ធម្មជាតិ បានបង្កើតមនុស្សស្រីឱ្យមាន កម្លាំងខ្សោយជាងបុរស ហើយបើធ្លាក់ខ្លួន ឈឺទៀតនោះ កម្លាំងនឹងខ្សោយទៅៗ។ យ៉ាងណាមិញ នារីម្នាក់នេះ កាលសុខភាពល្អមិនកំណាញ់ប្តីទេ លុះនាងមាន ជំងឺរោគស្ត្រីចុះខ្សោយ ក៏រារាំង ប្តីមិនឱ្យលូកលាន់ ឯប្តីគ្មានជំងឺ មិនសូវចេះអត់ធ្មត់ ជួនកាលខឹងប្រពន្ធទាំងយប់…។
នាងមិន ថាន អាយុ៣៣ឆ្នាំ រស់នៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា នាងជាកូនច្បង ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះមិន ឃឿន អាយុ៦០ឆ្នាំ ម្តាយស្លាប់។ នាងមិនបានរៀនសូត្រអ្វីទេ ដោយសារ ឪពុកម្តាយក្រីក្រពេក ទើបនាងតែងដើរស៊ីឈ្នួលជួលព័ទ្ធគេតាំងពី អាយុ១៣ឆ្នាំម៉្លេះ។ លុះឈានដល់វ័យ១៧ឆ្នាំ នាងក៏មានទំនាក់ទំនងស្នេហាជាមួយកំលោះម្នាក់ ឈ្មោះចាន់ សាន់ អាយុបងនាង២ឆ្នាំ ខណៈបានជួបគ្នានៅពេលរូបនាង និងគេបានទៅធ្វើកម្មករសំណង់ នៅទីរួមខេត្តកំពត។ ពេលឈប់សម្រាកម្តងៗ គេតែងស្កាត់មកជួបជជែកគ្នាលេងជាមួយនាងមិនដែលខាន និងស្គាល់គ្នាជិត២ខែ ទើបគេហាមាត់ត្រង់ៗសុំស្នេហ៍ពីនាងតែម្តង។ មុនដំបូង នាងប្រកែកដែរ តែដល់មើលចិត្តថ្លើមគេល្អស្លូតបូត នាងក៏អាណិតស្រលាញ់គេវិញទៅ បានទាំងប្រគល់ខ្លួនប្រាណឱ្យគេទៀតផង។ លុះជ្រុលជ្រួសកន្លងហួសប្រពៃណីបាន២ខែ ទើបចាស់ទុំចាត់ចែងរៀបការឱ្យតាមប្រពៃណីទៅ។
នាងមិន ថាន បន្តទៀតថា តាំងពីចាប់ដៃកវែកកឆ្នាំងជាមួយគ្នាមក នាងនិងប្តីស្រលាញ់គ្នាល្អូកល្អិន រហូតបង្កើតបានកូន៣នាក់ (ប្រុស២ ស្រី១) ជាចំណងនិស្ស័យ។ លុះចូលមកដល់ឆ្នាំ២០១៥ នាងចេះតែខ្សោយអស់កម្លាំងល្ហិតល្ហៃ ក្នុងខ្លួនគ្មាន ចំណង់តណ្ហា ជាមួយប្តីទៀតទេ ចេះតែធុញទ្រាន់ នឹងរឿងកាមលោកិយ។ ទោះយ៉ាងណាក៏នាង មិនបិទសិទ្ធិប្តីរលីងនោះទេ គឺនៅតែឱ្យគេរួមរ័ក ជាហូរហែដែរ ប៉ុន្តែពេលអ្វីៗរួចរាល់ នាងឈឺខ្លួនស្ទើរនឹងស្រែកយំ ក្រោកដើរលែងរួច ក៏ប្រើប្តីឱ្យទៅទិញថ្នាំមកលេប។ នាងមិនបាន ទៅឱ្យគ្រូពេទ្យពិនិត្យឱ្យដិតដល់ទេ
ព្រោះធ្លាប់ទៅម្តង ពេទ្យប្រាប់ថា នាងមានជំងឺខ្សោយក្រលៀន មិនអាចធ្វើការងារធ្ងន់ៗបានឡើយ សូម្បីតែការរួមរ័កជាមួយប្តីក៏ត្រូវតែកាត់បន្ថយដែរ។ ទោះជាបានដឹងយ៉ាងនេះក្តី ក៏ប្តីនេះមិនចេះទ្រាំទេ បើគេត្រូវការពេលណា ក៏យកខ្លួននាងពេលនោះ ទើបនាង ខ្ជិលទៅពិគ្រោះជាមួយគ្រូពេទ្យដដែលៗ ក៏បានត្រឹមទិញថ្នាំមកលេបប៉ុណ្ណោះ ហើយលេបដឹងតែលេបបង្គ្រប់កិច្ច ដោយថ្នាំទាំង នោះគ្មានប្រសិទ្ធភាព។ ដោយមូលហេតុនេះហើយ ទើបនាងចេះតែមួម៉ៅក្តៅក្រហាយ រហូតដេញប្តីឱ្យ ទៅរកប្រពន្ធឯណាទៀតទៅ ក៏នាងមិនខឹងដែរ តែប្តីនេះ មុជមិនជ្រៅទៅមិនឆ្ងាយវិលៗ មកកេះកៀវតែប្រពន្ធមានជំងឺហ្នឹង។
ដោយឡែក លោកចាន់ សាន់ អាយុ៣៥ឆ្នាំ ជាប្តី បានឱ្យ ដឹងថា រូបលោកក៏ជាកូនកសិករដែរ មិនបានរៀនសូត្រអ្វីឡើយ ពេលធំដឹងក្តីដើរតែស៊ីឈ្នួលជួលព័ទ្ធគេគ្រប់ច្រកល្ហក។ តាំងពី ចូលវ័យកំលោះមក លោកមិនដែលមានសង្សារឯណាទេ ហើយ ក៏មិនដែលឆ្លងកាត់រឿងស្រីញី ដូចមិត្តភក្តិមួយចំនួននោះឡើយ លុះបានជួបនាងមិន ថាន ក៏ចាប់ចិត្តប្រតិព័ទ្ធស្ទើរបាត់មុខមិនបាន។ តាំងពីបាននាងជាប្រពន្ធពេញច្បាប់មក ក៏លោកមិនដែលបែកចិត្ត ទៅមានស្រីឯណាក្រៅពីរូបនាងនោះឡើយ គឺស្មោះតែរូបនាងម្នាក់ រហូតបង្កើតបានកូន៣នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។ ប៉ុន្តែ ជាអកុសល២ឆ្នាំកន្លងមកនោះ ស្រាប់តែប្រពន្ធធ្លាក់ខ្លួនឈឺ ខ្សោយទៅៗ ធ្វើការធ្ងន់មិនកើត
ពេលទៅឱ្យគ្រូពេទ្យពិនិត្យថា នាងខ្សោយក្រលៀន តម្រូវឱ្យបន្ថយការរួមភេទ។ ទោះជាបានដឹងថា ប្រពន្ធឈឺយ៉ាងនេះក្តី ក៏ធម្មតាបុរសមិនអាចអត់ម៉្យាងហ្នឹងបានឡើយ ក៏នៅតែលូកលាន់សុំនាងរួមភេទជាហូរហែ។ ពេលរួចរាល់ម្តងៗ ប្រពន្ធយំសស្រាក់ ធ្វើឱ្យ លោក អាណិតនាងខ្លោចចិត្ត ក៏ខំលួងលោមបបោសអង្អែល ដោយសន្យាទិញថ្នាំល្អឱ្យនាងលេប តែទោះជាលេប យ៉ាងណាក៏គ្មានប្រសិទ្ធភាព។ សព្វថ្ងៃ ក្រៅពីថ្នាំសម័យ លោកបានទៅជាវឱសថបុរាណពីគ្រូខ្មែរល្បី មកដាំ ទឹកឱ្យនាងផឹកថែមទៀត តែលទ្ធផលយ៉ាងណានោះ មិនទាន់ដឹងទេ។
លោកចាន់ សាន់ បន្តទៀតថា ឥឡូវឱ្យតែយប់ ព្រលប់ចូលមកដល់ ប្រពន្ធចេះតែគេចវេះដេកឱបកូន មិនព្រមឱ្យប្តីឱបទេ បានទាំងដេញប្តីឱ្យយកប្រពន្ធចុង ទៀតផង តែលោកមិនអាចក្បត់ចិត្តភរិយាជាទីស្នេហា នេះបានឡើយ។ លោកធ្លាក់ខ្លួនក្រ ដាបទៅៗ ព្រោះតែ ខំព្យាបាលប្រពន្ធនេះ តែក៏មិនទាន់អស់សង្ឃឹមនោះ ដែរ ដោយជឿថា បើថ្នាំសម័យជួយសង្គ្រោះនាងមិន បាន នឹងបានថ្នាំខ្មែរព្យាបាលជាសះស្បើយមិនខាន។
អ្នកស្រីគល់ ថូ អាយុ៥៧ឆ្នាំ និងលោកយាយណោ លី អាយុ៦២ឆ្នាំ ជាអ៊ំខាងស្រី បានឱ្យដឹងស្របគ្នាថា ក្នួយៗទាំងពីរនេះ ដើមឡើយស្រលាញ់គ្នាល្អូកល្អិន មិនដែលជួបភាពរកាំរកូសអ្វីឡើយ។ ទើបតែ២ ឆ្នាំកន្លងមកនេះ ប្រពន្ធធ្លាក់ខ្លួនឈឺស្គមទៅៗ ជីវភាព ក៏យ៉ាប់យ៉ឺនពី១ថ្ងៃទៅ១ថ្ងៃ ស្ទើរតែរកអង្ករច្រកឆ្នាំង មិនបាន និងឮថាប្តីត្រូវប្រពន្ធហាមឃាត់មិនឱ្យប៉ះពាល់ ផងនោះ គឺបណ្តាលមកពីជំងឺតែម្តង។ ជំងឺនេះ មកពីការព្យាបាលមិនបានដិតដល់ ព្រោះអត់លុយ តែបើមានលុយគ្រប់គ្រាន់យកនាងទៅមន្ទីរពេទ្យធំៗ នោះ នឹងបានជាសះស្បើយមិនខាន។
គួរបញ្ជាក់ថា ស្ត្រីដល់អាយុអស់រដូវ និងស្ត្រី កើតរោគស្ត្រី តែងខ្លាចប្តីលូកលាន់យ៉ាងនេះឯង។ បើភាគីប្តីយល់ចិត្តភរិយាច្បាស់អត់អីទេ តែបើមិន សូវយល់ ឬជាមនុស្សប្រមឹកផងនោះ អាចចោទប្រពន្ធ ថា មានសហាយមិនខាន ខណៈដែលប្រពន្ធមិនឱ្យ លូកលាន់។ ដូច្នេះបើលោកចាន់ សាន់ បានដឹងពី ស្ថានភាពជំងឺប្រពន្ធច្បាស់យ៉ាងនេះហើយ គួរកាត់ បន្ថយការរួមភេទមួយរយៈសិនទៅ ហើយខំព្យាបាល ប្រពន្ធឱ្យមែនទែន។ កាលណានាងបានជាសះស្បើយ មិនកំណាញ់ប្តីទៀតទេ ព្រោះអាយុទើបជាង៣០ឆ្នាំ តម្រូវការផ្លូវភេទនៅមាន កុំទាន់អាលអស់សង្ឃឹម…”៕