Monday, December 23, 2024
Homeព័ត៌មានជាតិប្រពន្ធអាងសិទ្ធិប្តីអាងអំណាច ចេញក្បួនកាចដាក់គ្នា

ប្រពន្ធអាងសិទ្ធិប្តីអាងអំណាច ចេញក្បួនកាចដាក់គ្នា

ជីវិតគ្រួសារមានកត្តាច្រើនណាស់ ដែលអាចបង្ក ទៅជាការប្រេះស្រាំសុភមង្គល ឬបែកបាក់គ្នាហើយ ទោះជាមិនលែងលះ ក៏ពាក់មុខយក្សដាក់គ្នាដែរ។ យ៉ាងណាមិញ គ្រួសារមួយនេះ ប្រពន្ធអាងសិទ្ធិមេផ្ទះ ឯប្តី អាងអំណាចជាមេគ្រួសារ ថ្ងៃណាក៏ឈ្លោះគ្នាដែរ អាចនឹងឈានដល់ការលែងលះ បើសិនជាភាគី ទាំងសងខាងមិនព្រមកែលម្អ…។

នាងហាយ ណា អាយុ៣៦ឆ្នាំ រស់នៅភូមិទួលកំពៅ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងមានឪពុកឈ្មោះគង់ ចាន់ អាយុ៧០ឆ្នាំ ម្តាយឈ្មោះទិត្យ ខេម (ស្លាប់) និងបានរៀបការ ជាមួយបុរសម្នាក់ឈ្មោះខឹង ថង អាយុបងនាង១ឆ្នាំ ក្រោមការផ្គូផ្គងពីចាស់ទុំ ដោយបង្កើតបានកូន៥នាក់ (ស្រី៤ ស្រី១)។ តាំងពីចាប់ដៃកវែកកឆ្នាំង ជាមួយគ្នាមក គ្រួសារនាងរកសុភមង្គលមិនសូវឃើញ ទេ ទោះបីជាកូនច្រើន ក៏ប្តីប្រពន្ធនាងទាស់គ្នាមិនស្វាង ព្រោះតែប្តីមានចរិតកាចអាងអំណាចជាមេគ្រួសារ គាបសង្កត់បំបិទសិទ្ធិនាងជាប្រពន្ធ។ កន្លងមក កុំតែមានការសម្របសម្រួលផ្សះផ្សាពីអាជ្ញាធរ ម៉្លេះសមពួកនាងចែកផ្លូវគ្នាដើរទៅហើយ មិនមែន នៅមើលមុខគ្នាដូចសព្វថ្ងៃនោះទេ។

លោកខឹង ថង និងនាងហាយ ណា

នាងរំព្ញកថា តាំងពីរៀបការរួចមក បើនាងចង់ សម្រេចកិច្ចការអ្វីមួយ លុះត្រាតែជម្រាបលោកប្តីនេះ សិនទើបបាន គឺបើប្តីអនុញ្ញាតទើបធ្វើបាន តែបើនាង ហ៊ានសម្រេចចិត្តឯង ច្បាស់ជាប្តីនេះវាយដំច្រំធាក់នាង មិនខាន។ ផ្ទុយទៅវិញ បើប្តីចង់សម្រេចកិច្ចការអ្វីមួយ គេមិនចាំបាច់ឆ្លងយោបល់នាងទេ ដោយអាងខ្លួនជា មេគ្រួសារ ដូចជាគេយកលុយកាក់ទៅជូនម៉ែឪ បងប្អូនគេ គឺស្រេចតែគេ ផ្ទុយទៅវិញ រូបនាងគ្រាន់តែដកលុយឱ្យ បងប្អូនខ្ចីខ្លះ គេរករឿងប្រើអំពើហិង្សា។
នាងហាយ ណា បន្តទៀតថា កន្លងមក បងប្អូន ខាងប្តីដែលខ្ចីលុយទៅ ជួនកាលអត់សងទេ ឯនាង ក៏មិនថាអីដែរ ព្រោះដឹងថា ជាកម្លាំងប្តីរកបាន គេឱ្យ អ្នកណាខ្ចីក៏ស្រេចតែគេចុះ ប៉ុន្តែនាងជាប្រពន្ធក៏មាន សិទ្ធិឱ្យបងប្អូនខ្ចីបានដែរ ចុះរឿងអីបានជាប្តីនេះមិន ចេះគិត? វាអយុត្តិធម៌ពេក សម្រាប់នាងជាស្ត្រីមេផ្ទះ ដែលប្តីគាបសង្កត់បំបិទសិទ្ធិបែបនេះ ដែលកន្លងមក ព្រោះតែការដណ្តើមគ្នាជួយបងប្អូន ឬឱ្យខ្ចីលុយកាក់ រូបនាងក៏ត្រូវប្តីវាយដំរហូតមានរបួសស្នាម។ នាងក៏ធ្លាប់ប្តឹងមេភូមិសុំលែងលះប្តីនេះដែរ ដោយបបួល ចែកទ្រព្យសម្បត្តិ និងចែកកូនគ្នាដែរ តែអាជ្ញាធរ មិនឱ្យលែង ឯចាស់ទុំទាំងសងខាង ក៏ជួយផ្សះផ្សា ទើបនាងទ្រាំលេបថ្មលេបក្រួស មកទល់ពេលនេះ ពុំដឹងជាថ្ងៃណាបានសុខស្រួលដូចគ្រួសារគេទេ។

នាងហាយ ណា

ដោយឡែកលោកខឹង ថង អាយុ៣៧ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមិនដែលហាមប្រពន្ធ មិនឱ្យជួយ គ្រួសារបងប្អូនរបស់នាងទេ ទោះជាចង់ឱ្យខ្ចីលុយ ប៉ុន្មានក៏មិនថាដែរ តែបើធ្វើអ្វីត្រូវប្រាប់ប្តីឱ្យដឹងផង។ ចំពោះរូបលោកជាប្តី មិនបាច់ជម្រាបប្រពន្ធក៏បានដែរ ព្រោះលោកមានតួនាទីជាមេគ្រួសារ បើចង់ធ្វើស្អីបន្តិច ចាំជម្រាបសុំច្បាប់ប្រពន្ធ ដូចជាអន់ពេក។ រូបនាង ជាប្រពន្ធដឹងតែនៅផ្ទះ ធ្វើបាយទឹកមើលថែកូនទៅបានហើយ មិនចាំបាច់ចង់ដឹងពីការងារជួញដូររបស់ប្តី ឬថា បើប្តីឱ្យទុកដាក់លុយកាក់ ចាំតែទុកដាក់ទៅបានហើយ តែបើនាងទុកលុយមិនគង់ យកទៅឱ្យបងប្អូនខ្ចីមិន ដែលទុំនោះ ច្បាស់ជារឿងធំហើយ។

ផ្ទះនាងហាយ ណា

លោកខឹង ថង បន្តទៀតថា ករណីរូបលោកវាយដំនាងឱ្យមានរបួសស្នាមនោះ គឺលោកសុំទទួលកំហុស ថា ពិតជាបានរំលោភបំពានច្បាប់ស្តីពីអំពើហិង្សាមែន។ តាមពិតទៅ លោកមិនចង់ធ្វើបាបនាងទេ បើសិន ជានាងស្លូតបូតដូចប្រពន្ធគេឯទៀតនោះ ដឹងអី! ខឹងបន្តិចបន្តួច នាងស្រែកជំទាលឱ្យប្តីផ្អើលគេឯង យកតែពីឈ្នះ ចំណែកលោកមិនចេះស្រែកទេ មានតែយកដៃជើង ទៅទប់អ៊ីចឹងហើយ។ ទោះយ៉ាងណា បើប្រពន្ធនេះ ធ្វើស្លូត កុំចេញក្បួនកប៉ាល់ភ្លើង លោកសន្យាថា នឹងកែ ខ្លួនមិនឱ្យមានអំពើហិង្សាកើតឡើងទៀតទេ។ លោក ក៏ស្គាល់កិត្តិយសគ្រួសារដែរ តែមកពីប្រពន្ធគំនិតខ្លី ស្អីបន្តិចដើរទៅប្រាប់បងប្អូន សុទ្ធតែប្តីនេះអាក្រក់ ឃោរឃៅ ហើយបើកុំតែប្តីឃោរឃៅនេះ រកស៊ីមិន សំចៃកម្លាំង តើប្រពន្ធបានអីរស់មកទល់សព្វថ្ងៃ? តើ មានអ្នកស្រុកណាឱ្យស្រូវអង្ករលុយកាក់នាងទេ?

លោកអ៊ាម ភាង

លោកខឹង ថង បន្ថែមថា ក្រោយពីមានការសម្របសម្រួល ពីអាជ្ញាធរ និងចាស់ទុំទាំងសងខាង លោកសន្យាថា បើធ្វើអ្វីត្រូវឆ្លងយោបល់ប្រពន្ធសិន ឯប្រពន្ធក៏ត្រូវសួរប្តីសិនដែរ ឈប់អត្តនោម័តទៀត ទៅ។ ជម្លោះចុងក្រោយផ្អើលភូមិនេះ ធ្វើឱ្យលោកភ្លឺ ស្វាងយល់ដឹងពីបញ្ហាសង្គមច្រើនណាស់ ទាក់ទង ដល់ឆាកជីវិតគូស្វាមីភរិយា។
លោកអៀម អ៊ីន អាយុ៤៥ឆ្នាំ និងអ្នកស្រីគីម គី អាយុ៤៤ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ជម្លោះគ្រួសារមួយនេះ គឺផ្តើមចេញពីប្តីប្រពន្ធខ្វះ ការយោគយល់គ្នា មិនចេះឱ្យតម្លៃគ្នាទៅវិញទៅមក។ ភាគីប្តីអាងអំណាចជាមេគ្រួសារ ឯភាគីប្រពន្ធអាង សិទ្ធិជាមេផ្ទះ ឬសិទ្ធិនារី ទើបវាអ៊ីចឹងទៅ ព្រោះតែ អាងនេះឯង។

អ្នកស្រីគីម គី

លោកអ៊ាម ភាង មេភូមិឧបសម្ព័ន្ធទួលកំពៅ បានឱ្យដឹងថា បន្ទាប់ពីជំនុំដោះស្រាយរួច ប្តីប្រពន្ធ ទាំងពីរនេះ បានព្រមព្រៀងផ្តិតមេដៃកែប្រែមារយាទ រៀងៗខ្លួនហើយ។ លោកសង្ឃឹមថា ចាប់តាំងពីថ្ងៃ នេះតទៅ នឹងមិនមានជម្លោះកើតឡើងពីរឿងអាង អំណាចអាងសិទ្ធិអ្វីទៀតទេ គឺភាគីម្ខាងៗត្រូវតែ ស្មើគ្នា ទើបរកសុភមង្គលឃើញ។
គួរបញ្ជាក់ថា នៅតំបន់ព្រៃនៃខេត្តព្រះវិហារ ដោយសារតែការអប់រំបញ្ជ្រាបយ៉េនឌ័រ មិនទាន់ ទូលំទូលាយ ឃើញតែទំនាស់ពាក់ព័ន្ធដល់គូស្វាមី ភរិយា ដែលអាងសិទ្ធិអំណាចនេះឯង។ ទោះយ៉ាងណា សុភាសិតថា “អំណាចឈ្នះសិទ្ធិ” ដូច្នេះប្តីអាង អំណាចពិតជាឈ្នះប្រពន្ធដែលអាងសិទ្ធិ ព្រោះប្តី កម្លាំងខ្លាំងជាង។ ហេតុនេះ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គម គួរតែគូស្វាមីភរិយាព្យាយាមកាត់ បន្ថយអស្មិមានះ ចេះគោរពគ្នាទៅតាមតួនាទី ជាពិសេស ប្រពន្ធគួរបន្ទន់ឥរិយាបថកុំចង់ឈ្នះប្តីអី ឬថា បើប្រពន្ធ ធ្វើស្លូត ក៏គ្មានប្តីឯណានៅសុខៗទៅវ៉ៃប្រពន្ធនោះដែរ តែបើប្រពន្ធកាចឆ្នាស នឹងត្រូវប្តីលត់មិនឈប់ នាំ ឱ្យមានផលវិបាកដល់សង្គម…”៕

RELATED ARTICLES