Monday, December 23, 2024
Homeព័ត៌មានជាតិម្តាយក្រគ្មានកេរចែក កូនបែកបាក់គ្នា

ម្តាយក្រគ្មានកេរចែក កូនបែកបាក់គ្នា

ឪពុកម្តាយ ដែលមានជីវភាពក្រីក្រ គ្មានលទ្ធភាព ចែកកេរឱ្យកូនទេ បានត្រឹមទុកដាក់ ឱ្យមានគូស្រករ និង ជំរុញកូនប្រឹងរកស៊ី ខ្លួនឯងទៅតែបើកូន ប្រសាទារចែកកេរ ច្បាស់ជាជួបភាពរកាំរកូស។ យ៉ាងណាមិញ ស្ត្រីមេម៉ាយ ម្នាក់នេះ ក្រណាស់ ក៏ប៉ះកូន ប្រសាមិនសូវប្រឹងរកស៊ី ទារតែចែកកេរ កើតជាភាពរកាំរកូស ប្រេះស្រាំដល់សុភមង្គលគ្រួសារ…។

នាងហន ចាន់ស៊ី អាយុ១៩ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងជាកូនទី៣ ក្នុងចំណោម បងប្អូន៨នាក់ ឪពុកស្លាប់ នៅតែម្តាយ ឈ្មោះស្រី សាត់ អាយុ៤៩ឆ្នាំ។ នាងបាន រៀបការជាមួយកំលោះក្នុងភូមិ ឈ្មោះអ៊ុន សំអេន តាំងពីរូបនាង មានអាយុ១៦ឆ្នាំម៉្លេះ ដែលកាលនោះ មេឃុំមិនហ៊ានចេញច្បាប់ ឱ្យរៀបការទេ តែដោយសារ ម្តាយនាងអង្វរពេក អាជ្ញាធរ ក៏យល់ព្រម ដោយឱ្យទទួល ខុសត្រូវខ្លួនឯង ព្រោះនាង ជាអនីតិជន។ រហូតមក ទល់ពេលនេះ នាង បង្កើតបានកូនប្រុស មួយទៅហើយ ប៉ុន្តែជីវិតគ្រួសារ គ្មានសុភមង្គលទេ ព្រោះប្តីជាមនុស្សចង់មានចង់បាន​​ ហួសហេតុពេក។ តាមពិត ម្តាយនាងជាស្ត្រីមេម៉ាយ កូនមួយកន្ទេល គ្មានទ្រព្យសម្បត្តិអ្វីជាដុំកំភួនទេ គ្រាន់តែ មានដីស្រែខ្លះសម្រាប់សាបព្រោះស្ទូងដកយកទិន្នផល ស្រូវចិញ្ចឹមជីវិត មិនអាចពុះចែកឱ្យកូនៗ បានគ្រប់គ្នាទេ តែប្តីនាងបែរជាចង់បានដីគាត់ដែលមានតែ បន្តិចបន្តួចនោះ ទៅវិញ មិនគិតពីប្រឹងប្រែងរកស៊ីយកលុយទៅទិញស្រែ ដែលមិនខ្វះអ្នកលក់ឱ្យទេ។

នាងហន ចាន់ស៊ី

នាងហន ចាន់ស៊ី ឱ្យដឹងទៀតថា តាំងពីកើតមក នាងទើបតែជួបជាលើកដំបូង ដែលឃើញប្តីចង់បានកេរ ខាងប្រពន្ធ រហូតតមសម្តីជាមួយម្តាយក្មេក ខឹងមិនចែកកេរឱ្យ សូម្បីគេរកបានត្រីសាច់ ក៏មិនចែកបងប្អូននាង ហូបដែរ ទោះជាជ្រកកោនក្រោមដំបូលរួមគ្នាក្តី។ មុននឹងរៀបការ ម្តាយនាងបានដាក់លក្ខខណ្ឌរួចហើយថា គាត់ក្រណាស់ មានតែដីស្រែបន្តិចបន្តួចទុកបង្កបង្កើនផល យកស្រូវហូបខ្លួនឯងដល់ចាស់ទៅ មិនអាចចែកកូន ណាបានទេ តែអាចហូបរួមបានពេលមិនទាន់មានគ្រួសារ។ លុះរៀបការរួច ស្រាប់តែប្តីនេះភ្លេចលក្ខខណ្ឌអស់ រលីង ដឹងតែរំអុកទារពុះដីស្រែម៉ែចែកឱ្យគេ លុះម៉ែមិនព្រមពុះ ក៏ខឹងសម្បាតមនិយាយជាមួយម៉ែ។

លោកអ៊ុន សំអេន

នាងហន ចាន់ស៊ី បន្តថា ប្តីនេះបានទាំងទាមទារហូបដោយខ្លួន ទោះជាជ្រកកោនជាមួយម៉ែក្តី លុះម៉ែ យល់ព្រម ក៏នៅតែច្រណែននឹងបងថ្លៃ ដោយមិនព្រមជួយបំពេញការងារអ្វីទេ។ កន្លងមក ប្តីបាននាំនាង ទៅជ្រកកោននៅផ្ទះឪពុកម្តាយរបស់គេម្តងហើយ នៅតែគេនិយាយដើមរឿងម្តាយនាងមិនចែកកេរ ដោយគេថា ខំចំណាយលុយរៀបការអស់ទាំងលានៗ គ្មានបានកេរអ្វីមួយចំណិត។ ដោយឈឺ ចាប់នឹងប្តីមើលងាយព្រះកន្លោងពេក ទើបនាងសម្រេចចិត្តឱបបង្វេចចេញមករស់នៅជាមួយម៉ែ វិញ ឱ្យផុតទុក្ខសុខចិត្តរស់ជាស្រីមេម៉ាយវាប្រសើរជាង។

អ្នកស្រី ស្រី សាត់ និងស្វាមី

លោកអ៊ុន សំអេន អាយុ២៧ឆ្នាំ ជាប្តី ដែលអាជ្ញាធរកោះហៅមកសម្របសម្រួល បានឱ្យដឹងថា លោកទទួលស្គាល់ថា ពិតជាមានកំហុសព្រោះតមសម្តីជាមួយម៉ែក្មេក។ ប៉ុន្តែគាត់ ខ្លួនឯងក៏ខុសដែរ ដែលមិនហៅរកកូនមុននោះ ព្រោះធម្មតាកូនប្រសាដែលរស់ក្រោមបន្ទុក ម្តាយក្មេក តែងស្គាល់ខុសត្រូវកាន់ផ្លូវកណ្តាល តែបើមានបញ្ហាអ្វី ម៉ែក្មេកស្តីបន្ទោសតែរូបលោក ជាកូនប្រសា ដោយកាន់ជើងកូនស្រីគាត់ឯណោះ។ ម៉្យាងទៀត តាំងពីរៀបការបាន៣ឆ្នាំកន្លង មកនេះ លោកប្រឹងតែរកស៊ីក្រែងបានសេសសល់នឹងគេ ព្រោះម៉ែក្មេកគ្មានចែកដើមទុនអ្វីសោះ លុះរកបាន ត្រូវយកមកចំណាយរួម តើអនាគតនឹងក្លាយជាយ៉ាងណា? ឯប្រពន្ធអាងអីងរង៉ក់ កាន់ជើងគ្រួសារនាង មិនចេះពិចារណាឱ្យល្អិតល្អន់ថា លោកមានគំនិតបែបនេះ ដើម្បីអ្នកណា? ពេលលោកពិភាក្សាអ្វីជាមួយនាងៗ មិនឆ្លើយតបទេ អាងឡើងសុំបែកគ្នា តែលោកអាណិត ដល់កូនខ្លាចកំព្រា ក៏បន្ទន់ខ្លួនរហូត។

លោកអ៊ាម ភាង

អ្នកស្រីស្រី សាត់ អាយុ៤៩ឆ្នាំ ជាម្តាយបានឱ្យដឹងថា សព្វថ្ងៃ ពុំដឹងថាកូនប្រសានេះ គេទុកគាត់ជាម៉ែក្មេក ឬជាអ្វីទេ បានជាគេនិយាយយ៉ាងនេះ។ បើពួកគេចង់លែងលះក៏ស្រេច តែគេចុះ ឯរឿងថាគាត់មិនចែកកេរនោះ វាមិនទាន់ដល់ពេលវេលា ព្រោះសព្វថ្ងៃកំពុងតាមដាន គំនិតមារយាទកូនប្រសាហ្នឹង បើវាទន់ភ្លន់ចេះគោរពគាត់ជាម៉ែក្មេក គាត់សុខចិត្តអស់រលីងពីខ្លួន ដោយពុះដីចែកឱ្យ តែបើនៅតែចេញក្បួនទាមទារមិនឈប់យ៉ាងនេះ ចែកឱ្យមិនទាន់កើតទេ ខ្លាចវាយកដីទៅលក់ ឬបញ្ចាំ នាំឱ្យស្មុគស្មាញដល់គាត់ទៀត។

អ្នកស្រីស្រី សាត់

នាងឈុន ហ៊ា អាយុ២៩ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា វាពិបាកដែរសម្រាប់មនុស្សស្រី បើប្តី មិនត្រូវធាតុគ្នាជាមួយម្តាយ និងបងប្អូនខាងប្រពន្ធ ច្បាស់ជាប្រពន្ធ មិនអាចទ្រាំរស់ជាមួយប្តីបានទៀតទេ ចាំបាច់ត្រូវតែរត់រកម្តាយយ៉ាងនេះហើយ។ ករណី នាងចាន់ស៊ី សុខចិត្តមេម៉ាយ ព្រោះតែប្តីនាងមិនគោរព ម៉ែក្មេកបែបនេះ ជារឿងល្អ នាងក៏គាំទ្រដែរ ព្រោះបើ ប្តីរញ៉ាំរញ៉ូវ ទារកេរ ទារអីអ៊ីចឹងរកសុភមង្គលម្តេច បាន ព្រោះដឹងថា ម៉ែក្មេកក្រដែរ គេនៅតែទារ មិនគោរព លក្ខខណ្ឌមុនរៀបការ។

នាងឈុន ហ៊ា

លោកអ៊ាម ភាង មេភូមិខ្យង បានឱ្យដឹងថា រឿង ហេតុទាំងអស់នេះ ផ្តើមចេញពីកូនប្រសា ដែលចង់ មានចង់បានជ្រុល ភ្លេចគិតថា ម៉ែក្មេកជាស្ត្រីមេម៉ាយ មានតែដីស្រែបន្តិចបន្តួច បើពុះដីចែកឱ្យទៅ តើម្តាយ ហ្នឹងបានស្រូវឯណាហូប? បើគេចេះពិចារណាវែង ឆ្ងាយ ប្រឹងប្រែងរកស៊ីឱ្យពេញទំហឹងទៅ អាចនឹងសន្សំ លុយបានទិញស្រែចម្ការមិនខាន តែបើអាងទារកេរ យ៉ាងនេះ នាំតែប្រេះស្រាំសុភមង្គលគ្រួសារ។

ទោះយ៉ាងណា បន្ទាប់ពីលោកមេភូមិធ្វើការ សម្របសម្រួលរួចមក ភាគីកូនប្រសា ក៏យល់ព្រម សំពះសុំទោសម្តាយក្មេក ដោយសន្យាថា គេឈប់ ទារកេរទៀតហើយ ដើម្បីផ្សះផ្សាទំនាក់ទំនងឡើង វិញ។ រីឯភាគីប្រពន្ធក៏យល់ព្រមស្រុះស្រួលជាមួយប្តី វិញដែរ តែពុំទាន់ដឹងថា ពួកគេទៅនៅខាងណានោះ ទេ ព្រោះមិនទាន់មានផ្ទះសម្បែងផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា ឪពុកម្តាយសម័យនេះភាគច្រើន មានតែចំណេះចែកឱ្យកូន គឺជំរុញឱ្យទៅរៀនតាំងពី បឋមសិក្សា រហូតឧត្តមសិក្សា រួចរកការងារដោយខ្លួនឯង ពួកគាត់គ្មានអ្វីចែកឱ្យទេ។ បើកូនណាខ្លាំង ក៏ក្លាយជាមន្ត្រីរាជការ ពាណិជ្ជករ ឧស្សាហករ យឹត យោងឪពុកម្តាយដ៏ក្រីក្រ ដូចកាលងើបពីរបបប៉ុល ពត ម្នាក់ៗមានតែបាតដៃទទេ គ្មានម៉ែឪឯណាមាន ទ្រព្យចែកកូនទេ តែមិនយូរប៉ុន្មាន កូនៗទាំងនោះ ប្រឹងប្រែងរកស៊ីក្លាយជាអ្នកមានស្តុកស្តម្ភ…”៕

RELATED ARTICLES