បុរសនេះ ក្រោយពីប្រពន្ធដណ្តើម យកដបស្រា-ស ទៅចាក់ចោលខានផឹក ថែមទាំងគំរាមលែងឱ្យដេកជិតផងនោះ ក៏ស្រក់ទឹកភ្នែកតក់ៗ ព្រោះតែ ស្តាយស្រាផង ស្តាយកិត្តិយស ខ្មាសមិត្តភក្តិរួមវង់ផឹកផង។ ចំណែកមិត្តភក្តិទាំងនោះ បានសម្តែងការហួសចិត្តមិន គួរស្ត្រីជាប្រពន្ធបំបាក់មុខប្តីយ៉ាងនេះសោះ ព្រោះស្រាមិនថ្លៃទេ តែកិត្តិយស ពិបាករក…។
នាងព្រះ សឿ អាយុ៣៨ឆ្នាំ រស់នៅភូមិទួលស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងមានឪពុកឈ្មោះសន ស៊ុយ ស្លាប់ដោយរោគាពាធជាច្រើនឆ្នាំមកហើយ នៅតែ ម្តាយឈ្មោះជីម ចេម អាយុ៧០ឆ្នាំ ដែលគាត់នៅ ក្នុងបន្ទុកប្អូនស្រីពៅរបស់នាង។ កាលពីក្រមុំ រូបនាង ត្រូវបានឪពុកម្តាយរៀបចំឱ្យមានប្តីឈ្មោះបួ សេម អាយុបងនាង១ឆ្នាំ ដោយបង្កើតបានកូន៤នាក់ (ប្រុស៣ ស្រី១) ដែលសព្វថ្ងៃមានទាំងកូនប្រសាថែម ទៀតផង។ តាមពិតប្តីនាង ជាមនុស្សស្លូតបូត អ្នកភូមិ ណាក៏ស្រលាញ់ចូលចិត្តដែរ ទាស់តែម៉្យាងឱ្យ តែស្រវឹងម្តងៗ គឺស្រវឹងខូច មិនចេញទៅធ្វើការងារ អ្វីទេ ជួនកាល បន្ទាប់ពីស្វាងស្រវឹងក៏នៅឈឺក្បាល វិលមុខ ដើរមិនរួចខាតការងារអស់១អាទិត្យ ព្រោះតែ អាការសាហាវហ្នឹង។ គេមិនសូវមានលុយផឹកស្រា បៀរនោះឡើយ ចូលចិត្តផឹកតែស្រា-ស ជួនកាលទៀត ខ្លួនឯងអត់លុយទេ តែក្លើប្រមឹកជាអ្នកទិញស្រា ក៏ អូសដៃចូលវង់ផឹកមួយថ្ងៃទល់ល្ងាច ហៅមិនចេញទេ នៅតែអួទីនួ អែប្រមែភ្លេចការងារ។ នាងឧស្សាហ៍ ណែនាំដែរ តែគេមិនស្តាប់ក៏ជេរប្រាវតែម្តង នាំឱ្យផ្អើលអ្នកជិតខាង តែមនុស្សស្បែកក្រាស់ជេរមិនឈឺទេ ទាល់តែ លេងឱ្យធ្ងន់ដៃទើបបាន។
នាងសឿ បន្តទៀតថា កាលពីប៉ុន្មានខែមុន កំពុងជាប់ដៃធ្វើចម្ការសុខៗ ស្រាប់តែប្តីនេះទៅចូលវង់ផឹក ជាមួយក្លើ ទោះជានាងប្រើកូនតាមហៅក៏គេមិនព្រមចេញ។ ដោយខឹងខ្លាំងពេក នាងក៏តាមទៅដល់វង់ផឹករួច ដណ្តើមបានដបស្រាទៅចាក់ចោលខ្ទេច បានទាំងព្រមានប្តីប្រមឹកនេះ មិនឱ្យដេកជិតទៀតផង។ តាំងពីព្រមាន ម្តងមក ប្តីអន់ចង់បន្តិចដែរ លុះនាងស្រុះស្រួលត្រូវរ៉ូវឱ្យដេកជិតវិញ ភ្លេចៗខ្លួន ស្រាប់តែឆ្កែកន្ទុយខ្វៀន នៅតែ ខ្វៀនដដែល។ អ៊ីចឹងបើត្រូវលែងលះគ្នាក៏បានដែរ នាងមិនស្តាយប៉ុនក្រចកទេ ទោះជារួមរស់តទៅទៀត ក៏យ៉ាប់ខ្លួនដែរ។ ទោះយ៉ាងណា បើប្តីមិនស្រវឹងវិញ នាងហ៊ានអួតថា គ្មានបុរស ណាបានប្រហែលប្តីនេះទេ តែបើមានជើងបបួលជួបជុំជល់កែវ ក៏វិលក្បុងលែងដឹងអ្វីទាំងអស់ បើម៉្លឹងៗទ្រាំមិនបានទេ។
ដោយឡែក លោកបួ សេម អាយុ៣៩ឆ្នាំ ជាប្តី ដែល ទើបនឹងចេញពីវង់ផឹកក្នុងពិធីរៀបមង្គលការបងប្អូន បន្ទាប់ពីកូនប្រុសទី៣ តាមទៅហៅ បានបំភ្លឺថា មុននេះ លោកផឹកស្រាបៀរអេនឆ័រ បួនប្រាំកំប៉ុង សាបដូចទឹក គ្មានស្រវឹងអីទេ ចាញ់ស្រា-ស ដាក់តែកន្លះលីត្រ ស្រាយចិញ្ចើម សម្បើម យក្សបាត់ទៅហើយ។ លោកត្អូញត្អែរថា ខ្លួនកើតមកមួយ ជាតិនេះជាមនុស្សរងកម្ម ត្រូវប្រពន្ធត្រួតក្បាល ឬទុកលោក ជាកូន មិនមែនជាប្តីនោះទេ។ នាងគំរាមប្តីសព្វគ្រប់អស់ហើយ តែលោកមិនចង់បែកបាក់ ព្រោះអាណិតកូនៗ មិន ចង់ឱ្យគេសើចចំអកថា ជាមនុស្សប្រុសវាយដំប្រពន្ធកូន ទើបលោកចេះតែទ្រាំឱ្យប្រពន្ធគាបសង្កត់តាមចិត្ត។
លោកបួ សេម បន្តថា តើសមអីដែលប្រពន្ធទៅបំបាក់ មុខប្តីនៅក្នុងចំណោមមិត្តភក្តិ ដោយដណ្តើមដបស្រាទៅ ចាក់ចោល ថែមទាំងជេរប្រទេចប្តីអត់ញញើត។ តាមពិត ស្រាដែលនាងចាក់ចោលនោះ មិត្តភក្តិគេទិញមក អស់លុយ ហោប៉ៅគេសោះ គ្រាន់តែពួកគេហៅលោកឱ្យចូលវង់តែប៉ុណ្ណឹង មិនគួរណាប្រពន្ធទៅបំបាក់កិត្តិយសប្តីគ្មានប្រណី។ បើប្តីគេក្រៅពីរូបលោក ច្បាស់ជាប្រពន្ធប៉ោងសំពត់ រត់ មិនសព្វដីមិនខានឡើយ។ ប៉ុណ្ណឹងហើយនាងនៅ តែគំរាមលោកមិនឱ្យដេកក្បែរទៀត តែលោកព្យាយាម ខាំមាត់ សង្កត់ចិត្ត រហូតស្រក់ទឹកភ្នែក នៅពេលប្រពន្ធ ចាក់ស្រាចោលនោះ។ ពុំមែនលោកយំស្តាយស្រា នោះទេ តែស្តាយកិត្តិយសជាប្រុស ត្រូវមិត្តភក្តិបង្អាប់ ព្រោះតែប្រពន្ធមិនស្គាល់ញាតិ។ ព្រោះតែខឹងពេក លោកបានវាយពាងទឹកបែកអស់មួយ ឱ្យវាធូរទ្រូង បន្តិច ស្រាប់តែប្រពន្ធផ្ទុះកំហឹង បង្អត់អាហាររាត្រីប្តី រាប់ខែ ទម្រាំត្រូវរ៉ូវគ្នាវិញ។ ឥឡូវនាងចងចិញ្ចើមដាក់ ប្តីទៀត ហើយមុខនាងកាចជាងមុខខ្លាទៅទៀត ច្បាស់ ជាចង់ដាក់លក្ខខណ្ឌស្អីទៀតហើយ។
នាងព្រះ ភាជន៍ អាយុ២៩ឆ្នាំ ជាប្អូនបង្កើត ខាងប្រពន្ធ បានឱ្យដឹងថា បងថ្លៃនាងជាមនុស្សស្លូតបូតទេ តែបើគាតផឹកគឺខូចដូចបងស្រីថាអ៊ីចឹង។ បើ បងថ្លៃនេះចេញផឹកហើយ មានតែ៤ថ្ងៃទៅ១អាទិត្យ ទើបធ្វើការកើត ព្រោះបន្ទាប់ពីស្រវឹង ក៏នៅឈឺក្បាល ក្តៅរងាចេញពីផ្ទះមិនរួច តែបើមិនផឹកវិញ ដូចព្រះ ស៊ីម៉ងត៍នៅវត្ត។
លោកថោង លឿន អាយុ៤៦ឆ្នាំ ជាមិត្តភក្តិ ក្នុងវង់ផឹក បានឱ្យដឹងថា លោកមិនលូកដៃរឿងជម្លោះ គ្រួសារក្លើម្រាក់នោះទេ គ្រាន៉តែយល់ថា ទង្វើមិន សមរម្យរបស់នាងសឿ ដែលដណ្តើមយកស្រាទៅ ចាក់ចោលនោះ ដូចជាហួសហេតុបន្តិច។ តាមពិត ស្រានោះមិនមែនប្តីនាងទិញមកឯណា គឺពួកលោក ប៉ុន្មាននាក់រៃលុយគ្នាទិញ គ្រាន់តែហៅលោកសេម ឱ្យចូលវង់ប៉ុណ្ណោះ តែនាងបំបាក់កិត្តិយសប្តី។ នេះ ហេតុតែលោកសេម ស្លូតពេក បើសិនជារូបលោកវិញ ប្រពន្ធខ្លាំងមិនស្គាល់ញាតិបែបនេះ ច្បាស់ជាប៉ោង សំពត់មិនខាន។
គួរបញ្ជាក់ថា រឿងផឹកស៊ីតែងផ្តល់ជម្លោះក្នុង គ្រួសារតាំងពីក្រុងដល់ស្រែ ឆ្លងតំបន់ព្រៃ ព្រោះតែ សម័យនេះ ស្រុកទេសមានសន្តិភាព មានឱកាសទំនេរ ច្រើន ទើបបុរសៗជុំជើងគ្នាជល់កែវ។ ទោះយ៉ាងណា បើយូរៗផឹកម្តង គួរតែប្រពន្ធបើកឱកាសឱ្យប្តីខ្លះ ទៅ តែបើប្តីនោះប្រមឹកជោក ឬត្រប៉ែរាល់ថ្ងៃត្រូវកែខៃ ចេញធម៌ក្តៅខ្លះៗទើបបាន។ ឯរឿងប្រពន្ធទៅដណ្តើម ស្រាចាក់ចោលប៉ះស្រាដែលទិញដោយមិត្តភក្តិនោះធ្វើឱ្យបាត់បង់កិត្តិយសប្តីមែន ដែលនាងជាប្រពន្ធ គួរវៀរចាកកុំធ្វើឱ្យប៉ះពាល់ដល់មិត្តភាពមិនល្អទេ…”៕