Thursday, November 28, 2024
Homeតារាខ្មែរសុខ​ ស្រីនាង ប្រាប់ថា តំាងពីចូលហង្សមាស មានភាពរីកចម្រើន និងវិវឌ្ឈច្រើនជាងមុន

សុខ​ ស្រីនាង ប្រាប់ថា តំាងពីចូលហង្សមាស មានភាពរីកចម្រើន និងវិវឌ្ឈច្រើនជាងមុន

សុខ ស្រីនាង ដែលដើរចេញពីផលិតកម្មសាន់ដេ ចូលជ្រកកោនក្រោមដំបូលផលិតកម្មហង្សមាស នោះ ត្រូវបានគេសន្និដ្ឋានថា អ្នកមេម៉ាយរូបស្រស់នេះប្រៀបបានដើរជាន់បន្លា ព្រោះហង្សមាស ប្រជុំទៅដោយតារាខ្លាំងៗ ហេតុនេះហើយមិនអាចដណ្តើមភាពលេចធ្លោបានឡើយ។

ប៉ុន្តែក្នុងជំនួបថ្មីៗនេះ ស្រីនាង ថា តាំងពីចូលហង្សមាស មក នាងមានការរីកចម្រើនច្រើនណាស់ សឹងតែមិនគួរឱ្យជឿឡើយ ពិសេសគឺនៅពេលដែលឈានចូលសម្តែងភាពយន្តរឿង “រាជិនីភូមិគ្រឹះ” ហើយនាងសង្ឃឹមថា រូបនាងនឹងល្បីថែមទៀតជាមិនខាន នៅពេលដែលរឿងនេះដាក់បញ្ចាំង…។

សុខ ស្រីនាង ជាតួឯកក្នុងរឿង “រាជិនីភូមិគ្រឹះ” របស់ទូរទស្សន៍ហង្សមាស ដែលអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានតំណែងធំប៉ុនសុគន្ធ និសា ដែរ ហេតុនេះហើយបានជាធ្វើឱ្យស្រីនាង សប្បាយចិត្តក្រៃលែង ព្រោះតែមានជំនឿចិត្តថា នៅពេលដែលភាពយន្តនេះចាក់ផ្សាយ គឺរូបនាងនឹងល្បីឈ្មោះជាងនេះទៀតមិនខានឡើយ។

តារាហង្សមាស ដែលកំពុងល្បីបទ “ហត់ទេស្រលាញ់គេម្នាក់ឯង?” រូបនេះ និយាយដោយសប្បាយចិត្តថា ពេលនេះ និងពេលមុន គឺរូបនាងហាក់ដូចជាខុសគ្នាស្រឡះដូចមេឃនិងដីអីចឹង ព្រោះតាំងពីឈានជើងចូលហង្សមាស មក គឺនាងមានការរីកចម្រើនគ្រប់ផ្នែកទាំងអស់ សឹងតែមិនគួរឱ្យជឿឡើយ។

សុខ ស្រីនាង រៀបរាប់ថា “ខ្ញុំនិយាយត្រង់ទៅបង តាំងពីចូលហង្សមាស ពេលមុនរហូតមកដល់ពេលហ្នឹង គឺខ្ញុំមានការរីកចម្រើន និងវិវឌ្ឈច្រើនជាងមុនឆ្ងាយណាស់ ហើយបើនិយាយពីការរវល់វិញ សឹងតែ១អាទិត្យ គ្មានពេលសម្រាកឡើយ។ ពេលនេះ ខ្ញុំសម្រុកថតភាពយន្តរាល់ថ្ងៃ ហើយមានពេលខ្លះ ខ្ញុំក្រោកឡើងនៅម៉ោង២យប់ក៏មានដែរ។ ខ្ញុំគិតថារឿង “រាជិនីភូមិគ្រឹះ” នោះ គឺខ្ញុំបានបទពិសោធន៍ច្រើនណាស់ក្នុងការសម្តែង ហើយឆ្លងកាត់ការលំបាកទាំងនោះហើយ ខ្ញុំឈានមកថតខារ៉ាអូខេវិញ គឺវាងាយស្រួលដូចបកចេកអីចឹង ព្រោះថាឈុតពិបាកៗ គឺយើងបានឆ្លងកាត់វាអស់ទៅហើយ។ ខ្ញុំមានជំនឿចិត្តថា នៅពេលដែលរឿងនោះត្រូវបានចាក់ផ្សាយ គឺខ្ញុំនឹងល្បីជាងនេះទៀត ព្រោះថាក្រុមការងារហង្សមាស ក្នុងការថតរឿងនេះ គេច្បាស់លាស់ខ្លាំងណាស់ និយាយទៅ រឿងហ្នឹង ដឹងតែល្អមើលតែម្តង តែខ្ញុំមិនហ៊ាននិយាយអស់ទេ ចាំឱ្យតាមដានទាំងអស់គ្នា”។

សុខ ស្រីនាង ក្រៅពីមានយីអ៊ុនល្អ ឆក់បានតួឯករឿង “រាជិនីភូមិគ្រឹះ“ ជាដៃគូជាមួយតារាចម្រៀងហ្សូណូ ហើយសុគន្ធ និសា ចាប់ដៃជាមួយណុប បាយ៉ារិទ្ធ នោះ តារាចម្រៀងរូបនេះក៏មានបទចម្រៀងល្បីៗគួរឱ្យចាប់អារម្មណ៍ នៅពេលចេញបើកឆាកនៅផលិតកម្មហង្សមាស ដែរ ដូចជាបទ “ហត់ទេស្រលាញ់គេម្នាក់ឯង?”, “ស្អប់ទាំងដានជើងបង”, “ឡិកឡក់”,  “I Don’t” ជាដើម។

សុខ ស្រីនាង ដែលពីមុនមានសម្បុរស្រអែមស្រស់នោះ ស្រាប់តែពេលនេះនាងមានសាច់សខ្ចី ហើយថែមទាំងហ៊ានស្លៀកសំពត់ខើចឡើងរាំលើឆាកតន្ត្រីគួរឱ្យក្នាញ់ទៀត ជាមួយក្បាច់រាំនាងហាក់រស់រវើកជាងមុន។

តារាហង្សមាស រូបនេះ ថ្លែងថា “ខ្ញុំសប្បាយចិត្តណាស់ដែលបទចម្រៀងរបស់ខ្ញុំ ឮថាមានគេនិយមច្រើនដែរ ហើយខ្ញុំត្រៀមចេញបទថ្មីៗជាច្រើនទៀត។ នៅចុងខែតុលានេះ ខ្ញុំនឹងចេញច្រៀង Concert ធំៗជាច្រើនដែលហង្សមាស បានទម្លាក់ឱ្យ។ និយាយទៅ ឆ្នាំនេះរវល់ច្រើនណាស់ គឺមិនមែនតែខ្ញុំម្នាក់ទេ តែតារាទាំងអស់របស់ហង្សមាស តែម្តង។ ចំពោះតម្លៃខ្លួនខ្ញុំនាពេលនេះ គឺបានច្រើនជាងមុន តែខ្ញុំមិនអាចប្រាប់ថាប៉ុន្មានទេ”៕

RELATED ARTICLES