Sunday, December 22, 2024
Homeព័ត៌មានជាតិប្តីផ្កាប់ឆ្នាំងបាយ ប្រពន្ធផ្កាប់ឆ្នាំងរបប

ប្តីផ្កាប់ឆ្នាំងបាយ ប្រពន្ធផ្កាប់ឆ្នាំងរបប

ស្ត្រីម្នាក់នេះ វក់ល្បែងខ្លាំងពេក ភ្លេចតួនាទីជាមេផ្ទះ រហូតដល់ប្តីធ្វើបាយទឹកខ្លួនឯង លុះហូបរួចក៏ចាក់បាយចោល លាងឆ្នាំងផ្កាប់។ លុះប្រពន្ធមកពីលេងអត់បាយហូប ក៏ទិញមីកញ្ចប់មកជំនួស រួចចូលដេក ស្រាប់តែប្តីកេះកៀវ នាងក៏សងសឹកវិញដោយផ្កាប់ឆ្នាំងរបប មិនឱ្យប្តីទទួលទាន បង្កជាជម្លោះពាក់មុខយក្សដាក់គ្នាទាំងយប់…។

លោកណន វ៉ន អាយុ៤៣ឆ្នាំ រស់នៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា លោកមានប្រពន្ធឈ្មោះធឿង សុថុន អាយុ៣៩ ឆ្នាំ បង្កើតបានកូន៣នាក់។ ប្រពន្ធលោកតាំងពីចាប់ដៃគ្នា មកមិនដែលប្រឆាំងប្តីទេ ហើយក៏មិនចេះភូតភរប្តីដែរ បើ លោកប្រើឱ្យធ្វើអ្វី នាងក៏ធ្វើតាមអត់ប្រកែក។ ដោយទុកចិត្តប្រពន្ធ ទើបលោករកលុយបានក៏ប្រគល់ឱ្យនាងទុកដាក់ទាំងអស់ ព្រោះលោកមានមុខរបរធ្វើកម្មករ និងស៊ីឈ្នួល គេ នៅស្រុកឆ្ងាយ យូរៗទើបមកអើតផ្ទះម្តង។ ដឹងអី! ពេលមានលុយពេញៗដៃ ប្រពន្ធនេះកើតជំងឺអផ្សុក ក៏ចេញទៅ លេងល្បែងស៊ីសងបៀ កន្ទុយលេខ បាត់ៗពីផ្ទះបង្ហិនបង្ហោច លុចកាក់ ធ្លាក់ខ្លួនក្រខ្សត់ ធ្វើឱ្យលោកជាប្តី បាក់ទឹកចិត្តលែង ប្រឹងរកស៊ីដូចមុន ព្រោះមិនដឹងជាខំរកមកធ្វើអ្វី បើប្រពន្ធ យកទៅចាក់ចោលក្នុងវង់បៀយ៉ាងនេះ។

នាងធឿន សុថន

លោកណន វ៉ន បន្តថា លោកមិនដែលវាយធ្វើបាប នាងទេ គ្រាន់តែអប់រំណែនាំឱ្យឈប់លេងតែប៉ុណ្ណោះ បើថាអផ្សុក បើកទូរទស្សន៍មើល ឬស្តាប់វិទ្យុទៅ តែនាងមិនព្រមស្តាប់ទេ។ ដោយសារតែអូសទាញប្រពន្ធមិនបាន ធ្វើឱ្យលោក ខូចចិត្តក៏យកស្រាធ្វើមិត្តបន្លប់ទុក្ខខ្លះៗទៅ ក្រែងប្រពន្ធភ្ញាក់ខ្លួន ប៉ុន្តែបើឃើញប្តីកំពុងព័ទ្ធវង់ជាមួយមិត្តភក្តិ ប្រពន្ធក៏គេចពីផ្ទះ បាត់ដែរ រួចទៅព័ទ្ធវង់លេងស៊ីគូ ទឹកក្រហម ចាក់ប៉ក់ ចាក់កន្ទុយលេខឯណោះ។ ទោះជានាងលេងឈ្នះ ក៏មិនកំណើតដែរ ព្រោះឃើញលុយតែ១ថ្ងៃ លុះស្អែកឡើងលុយនោះក៏រលាយទៅវិញ ចូលដើមពីហោប៉ៅទៅទៀត។

លោកណន វ៉ន បន្តទៀតថា ប្រពន្ធនេះញៀនល្បែងមែនទែន សូម្បីអត់លុយ ក៏ទៅអង្គុយមើលគេលេង ភ្លេចផ្ទះសម្បែងដែរ។ ល្ងាចមួយ លោកមកពីធ្វើការអស់កម្លាំងពេក មិនឃើញប្រពន្ធនៅផ្ទះ លុះសាកសួរគេ ទើបដឹងថា នាងកំពុងអ៊ុតបៀឯណោះ។ លោកក៏ច្រកអង្ករដាំបាយធ្វើម្ហូបឱ្យកូន និងខ្លួនឯងហូបរួចរាល់ សល់ប៉ុន្មានក៏ចាក់ឱ្យឆ្កែស៊ី និងចាក់ចោលអស់ រួចផ្កាប់ឆ្នាំង ចូលទៅដេកយកកម្លាំង។ លុះព្រលប់ៗទើបលេចមុខ ប្រពន្ធមកដល់ ឮសូរក្រេសក្រុសៗ រាវរកបាយ លុះដឹងថា ប្តីផ្កាប់ឆ្នាំង ធ្វើឱ្យនាងខឹងសម្បា ចេញទៅក្រៅទិញ មី១កញ្ចប់មកស្រុសហូបជំនួសបាយ រួចចូលដេកទន្ទឹមប្តីតាមទម្លាប់។ ទោះជា ខឹងប្រពន្ធយ៉ាងណា ក៏លោកនៅតែស្រលាញ់នាងជានិច្ច ក៏ព្យាយាមកេះកៀវ លូកលាន់តាមទម្លាប់ ស្រាប់តែនាងផ្កាប់ឆ្នាំងរបប សងសឹកប្តីម្តងវិញ។ នាងស្លៀកខោពីរបីជាន់ ប្រុងប្រយ័ត្នកន្លែងនោះ សម្បើមណាស់ លុះដល់លោកលេងធ្ងន់ដៃ ក៏ផ្ទុះជម្លោះ ទាំងយប់។ ទោះជាប្តីផ្កាប់ឆ្នាំងបាយ ប្រពន្ធផ្កាប់ឆ្នាំងរបប ក៏មិនលែងលះគ្នាទេ នៅតែរកាំរកូសយ៉ាងនេះ រហូត ព្រោះតែប្រពន្ធមិនទាន់ជារោគញៀនល្បែង។

លោកណន វ៉ន

ដោយឡែក នាងធឿង សុថន ជាប្រពន្ធ បានឱ្យដឹងថា នាងមិនបានបំផ្លាញទ្រព្យសម្បត្តិដោយសារល្បែង ស៊ីសងនោះទេ ម៉្យាងទៀតលុយកាក់ទាំងនោះ រូបនាងក៏ មានចំណែកជាអ្នករកដែរ មិនមែនរកតែប្តីម្នាក់ទេ។ តាមពិត នាងគ្រាន់តែទៅ អង្គុយមើលគេលេង កែអផ្សុកប៉ុណ្ណោះ ដែលជួនកាលពេលកំពុងលេងសុខៗ អ្នកលេងនោះ មានរវល់ បត់ជើងតូច បត់ជើងធំ ក៏ពឹងនាងឱ្យជួយលេងជំនួសខ្លះៗ ទៅ លុះប្តីមកទាន់ក៏ចោទប្រកាន់នាងថា ជាស្រីញៀនល្បែង កែមិនឡើង។ អ្វីដែលនាងឈឺចាប់នោះ គឺប្តីដាំបាយធ្វើម្ហូប ឆ្អិនហើយមិនទុកឱ្យនាងហូបទេ បែរជាចាក់ឱ្យឆ្កែស៊ី រួចផ្កាប់ឆ្នាំងទុក ឱ្យនាងអត់បាយ យកមីជំនួស។ ជាការសងសឹកវិញ នាងត្រូវតែផ្កាប់ឆ្នាំងរបបដែរឱ្យស្មើភាពគ្នា បើប្តីហ៊ានលូកច្បាស់ជារឿងហើយ។

អនុភូមិ​ និងលោកណន វ៉ន

នាងធឿន សុថន បន្តថា ប្តីមានសិទ្ធិផ្កាប់ឆ្នាំងបាយ នាងក៏ មានសិទ្ធិផ្កាប់ឆ្នាំងរបបដែរ បើប្តីហ្នឹងខ្លាំងត្រូវឈប់លូកឆ្នាំង ហ្នឹងទៀតទៅ នាងបើកសិទ្ធិឱ្យទៅរកឆ្នាំងខាងក្រៅទៀតចុះ ប៉ុន្តែ ប្តីនេះមុជមិនជ្រៅ ទៅមិនឆ្ងាយ ងាប់ក្រឡាតែឆ្នាំងចាស់ហ្នឹង។ ចាប់ពីថ្ងៃនេះតទៅ បើប្តីនៅតែចោទថា នាងងប់ល្បែង តទៅទៀត ទោះជាត្រូវលែងលះក៏នាងអត់រួញរាទេ ហើយទោះជាមិនលែងលះ ក៏ចែកកន្លែងគ្នាសព្វខ្លួនដែរ។

អ្នកស្រីនៅ ភ័ណ្ឌ

អ្នកស្រីនៅ ភ័ណ្ឌ អាយុ៥១ឆ្នាំ និងអ្នកស្រី កើត មឿន អាយុ៤៥ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹង ស្របគ្នាថា ពួកគាត់មិនហ៊ានកាន់ជើងខាងណាទេ គ្រាន់តែដឹងថា ជម្លោះគ្រួសារមួយនេះ បណ្តាលមក ពីប្តីខឹងប្រពន្ធលេងល្បែងស៊ីសងបៀ កន្ទុយលេខ តែជារឿងពិត ឬមិនពិតនោះ ពួកគាត់មិនហ៊ានថាទេ ខ្លាចស្តោះដាក់ទ្រូងឯង។

អ្នកស្រី កើត មឿន

ចំណែក លោកមេភូមិរង ភូមិជាំបឹង បានឱ្យ ដឹងថា ក្នុងភូមិរបស់លោកសព្វថ្ងៃនេះសម្បូណ៍ស្រីៗ ជាមេផ្ទះ ជុំជើងគ្នាព័ទ្ធវង់លេងបៀស៊ីគូ ទឹកក្រហម ពេលប្តីមិននៅ។ ទោះបីជាសមត្ថកិច្ចព្រមានចាប់ខ្លួន ជាច្រើនលើកច្រើនសាយ៉ាងណា ក៏អ្នកលេងនៅតែលេង បណ្តាលឱ្យជម្លោះប្តីប្រពន្ធកើតឡើងជាហូរហែ ដោះស្រាយមិនឈ្នះ។ ទោះបីជាអ្នកទៅអង្គុយ មើលគេលេងក៏មានកំហុសដែរ ដូច្នេះករណីនាងសុថន អះអាងថា នាងគ្រាន់តែអង្គុយមើលគេនោះ គឺខុសហើយ។ ដូច្នេះស្ត្រីជាភរិយាទាំងអស់ គួរតែ បញ្ឈប់សកម្មភាពនេះទៅ ព្រោះល្បែងគ្រប់ប្រភេទ វាមិនកំណើតទេ។

ផ្ទះ នាងធឿង សុថន

គួរបញ្ជាក់ថា សម័យនេះ ទោះបីជាសមត្ថកិច្ច បង្ក្រាបយ៉ាងណា ក៏ល្បែងបៀអាប៉ោង បញ្ជល់មាន់ កន្ទុយលេខ កើតឡើងព្រោងព្រាតតាំងពីក្រុងដល់ស្រែ ពីផ្សារដល់ជើងភ្នំ ចុងកាត់មាត់ញក។ មូលហេតុមក ពីរកប្រភពចំណូលបាន ឯការហូបចុកក៏មិនខ្វះខាតដូចមុន ម៉្លោះហើយពេលអផ្សុក មិនដឹងធ្វើយ៉ាងម៉េច បាត់មានតែរឿងលេង។ សម្រាប់ប្រុសៗ បើអផ្សុក តុកស៊ិកក៏បបួលគ្នាជល់កែវ ច្រៀងរាំវាយស្គរទះដៃ ហ៊ោកញ្ច្រៀវ តែសម្រាប់នារីៗ ទាំងក្រមុំ មេម៉ាយ ឬមានប្តីមិនចេះផឹកដូចប្រុសៗ មានតែនាំគ្នាលេង បៀកំដរអារម្មណ៍ហ្នឹងឯង។ ហេតុនេះគួរតែភាគីប្តី ប្រពន្ធទាស់គ្នា ផ្កាប់ឆ្នាំងបាយ និងផ្កាប់ឆ្នាំងរបបនោះ យោគយល់គ្នាទៅ ព្រោះប្តីផឹកក៏ខុស ឯប្រពន្ធលេងល្បែងក៏ខុសស្មើដៃគ្នាទេ៕

RELATED ARTICLES