គូស្វាមីភរិយា បើចង់ទទួលបានសុភមង្គលក្នុងគ្រួសារ លុះត្រាតែមានមុខរបរដូចគ្នា ឬប្រហាក់ប្រហែលគ្នា តែបើប្រពន្ធធ្វើរាជការ ឯប្តីធ្វើស្រែ ព្រោះមិនចេះអក្សរ ច្បាស់ជាប្រពន្ធមើលងាយ ជួបតែភាព រកាំរកូសមិនខានឡើយ។ ជាក់ស្តែង ប្តីប្រពន្ធ១គូនេះ មានមុខរបរខុសគ្នា គឺប្រពន្ធជាជំនួយការមេភូមិ ធ្វើការងារសង្គម ហើយប្តី ចង់ឱ្យនាងទៅធ្វើស្រែចម្ការជាមួយគ្នា លុះប្រពន្ធមិនព្រមតាមប្តី បានត្រឹមជួបជុំគ្នាផឹក កើតជាជម្លោះឥតល្ហែ…។
នាងវ៉ាង ស្រីនាង អាយុ២៦ឆ្នាំ រស់នៅភូមិប្រមូលផ្តុំ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងមានឪពុកឈ្មោះសួស វ៉ាង អាយុ៦០ឆ្នាំ ម្តាយឈ្មោះសុខ អៀង អាយុ៥៦ឆ្នាំ។ នាងមានប្តីឈ្មោះពា វឿ អាយុបងនាង២ឆ្នាំ ដោយបង្កើត បានកូនប្រុសម្នាក់ ជាចំណងនិស្ស័យ ប៉ុន្តែជីវភាព គ្រួសារឡើងមិនរួចដូចបងប្អូនឯទៀត ដែលគេមានផ្ទះ ធំទ្រនំខ្ពស់នោះទេ ព្រោះតាំងពីចាប់ដៃគ្នាមក ប្តីនាងស្រលាញ់ដបស្រាជាងប្រពន្ធ ទើបរកដំបូលជ្រកមិន បានសមរម្យដូចបងប្អូនឯទៀត។ កន្លងមក នាងបើក ភ្នែកឡើងមិនទាន់ទេ ប្តីនាងជុំជើងគ្នាស៊ីផឹក ហើយបើនាងហ៊ានស្តីបន្ទោសច្បាស់ជាឆ្នាំងហោះ ចានហើរ ព្រោងព្រាតសំដៅក្បាលនាងមិនខាន។ គ្រួសារនាង មានស្រែចម្ការល្មមលើកស្ទួយជីវភាពបានដែរ តែប្តី នេះមិនប្រឹងប្រែងទេ បណ្តាលឱ្យជីវភាព ធ្លាក់ក្រតោកយ៉ាកងើបមិនរួចនឹងគេ។ អ្វីដែលយ៉ាប់បំផុតនោះ គឺប្តីនាងជាមនុស្សល្ងង់ មិនចេះអក្សរ១តួទេ តែទ្រឹស្តីគេពូកែជាងគ្រូបង្រៀនទៅទៀត សូម្បីតែម្តាយនាង មានឋានៈជាមេភូមិរង ស្តីប្រដៅយ៉ាងណាក៏ប្តីល្ងង់នេះ មិនយកត្រចៀកស្តាប់។ ជាចុងក្រោយ ប្តីនេះ ខឹងនឹងម្តាយនាង ថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្រួសារ គេទៅវិញ នៅពេលម្តាយនាងបានប្រគល់ការងារ ជាអ្នកស្មគ្រ័ចិត្តភូមិ ដើម្បីបម្រើសង្គម។
នាងវ៉ាង ស្រីនាង បន្តថា បើខ្ជិលច្រអូស ថែម ទាំងល្ងង់ផងនោះ ហើយប្តីចេះស្តាប់បង្គាប់អ្នកចេះ ដឹង ច្បាស់ជាគ្មានបញ្ហាអ្វីទេ តែប្តីនេះរឹងចចេសពិបាក ណែនាំណាស់។ សូម្បីតែការរស់នៅក្នុងផ្ទះ លុះត្រាតែ នាងនាំមុខទើបបាន ព្រោះតែប្តីខ្ជិលទ្រមក់ ស្រែមិនចំស្រែ ចម្ការមិនចំចម្ការ ជំនាញតែខាងព័ទ្ធវង់ជល់កែវ។ ឥឡូវនាងសុខចិត្តតាមម្តាយវិញ មិនតាមប្តីនេះជាដាច់ខាត ដោយចេញធ្វើការងារសង្គម ដោយមានអង្គការ មួយជួយឧបត្ថម្ភប្រាក់កាសខ្លះៗ តាមលទ្ធភាព និង ចង់បន្សាំខ្លួនទៅនឹងកិច្ចការសង្គម ត្រៀមស្នងតំណែង ចាស់ៗដែលចូលនិវត្តន៍។
ដោយឡែក លោកពា វឿ ជាប្តី បានឱ្យដឹងថា លោកមិនចង់ឱ្យប្រពន្ធទៅធ្វើការងារសង្គម ថ្នាក់ភូមិ កំប៉ិកកំប៉ុកហ្នឹងទេ ដោយចង់ឱ្យនាងចូលប្រឡូកជាមួយ ប្តី លើមុខរបរស្រែចម្ការវិញ។ តើសង្ឃឹមអី ដែល ប្រពន្ធដើរបាត់ៗពីផ្ទះ បានកម្រៃ១ម៉ឺន ឬ២ម៉ឺនរៀល ក្នុង ១ថ្ងៃនោះ បើទៅធ្វើចម្ការជាមួយប្តី ឬចាប់ត្រីកង្កែប លក់ ហោចណាស់ក៏បាន៥ម៉ឺនរៀល ក្នុង១ថ្ងៃដែរ។ ទោះជាលោកមិនចេះអក្សរក៏យល់ថា កិច្ចការសង្គម មិនមានតែប្រពន្ធលោកម្នាក់ទេ ដែលអាចធ្វើកើត ព្រោះ១ភូមិនេះ មិនខ្វះអ្នកចេះទេ តែម៉ែក្មេកចង់ឱ្យកូនស្រី គាត់បន្តវេនធ្វើមេភូមិ ក៏ហៅទៅឱ្យធ្វើជាអ្នកស្មគ្រ័ចិត្ត ភូមិ ចោលការងារស្រែចម្ការ។ ដល់អ៊ីចឹងទៅ លោក ខ្ជិលដែរ ព្រោះប្រពន្ធធ្វើការស្រណុក រុញប្តីទៅកាប់ គាស់បែកញើសរាល់ថ្ងៃ គ្មានអ្នកសរសើរ គួរនៅតែ ផ្ទះ ហៅគ្នាស៊ីផឹកវិញមិនស្រួល?
បុរសជាប្តីបន្តថា កន្លងមក ប្រពន្ធតែងប្រមាថ លោកថា ជាមនុស្សល្ងង់ព្រោះមិនចេះអក្សរ ហើយ លើកខ្លួននាងដែលចេះបន្តិចបន្តួចថា គ្រាន់បើជាង ប្តី។ នាងអួតថា កិច្ចការអ្វីក៏នាងដឹកមុខដែរ ដូច្នេះ បើ នាងគ្រាន់បើអ៊ីចឹង ទៅធ្វើការកន្លែងណាបានប្រាក់ខែ ច្រើនទៅ ហើយលុយរកបានត្រូវតែយកមកចាយវាយ ក្នុងគ្រួសារ មិនគួរទុកផ្ញើម៉ែ លុះប្តីស្តីបន្តិចបន្តួចអាង ឱបបង្វេចរត់ទៅផ្ទះម៉ែនោះទេ។ បើប្រពន្ធកាន់មារយាទបែបនេះ តើឱ្យលោកមានអារម្មណ៍ល្អយ៉ាង ម៉េចកើត? អ៊ីចឹងមានតែផឹកទេ ទើបអាចជួយបន្ធូរ អារម្មណ៍តានតឹងបាន។
អ្នកស្រីសុខ អៀង ជាម្តាយ បានឱ្យដឹងថា មូលហេតុដែលគាត់ផ្ចុងផ្តើមកូនស្រីឱ្យចេះការងារសង្គម គឺក្នុងបំណងឱ្យនាងបន្តវេនពីគាត់ ជាមេភូមិរងទៅ អនាគត។ ម៉្យាងទៀត ទោះជាកិច្ចការភូមិ បានកម្រៃ តិចតួច ក៏អាចជួយសម្រួលជីវភាពគ្រួសារកូនបានដែរ ខណៈដែលកូនប្រសាខ្ជិលច្រអូស ជំនាញតែខាងផឹក ឬស្រលាញ់ដបស្រាជាងប្រពន្ធកូន។ ក្នុងនាមជាម្តាយ គាត់បារម្ភពីរឿងកូនក្រ គ្មានមុខមាត់ដូចគេ ក៏ជួយ យឹតយោងឱ្យបានខ្ពស់ បែរជាកូនប្រសាមិនចេះ អក្សរចោទម៉ែក្មេកថា ជ្រៀតជ្រែកផ្ទៃក្នុងគ្រួសារ គេទៅវិញ។
លោកហ៊ន វ៉ន សមាជិកភូមិ និងអ្នកជិតខាង មួយចំនួន បានឱ្យដឹងស្របគ្នាថា គោលបំណងអ្នកស្រី សុខ អៀង ជាបំណងល្អ ដោយចង់លើកស្ទួយកូនស្រី ឱ្យមានមុខមាត់នឹងគេ។ ទោះយ៉ាងណា បើការងារ នោះ ប្តីគេមិនចង់ឱ្យធ្វើ ក៏យើងជាម្តាយគួរកុំបង្ខំនាំឱ្យ ប្តីប្រពន្ធគេបែកបាក់គ្នា ព្រោះកន្លងមក លោកពា វឿ ជាកូនប្រសា មិនពេញចិត្តការងាររបស់ប្រពន្ធទេ ដោយគេចង់ឱ្យប្រពន្ធទៅធ្វើចម្ការជាមួយគ្នាវិញ។ លុះប្រពន្ធតាមម៉ែ ទើបប្តីនោះបាក់ទឹកចិត្តដើរតែផឹក យ៉ាងនេះទៅ ហើយបើយកល្អ គួរស្ត្រីជាម្តាយបើក សេរីភាពឱ្យកូនៗ ប្រកបអាជីវកម្មតាមការស្រុះស្រួល គ្នា ល្អជាងចាប់គោដោតកន្លុះដឹកឱ្យដើរតាមម្ចាស់។
គួរបញ្ជាក់ថា សុភមង្គលគ្រួសារនឹងអាចកើត ឡើងបាន អាស្រ័យគូស្វាមីភរិយាប្រកបអាជីវកម្ម ស្របគំនិតគ្នា តែបើប្តីធ្វើស្រែចម្ការ ឯប្រពន្ធធ្វើការងារ សង្គម ហើយប្រមាថប្តីមិនចេះអក្សរ នឹងនាំឱ្យប្រេះស្រាំសុភមង្គល។ យើងសង្កេតឃើញថា មានអ្នកគ្រូ បង្រៀនម្នាក់ ស្រលាញ់កំលោះម្នាក់ចេះអក្សរខ្លះៗ បានរៀបការតាមប្រពៃណី បង្កើតបានកូន១។ ប្តីនោះ គ្មានជំនាញអ្វីក្រៅពីចេញទៅស៊ីឈ្នួលលីសែង ចង សន្ទូច ដាក់បង្កៃ មកដល់ផ្ទះបែកញើសស្អុយក្លៀក ជាហេតុនាំឱ្យប្រពន្ធដែលជាគ្រូបង្រៀននឿយណាយ ពីប្តីបន្តិចម្តងៗ ជួបតែជម្លោះរហូតចែកផ្លូវគ្នាដើរទៅ។ ទីបំផុត បុរសជាប្តីឈឺចិត្តពេកក៏រត់ទៅបួស ទុកឱ្យប្រពន្ធ នៅមេម៉ាយជាមួយកូន កម្សត់វេទនាជាពន់ពេកនេះ ហើយលទ្ធផលនៃការប្រកបរបរខុសគ្នា…”៕