ភ្នំពេញ ៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីត នាយករដ្ឋមន្ត្រីទី១ និងជាអតីតព្រះប្រធានរដ្ឋសភា បានប្រកាសគាំទ្រពេញទំហឹង ចំពោះចំណាត់ការ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះលោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស”។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន ប្រកាសបែបនេះ នៅក្នុងសមាជវិសាមញ្ញគណបក្សហ៊្វុនស៊ុនប៉ិច នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់នៅក្នុងវេទិកាសមាជវិសាមញ្ញោនាះថា គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សរាជានិយម ស្នេហាជាតិ ស្នេហាសន្តិភាព ស្ថិរភាពសង្គម ហើយតែងខិតខំប្រមូលអ្នករាជានិយម មករួបរួមគ្នា ឱ្យក្លាយជាកម្លាំងជាតិ ដើម្បីដោះស្រាយ បញ្ហាជាតិ។ អ្វីដែលព្រះអង្គត្រូវលះបង់ គឺព្រះអង្គសុខចិត្តឈឺតែម្នាក់ឯង ឬបើស្លាប់ដោយសារការបម្រើជាតិ ព្រះអង្គសុខចិត្តស្លាប់ សំខាន់ ព្រះអង្គចង់ឱ្យអ្នករាជានិយម តស៊ូទាំងអស់គ្នា តស៊ូម្តងទៀត ក្នុងការត្រៀមខ្លួនចូលរួមបោះឆ្នោត នៅឆ្នាំ២០១៨ ខាងមុខ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន មានព្រះបន្ទូលថា “ខ្ញុំតែមានប្រជារាស្ត្រហើយ ខ្ញុំអត់ខ្សោយជាដាច់ខាត ខ្ញុំសុំតែ២ទេ។ ១-សុំ ឱ្យខ្មែរឈប់បង្ហូរឈាមខ្មែរ… អញ្ជើញទៅវិញ កុំមើលមកឃើញតែលោកញឹក ប៊ុនឆៃ មើល មកឃើញតែទា ចំរ៉ាត់ កុំមើលអស់លោកហ្នឹងគេទៅណាគេទៅៗ ជាសិទ្ធិរបស់ប្រជានុរាស្ត្រខ្មែរ គេចូលព្រៃស គេកាប់ព្រៃអស់ នៅសល់ តែព្រៃសតិចទៀត កាប់អាព្រៃស គេទៅណាទៅៗ យើងអ្នករាជានិយម ជាសិទ្ធិរបស់រាស្ត្រ ខ្មែរទាំងអស់ គេចង់ទៅសង្គ្រោះជាតិ គេចង់ទៅណាក៏ទៅៗ”។
ភ្ជាប់ជាមួយចំណុចនេះហើយ សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់ថា កាល ពីថ្មីៗនេះ ព្រះអង្គបានសរសេរសំបុត្រមួយច្បាប់ ជូនសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តែងការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ទៅលើលោកកឹម សុខា ប្រធានគណបក្សប្រឆាំង ដែលជាប់ឃុំពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្នុងការចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលថា “ខ្ញុំបានសរសេរសំបុត្រមួយ ទៅជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច ទាំងអស់ថា អ្វីមួយដែលលោកធ្វើលើលោកកឹម សុខា ដែលខ្ញុំស្គាល់ ច្បាស់ ខ្ញុំស្គាល់ទាំងរាំងហើយបានស៊ីទៀត អត់ ស៊ីមុនទេ ចាំរាំងសិនបានស៊ី គឺសម រង្ស៊ី កឹម សុខា ខ្ញុំបានសរសេរទៅជូនសម្តេចថា អ្វីមួយដែលសម្តេចលើកគណបក្សហ៊្វុនស៊ិនប៉ិច គាំទ្រ ទាំងអស់”។
គួរបញ្ជាក់ដែរថា សមាជវិសាមញ្ញរបស់គណបក្សហ៊្វុនស៊ិនប៉ិច ក្រោមព្រះអធិបតីភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស កាលពីម្សិលមិញ ដើម្បីឱ្យស្របទៅ តាមច្បាប់ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភា ទើបបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ កាលពីខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ នោះ បានអនុម័តជាឯកច្ឆន្ទនូវរបៀបវារៈដូច ខាងក្រោម ៖
១-វិសោធនកម្ម លើជំពូកទី១ ប្រការ២ ស្តីពីរូបសញ្ញាថ្មី របស់គណបក្សហ៊្វុនស៊ិនប៉ិច និងទង់ថ្មីរបស់គណបក្សហ៊្វុនស៊ិនប៉ិច
២-វិសោធនកម្មជំពូកទី៥ ប្រការ១៧ (ថ្មី) ស្តីពីសមាជ
៣-វិសោធនកម្មជំពូកទី១៧ ប្រការ៥៩ (ថ្មីស្ទួន)
៤-អង្គសមាជវិសាមញ្ញ បានអនុម័តលើ គោលទាំង១៤ចំណុច របស់គណបក្សហ៊្វុនស៊ិនប៉ិច។
នៅក្នុងចំណុច “ក” ការដូររូបសញ្ញាគណបក្សហ៊្វុនស៊ិនប៉ិច វិសោធនកម្មជំពូកទី១ ត្រង់ ប្រការ២ នៃលក្ខន្តិកៈ ត្រង់ឧបសម្ព័ន្ធ១ បាន កំណត់ថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានអក្សរកាត់ “ររជបឯអសស” មានន័យថា “រណសិរ្ស រួបរួមជាតិ ដើម្បីកម្ពុជា ឯករាជ្យ អព្យាក្រឹត សន្តិ និងសហប្រតិបត្តិ” ដែលជាស្នាព្រះហស្ត នៃអង្គសម្តេចឪ សម្តេចតា ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បញ្ជាក់ ពីការតស៊ូ និងពលិកម្មជាប្រវត្តិសាស្ត្រ ហ៊្វុនស៊ិនប៉ិច ចំពោះជាតិ រហូតដល់បានចាកចេញពី ប្រទេសកម្ពុជា នៅឆ្នាំ១៩៨៩ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែ តុលា ឆ្នាំ១៩៩១។ កាំរស្មីព័ទ្ធជុំវិញ “ឧ.ម” ដែល មានរាងស្លឹកពោធិ៍ គឺជាតំណាងភាពសម្បូរ សប្បាយរបស់ប្រជារាស្ត្រគ្រប់រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ពណ៌លឿងមាស តំណាងឱ្យរាជានិយម ដែលជានិមិត្តរូបនៃឯកភាពជាតិខ្មែរ។ ពណ៌ខៀវ តំណាងឱ្យជាតិ និង ទឹកដី ប្រភពនៃកំណើតនិងជីវិត។ “ឧ.ម” ជា ប្រភពនៃអំណាច ភ្ញីទេស ជាតំណាងអរិយធម៌ ដ៏ផូរផង់ថ្លៃថ្លា និងភោគផលធម្មជាតិសម្បូរបែបនៃព្រះរាជាណាចក្រកម្ពុជា។ ម ដែលជាពាក្យរាស្ត្រធិបតេយ្យ សាសនា នីតិរដ្ឋ រាជបល្ល័ង្ក ទ្រទ្រង់ដោយរចនារបស់គណបក្សតំណាង ឱ្យសាមគ្គីភាព ឯកភាពជាតិ ជាធ្លុងមួយ។
ឧបសម្ព័ន្ធទី២ និយាយពីទង់គណបក្ស ហ៊្វុនស៊ិនប៉ិច គឺមានរាងបួនជ្រុងទ្រវែង និងមានទទឹងប្រវែង ២ភាគ៣ នៃប្រវែងបណ្តោយ។ ផ្ទៃពណ៌លឿងមាស រស្មីព័ទ្ធជុំវិញ “ឧ.ម” ដែល មានរាងស្លឹកពោធិ៍ នៅចំកណ្តាលរូបសញ្ញាគណ បក្សហ៊្វុនស៊ិនប៉ិច ដូចមានចែងក្នុងឧបសម្ព័ន្ធ ទី១។
ចំណុច “ខ” នៃរបៀបវារៈទី១ សមាជ វិសាមញ្ញ វិសោធនកម្មជំពូក៥ ស្តីពីសមាជ ប្រការ ១៧ថ្មី នៃលក្ខន្តិកៈ បានចែងថា ប្រការ១៧ថ្មី សមាជ មាន២ប្រភេទ គឺសមាជសាមញ្ញ និងសមាជវិសាមញ្ញ។ សមាជសាមញ្ញ ប្រារឰឡើងតាម ពេលកំណត់ទៀតទាត់ រៀងរាល់៥ឆ្នាំម្តង។ កាលបរិច្ឆេទ និងរបៀបវារៈសមាជសាមញ្ញ ត្រូវកំណត់ឡើងដោយប្រធានគណបក្ស។ សមាជវិសាមញ្ញ ប្រារឰឡើងក្នុងស្ថានភាព និងពេលវេលាចាំបាច់បន្ទាន់ អាស្រ័យតាមការសម្រេចរបស់ប្រធានគណបក្ស។ ក្នុងករណីចាំបាច់ និងបន្ទាន់ សមាជនឹងប្រគល់សិទ្ធិជូនប្រធានគណបក្ស កោះប្រជុំគណៈកម្មាធិការនាយក ដើម្បីសម្រេច រាល់កិច្ចការដែលជាសមត្ថកិច្ចរបស់សមាជ រួចរាយការណ៍ជូនសមាជនាពេលក្រោយ។ គ្រប់សមាជ ប្រព្រឹត្តិឡើងក្រោមអធិបតីភាព របស់ប្រធានគណបក្ស។
ចំណុច “គ” នៃវិសោធនកម្មជំពូកទី១៧ ស្តីពីអន្តរប្បញ្ញត្តិ ប្រការ៥៩ (ថ្មីស្ទួន) នៃប្រការ ១៧ ចែងថា សមាជវិសាមញ្ញ ថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៧ ប្រគល់សិទ្ធិថ្វាយសម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តែងតាំងនិងបំពេញបន្ថែម សមាជិកក្រុមប្រឹក្សាជាតិ និងអនុប្រធានគណបក្ស រួចរាយការណ៍ជូនសមាជលើកក្រោយ។
ចំពោះរបៀបវារៈទី២ ស្តីពីការអនុម័ត គោលនយោបាយទាំង១៤ចំណុច របស់គណបក្ស ហ៊្វុនស៊ិនប៉ិច រួមមាន ៖
១-សមិទ្ធផល និងគោលនយោបាយគណបក្សហ៊្វុនស៊ិនប៉ិច សមិទ្ធផលដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស បានបំពេញជូនជាតិ គឺមានដូចជា ៖
១-ព្រះអង្គនាំមក វិញនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ទង់ជាតិ ភ្លេងជាតិ បាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូររបស់ ខ្មែរ។ ២-នាំមកនូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ ៣-នាំមកនូវការបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ។ ៤-នាំមកនូវឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ៥-ព្រម បែងចែកអំណាច ដើម្បីបញ្ចៀសការបង្កើត តំបន់អបគមន៍ និងសង្គ្រាមខ្មែរនិងខ្មែរ នាំមក ជូនប្រទេសជាតិវិញនូវសុខសន្តិភាព សេរីភាព។ ៦-បង្កើតឱ្យមានរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ធ្វើឱ្យប្រទេសជាតិ ក្លាយជានីតិរដ្ឋ។ ៧-បង្កើតឱ្យមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការ នារី ក្រសួងបរិស្ថាន ក្រសួងការងារ ក្រុមប្រឹក្សា អភិវឌ្ឍន៍ជនបទ និងស្នើបង្កើតឱ្យមានក្រសួង អន្តោប្រវេសន៍។
២-គោលនយោបាយនៃគណបក្សហ៊្វុនស៊ិនប៉ិច ៖
១-បន្តថែរក្សារបបរាជានិយម អាស្រ័យ រដ្ឋធម្មនុញ្ញ។ ២-ប្រមែប្រមួលអ្នករាជានិយម អ្នកសីហនុនិយម អ្នកជាតិនិយម ក្លាយជាកម្លាំង ជាតិ ដើម្បីដោះស្រាយបញ្ហាជាតិ ព្រះបន្ទូល ចុងក្រោយរបស់ព្រះករុណា សម្តេចតា សម្តេច តាទួត នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១។ ៣-បើកឱ្យមានសមាជជាតិឡើងវិញ ដើម្បីប្រជារាស្ត្រមានឱកាសសម្តែង រិះគន់ ស្ថាបនា ចំពោះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មាត្រា១៤៧ នៃរដ្ឋធម្មនុញ្ញ។ ៤-អនុវត្តឱ្យបានជាដាច់ខាតនូវការ បែងចែកអំណាចរវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ មាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញ។ ៥-ដោះស្រាយបំណុលជូនប្រជានុរាស្ត្រក្រីក្រ។ ៦-លុបបំបាត់នូវការរឹបអូសដីធ្លីនិងផ្ទះ ពីប្រជាពលរដ្ឋ ដោយខុសច្បាប់ ដោយអនុវត្តតាម រដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាលជាមូលដ្ឋាន។ ៧-ចរចាជាមួយប្រទេសជិតខាង ដោយសន្តិវិធី បញ្ហាព្រំដែនណា ដែលមានព្រំគំនូសព្រំសីមា ខុសពីផែនទីដែលសម្តេចឪ ព្រះបរមរតនកោដ្ឋ បានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ៨-បង្កើតឱ្យទាល់តែបាននូវក្រសួងអន្តោប្រវេសន៍។ ៩-បង្កើតនូវ គ.ជ.ប មួយ ដែលជាអង្គការអព្យាក្រឹត និងឯករាជ្យពិតប្រាកដ។ ១០-បំបាត់ ឱ្យទាល់តែបាន នូវអំពើពុករលួយគ្រប់ជាន់ថ្នាក់ នៃសង្គមជាតិ។ ១១-ធ្វើកម្ពុជា ឱ្យក្លាយជានីតិរដ្ឋពិតប្រាកដ ដោយគោរពតាមនូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ។ ១២-បំបាត់ភាព ក្រីក្រ ព្រមទាំងភាពអយុត្តិធម៌ក្នុងសង្គម។ ១៣- បង្កើតការងារជូនបញ្ញវន្ត និងប្រជាពលរដ្ឋក្រីក្រ ឱ្យមានការធ្វើនៅក្នុងប្រទេស។ ១៤-បង្កើន ទីផ្សារនៅក្នុងស្រុក និងក្រៅស្រុក ហើយមាន ធានានូវតម្លៃកសិផលរបស់ប្រជាកសិករខ្មែរ។
អង្គសមាជវិសាមញ្ញរបស់គណបក្សហ៊្វុនស៊ិនប៉ិច ទាំងមូល ក៏បានប្តេជ្ញាដង្ហែសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ដោយស្មោះត្រង់ និងថ្វាយលទ្ធភាពពេញលេញ ចំពោះសម្តេចក្រុមព្រះ ក្នុងការប្រមែប្រមូល កម្លាំងអ្នករាជានិយម អ្នកសីហនុនិយម ឱ្យក្លាយ ទៅជាកម្លាំងជាតិ បូកនឹងកម្លាំងជាតិ ដើម្បីដោះស្រាយបញ្ហាជាតិ និងប្រកាន់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង តាមព្រះរាជបណ្តាំជាប្រវត្តិសាស្ត្រ នៃអង្គសម្តេចឪ សម្តេចតា ព្រះបរមរតនកោដ្ឋ ព្រះរាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១១៕
កុលបុត្រ