Monday, December 23, 2024
Homeព័ត៌មានជាតិស្នេហាស្នេហ៍ហ៊ាន ឈានខុសផ្លូវតាំងពីនៅជំទង់

ស្នេហាស្នេហ៍ហ៊ាន ឈានខុសផ្លូវតាំងពីនៅជំទង់

ព្រហ្មលិខិតបានរុញយុវវ័យ១គូនេះ ឱ្យបានជួបគ្នាតាំងពីនៅជំទង់អាយុ១៤-១៥ ឆ្នាំម៉្លេះ រួចបានប្តូរសាច់ឈាមគ្នា ក្លាយជាគូស្វាមីភរិយាអត់ខាន់ស្លា។ សព្វថ្ងៃ ដោយសារបងប្អូនបន្ទោសពេក នាងប្រពន្ធ ក៏ឱបបង្វេចមករស់នៅខាងប្តី ក៏នៅតែបងប្អូនខាងប្តីរិះគន់ថា ពួកគេមានស្នេហា ស្នេហ៍ហ៊ានឈានខុសផ្លូវតាំងពីនៅជំទង់…។

នាងថាប សុវណ្ណ អាយុ២១ឆ្នាំ រស់នៅភូមិអន្លង់ប្រាង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់រឿងជីវិតថា នាងជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះជា ថាប អាយុ៥៩ឆ្នាំ ម្តាយស្លាប់ តែឪពុកមានភរិយាក្រោយទៀត។ កាលនៅកុមារី នាងបានរៀនសូត្រត្រឹមថ្នាក់ទី៧ ក៏ឈប់ទៅ លុះក្រោយមកក៏ធ្វើចំណាកស្រុក ទៅស៊ីឈ្នួល ធ្វើចម្ការឱ្យគេនៅខេត្តកំពង់ធំ។ កាលនោះ នាងនៅជំទង់ បានចេញធ្វើការជាមួយបងប្អូន ពីកន្លែងមួយទៅកន្លែងមួយ ក្រោយមកក៏ទៅសុំធ្វើការរោងចក្រនៅភ្នំពេញ ខណៈដែល ខ្លួនទើបមានអាយុ១៤ឆ្នាំប៉ុណ្ណោះ។ ក្រោយមកទៀត នាងបានទៅទើរនៅរោងចក្រមួយ កន្លែងនៅកំបូល ក៏បានជួបក្មេងប្រុសជំទង់ម្នាក់ឈ្មោះប៊ុន រ៉ូ ទើបតែមានអាយុ១៥ឆ្នាំប៉ុណ្ណោះ គឺបងនាង១ឆ្នាំ។ ក្មេងប្រុសនោះបានទៅធ្វើកម្មករសំណង់ ជិតផ្ទះជួលដែលនាងស្នាក់នៅ ជួបគ្នាព្រឹកល្ងាច ក៏រាប់អានគ្នាជាមិត្ត បើបានចំណីឆ្ងាញ់មួយម៉ាត់មួយកហុចឱ្យគ្នា ជួនកាល បើគេបើកលុយមុន ក៏ឱ្យនាងចាយខ្លះទៅហើយជួនកាលទៀត ពេលនាងបើកលុយមុន ក៏ឱ្យគេចាយខ្លះដែរ។

នាងថាប សុវណ្ណ និងកូន

នាងថាប សុវណ្ណ បន្តទៀតថា សាងមិត្តភាពបែបនេះ មិនបានប៉ុន្មាន ស្រាប់តែផុស សេចក្តីស្នេហាពេញបេះដូងតែម្តង រហូតដល់ណាត់ជួបគ្នាដើរលេង កម្សាន្តថ្ងៃអាទិត្យ ខណៈដែលម្នាក់ៗ រងការរិះគន់ពីអ្នកជិតខាងថា ក្មេងមិនទាន់ជ្រុះពន្លៃពីក្បាលផងចេះស្នេហាទៅហើយ។ ទោះជាគេ រិះគន់យ៉ាងណាក៏ពួកនាងមិនខ្វល់ទេ ព្រោះស្រលាញ់គ្នាបាត់មុខមិន បានទៅហើយ រហូតដល់ហ៊ានប្តូរសាច់ឈាមគ្នាទាំងខ្លួននៅវ័យជា អនីតិជន។ នាងអស់ព្រហ្មចារីតាំងពីអាយុ១៤ឆ្នាំ ចំណែកប្រុសថ្លៃ ក៏អស់ភាពបរិសុទ្ធតាំងពីអាយុ១៥ឆ្នាំ ដោយយកគ្នាលួចលាក់មិនឱ្យ បងប្អូនណាដឹងទេ។ តែទោះជាព្យាយាមលាក់យ៉ាងណា ក៏បងប្អូននាងដឹង ទាល់តែបាន និងស្តីបន្ទោសនាងខ្លាំងណាស់ ខ្លះគេថា នាងប៉ិចមិនទាន់ ទេ ចង់បានប្តីទៅហើយ។ ក្រោយមក ប្រុសសង្សារអស់ការងារធ្វើ ត្រូវលានាងទៅស្រុកកំណើតវិញ នាងក៏គិតថា ធម្មតាស្រី បើឱ្យព្រហ្មចារី ទៅប្រុសណា ប្រុសនោះត្រូវជាប្តី ទើបនាងសម្រេចចិត្តឱបបង្វេចរត់តាមគេតែម្តង ដោយមិនស្តាយស្រណោះការងាររោងចក្រ។

លោកប៊ុន រ៉ូ

នាងបញ្ជាក់ថា តាមពិត នាងមានស្រុកកំណើតនៅភូមិជយោ ស្រុក ចម្ការលើ ខេត្តកំពង់ចាម ឯណោះទេ តែដោយសារឪពុកមានប្រពន្ធ ក្រោយទៀត ទើបនាងមិនហ៊ានបបួលសង្សារទៅស្រុក ក៏សុខចិត្តរត់ តាមគេវិញ។ បើគិតមកទល់ពេលនេះ គឺ៧ឆ្នាំហើយដែលនាងបានរួមរស់ ជាមួយប្តីអត់ស្លានេះ ដោយបង្កើតបានកូនប្រុស១ ជាចំណងដៃនិស្ស័យស្នេហ៍។ សព្វថ្ងៃ ប្តីរវល់ទៅធ្វើសំណង់នៅទីក្រុង ទុកនាងឱ្យនៅមើលកូន ប៉ុន្តែគេស្មោះត្រង់នឹងនាងណាស់ ទោះបីជាមិនទាន់បាន រៀបការ ឬសែនព្រេន និងមានការរិះគន់ពីបងប្អូន យ៉ាងណា ក៏ប្តីមិនបោះបង់នាងចោលទេ។

ដោយឡែក លោកប៊ុន រ៉ូ អាយុ២២ឆ្នាំ ជាប្តី បានរៀបរាប់តាមទូរស័ព្ទថា រាល់ថ្ងៃ លោកកំពុងធ្វើកម្មករសំណង់ នៅទីក្រុង ដើម្បីរកប្រាក់ចិញ្ចឹមប្រពន្ធកូន។ តាមពិត ប្តីប្រពន្ធលោកបានសាងស្នេហ៍តាំងពី៧ឆ្នាំមុន ខណៈដែលលោកមានវ័យ១៥ឆ្នាំ ឯប្រពន្ធ១៤ឆ្នាំ បាត់មុខគ្នាមិនបាន និងជ្រុលជ្រួសកន្លងហួស ប្រពៃណីប្រឈមនឹងការរិះគន់ថា ក្មេងមិនទាន់ជ្រុះ ពន្លៃពីក្បាលផង ចេះស្នេហាទៅហើយ។ មកទល់ពេលនេះ ប្តីប្រពន្ធលោកមិនទាន់បានរៀបការទេ តែប្រពន្ធ ប្រាប់ថា បើបានរៀបការទើបនាងព្រម តែបើត្រឹម សែនព្រេន នោះមិនបាច់ល្អជាង គឺសំខាន់ឱ្យតែស្មោះត្រង់នឹងគ្នាបានហើយ។

ផ្ទះគូស្នេហ៍ទាំងពីរ

លោកប៊ុន លុច អាយុ៥៨ឆ្នាំ ជាឪពុក បានឱ្យដឹងថា រឿងស្នេហា កូនៗនេះ រូបលោកមិនបំបែកទេ មានតែបង្ខំកូនខ្លួនឱ្យខំរកលុយ មករៀបការ ព្រោះតែកូនប្រសាស្រីប្រកែកមិនព្រមសែន។ គាត់បានដេញកូនប្រុសឱ្យខំរកលុយដែរ តែមិនដឹងជាឆ្នាំណាបានទេ  បើសិនជាគាត់មានលុយក៏មិនទុកកូនឱ្យយកគ្នាអត់ខាន់ ស្លាយ៉ាងនេះដែរ ធ្វើម៉េចជីវិតអ្នកក្រតែប៉ុណ្ណឹង។

លោកប៊ុន លុច

នាងប៊ុន ជូន អាយុ២៩ឆ្នាំ និងនាងប៊ុន ស្រីពៅ អាយុ១៥ឆ្នាំ ជាបងប្អូនខាងប្រុស បានឱ្យដឹងជារបៀប រិះគន់ថា ស្នេហាខាងលើនេះ គឺស្នេហាស្នេហ៍ហ៊ាន ឈានខុសផ្លូវទុំមុនស្រគាល។ បើចំពោះពួកនាងវិញ មិនធ្វើរបៀបនេះទេ តែទោះយ៉ាងណាក៏ពួកនាង មិនបំបែកស្នេហ៍បងប្អូនទេ ហើយស្រលាញ់ក្មួយប្រុស នោះខ្លាំងណាស់ ដោយចង់ឱ្យឪពុកម្តាយវាមានខាន់ស្លាត្រឹមត្រូវនឹងគេ។

នាងប៊ុន ជូន

រីឯអ្នកភូមិមួយចំនួន ក៏បានរិះគន់ដែរថា គូស្នេហ៍ នេះយកគ្នា៧ឆ្នាំហើយ ទើបតែបានកូន១ មិនដឹងជា ឆ្នាំណាបានរៀបការទេ ព្រោះខាងស្រីមិនព្រមសែនព្រេន។ បើប្រពន្ធព្រមសែនព្រេននោះចប់បាត់ទៅហើយ ព្រោះយើងក្រ ឱ្យតែបានសែនព្រេន ឈ្មោះថាបានបំពេញ ភ្នែកញាតិ ហើយក៏គ្មានអ្នកណារិះគន់ទៀតដែរ។

នាងប៊ុន ស្រីពៅ

គួរបញ្ជាក់ថា ពិធីសែនព្រេន អញ្ជើញអាចារ្យ ចាស់ទុំបាចផ្កាស្លា បង្វិលពពិលនោះ ក៏ចាត់ទុកមានខាន់ស្លាដូចរៀបការដែរ គ្រាន់តែមិនគគ្រឹកគគ្រេងដូចរៀបការ។ ហេតុនេះ គួរតែភាគីខាងស្រីយល់ព្រម សែនព្រេន១ព្រឹកទៅ កុំឱ្យខុសទំនៀមទម្លាប់ខ្មែរ ជាពិសេស ឃើញដំរីជុះ កុំជុះតាមដំរី។ បើកាលណា បានសែនព្រេនរួច គួរនាំគ្នាទៅចុះអេតាស៊ីវិលបន្ថែម ទៀត ទើបពេញច្បាប់ជាគូស្វាមីភរិយា ហើយការ រិះគន់នោះនឹងរលុបរលាយទៅ នៅតែការសរសើរ មិនខាន ព្រោះពួកគេបានសាងស្នេហ៍តាំងពីនៅជំទង់ បានគង់វង្សល្អណាស់…”៕

RELATED ARTICLES