ខេត្ដកណ្ដាល៖ ដោយសារតែឪពុកម្ដាយមមាញឹកទៅនឹងការងាររៀងៗខ្លូនមិនបានចាប់អារម្មណ៏ បណ្ដាលឲ្យកូនប្រុសអាយុ៧ឆ្នាំ ដើរធ្លាក់ចូលទៅក្នុងទឹករណ្ដៅដីជម្រៅប្រមាណ២ម៉ែត្រស្លាប់យ៉ាងអណោចអធ័មបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចរណ្ដៅដីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងអណ្ដូង ឃុំសំរោងលើ ស្រុកអង្គស្នួល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា កុមារ៉ារងគ្រោះឈ្មោះ រ៉េម សុខរ៉ាត់ អាយុ៧ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្ដាយក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ដកណ្ដល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុស្រ្ដីជាម្ដាយបាននាំកុមារ៉ារងគ្រោះទៅឲ្យបុរសជាប្ដីមើលថែដោយប្រាប់ថា ទៅបេះស្លឹកក្រូចសើចនៅឯចំការយកទៅលក់ ខណៈកំពុងរវល់មើលគ្រឿងចក្រឈូសឆាយដី បុរសជាឪពុកមិនបានតាមមើលថែកូនរបស់ខ្លួននោះទេ ។ ជាហេតុធ្វើឲ្យកុមារ៉ារងគ្រោះដើររអិលជើងធ្លាក់ចូលទៅក្នុងរណ្ដៅដី ដែលមានទឹកជម្រៅប្រមាណ២ម៉ែត្រ លង់ស្លាប់យ៉ាងអណោចអធ័មដោយពុំមាននរណាម្នាក់បានដឹងនោះទេ ។ លុះបាត់កុមារ៉ារងគ្រោះយូរពេកបុរសជាឪពុកមានការសង្ស័យនាំគ្នាចុះរារកនៅក្នុងទឹកទើបប្រទះឃើញសាកសពកុមារ៉ារងគ្រោះបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។
បច្ចុប្បន្នសាកសពក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
សិលា