នារីម្នាក់នេះ បានអះអាងថា កាលពីរៀបការហើយថ្មីថ្មោង រឿងការងារ យប់ព្រលប់បម្រើប្តីមិនឱ្យខកបំណងម្តងណាឡើយ ពោះធំបង្កើតកូនឱ្យរដឹក។ លុះដល់ពេលធ្លាក់ខ្លួនមានជំងឺបៀតបៀន រាងកាយខ្សោយកម្លាំងឡើងគ្រែមិនរួច ស្រាប់តែប្តីមិនស្គាល់សុខទុក្ខ ចោទប្រពន្ធ មានប្រុសឈ្មោល តែប្តីថា មកពីប្រពន្ធ រឹងរូស ចាប់វ៉ៃប្រពន្ធខៀវភ្នែក រស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ…។
នាងភួង ញ៉ន អាយុ ២៩ឆ្នាំ រស់នៅភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា រូបនាងជាកូនបន្ទាប់ពៅ ក្នុងចំណោមបងប្អូន៦នាក់ (ប្រុស៣ ស្រី៣) ដែលមានម្តាយឈ្មោះអ៊ុយ នាង អាយុ៦១ឆ្នាំ ឪពុកស្លាប់ ហើយនាងរៀនសូត្របាន តិចតួចណាស់ត្រឹមថ្នាក់ទី៥ ក៏ឈប់ទៅ ដោយនៅផ្ទះ ជួយធ្វើការងារដកស្ទូងច្រូតកាត់ជំនួសដៃជើង ឪពុកម្តាយ និងមិនដែលមានឱកាសចេញទៅប្រឡូក ការងារ នៅសង្គមខាងក្រៅម្តងណាឡើយ។ លុះពេលធំ ពេញក្រមុំអាយុ១៧ឆ្នាំ ក៏មានកំលោះម្នាក់ឈ្មោះភុំ គ្រឿន អាយុបងនាង១ឆ្នាំ ជាប់សាច់ឈាមគ្នាផង បាន តាមលួងលោមអង្វរសុំស្នេហ៍នាងស្អិតដូចសត្វតុកកែ ទោះបីជានាងបដិសេធស្នេហ៍យ៉ាងណា ក៏គេមិនព្រម ចាកចេញទៅណាឆ្ងាយពីនាងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេស្បថសច្ចា ក្រៅពីនាង គេមិនយកស្រីណាធ្វើជា ប្រពន្ធអស់មួយជីវិត ហើយបើគេយកនាងធ្វើប្រពន្ធ មិនបាន ប្រុសផ្សេងក៏មិនអាចយកនាងបានដូចគ្នា ពុំនោះទេ គេនឹងតាមរករឿងរំខានមិនឱ្យជីវិតនាងរស់ នៅបានសុខឡើយ។ ហេតុនេះហើយ ទើបនាងគ្មានជម្រើសផ្សេង ក៏ប្រថុយព្រមចូលរោងការយកលោកគ្រឿន ធ្វើប្តីតែម្តងទៅ។
នាងញ៉ន បន្តឱ្យដឹងទៀតថា ពេលបានគ្នាថ្មីថ្មោង នាងស្រលាញ់ស្មគ្រ័ស្មោះនឹងប្តីណាស់ ដោយខំយកចិត្តថ្លើម និងបម្រើចំណីលើគ្រែមិនឱ្យប្តីខ្វះខាតម្តងណាឡើយ។ ទន្ទឹមនឹងនោះ ប្តីក៏ស្រលាញ់ថ្នាក់ថ្នម ប្រពន្ធវិញដែរ មិនដែលវាយធ្វើបាប ឬផឹកស៊ីស្រវឹងស្រាអួទីនួឡើយ ពោលគឺដឹងតែពីខំប្រឹងធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារមួយមុខប៉ុណ្ណោះ ធ្វើឱ្យជីវិតនាងរស់នៅមានសេចក្តីសុខសុភមង្គលជាខ្លាំង ដែលបានជួប ប្តីល្អ ប៉ុន្តែគួរឱ្យស្តាយ ក្រោយពីបង្កើតបានកូនច្បងម្នាក់ស្រាប់តែ ប្តីរបស់នាងប្រែប្រួលចិត្ត ក្លាយទៅជាមនុស្សមួយផ្សេងទៅវិញ ចេះ ដើរផឹកស្រាជាមួយមិត្តភក្តិនៅខាងក្រៅ និងមានត្រចៀកស ឆាប់ ជឿសម្តីអុជអាលរបស់គេណាស់ ព្រមទាំងកើតរោគប្រចណ្ឌរកលេខ ដាក់គ្មាន។ នៅពេលប្តីត្រឡប់មកពីព័ទ្ធវង់ជល់កែវជាមួយបនភឿន វិញ តែងរករឿងឈ្មោះជាមួយប្រពន្ធឥតឈប់ឈរ ចោទប្រពន្ធមាន ចិត្តមិនស្មោះលួចមានប្រុសសហាយ ម្តងចោទដាក់អ្នកនេះ ម្តងចោទ ដាក់អ្នកនោះ និងអាងយកកម្លាំងបាយវាយតប់ប្រពន្ធ បណ្តាលឱ្យ បែកមាត់ ខៀវភ្នែក ជាហូរហែ រស់នៅជាមួយនឹងទុក្ខសោករាល់ថ្ងៃ ប៉ុន្តែដោយសារមុជមិនជ្រៅទៅមិនឆ្ងាយ ទើបនាងទ្រាំរួមរស់ជាមួយ នឹងប្តីរូបនេះមកទល់សព្វថ្ងៃ និងបង្កើតបានកូនប្រុសចំនួន៣នាក់ សម្រាប់តពូជពង្សវង្សត្រកូល។
ស្ត្រីរូបនេះត្អូញត្អែរថា តាំងពីចាប់ដៃគ្នាមក ទោះបីជាប្តីចូល ចិត្តប្រើអំពើហិង្សាវាយដំយ៉ាងណា ក៏នាងផ្តល់ចំណីលើគ្រែឱ្យប្តី ស៊ីចុកមិនដែលខ្វះខាត និងមិនមានគំនិតបែកឆ្វេងម្តងណាឡើយ។ លុះចូលដល់ឆ្នាំ២០១៥ ដោយសារពិបាកចិត្តស្អិតទ្រូងប្តីវាយធ្វើបាប គ្មានលស់ថ្ងៃ និងជីវភាពមានការខ្វះខាតហូបចុកមិនគ្រប់គ្រាន់ផង នាងធ្លាក់ខ្លួនមានជំងឺបេះដូងហេវហត់អស់កម្លាំង ពេលរួមរ័កមេត្រីជាមួយប្តីម្តងៗ ស្ទើរតែទ្រាំមិនបាន សឹងតែដាច់ខ្យល់ស្លាប់ចោលកូន។ នៅពេលនាងទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពគ្រូពេទ្យ បញ្ជាក់ថា នាងមានជំងឺខ្សោយក្រលៀនមួយបន្ថែមទៀត តមរួមភេទជាមួយប្តីខ្លះទៅ បើមិនចង់ឱ្យ អាយុខ្លី ម៉្លោះហើយទើបនាងចេះតែកិកកុកគេចវេះមិនចង់ឱ្យប្តីប៉ះពាល់ខ្លួនប្រាណ ធ្វើឱ្យប្តីខឹងមួម៉ៅ ក្តៅក្រហាយមិនឈប់។ ជាពិសេស នៅពេលប្តីស្រវឹងស្រាធ្លាក់ភ្នែក លុះចូលដល់ផ្ទះតែងរករឿងបង្ក ជម្លោះវាយបំផ្លាញរបស់របរប្រើប្រាស់ក្នុងផ្ទះ និងទ្រព្យសម្បត្តិអស់គ្មានសល់ ហើយមានពេលខ្លះ ប្តីឡប់ខួរនេះ ចុះចោលផ្ទះបាត់១អាទិត្យទើបឃើញអើតក្បាលត្រឡប់មកវិញ។ ហើយនាងគិតថា មិន ដឹងជាថ្ងៃណាបានហែលឆ្លងផុតសមុទ្រកម្មមួយនេះទេ បើប្តីរបស់នាងគ្មានខួរក្បាលគិតពិចារណា ស្គាល់ខុសត្រូវផងនោះ។
លោកភុំ គ្រឿន អាយុ៣០ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកជាកូនកសិករក្រីក្រ រៀនសូត្របានត្រឹមថ្នាក់ទី៥ ក៏ឈប់ទៅ មកនៅផ្ទះជួយធ្វើការងារផ្ទះ រហូតមក។ លុះពេលធំពេញកំលោះ លោកមិនចេះស្រលាញ់ស្រីញី ឬមានទំនាក់ទំនងស្នេហាជាមួយនារីណាម្នាក់ឡើយ មានតែប្រពន្ធសព្វថ្ងៃនេះ ដែលលោកបាក់ចិត្ត លង់ស្នេហ៍ខ្លាំង ក៏តាមលួងលោមប្រលោមស្នេហ៍ និងឱ្យចាស់ទុំចូលស្តីដណ្តឹងនាងរៀបការយកធ្វើជា ប្រពន្ធពេញច្បាប់តែម្តង។ លោកទទួលស្គាល់ថា ខ្លួន លោកពិតជាប្រចណ្ឌហួងហែងប្រពន្ធមែន ព្រោះតែ លោកស្រលាញ់នាងខ្លាំងពេក មិនចង់ឱ្យប្រុសណា មកក្បែរ និងនិយាយសាសងជាមួយនាងឡើយ។ លោករករឿងវ៉ៃតប់លើប្រពន្ធ មិនមែនមកពីនាងកិកកុកមិនព្រមបម្រើប្តីឡើយ ព្រោះលោកក៏ស្គាល់សុខទុក្ខប្រពន្ធមានជំងឺប្រចាំកាយដែរ តែមានរឿងមួយ ដែលលោកហាមចិត្តខ្លួនឯងមិនបាន គឺមកពីប្រពន្ធ មានចិត្តរឹងរូសសម្តីអាក្រក់ដាក់ប្តីពេក តែងជេរ បញ្ចោរប្តីឡើងកប់ៗមាត់ ព្រមទាំងបណ្តេញឱ្យលោក ចុះចេញពីផ្ទះទៀត តើឱ្យប្តីឯណាទប់កំហឹងជាមួយ ប្រពន្ធរបៀបនេះបាននោះ? ទើបប្រើកម្លាំងបាយ ប្រដៅនាងខ្លះទៅ។
អ្នកស្រីអ៊ុយ នាង ជាម្តាយ និងនាងភុំ ញ៉ាញ់ អាយុ៣៦ឆ្នាំ ជាបងស្រីបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធ កូននិងប្អូនស្រីមួយគូនេះ រួមរស់ចុះសម្រុងផ្អែមល្ហែម ជាមួយគ្នាបានតែគ្រាដំបូងប៉ុណ្ណោះ ក្រោយមកជួបរឿងរ៉ាវឈ្លោះប្រកែកគ្នារកទីបញ្ចប់គ្មាន។ កន្លងមក ក្រុមគ្រួសារទាំងសងខាង ធ្លាប់ប្រដៅអប់រំប្រពន្ធប្តី ពួកគេដែរ តែដូចចាក់ទឹកលើក្បាលទាអ៊ីចឹង ត្រូវគ្នាបានតែមួយភ្លែត ឈ្លោះគ្នាដដែល។ បើតាមពួកគាត់សង្កេតឃើញជាក់ស្តែង គឺមកពីបុរសជាប្តីយកស្រា ធ្វើជាត្រីមុខត្រចៀកស ឆាប់ជឿសម្តីអុជអាលរបស់មិត្តភក្តិ ទើបបង្កក្លាយជាភ្លើងជម្លោះតែម្តង សូម្បីតែ ប្រពន្ធមានជំងឺមិនអាចបម្រើចំណីកាមគុណគ្រប់គ្រាន់ ក៏ប្តីមិនជឿជាក់ ចោទប្រពន្ធលួចមានប្រុសសហាយដែរ ពួកគាត់ហួសចិត្តនិយាយលែងចេញហើយ។
គួរបញ្ជាក់ថា បុរស ឬស្ត្រីដែលកើតរោគប្រចណ្ឌ នៅក្នុងខ្លួនហើយ មិនងាយមានគ្រូពេទ្យណាដាក់ថ្នាំត្រូវឡើយ រួមផ្សំទាំងមានត្រចៀកស ជឿពាក្យអុជអាល របស់មិត្តភក្តិរួមវង់ផឹកផងកាន់តែធ្វើឱ្យភ្លើងប្រចណ្ឌ ឆាបឆេះថែមមួយកម្រិតទៀត ទោះជាប្រពន្ធមានជំងឺ ប្រចាំកាយមិនអាចផ្តល់ចំណីពេលយប់បានក៏មិនជឿដែរ ដោយចោទមានសហាយស្មន់។ បើប្តីប្រពន្ធទាំង ពីរនេះមិនយកធម៌ត្រជាក់ មកដាក់ខ្លួន យោគយល់អត់ឱនឱ្យគ្នាទេ ក៏មិនអាចបញ្ចប់ជម្លោះក្នុងគ្រួសារបានដែរ…”៕