ខណៈដែលប្តីជាប់ពន្ធនាគារ ពីបទចាប់រំលោភស្រី ធ្វើឱ្យនារីជាប្រពន្ធនេះអផ្សុក ក៏ទាក់ បានកំលោះម្នាក់ មកកំដរអារម្មណ៍រាល់យប់។ លុះនាងមានផ្ទៃពោះ ស្រាប់តែប្រុសជិះ ក្របីចម្លងភក់នោះ បោលចោលបាត់ លុះនាងបង្កើតបានកូន ក៏ត្អូញចិញ្ចឹមកូនមិនរស់ ប្រកាសលក់ឱ្យគេ ដែលជាគំរូ ដ៏អាក្រក់នាំឱ្យមានការរិះគន់ ពីអ្នកស្រុក…។
នាងឆឹម សាម៉ៃ អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំមានប្ញទ្ធិ ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ថា រូបនាងជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះស៊ូ យន់ អាយុ៨០ឆ្នាំ។ កាលនៅជាកុមារី នាងមិនបានរៀនសូត្រ នឹងគេទេ ទើបក្លាយជាមនុស្សមិនចេះអក្សរ មិនអាចធ្វើការរកស៊ី នឹងប្រាជ្ញាដូចគេបាន ក៏ប្រើកម្លាំងដើរស៊ីឈ្នួលជួលព័ទ្ធគេរហូតមក។ លុះមានអាយុ១៨ឆ្នាំ នាងមានទំនាក់ទំនងស្នេហាជាមួយកំលោះ ជិតខាងម្នាក់ឈ្មោះសែស អី អាយុបងនាង៥ឆ្នាំ រហូតដល់បានរៀបការបន្តិចបន្តួចតាមស្ថានភាពជាអ្នកក្រ ដោយបានចាប់ដៃគ្នា ប្រកបរបរធ្វើស្រែចម្ការ និងស៊ីឈ្នួលគេ។ នាងរួមរស់ជាមួយប្តី នេះបានច្រើនឆ្នាំដែរ ដោយបង្កើតបានកូន២នាក់ (ស្រី១ ប្រុស១) ប៉ុន្តែ ពុំដឹងជាចង្រៃអី ប្តីនេះ មានប្រពន្ធហើយមិនទាន់ស្កប់ស្កល់ ក៏ទៅចាប់រំលោភស្រីក្នុងភូមិម្នាក់ ត្រូវគេប្តឹងប៉ូលិស ចាប់វ៉ៃខ្នោះបញ្ជូនទៅតុលាការ ផ្តន្ទាទោសដាក់គុក ជាង១០ឆ្នាំឯណោះ។
នាងឆឹម សាម៉ៃ ដៃបីកូនខ្ចី ទឹកមុខស្លក់ដោយ ខ្វះជីវជាតិ រៀបរាប់បន្តទៀតថា នៅពេលប្តីជាប់គុក នោះ មុនដំបូង នាងបានទៅសួរសុខទុក្ខដែរ ក្រែងជា រឿងអយុត្តិធម៌ត្រូវគេចោទប្រកាន់ទាំងបំពាន។ លុះនាងជជីកសួរ ប្តីក៏ប្រាប់ថា គេពិតជាបានចាប់រំលោភ ស្ត្រីចំណាស់ម្នាក់នោះ បានសម្រេចពិតប្រាកដមែន ធ្វើឱ្យនាង ខឹងសម្បាលែងខ្ចីទៅសួរសុខទុក្ខតទៅទៀត។ នាងក៏ចេញទៅស៊ីឈ្នួលធ្វើចម្ការស្វាយឱ្យគេ ដោយ គិតថា បើប្តីនេះចេះខូច នាងក៏ចេះខិលដែរ ដើម្បីឱ្យស្មើភាពគ្នា។ កាលនោះនៅក្នុងចម្ការស្វាយ មានកំលោះ ម្នាក់ឈ្មោះរ៉េត អាយុស្របាលនាង គេមានស្រុក កំណើតនៅខេត្តព្រៃវែង ឯណោះ តែបានមកស៊ីឈ្នួល ធ្វើចម្ការជាមួយគ្នា។ ពេលនៅក្បែរគ្នាយូរៗទៅធ្វើឱ្យ នាងចង់ភ្លក្សរសជាតិស្នេហ៍ថ្មី ដើម្បីសងសឹកនឹងប្តី ផង ក៏ព្យាយាមបង្កភាពស្និទ្ធស្នាលជាមួយគេរាល់ថ្ងៃ រហូតដល់កំលោះរ៉េត លង់ស្នេហ៍នាង។ ដោយសារ ចម្ការស្វាយនៅជាប់ជើងភ្នំផងនោះ ឱ្យតែមានឱកាសល្អ ពួកនាងក៏ដឹកដៃគ្នាឡើងទៅសំងំនៅជំនីរភ្នំ រួចនាង បណ្តោយខ្លួនឱ្យប្រុសចាត់ចែងតាមដំណើរទៅ។
នាងឆឹម សាម៉ៃ បន្តទៀតថា ក្រោយមក នាងក៏នាំប្រុសថ្លើមថ្លៃនោះមកដេកកំដរដល់ផ្ទះតែម្តង ទោះ ជាម្តាយស្តីបន្ទោសយ៉ាងណា ក៏នាងមិនរវល់ស្តាប់។ ក្រោយមក នាងក៏មានផ្ទៃពោះ បង្កើតបានកូនស្រី១ ក៏នៅតែបន្តរួមស្នេហ៍ជាមួយគេ រហូតមានផ្ទៃពោះកូនទី២ ទៀត ស្រាប់តែប្តីហេងស៊យនោះបិទសាប៊ូគូទ បោលក្បាលចោលនាងបាត់ទៅ សូម្បីទូរស័ព្ទក៏មិនចូលដែរ។ កូនស្រីទី២នេះ នាងវេទនាណាស់ បានត្រឹមហៅយាយ ម៉បបុរាណមកជួយបង្កើត ដោយគ្មានថ្នាំចាក់មួយ ម្ជុលទេ គឺមានតែថ្នាំប្ញសឈើ ឬសំបកស្តៅយកមក ដាំទឹកផឹកតែប៉ុណ្ណោះ។ ដោយសារជីវភាពត្រដាបត្រដួសពេក នាងក៏បានឱ្យកូនស្រីទី១ ជាឈាមប្រុសក្បត់នោះទៅគេចិញ្ចឹម ឥឡូវកូនទី២នេះ នាងមិនចេញ ទឹកដោះទេ បម្រុងនឹងឱ្យទៅគេចិញ្ចឹមទៀត ហេតុនេះ បើមានសប្បុរសជនណាចង់បានកូនចិញ្ចឹម សូមទាក់ទងមកនាងតាមទូរស័ព្ទផ្ទាល់ខ្លួនលេខ០៨៨ ៤១ ៩០ ៧៧៣ នាងនឹងឱ្យដោយមិនរួញរា។
លោកយាយស៊ូ យន់ អាយុ៨០ឆ្នាំ ជាម្តាយ បានឱ្យដឹងថា គាត់ខឹងខ្លាំងណាស់ នៅពេលកូនស្រីនេះ នាំប្រុសមកដេកកំដរដល់ផ្ទះ ទោះជាគាត់ស្តីបន្ទោស យ៉ាងណាក៏នាងមិនស្តាប់។ កាលបង្កើតបានកូនស្រី ទី១ ពួកគេចេះតែទ្រាំរួមរស់ជាមួយគ្នាបាន លុះបង្កើតបានកូនទី២ ស្រាប់តែកូនប្រសាអត់ខាន់ស្លានោះ បោលក្បាលយករួចខ្លួន ទុកនាងសាម៉ៃ ឱ្យរកស៊ីចិញ្ចឹម កូនស្ទើរលៀនភ្នែក។ តាមពិត ប្តីទី១របស់នាងជា មនុស្សគ បានទៅចាប់រំលោភស្ត្រីវ័យកណ្តាលម្នាក់ក្នុងចម្ការ ក៏មានរឿងជាប់គុកទៅ លុះនាងសាម៉ៃ ចង់សង-សឹក ក៏ផុងខ្លួនដោយចាញ់បោកប្រុស ក៏ឱ្យកូនច្បងទៅគេចិញ្ចឹម ឥឡូវគិតឱ្យមួយទៀត គួរឱ្យហួសចិត្តតែម្តង។
នាងណន សាវី អាយុ៣៨ឆ្នាំ ប្តីឈ្មោះទឹប ទឹម អាយុ៣៧ឆ្នាំ បានឱ្យដឹងថា ពួកគាត់រៀបការជិត២០ ឆ្នាំហើយ តែគ្មានកូនទេ លុះនាងឆឹម សាម៉ៃ ប្រកាសឱ្យកូន ក៏ទៅទទួលយកភ្លាម ដោយឱ្យលុយនាងនោះ ចំនួន១០ម៉ឺនរៀល ប៉ុន្តែនាងសាម៉ៃ យកតែ២ម៉ឺនរៀល ទេ ដោយផាត់៨ម៉ឺនរៀល វេរឱ្យកូនវិញ។ ឥឡូវឮថា នាងសាម៉ៃ ចង់ឱ្យកូនទី២ទៀត បើមើលទៅទំនង ពួក គាត់នឹងទៅយកមកចិញ្ចឹមទៀត ដើម្បីកុំឱ្យបងប្អូនបែក គ្នា ព្រោះអាណិតណាស់មិនគួរឪពុកបោះបង់ចោល។
អ្នកស្រីស៊ូ សារិន អាយុ៥២ឆ្នាំ ជាបងបានឱ្យដឹងថា រឿងឱ្យកូនទៅគេនោះ មកពីនាងសាម៉ៃ ខឹងប្រុសបោកប្រាស់ ទើបមិនចង់ទុកតំណក់ឈាមប្រុសក្បត់ឱ្យ ជាប់ដៃជើង។ ទោះជានាងចិញ្ចឹមក៏យ៉ាប់ដែរ ព្រោះរកតែអង្ករច្រកឆ្នាំងគ្មាន បែរជាមានកូនសម្បុកមុន សម្បុកក្រោយ បើបានគេជួយចិញ្ចឹមក៏ប្រសើរដែរ។
គួរបញ្ជាក់ថា រឿងជីវិតពិតខាងលើនេះ ស្តែងឱ្យឃើញពីជីវភាពអ្នកក្រស៊ីឈ្នួលជួលព័ទ្ធគេ ទោះជា មានស្នេហា ក៏ស្នេហានោះ មិនស្របប្រពៃណីខ្មែរ ណាត់ជួបគ្នាតាមដុបព្រៃ ឬជើងភ្នំ។ លុះបានកូនមក រកអ្វីចិញ្ចឹមមិនបាន ឪពុកនោះក៏បោលចោលដូចសត្វតិរច្ឆាន ឯម្តាយនោះគ្មានសមត្ថភាពចិញ្ចឹមកូន ក៏ប្រកាសឱ្យទៅគេ ដែលចាត់ទុកជាគំរូមិនល្អ គួរចៀសវាង”៕