ពុំដឹងជាកម្មពៀរអ្វី ប្តីប្រពន្ធទុរគតនេះ បង្កើតបានកូនប្រុសស្រី៥នាក់ តែជាអកុសល កូន៤នាក់ មានស្បែកគគ្រើមដូចគីង្គក់ ក៏ត្រូវអ្នកស្រុកនិយាយតៗគ្នាថា គីង្គក់៤ក្បាល មកចាប់ជាតិ។ សព្វថ្ងៃ កូនស្រីច្បងពេញក្រមុំទៅហើយ ដោយសារតែស្បែកនាងដូចគីង្គក់ បែបនេះ ធ្វើឱ្យនាងខ្មាសគេ ពេលចេញទៅក្រៅម្តងៗ ត្រូវស្លៀកពាក់ជិតឈឹង សូម្បីតែមុខក៏រុំជិតដែរ…។
គ្រួសារដ៏ក្រីក្រនេះ រស់នៅភូមិអូរដង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្តីឈ្មោះសាញ់ សៀវ អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះអ៊ីម រ៉ន អាយុ៣៥ឆ្នាំ។ គូស្វាមីភរិយានេះ ជាកសិករសុទ្ធសាធ បង្កើតបានកូន៥នាក់ (ស្រី៣ ប្រុស២) ក្នុងនោះ កូនស្រីទាំង៣ មានស្បែកគគ្រើមដូចគីង្គក់ ឯកូនប្រុសពៅ ក៏ទទួលវាសនាដូចគ្នា នៅសល់តែកូនប្រុសទី២ មានរូបរាងស្អាត មិនដូចបងប្អូនរបស់គេទេ។
ទាក់ទិនដល់កំណើតកូនអភ័ព្វទាំងនោះ នាងអ៊ីម រ៉ន អាយុ៣៥ឆ្នាំ ជាម្តាយបានរៀបរាប់ទាំងតូចចិត្តថា ជាតិនេះ រូបនាងអភ័ព្វណាស់ ព្រោះតែបង្កើតកូនមកខុសគេឯង បណ្តាលឱ្យមានការរើសអើងពីមជ្ឈដ្ឋានមហាជន។ នាងមានឪពុកឈ្មោះដុំ អ៊ីម ម្តាយឈ្មោះចក់ ថា និងមានបងប្អូន បង្កើត៧នាក់។ កាលពីឆ្នាំ២០០០ ឪពុកម្តាយបានបង្ខំឱ្យនាងរៀបការ ជាមួយកំលោះម្នាក់
ឈ្មោះសាញ់ សៀវ ដែលរូបនាងគ្មានចិត្តស្រលាញ់ ទាល់តែសោះ ប៉ុន្តែក្រោយពេលរួមរស់ជាមួយគ្នា រហូតមានផ្ទៃពោះកូនដំបូង ទើបនាងប្រែចិត្តអាណិតស្រលាញ់ប្តីវិញ។ នៅពេលផ្តល់កំណើត ឱ្យកូនស្រីទី១នោះ ក្នុងពោះរបស់នាងដូចមានសត្វអ្វីលូនចូល វាមាន ស្បែកគគ្រាតគគ្រើមដូចគីង្គក់ ប៉ុន្តែមិនដែលធ្វើទុក្ខអ្វីទេ។ ថ្ងៃដែលកូនស្រីនេះកើតមក មានធ្លាក់ភ្លៀងយ៉ាងខ្លាំង ឮតែកង្កែប គីង្គក់ យំទ្រហឹងពេញវាលស្រែ និងកើតបានជា កូនស្រី ដាក់ឈ្មោះថា សៀវ សុជា សព្វថ្ងៃអាយុ១៦ឆ្នាំ។ នៅពេលពិនិត្យខ្លួនទារិកានេះ ស្រាប់តែឃើញស្បែកគគ្រាតគគ្រើមខុសពីធម្មតា ទោះជាខំដុសសាប៊ូជម្រះយ៉ាង ណាក៏មិនបានដែរ និងរាលពេញខ្លួន រហូតដល់ផ្ទៃមុខ។
នាងអ៊ីម រ៉ន បន្តទៀតថា លុះកំណើតកូនប្រុសទី២ ឈ្មោះសៀវ សិទ្ធ មិនមាន បញ្ហាអ្វីទាំងអស់ ទាំងពេលមានផ្ទៃពោះ ក៏មានសុខភាពល្អ ទាំងអាកាសធាតុ ក៏អំណោយផល។ លុះកូនប្រុសនេះកើតមក មានស្បែករលោងស្អាត រហូតមកទល់ពេលនេះ គេធំពេញជំទង់ទៅហើយ។ អកុសលអ្វីកូនស្រីទី៣ ឈ្មោះសៀវ សុខ កូនស្រីទី៤ ឈ្មោះសៀវ សារ៉ាន់ និងកូនប្រុសពៅឈ្មោះសៀវ អឿន បែរជាមានស្បែកគគ្រាត- គគ្រើម ដូចបងស្រីទី១ដែរ។ នាងនិងប្តី ពិបាកចិត្តណាស់ មិនចង់ឱ្យកូនមានលក្ខណៈ បែបនេះទេ ចង់យកពួកគេទៅព្យាបាលនៅមន្ទីរពេទ្យដែរ តែគ្មានលុយ ក៏ទុកឱ្យនៅយ៉ាងនេះទៅ។ សព្វថ្ងៃ កូនអភ័ព្វទាំង៤នេះ ត្រូវបានអ្នកស្រុកខ្លះថា ជាសត្វគីង្គក់មក ចាប់ជាតិ ព្រោះប្តីនាងតែងចាប់គីង្គក់មកធ្វើម្ហូប និងសង្ស័យថា ព្រលឹងគីង្គក់៤ក្បាល តាមចងពៀរតែម្តង។
ដោយឡែក លោកសាញ់ សៀវ អាយុ៣៩ឆ្នាំ ជាប្តី និងជាឪពុក បានឱ្យដឹងថា ទោះបីជីវភាពគ្រួសារលោកជួបការលំបាកតោកយ៉ាកយ៉ាងណា ក៏លោកអាចដោះស្រាយបាន មិនដែលដាច់អង្ករច្រកឆ្នាំងនោះឡើយ ប៉ុន្តែអ្វីដែលលោកដោះស្រាយ មិនចេញ គឺរឿងស្បែកកូនស្រី៣នាក់ និងកូនប្រុសម្នាក់នេះ។ សព្វថ្ងៃ កូនស្រីច្បងធំ ពេញក្រមុំទៅហើយ នាងចេះអៀនខ្មាស ស្ទើរមិនហ៊ានចេញពីផ្ទះ ព្រោះតែស្បែកខុសគេគ្មានថ្នាំ ឬវិធានការអ្វីក្នុងការព្យាបាលសោះ។ ផលវិបាកនេះមកពីលោកអត់លុយនាំ កូនទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេសខាងជំងឺសើស្បែក ហើយក៏គ្មានសង្ឃឹមថា កូនទាំង៤ នឹងមានវាសនាល្អនោះឡើយ។
លោកលី ហ៊ៅ អាយុ៣២ឆ្នាំ ជាអ្នកជិតខាង បាននិយាយថា លោកតែងតែគិតដល់អនាគតក្មេងអភ័ព្វទាំង៤នាក់នេះ ពុំដឹងទៅជា យ៉ាងណា ព្រោះបញ្ហាស្បែកដូចគីង្គក់បែបនេះ ជាហេតុនាំឱ្យពួកគេ ពិបាករកគូស្រករ។ សព្វថ្ងៃ ក្មួយស្រីសៀវ សុជា ពេញក្រមុំទៅហើយ នាងមិនសូវហ៊ានដើរហើរចូលចំណោមគេទេ ព្រោះ តែស្បែកដូចគីង្គក់ តែបើនាងត្រូវចេញពីផ្ទះ ជាចាំបាច់ តែងស្លៀកពាក់ជិតខ្លួនឃ្លុំមុខជិតឈឹង ទុកតែប្រឡង់ ភ្នែកប៉ុណ្ណោះ។
អ្នកស្រីគន់ មឿន អាយុ៤៩ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា បើតាមគាត់ដឹង នាងអ៊ីម រ៉ន ជាម្តាយ នោះ ធ្លាប់បីកូនស្រីច្បងទើបនឹងកើតទៅមន្ទីរពេទ្យ គន្ធបុប្ផា ម្តងដែរ តែត្រូវបុគ្គលិកពេទ្យជំនាន់នោះ រើសអើងស្តីបន្ទោសនាងខ្លះៗ ធ្វើឱ្យនាងឈឺចិត្តក៏បីកូន មកវិញ និងលែងហ៊ានទៅមន្ទីរពេទ្យរហូត។
ចំណែកកុមារា អូន វិសិទ្ធ និងកុមារតេង ឡង់ បានឱ្យដឹងស្របគ្នាថា ពួកគេមិនដែលស្អប់រើសអើង ក្មេងអភ័ព្វមានស្បែកដូចគីង្គក់នោះទេ ជួនកាលឃើញ គេដើរទៅរៀនផ្លូវឆ្ងាយ ក៏ជួយឌុបទៅដល់សាលា ជួនកាលបានទាំងឱ្យលុយចាយទៀតផង។ កុមារា-កុមារី អភ័ព្វទាំង៤នាក់នេះ ស្គាល់តែបាយកក ព្រឹកៗមុនចេញ ទៅរៀន មិនសូវស្គាល់នំចំណីលក់នៅសាលារៀន ដូចគេទេ។
រីឯអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា តំបន់ដែលពួកគាត់ រួមទាំងគ្រួសារកូនគីង្គក់មកចាប់ ជាតិនេះ បាត់បង់ដីធ្លីម្នាក់ៗ ២-៣ហិកតារ ឬ៥ហិកតារ ដោយសារក្រុមហ៊ុនដាំអំពៅ ឧកញ៉ាលី យ៉ុងផាត់ ដែលសព្វថ្ងៃខ្លះក៏តវ៉ាមិនទាន់ចប់ផង។ ពួកគាត់ជឿថា ក្មេងប្រុសស្រីទាំង៤នាក់នេះ ពិតជាគីង្គក់មកចាប់ ជាតិតែម្តង ប៉ុន្តែកូនប្រុសទី២ មិនមែនគីង្គក់ បានជា កើតមកមានស្បែករលោងខុសពីបងប្អូនទាំងអស់។
គួរបញ្ជាក់ថា យោងតាមក្បួនវេជ្ជសាស្ត្រ កូន កើតមកមានស្បែកមិនធម្មតាបែបនេះ មកពីមេជីវិត បុរស (ឪពុក) និងពងផ្កាស្ត្រី (ម្តាយ) បង្កកំណើតមិន បានល្អ។ ករណីក្មេងមានស្បែកបែបនេះ ឃើញមាន ជាហូរហែ ដូចជាក្មេងខ្លះ ប្រេះស្រកាដូចពស់ ឬដូចត្រី លុះត្រាតែដេកត្រាំទឹកឱ្យសើមជាប់ទើបបាន ព្រោះ ចាញ់កម្តៅថ្ងៃណាស់។ ក្មេងខ្លះទៀតស្បែកដូចពង្រូល រមាស់ជាប្រចាំ នៅតែអេះមិនឈប់ ពេលនាំទៅ មន្ទីរពេទ្យ ជួនកាលក៏បានជាសះស្បើយតែមួយរយៈ ប៉ុណ្ណោះ ក៏រើឡើងវិញដូចដើម ពិបាកព្យាបាលណាស់…”៕