Monday, December 23, 2024
Homeព័ត៌មានជាតិប្រពន្ធគ្រងបារមី មិនឱ្យប្តីដេកជិត

ប្រពន្ធគ្រងបារមី មិនឱ្យប្តីដេកជិត

នារីម្នាក់នេះ មានជំងឺដាបស្ទើរក្ស័យ លុះបារមីអ្នកសច្ចំបង្គាប់ ឱ្យសាងផ្នួសជាដូនជី ទៅចង្ក្រមភាវនាតាមព្រៃភ្នំ ក៏ជាសះស្បើយទៅ។ ទោះជាប្រពន្ធទៅចោល៣ឆ្នាំ ក៏បុរសជាប្តីមិនដាច់ចិត្តដែរ ស៊ូពីដេកឱបដៃ លុះគ្រប់កំណត់កាល ប្រពន្ធលាភេទជាដូនជី ទើបនាងឱ្យប្តីប៉ះពាល់ដូចដើមវិញ និងនាំគ្នាទៅធ្វើ ការរោងចក្របាត់…។

ស្ត្រីវ័យចំណាស់ឈ្មោះឃឹម សយ អាយុ៦៤ឆ្នាំ នៅ ភូមិព្រៃឈើទាល ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា ស្វាមីគាត់បានទទួល មរណភាពចោលគាត់យូរឆ្នាំហើយ ដោយពួកគាត់ បង្កើតបានកូនចំនួន៥នាក់ (ស្លាប់២នៅសល់ស្រី១ ប្រុស ២) ក្នុងនោះ កូនស្រីដែលមានបញ្ហាបារមីតាសច្ចំចូលសណ្ឋិត នោះឈ្មោះអ៊ឹម ម៉ុម អាយុ២៨ឆ្នាំ នាងមានប្តីឈ្មោះអែល ណូន អាយុស្របាលគ្នា ដោយបានរៀបការ៨ឆ្នាំហើយ ដោយបង្កើតបានកូន២នាក់។ តាមពិត នាងអ៊ឹម ម៉ុម គ្រាន់តែចូលវ័យក្រមុំភ្លាម ក៏ចាប់ផ្តើមមានជំងឺចម្លែក ជួនកាលអង្គុយស្មឹងស្មាធិ៍ម្នាក់ឯង តែជាជំងឺស្រាល។ លុះនាងមានប្តី អាការរោគនោះ កាន់តែធ្ងន់ទៅៗ តែទោះជាឈឺក៏នាងអាចពពោះ បង្កើតកូនបានដូចនារីឯទៀតដែរ ហើយបើគិតទៅ គាត់បានចំណាយ ប្រាក់ព្យាបាលកូនស្រីម្នាក់នេះតាំងពីនៅក្រមុំ អស់មិនតិចទេ។ ជាចុងក្រោយ ជំងឺនាងឱ្យទុក្ខក្នុងខ្លួន ម្តងត្អូញឈឺក្រពះ ម្តងថា រសេះរសោះអស់កម្លាំង ទើបគាត់និងប្តីរបស់នាងប្រថុយដឹកទៅរក គ្រូខ្មែរល្បីពូកែម្នាក់ឱ្យជួយព្យាបាល។

លោកអែល ណូន និងនាងអ៊ឹម ម៉ុម

លោកយាយយឹម សយ បន្តទៀតថា ពេលនោះ គ្រូមន្តអាគមបានប្រាប់ថា នាងម៉ុម មានបារមីអ្នកសច្ចំតាមឃុំគ្រងតាំងពី នៅក្រមុំម៉្លេះ លុះនាងមានប្តី ក៏បារមីនោះមិនដកថយដែរ។ គ្រូបាន បង្គាប់គាត់ឱ្យរៀបចំអាសនៈស្លាធម៌ បាយសី ទទួលបារមីកុំខាន ទើបធានាថា ជំងឺក្នុងខ្លួននាងម៉ុម នឹងបានជាសះស្បើយវិញ។ គាត់ក៏វិលទៅផ្ទះចាប់ផ្តើមធ្វើតាមបង្គាប់គ្រូ លុះបន្ទាប់ពីអុជធូប បន់ស្រន់រួច នាងម៉ុម ក៏ត្រូវបារមីចូលសណ្ឋិត បង្គាប់នាងឱ្យ ទៅបួសជាដូនជី៣ឆ្នាំ និងហាមឱ្យប្តីប៉ះពាល់។ ពេលនោះជំងឺ នាងក៏ជាសះស្បើយដូចគេបេះ ទើបនាងសម្រេចចិត្តលាប្តី និងកូនទៅបួសជាដូនជី ស្លៀកសពាក់ស តែមិនកោរសក់ទេ ដោយធ្វើចង្ក្រមភាវនានៅតាមព្រៃភ្នំនានា ក្នុងខេត្តកំពង់ស្ពឺ រួមជាមួយ ដូនជីចាស់ៗឯទៀត។

នាងអ៊ឹម ម៉ុម

ស្ត្រីជាម្តាយឱ្យដឹងទៀតថា ពេលកូនស្រីបួស នោះ គាត់ក៏តាមទៅថែរក្សារហូតខ្លាចនាងលាប់ជំងឺ ទៀត ប៉ុន្តែនាងម៉ុម ក៏ឧស្សាហ៍មកលេងផ្ទះមើលមុខ កូនស្រីនាងម្តងម្កាលដែរ តែដាច់ខាតមិនឱ្យប្តីប៉ះពាល់។ ឯកូនប្រសាអភ័ព្វ ពេលឃើញប្រពន្ធជាដូនជី មកលេង ក៏រៀបបាយទឹកប្រគេនដូចព្រះសង្ឃ ដោយគោរពប្រពន្ធណាស់ និង តាំងចិត្តរង់ចាំរួមរស់ជាមួយគ្នាវិញ ពេលគ្រប់កំណត់៣ឆ្នាំ។ កាលនៅជាដូនជីនោះ កូនស្រីឆាន់តែម្ហូបបួស មានសណ្តែកល្ង ខ្ទិះដូងជាមួយបាយ មិនដែលស្គាល់ជាតិត្រីសាច់ អ្វីទេ។ លុះគ្រប់៣ឆ្នាំ ទើបនាងលាចាកសិក្ខាបទ វិលមកនៅផ្ទះវិញ និងយល់ ព្រមរួមដំណេកជាមួយប្តីដូចដើម។ តាំងពីលាភេទជាដូនជីមក នាងម៉ុម ក៏ក្លាយជាគ្រូស្តោះផ្លុំ

កូនៗរបស់នាងអ៊ឹម ម៉ុម

ទស្សន៍ទាយយ៉ាងឆុត ប៉ុន្តែដោយសារជំនាញ នេះ គ្មានចំណូលមិនអាចចិញ្ចឹមកូនរស់ ទើបនាងនិងប្តីបាននាំគ្នា ទៅធ្វើការរោងចក្រ ដើម្បីរកកម្រៃទប់ទល់។ ទោះយ៉ាងណា ពេល យប់ៗតែងតែមានមនុស្សម្នាកាន់ទៀនធូបភ្ញីផ្កា ទៅរកនាងម៉ុម ទស្សន៍ទាយមិនដែលខានទេ ព្រោះពេលថ្ងៃ នាងធ្វើការរោងចក្រ ទំនេរតែពេលព្រលប់ៗក៏ទស្សន៍ទាយតាមអ្វីដែលបារមីអ្នកសច្ចំ បានបង្ហាត់បង្រៀនកាលនាងនៅជាដូនជី ទៅធ្វើសមាធិកម្មដ្ឋាន ក្នុងព្រៃស្ងាត់។

លោកយាយអំ ប៉ុន អាយុ៦៧ឆ្នាំ ជាម្តាយ លោកអែល ណូន (ប្តី) បានឱ្យដឹងថា កន្លងមកកូន ប្រុសគាត់នេះ ស្រលាញ់ប្រពន្ធស្មោះណាស់ គឺទោះ ជាដឹងថា នាងម៉ុម មានជំងឺចម្លែកតាំងពីនៅក្រមុំ ក៏គេ នៅតែស្រលាញ់សុំរៀបការជាមួយ។ លុះបានគ្នាជាប្តី ប្រពន្ធ បង្កើតបានកូនសុទ្ធតែស្រី២នាក់ ក៏កូនប្រុសនេះ ទ្រាំរស់ទាំងវេទនា ព្រោះរវល់តែដឹកប្រពន្ធទៅ រកគ្រូព្យាបាលជំងឺ។ ពេលប្រពន្ធទៅបួសជាដូនជី៣ឆ្នាំ ក៏ប្តីនេះ សុខចិត្តដេកឱបដៃនៅផ្ទះ

លោកយាយយឹម សយ

ថែរក្សាកូនរង់ ចាំប្រពន្ធវិលវិញ លុះដល់កំណត់៣ឆ្នាំ ទើបពួកគេ បានរួមរស់ជាមួយគ្នាដូចដើម។ សព្វថ្ងៃបារមីអ្នក សច្ចំនៅតែតាម ឃុំគ្រងនាងម៉ុម ជានិច្ច បានធ្វើឱ្យ នាងក្លាយជាគ្រូទស្សន៍ទាយយ៉ាងឆុត ប៉ុន្តែនាង បានសុំបារមីចេញទៅធ្វើការរោងចក្រជាមួយប្តី ដោយទុកការទស្សន៍ទាយនៅពេលយប់។ យាយក៏ មិនស្គាល់ព្រះនាមអ្នកសច្ចំបារមីនោះដែរ គ្រាន់តែ នាងម៉ុម ធ្លាប់បង្ហើបថា បារមីនោះចេញពីព្រៃភ្នំក្រំថ្ម នាខេត្តកំពង់ស្ពឺ។

លោកយាយអំ បឿន

លោកយាយអំ បឿន អាយុ៨០ឆ្នាំ ជាបងបង្កើត របស់លោកយាយអំ ប៉ុន ក៏បានឱ្យដឹងដែរថា ក្មួយស្រីអ៊ឹម ម៉ុម កាលចេញទៅបួសជាដូនជីនោះ កាន់ ត្រណមតឹងរ៉ឹងណាស់ នាងនៅតែព្រៃ យូរៗមកមើល កូនតូចៗម្តង ឯប្តីឃើញប្រពន្ធមកដល់លួចសម្រក់ទឹក ភ្នែកអាណិតប្រពន្ធ។ ប្តីនេះស្រលាញ់ប្រពន្ធស្មោះណាស់ ដោយទ្រាំ៣ឆ្នាំ នៅថែរក្សាកូន មិនដែលភ្លីភ្លើ ទៅមានស្រីញីឯណាទេ ឥឡូវពួកគេបានជួបគ្នាវិញ ហើយក៏ដឹកដៃគ្នាទៅធ្វើការរោងចក្រ។

លោកយាយអំ ប៉ុន

គួរបញ្ជាក់ថា អាការរោគដូចនាងម៉ុម បើយកទៅរកគ្រូពេទ្យពិនិត្យច្បាស់ជាថា នាងកើតរោគសរសៃប្រសាទមិនខាន ប៉ុន្តែជំនឿបុរាណតែងផ្តោតទៅលើ បារមីឥសី ឥសូរ អ្នកសច្ចំបង់បត់ អារុក្ខ អារក្ស អ្នកតា ឬព្រាយចូលសណ្ឋិត។ អ្នកជំងឺប្រភេទនេះ ពេលជាសះស្បើយក៏ក្លាយជាគ្រូស្តោះផ្លុំ ស្រោចទឹក និងចេះផ្សំ ឱសថបុរាណស្ទើរតែគ្រប់គ្នា ជួនកាលល្បីឈ្មោះបោះសំឡេងជាងវេជ្ជបណ្ឌិតទៅទៀត…” ៕

RELATED ARTICLES