Tuesday, December 24, 2024
Homeព័ត៌មានជាតិប្តីខ្លាំងជិះ ប្រពន្ធខ្លាំងជាន់

ប្តីខ្លាំងជិះ ប្រពន្ធខ្លាំងជាន់

យូរៗឃើញមានមួយអ៊ីចឹងដែរ ខណៈដែលបុរសម្នាក់នេះ ត្រូវប្រពន្ធអះអាងថា ពូកែប្រចណ្ឌនាងផុតលេខ ហើយក៏ខ្លាំងរឿងជិះ សេះបំបោលក្នុងមុងដែរ ឱ្យតែផឹកស្រវឹងម្តងៗ។ ចំណែកប្រពន្ធ ក៏មិនណយប៉ុន្មានដែរ បើប្តីជិះបង្ខំខ្លាំងស្អុយញើសពេក ក៏រុញទម្លាក់ពីលើគ្រែ លើកជើងជាន់កប្តីឱ្យលៀនអណ្តាតតែអ៊ីចឹង ទើបអ្នកស្រុក ដឹងរឿងក៏ដាក់ឈ្មោះឱ្យថា “ប្តីខ្លាំងជិះ ប្រពន្ធខ្លាំងជាន់” យ៉ាងនេះទៅ…។

នាងព្រំ គឿន អាយុ៣៨ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ ប្រាប់អ្នកយកព័ត៌មានយើងថា នាងជាកូនស្រីច្បង ក្នុងចំណោមបងប្អូន៦នាក់ ឪពុកឈ្មោះព្រំ សៀត (ស្លាប់) ម្តាយឈ្មោះងួន ហាំ អាយុ៦២ឆ្នាំ និងមាន ប្តីឈ្មោះយិន ប៉ុង អាយុបងនាង១ឆ្នាំ បង្កើតបានកូន ៣នាក់ (ប្រុស១ ស្រី២)។ ចាប់តាំងពីរៀបការរួចមក ប្តីនេះមិនដែលវាយនាងមួយដៃទេ គឺមានតែនាងទេ ដែលវាយប្តី ជួនកាលឡើងជាន់កលៀនអណ្តាត ក៏មាន ដើម្បីព្រមានគេកុំពូកែស៊ីផឹកស្រវឹងពេក។ ប្តីនេះ ត្រូវស្រាមិនបានទេ គឺឱ្យតែចូលដល់ផ្ទះ មិនថាថ្ងៃ ឬ យប់ តែងតែរករឿងជេរបញ្ចោរនាង ដោយយកគំរូ តាមក្លើរបស់គេដែលជាដៃគូជល់កែវដូចគ្នា។ បើនិយាយ ពីរឿងប្រចណ្ឌវិញ ប្តីនេះជាប់លេខ១ ប្រចាំភូមិ គឺឱ្យតែឃើញនាងនិយាយជាមួយប្រុសណាប្លែកមុខមិនបានទេ ក៏ចោទថា ជាប្រុសសហាយរបស់នាងតែម្តង។ ជួនកាល នាងនិងបងប្អូនឯទៀត បបួលគ្នាចេញទៅស៊ីឈ្នួល ដកដំឡូងឱ្យគេ ឬទៅប្រវាស់ដៃធ្វើការងារអ្វីមួយ ប្តីនេះ ដឹងតែចោទប្រកាន់ថា នាងហាច់រកប្រុស រួចបង្កជម្លោះ ជេរបញ្ចោរនាង ដោយខ្វះការពិចារណា។

លោកយិន ប៉ុង

នាងប្រពន្ធបន្តទៀតថា ជួនកាលគេមកពីផឹកស្រវឹង ក៏ចាប់អូសដៃនាងចូលមុងទាំងថ្ងៃមិនចេះខ្មាសកូន ដល់នាងទ្រាំមិនបានក៏ជ្រុលវាយបកវិញ ស្រាប់តែគេថា ប្រពន្ធហ្នឹងប្រើអំពើហិង្សាធ្វើបាបប្តី។ តាមពិតនាង ស្គាល់ខុសស្គាល់ត្រូវដែរ តែបើមិនណែនាំខ្លះមិនបានទេ ព្រោះប្តីនេះខ្លាំងណាស់អារឿងជិះសេះក្នុងមុង បើនាង មិនច្រានទ្រូងចេញ ច្បាស់ជាជិះមិនឈប់ ដូច្នេះត្រូវតែបង្ក្រាបខ្លះ (សើច)។ នាងវាយបកប៉ុណ្ណឹងហើយ នៅស៊ូមិនចង់បានផង ចុះទម្រាំបើកដៃតាមតម្រូវចិត្តនោះ ច្បាស់ជាស្លាប់ចោលកូនមិនខាន។
ដោយឡែក លោកយិន ប៉ុង អាយុ៣៩ឆ្នាំ ជាប្តី បានឱ្យដឹងតាមទូរស័ព្ទ ខណៈលោកកំពុងប្រមូលអនុផល ព្រៃឈើថា រឿងលោកមិនប្រើអំពើហិង្សាលើប្រពន្ធនោះ ពុំមែនលោកទន់ខ្សោយ វាយចាញ់ស្រីនោះទេ តែមកពី លោកខ្ជិលឈ្លោះ ក្រែងជ្រុលដៃបង្ករបួសស្នាម ឬប៉ះពាល់ដល់អាយុជីវិតប្រពន្ធ។ លោកអួតថា កម្លាំងដៃ លោកខ្លាំងណាស់ ព្រោះលើកឈើហុបរាល់ថ្ងៃ បើជ្រុលវាយនឹងកែងដៃត្រូវថ្ងាសប្រពន្ធតែបន្តិច ច្បាស់ជាដួល ប្រកាច់ស្លាប់មិនខាន។ ដូច្នេះក្នុងនាមលោកជាប្តីចេះគិត លោកត្រូវតែអត់ធ្មត់ឱ្យដល់កម្រិត សុខចិត្តឱ្យប្រពន្ធ ឡើងជាន់ច្របាច់ក ឬជាន់កក៏លោកមិនតដៃដែរ។ ពេលលោកបណ្តោយម្តងៗ ប្រពន្ធនេះ បានចិត្តក៏វាយ លោកគ្មានប្រណី តែដៃនាងស្រាលណាស់ ដូចអេះរមាស់ឱ្យប្តីអ៊ីចឹង។

នាងព្រំ គឿន

លោកប៉ុង បន្តទៀតថា អ្វីៗកន្លងហួស មកពីប្រពន្ធ មិនយល់ចិត្តប្តី ហើយជារឿងធម្មតាទេ ប្តីណាក៏ប្រចណ្ឌ ប្រពន្ធដែរ មិនឱ្យលោកប្រចណ្ឌយ៉ាងម៉េច បើពេលខ្លះនាង ចេញទៅស៊ីឈ្នួលគេម្តងៗ រាប់ខែ ឬរាប់អាទិត្យ មិនដឹង ជានាងធ្វើអីខ្លះនៅក្នុងចម្ការដំឡូង ពេលឃ្លាតឆ្ងាយពីប្តី? ហើយខ្វះអីកំលោះសង្ហា ទៅធ្វើការជាមួយគ្នា តើទុកចិត្ត ប្រពន្ធឯណាបាន?។ បើសត្វពស់វារលូនកាត់ផ្លូវ យើងអាចដឹងថា វាលូនទៅណា ស្រួលគេចកុំឱ្យវាចឹកបាន តែចិត្តស្រីពេលលូនផុតពីផ្ទះ មិនដឹងជានាងប្រែប្រួល យ៉ាងណា ទាល់តែប្តីតាមដាន និងព្រមានខ្លះទើបបាន។
បុរសជាប្តីបន្តទៀតថា សង្គមគ្រួសារនីមួយៗ ជួនកាលល្បីប្តីវាយប្រពន្ធ ប្លែកតែគ្រួសារលោកល្បីពេញ ស្រុកពីរឿងប្រពន្ធវាយប្តី។ កុំស្មានថា លោកអន់ឱ្យសោះ តែមកពីលោកមិនតដៃខ្លាចនាងមានរបួស លុះប្តីធ្វើ ស្លូត បែរជាអួតថា នាងខ្លាំង សូម្បីអ្នកស្រុកក៏ថា ប្រពន្ធ លោកខ្លាំងជាងប្តីដែរ។ សម្រាប់លោក ទោះអ្នកស្រុក សើចចំអកយ៉ាងណា ក៏លោកមិនខ្វល់ដែរ កុំតែបញ្ចោះឱ្យ លោកវាយប្រពន្ធ ព្រោះបើជ្រុលដៃ ត្រូវប៉ូលិសមកចាប់ វ៉ៃខ្នោះនោះ ច្បាស់ជាល្បីសុសសាយជាងធ្វើស្លូតទៅទៀត។

ផ្ទះនាងព្រំ គឿន

លោកមាស សុខា អាយុ៣៤ឆ្នាំ និងនាងយិន អាន អាយុ៣៥ឆ្នាំ ប្អូនថ្លៃ និងប្អូនបង្កើតខាងប្រុស បានឱ្យដឹង ស្របគ្នាថា ពួកគេមិនលូកដៃរឿងផ្ទៃក្នុងគ្រួសារបងនោះឡើយ។ បើតាមចំណាំ កន្លងមក ជម្លោះនេះផ្តើមចេញពី បងប្រុស (លោកប៉ុង) ប្រចណ្ឌពេក និងពូកែផឹកស៊ីផង តែមិនដែលស្រវឹងធ្លាក់ភ្នែកទេ គ្រាន់តែស្រឿងៗប៉ុណ្ណោះ។ លុះមកដល់ផ្ទះក៏រករឿងប្រពន្ធ ជួនកាលវាយគ្នាទាំង យប់ ផ្អើលអ្នកជិតខាងស្មានថា ប្តីវ៉ៃជាន់កប្រពន្ធ លុះសំងំស្តាប់ទៅទើបដឹងថា ប្រពន្ធជាន់កប្តីសោះ។

អ្នកស្រីវណ្ណ រ៉េត

អ្នកស្រីវណ្ណ រ៉េត មេភូមិរង បានឱ្យដឹងថា គ្រួសារ លោកយិន ប៉ុង តែប៉ុណ្ណឹងទៅហើយ តាំងពីបានកូន១ រហូតកូន៣ ឈ្លោះត្រូវៗ។ កន្លងមក ភាគីប្តីប្រចណ្ឌ ពេក ឯនាងប្រពន្ធកាចឆ្នាសឆ្នើម និងរហ័សដៃទៀត បើមានជម្លោះផ្ទុះឡើង ប្រពន្ធទាញបានអីពន្លះហ្នឹង ជួនក៏ ឡើងជាន់កប្តីស្រែករកពុទ្ធោ។ សម្រាប់អ្នកមិនដឹងស្មានថា លោកប៉ុង កាចខ្លាំងណាស់ ហើយបើស្តាប់សម្តីវិញ បុរសនេះពូកែអួតសម្បើម តែតាមពិតលោកប៉ុង ដូច កណ្តុរ និងមេឆ្មាអ៊ីចឹង វ៉ៃមិនដែលឈ្នះប្រពន្ធទេ។

នាងយិន អាន

គួរបញ្ជាក់ថា ករណីប្រពន្ធខ្លាំងជាងប្តី អាចថា មកពីប្តីមិនតដៃ ឬថា មកពីប្តីខ្លាចខូចសាច់ប្រពន្ធ ឯប្រពន្ធនោះឃើញប្តីមិនត ក៏បានដៃឡើងជិះវ៉ៃតែម្តង។ ភាគច្រើន ប្រពន្ធមានរាងធាត់ដូចត្បាល់កិន ឯប្តីរាង កន្តេវរ៉េវ ពេលប្រយុទ្ធគ្នាម្តងៗ ឬបោកចំបាប់មិនដែល ឈ្នះប្រពន្ធទេ តែប្តីនៅពីក្រោមនោះ ក៏ស្រែកថា “អ្ងែង រាងនៅៗ!” និងឮសូរសន្ធឹកវាយគ្នា លុះអ្នកជិតខាង រត់ទៅជួយ ក៏ឃើញប្រពន្ធនៅពីលើប្តីសោះ។ ទោះ យ៉ាងណា នេះមកពីប្តី

លោកមាស សុខា

ពូកែអត់ធ្មត់តែម្តង ព្រោះសារជាតិបុរសទោះជាស្គមយ៉ាងណា ក៏ពេលខឹងខ្លាំងអាច ប្រើកាំបិតពូថៅដំបងព្រនង់ចាត់ការទៅលើប្រពន្ធ ដែលមានមាឌធំជាង។ ដូច្នេះយើងអាចសន្និដ្ឋានបានថា រឿងជីវិតពិតខាងលើនេះ គឺមកពីប្តីចិត្តធ្ងន់តែម្តង ព្រោះគេប្រាប់ថា ធ្លាប់លើកឈើហុបរាល់ថ្ងៃ កម្លាំង ដៃធ្ងន់ដូចញញួរ បើប៉ះប្រពន្ធដួលប្រកាច់មិនខាន។ ហេតុនេះគួរតែនាងប្រពន្ធ បន្ថយការប្រមាថប្តី បើនាង មិនស្រួលខ្លួនអង្វរប្តីថា ចាំស្អែកទៅ កុំលេងក្បួនច្រាន ទម្លាក់ពីលើគ្រែឡើងជាន់កនោះ នាំឱ្យបាត់បង់សុភមង្គលគ្រួសារ…”៕

RELATED ARTICLES