។

លោក ស្រី ចំរើន បានឱ្យដឹងបន្ថែមថា “ក្នុងនាមខ្ញុំជាយុវជន ក៏ដូចជាតំណាងឱ្យពួកគាត់ ដែលគាត់ចូលរួមនោះ គឺសំណូមពរទៅដល់ ស្ថាប័នពាក់ព័ន្ធ សូមឱ្យជួយអន្តរាគមន៍ទៅសហ- គមន៍អឺរ៉ុប ដើម្បីកុំឱ្យសហភាពអឺរ៉ុប ចេះតែជឿ ការញុះញង់ ក៏ដូចជាអ្នកវិនិយោគបរទេសជឿ តាមការញុះញង់របស់អ្នកនយោបាយនៅស្រុកខ្មែរឱ្យសោះ ពីព្រោះអ្វីដែលសំខាន់ គឺអ្នកនយោបាយ គាត់អាចគ្រាន់តែនិយាយ តែអ្វីដែលជា ការពិតនោះ គឺការរងគ្រោះ ក៏ដូចជាបញ្ហាចោទ នោះ គឺមានចំពោះប្រទេសខ្មែរ ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋដែលគាត់ធ្វើការនៅក្នុងរោងចក្រ ហ្នឹងផ្ទាល់តែម្តង។ អ៊ីចឹងខ្ញុំសូមស្នើឱ្យសហភាពអឺរ៉ុប មេត្តាកុំបិទទីផ្សារនាំចេញពីកម្ពុជា ទៅ កាន់សហភាពអឺរ៉ុប ពីព្រោះថា វាប៉ះពាល់ដ៏ ធ្ងន់ធ្ងរទៅដល់ជីវភាព ក៏ដូចជាបងប្អូនប្រជា- ពលរដ្ឋ កម្មករ កម្មការិនី ធ្វើការនៅក្នុងរោងចក្រ ក៏ដូចជាគ្រួសាររបស់ពួកគាត់ផ្ទាល់តែម្តង។ សម្រាប់គណបក្សសង្គ្រោះជាតិ ជាពិសេសនោះ គឺលោកសម រង្ស៊ី ផ្ទាល់តែម្តង ខ្ញុំសង្កេតឃើញ ថា លោកតែងតែរត់ចោលស្រុក ហើយមិន បានជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋដែល កំពុងតែមានបញ្ហានៅក្នុងប្រទេសរបស់ខ្លួនទេ។ មួយវិញទៀត ក្រៅពីមិនបានជួយចូកជួយចែវ  ក៏កុំយកជើងរាទឹក។ ដូច្នេះខ្ញុំចង់ឱ្យលោកមេត្តា  ទទួលខុសត្រូវ ទៅលើអ្វីដែលលោកបាននិយាយ ហើយមួយវិញទៀត សូមមេត្តាកុំចាក់ចុចញុះញង់ ឱ្យបរទេសដាក់គំនាបមកលើប្រទេសកម្ពុជា នេះផ្ទាល់តែម្តង ហើយការបិទនាំចេញទីផ្សារ កម្ពុជា ទៅកាន់សហភាពអឺរ៉ុបនោះ គឺវាខាតបង់ ដ៏ធ្ងន់ធ្ងរទៅដល់បងប្អូនប្រជាពលរដ្ឋ កសិករ ក៏ ដូចជាកម្មករ កម្មការិនីរោងចក្រកាត់ដេរហ្នឹង ផ្ទាល់តែម្តង ដែលគាត់បាត់បង់ការងារ។ ដូច្នេះ ដូចខ្ញុំបានចេញសេចក្តីព្រមានអមជាមួយកញ្ញា ធី សុវណ្ណថា ក៏ដូចជាបងប្អូនកម្មករ កម្មការិនី និងតំណាងសហជីព ប្រសិនបើសហភាពអឺរ៉ុប លោកទទួលសំណើ លោកសម រង្ស៊ី នោះ បង ប្អូនកម្មករ កម្មការិនី តំណាងសហជីពសហព័ន្ធ របស់រោងចក្រកាត់ដេរហ្នឹង គឺគាត់នឹងបាតុកម្ម និងប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ផ្ទាល់ តែម្តង។ ដូច្នេះក៏សូមជម្រាបផ្តាំសារនេះ ទៅ កាន់ឯកឧត្តមកឹម សុខា ឯកឧត្តមសម រង្ស៊ី ថ្នាក់- ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាសកម្មជន របស់គណបក្សសង្គ្រោះជាតិ ផ្ទាល់តែម្តង”។

ទោះបីយ៉ាងណា ជុំវិញករណីនេះ កាល ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ លោកសម រង្ស៊ី បានបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុក ថា លោកមិនបានអំពាវនាវឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារសម្លៀកបំពាក់នាំចេញពីកម្ពុជានោះ ទេ ខណៈមជ្ឈដ្ឋានមួយចំនួនថា លោកសម រង្ស៊ី ព្យាយាមរកវិធីសម្រាលកំហុសរបស់ខ្លួន បន្ទាប់ ពីមានប្រតិកម្មពីច្រើនមជ្ឈដ្ឋានជុំវិញ ការអំពាវនាវ ឱ្យបរទេសគាបសង្កត់សេដ្ឋកិច្ចកម្ពុជា…៕

ដោយ ៖ កុលបុត្រ

 

 

 

RELATED ARTICLES