ជំនឿបុរាណពាក់ព័ន្ធនឹងពុទ្ធនិយម បានផ្តោតជាសំខាន់ ទៅលើគូព្រេង មិនព្រាត់ គឺទោះបីជាគូនោះ ពិកល្យពិការយ៉ាងណា បើគូ ជីវិតពីជាតិមុនបានជួប ក៏ជាប់ចិត្តស្និទ្ធស្នេហ៍ដកចេញ មិនរួច និងកាប់មិនដាច់ កាច់មិនបាក់។ យ៉ាងណាមិញ នារីម្នាក់នេះ ទោះជាវាសនាអភ័ព្វ តម្រូវឱ្យនាងបានប្តី ពិការភ្នែកទាំងពីរ ក៏នាងនៅតែស្រលាញ់ និងតែងប្រាប់ប្តីថា “ទោះបងពិការ ក៏អូននៅតែស្នេហ៍”…។
នាងទេព ភាន អាយុ៣៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិដំណាក់ឈ្នួល ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៧នាក់ ឪពុកឈ្មោះទេព វ៉ិត អាយុ៥៦ឆ្នាំ ម្តាយឈ្មោះហែម យួន អាយុ៦៥ឆ្នាំ។ តាមពិត នាងមានស្រុកកំណើតនៅភូមិប្ញស្សី ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ឯណោះទេ ដោយធ្លាប់រៀនសូត្រត្រឹមថ្នាក់ទី៤ ក៏ឈប់ទៅ។ កាលពីអាយុ១៧ឆ្នាំ រូបនាងធ្លាប់មានកំលោះៗសុំស្នេហ៍ជាហូរហែដែរ
តែនាងបដិសេធរហូត ព្រោះតែគ្មាននិស្ស័យ ដោយតាំងចិត្តថា បើសិនជាមានប្រុសណាធ្វើឱ្យ នាងអាណិតធំជាងស្រលាញ់ នាងនឹងរៀបការ ជាមួយគេភ្លាម។ លុះមកដល់ឆ្នាំ២០០៤ នាងបានចេញពីស្រុកមកជួយច្រូតស្រូវពូ នៅភូមិដំណាក់ឈ្នួល នេះក៏បានជួបកំលោះពិការភ្នែកទាំងពីរឈ្មោះអូន ចាន់ថា អាយុប្អូននាង១ឆ្នាំ ដោយផ្ទះរបស់គេនៅជិតផ្ទះពូ របស់នាង។ គ្រាន់តែបានជួបភក្ត្រ័ជំពាក់ចិត្តភ្លាម ព្រោះភាពពិការរបស់គេ កាច់បំបាក់ទឹកចិត្តនាងឱ្យអាណិតអាសូរជាពន់ពេក ដោយពិចារណាថា បើសិនជាគេចាស់ទៅ តើបានអ្នកណាចិញ្ចឹម? តើបានកូនឯណាដឹកដៃ បើគ្មានស្រីណាបេតី សុខចិត្តបង្កើតកូនឱ្យគេនោះ?
នាងទេព ភាង បន្តទៀតថា ជារៀងរាល់ថ្ងៃ ឆ្លៀតពេលមកពីច្រូត ស្រូវ នាងតែងចូលសួរសុខទុក្ខកំលោះពិការ ជួនកាលក៏មានដំឡូងស្ងោរ ឬសាច់អាំងមកផ្ញើគេមិនដែលខាន។ សម្តីរបស់គេពីរោះណាស់ បានកាច់បំបាក់ទឹកចិត្តនាងឱ្យទន់ជ្រាយដូចក្រមួន ត្រូវថ្ងៃ រហូតយល់ព្រមសាង ស្នេហ៍ជាមួយគេដោយគ្មានលក្ខខណ្ឌ។ នៅពេលធ្លាយដំណឹងថា កូនស្រី លង់ស្នេហ៍កំលោះពិការភ្នែក ឪពុកម្តាយរបស់នាងមានប្រតិកម្មខ្លាំងណាស់ បនាហាមប្រាមនាងមិនឱ្យយកជាដាច់ខាត ដោយបំភិតបំភ័យថា យកប្តីពិការភ្នែកបានត្រឹមនឿយខ្លួន ចិញ្ចឹម ដើរទៅណាក៏ដឹកដៃប្តីដែរ ហើយនាងនឹងក្លាយជាស្រី អភ័ព្វមិនខាន។ ទោះជាឪពុកម្តាយប្រឆាំងជំទាស់យ៉ាងណា ក៏នាងមិនដកថយជាដាច់ខាត ទីបំផុតក៏បានរៀបការ ជាមួយគ្នា តាមប្រពៃណីទៅ។
នាងទេព ភាន បន្តទាំងក្តុកក្តួលទៀតថា តាំងពីចាប់ដៃ គ្នាមក រហូតបង្កើតបានកូនប្រុសមួយ ការងារគ្រប់បែបយ៉ាង នាងត្រូវដើរតួជាប្រុសផង ជាស្រីផង ទោះជាអស់កម្លាំង យ៉ាងណាក៏នៅតែបំពេញចិត្តប្តីជានិច្ច តែដោយសារជីវភាព ទើបនាងសុំប្តីយកកូនតែ១ទេ។ ចូលមកដល់ឆ្នាំ២០១៧នេះ ប្តីនាងស្រាប់តែមានជំងឺមកបៀតបៀន ចេះតែញ័រដើមទ្រូង ហត់ដង្ហក់ លុះនាងនាំទៅមន្ទីរពេទ្យឆ្លុះ មើលក៏ដឹងថា ប្តីមានជំងឺខ្លាញ់រុំបេះដូង និងលើសឈាមផង។ ប្រឈមនឹងបញ្ហានេះ នាងត្រូវជួប ការលំបាកកាន់តែខ្លាំង ដោយរវល់តែថែទាំប្តីនៅមន្ទីរពេទ្យ និងរកថ្នាំខ្មែរផ្សំផង បណ្តាលឱ្យបងប្អូន រិះគន់នាងថា សុខៗយកជ័រព្នៅត្បៀតក្លៀក។ ទោះជាពិបាកវេទនាយ៉ាងណាក៏ដោយចុះ តែនាងតែង តែប្រាប់ប្តីថា “ទោះបងពិការក៏អូននៅតែស្នេហ៍ ឬទោះជាបងឈឺធ្ងន់ ក៏អូននៅតែស្រលាញ់”។
ដោយឡែក លោកអូន ចាន់ថា អាយុ៣៣ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកកើតក្នុង គ្រួសារកសិករមួយ ដែលកាលកើតមកនោះ មានកាយសម្បទាល្អធម្មតា តែជាអកុសល អាយុបាន៣ឆ្នាំ ក៏មានកញ្ជ្រឹលចេញតាមភ្នែក បណ្តាលឱ្យខ្វាក់ភ្នែកទាំងសងខាងតាំងពី ពេលនោះមក។ លោកស្តាយណាស់ ដោយមិនបានរៀនមុខជំនាញអ្វីគ្រាន់ចិញ្ចឹមជីវិតដូច ជនពិការឯទៀត ដែលចេះមុខជំនាញលេងភ្លេង ឬច្រៀងជាដើម។ តាំងពីធំពេញកំលោះមក គ្មានស្រីណាស្រលាញ់លោកទេ ព្រោះគេយល់ថា មនុស្សពិការភ្នែក មិនអាចរកស៊ីចិញ្ចឹមគេ បាន តែទំនងជាគូព្រេងពីជាតិមុន ទើបបណ្តាលចិត្តនាងទេព ភាង ឱ្យអាណិតលោកធំជាងស្រលាញ់ នៅពេលនាងមកជួយច្រូតស្រូវពូ។ តាំងពីបាននាងធ្វើប្រពន្ធមក លោកសប្បាយ ចិត្តណាស់ ទោះជាមិនរកស៊ីអ្វីកើត ក៏អាចគក់ ច្របាច់ឱ្យប្រពន្ធពេលនាងមកពីធ្វើការនឿយហត់ និងបម្រើនាងមិនឱ្យអន់អាក់ត្រណាក់ចិត្ត រហូត បានកូនប្រុសម្នាក់ជាចំណងដៃនិស្ស័យស្នេហ៍។
បុរសជាប្តីបន្តទៀតថា ឥឡូវស្រាប់តែលោកធ្លាក់ខ្លួនឈឺ ដូចរុញប្រពន្ធចិត្តស្មោះ ដែលកំពុងនឿយលំបាក ស្រាប់ឱ្យកាន់តែវេទនាលើសដើម ដោយត្រូវថែទាំប្តី រកថ្នាំសង្កូវមក ព្យាបាលជាដើម ធ្វើឱ្យលោកអាណិតនាងខ្លោចចិត្ត ថ្ងៃណាក៏ស្រក់ទឹកភ្នែក អាសូរប្រពន្ធដែរ ដែលមិនគួរមករងកម្មជាមួយប្តីពិការភ្នែក។ ទោះយ៉ាងណា ក៏ប្រពន្ធគ្រប់លក្ខណ៍នេះ មិនដែលត្អូញត្អែរ ឬបោះបោកពាក្យសម្តី ធ្ងន់ៗដាក់ប្តីដល់ម្តងណាឡើយ នាងមានតែលួងលោមប្តីឱ្យឆាប់ជា ដែលរកមិនបានទេ ប្រពន្ធល្អបែបនេះ។
នាងអ៊ាល អ៊ន់ អាយុ៣៣ឆ្នាំ និងលោកតេង អេង អាយុ៣៨ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នា ថា គូស្វាមីភរិយាកម្សត់នេះ ស្រលាញ់គ្នាណាស់ ចាត់ទុកជាគំរូដ៏ល្អសម្រាប់អ្នកស្រុក ក៏ដូចជារូបលោក និងរូបនាងធ្វើតាម។ តាំងពីរៀបការមក ប្តីនៅតែផ្ទះ យោលអង្រឹងកូន ទុកពេលឱ្យប្រពន្ធដើររកស៊ី លុះប្តី មានជំងឺ តែងតែឃើញប្រពន្ធដឹកប្តីទៅមន្ទីរពេទ្យ ឬរកគ្រូខ្មែរឱ្យជួយព្យាបាល ដែលកម្ររកបានណាស់ ប្រពន្ធល្អបែបនេះ អ្នកស្រុកណាក៏អាណិតអាសូរដែរ។
គួរបញ្ជាក់ថា បុរសពិការភ្នែកខ្លះ ចេះឡើងត្នោត រម្ងាស់ស្ករ ឬជាតន្ត្រីករបុរាណយ៉ាងស្ទាត់ជំនាញ អាច រកលុយចិញ្ចឹមប្រពន្ធកូនបាន មិនវេទនាទេ ឧទាហរណ៍ លោកតាភិរម្យប្រាជ្ញ ឈួន លោកតាភិរម្យ គង់ ណៃ ជាដើម។ ចំណែកបុរសពិការខាងលើ ដែលមិនបាន រៀនមុខជំនាញអ្វី ឱ្យតែបានប្រពន្ធចិត្តស្មោះ ក៏អាច ទទួលបានសុភមង្គលដូចគ្នា លុះកូនធំដុះស្លាប នឹង អាចជួយយឹតយោងឪពុកម្តាយ ដូចរឿង “សុវណ្ណសាម” ក្នុងគម្ពីរទសជតក។ ហេតុនេះ មនុស្សគ្រប់ រូបមិនត្រូវមើលស្រាលជនពិការទេ គួរតែជួយឧបត្ថម្ភ ទៅតាមសទ្ធាជ្រះថ្លា ទើបសមជាពលរដ្ឋដ៏ល្អរបស់មាតុភូមិ…”៕