Tuesday, December 24, 2024
Homeព័ត៌មានជាតិយកគ្នាខុសចាស់ទុំ ម៉ែឈឺធ្ងន់ ប្រពន្ធរលូតកូន

យកគ្នាខុសចាស់ទុំ ម៉ែឈឺធ្ងន់ ប្រពន្ធរលូតកូន

ជំនឿខ្មែរបុរាណ បើកាលណាកំលោះក្រមុំយកគ្នា ទុំមុនស្រគាល អត់ខាន់ស្លា ច្បាស់ជាខ្មោចជីដូន ជីតា ប្រកែប្រកាន់ ឬខុសចាស់ទុំមិនខានឡើយ នឹងបណ្តាល ឱ្យមេបា អាណាព្យាបាលឈឺ ដាក់ថ្នាំមិនត្រូវ លុះត្រាតែ ចាប់គូស្នេហ៍នោះសែនព្រេន ទើបជាសះស្បើយ។ ដោយឡែក កំលោះក្រមុំ១គូនេះ យកគ្នាខុសចាស់ទុំ ស្រាប់តែម្តាយខាងស្រីឈឺធ្ងន់ រីឯប្រពន្ធរលូតកូន លុះបានសែនមេបា ទើបរួចផុតពីគ្រោះថ្នាក់…។

យុវជនស៊ន ឈឹង អាយុ១៩ឆ្នាំ ស្រុកកំណើតនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា រូបគេជាកូនទី៥ ក្នុងចំណោមបងប្អូន៩នាក់ ឪពុកឈ្មោះតុក ថុន អាយុ៥៥ឆ្នាំ ម្តាយឈ្មោះឈិន រឹម អាយុ៤៨ឆ្នាំ ជាកសិករ។ គេរៀនសូត្របានតែត្រឹមថ្នាក់ទី៣ ក៏ឈប់ទៅ ព្រោះរៀនមិនចូល និងនៅតែផ្ទះ ឃ្វាលគោ ជួយធ្វើស្រែឪពុកម្តាយ។ លុះមានវ័យ១៨ឆ្នាំ គេបានជួបនាងក្រមុំម្នាក់ ឈ្មោះទូច សុភ័ទ្រ សព្វថ្ងៃអាយុ២៣ឆ្នាំ នាងមានស្រុកកំណើតនៅភូមិត្រពាំងអណ្តូង ឃុំ សត្វពង ស្រុកខេត្តជាមួយគ្នា ដោយសារថ្ងៃមួយ នាងបានមកលេងផ្ទះឪពុកម្តាយធំ នៅភូមិរបស់គេ។ គ្រាន់តែជួបភ័ក្ត្រជំពាក់ចិត្តភ្លាម ទើបគេព្យាយាមសុំលេខទូរស័ព្ទ ពីនាង មុនពេលនាងវិលទៅផ្ទះវិញ។ តាំងពីពេលនោះមក គេតែងផ្ញើសំឡេងតាម រលកធាតុអាកាសទាក់ទងជាមួយនាង រហូតមិត្តភាព ក្លាយទៅជាសេចក្តីស្នេហា ពេញបេះដូង។ អស់រយៈពេល៤ខែ ពន្លកស្នេហ៍កាន់ តែលូតលាស់ឡើង តែឪពុកម្តាយរបស់គេក្រណាស់ គ្មានលទ្ធភាពចូលស្តីដណ្តឹងនាងទេ ម៉្យាងទៀត បងប្អូន ច្រើងផង ពុំដឹងជាត្រូវដោះស្រាយយ៉ាងណាឡើយ។

យុវជនស៊ន ឈឹង និងនាងទូច សុភ័ទ្រ

យុវជនស៊ន ឈឹង បន្តទៀតថា រូបគេធ្លាប់ទៅ លេងផ្ទះនាង២ដងឯណោះ និងពេលបានជួបគ្នាម្តងៗ តែងត្អូញត្អែរប្រាប់នាងពីភាពក្រីក្ររបស់គ្រួសារ ពុំដឹង ជាថ្ងៃណាបានជួបគ្នាតាមប្រពៃណី។ ពេលចាកចេញ មកវិញ នាងជូនដំណើរគេទាំងទឹកភ្នែក ធ្វើឱ្យគេអាណិត ស្រលាញ់នាងទ្វេឡើង។ ក្រោយមក ដោយពុំអាច ទ្រាំទ្របាននឹងភ្លើងស្នេហ៍ ដែលឆេះក្តៅងំ គេបានទូរស័ព្ទលួងលោមនាងឱ្យមករួមរស់ជាមួយគ្នាជាប្តីប្រពន្ធ តែម្តងទៅ ធ្វើម៉េចបើគ្មានវាសនាបានចូលរោងការនឹង គេ។ ហេតុតែសេចក្តីស្នេហាពេញបេះដូង ស្រីសង្សារ ក៏សុខចិត្តឱបបង្វេចរត់មករួមរស់ជាមួយគេ និងបាន ប្រគល់ព្រហ្មចារីឱ្យគេ ដោយមិនស្តាយស្រណោះ ប្រឈមនឹងការខឹងសម្បាពីឪពុកម្តាយនាង។

យុវជនស៊ន ឈឹង

យុវជនស៊ន ឈឹង បន្ថែមទៀតថា មុនពេលរួម រស់ជាមួយគ្នា គេធ្លាប់បណ្តើរនាងទៅទស្សនាការ ប្រគំតន្ត្រី នៅក្បែរផ្សារឈូក តែមិនហ៊ានកន្លងហួស ប្រពៃណីទេ លុះដឹងថា គ្មានលទ្ធភាពរៀបមង្គលការ ក៏ស្រុះស្រួលគ្នាលេងផ្លូវកាត់តែម្តងទៅ។ រំលងបាន៦ ខែ ទើបពួកគេបបួលគ្នាទៅសំពះសុំទោសឪពុកម្តាយ ខាងស្រី ដែលពេលនោះ ពួកគាត់បានបង្ខំរូបគេឱ្យ ជម្រាបម៉ែឪ ចូលតាមប្រពៃណី ប៉ុន្តែឪពុកម្តាយគេ មានលេសថា រូបគេនៅក្មេងណាស់ រៀបការមិនទាន់ បានទេ។ ដោយសារតែម្ខាងបង្ខំឱ្យចូលដណ្តឹង ម្ខាង ទៀតអត់លុយ ក៏ស្ទះដំណើរការតាមប្រពៃណី

នាងទូច សុភ័ទ្រ

ទន្ទឹមនឹង ស្រីសង្សារ ឬប្រពន្ធអត់ខាន់ស្លា ក៏មានផ្ទៃះពោះដែរ។ ជាអកុសល មិនទាន់បាន៣ខែផង កូនក្នុងផ្ទៃនោះ ក៏ រលូតទៅ ស្របពេលដែលម្តាយខាងស្រីធ្លាក់ខ្លួនឈឺ ធ្ងន់ លុះទៅរកគ្រូទស្សន៍ទាយ បានឱ្យដឹងថា មកពីពួកគេ យកគ្នាខុសចាស់ទុំ បានជាជ្រុះកូន និងបណ្តាលឱ្យ ម្តាយខាងស្រីឈឺធ្ងន់។ ប្រឈមនឹងបញ្ហានេះ ទើប ចាស់ៗរៀបចំសែនព្រេនបន្តិចបន្តួច មានតែក្បាល ជ្រូក១ មាន់ស្ងោរ១គូ ចេកទុំនំផ្អែមខ្លះបំពេញខាន់ស្លា ស្រាប់តែខ្មោចបាត់ខឹង ម្តាយក្មេកក៏ជាសះស្បើយ ទៅ ហើយពួកគេអាចនឹងមានកូនទៀត ព្រោះសព្វថ្ងៃ ស្រលាញ់គ្នាណាស់ បែកដំណេកគ្នា១យប់មិនបានផង។

ផ្ទះគូស្នេហ៍ទាំង២

ដោយឡែក នាងទូច សុភ័ទ្រ អាយុ២៣ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា រូបនាង និងប្តី អាយុតិចជាង នាង៤ឆ្នាំនេះ បានទាក់ទងស្រលាញ់គ្នាតាមទូរស័ព្ទប្រាកដ មែន បន្ទាប់ពីបានជួបគ្នាម្តងនៅផ្ទះអ៊ំ។ ក្រោយមក កំលោះឈឹង បានតាមរកនាងដល់ផ្ទះ ចំនួន២ដង ឯណោះ មុននឹងនាងបានសម្រេចចិត្តឱបបង្វេចទៅរួមរស់ជាមួយគេ។ បានជានាងហ៊ានធ្វើយ៉ាងនេះ គឺមក ពីឪពុកម្តាយក្រពេក គ្មានលុយរៀបការ សូម្បីតែ សែនព្រេន ក៏ប្រចាំគ្នាដែរ ធ្វើឱ្យនាងអស់សង្ឃឹម ក៏ រត់រកគ្នាតែម្តងទៅ។ កំហុសលោតរំលងប្រពៃណី បែបនេះ ធ្វើឱ្យនាងរលូតកូនគួរឱ្យស្តាយ ឯម្តាយ បង្កើតក៏ធ្លាក់ខ្លួនឈឺធ្ងន់ លុះបានសែនព្រេនបំពេញ ខាន់ស្លា ទើបបានជាសះស្បើយវិញទៅ។ នាងជឿថា ពិតជាខ្មោចជីដូនជីតាខឹងសម្បាតែម្តង តែខ្មោចធ្វើ បាបតែគ្រួសារនាង ឯគ្រួសារឪពុកម្តាយខាងប្រុស អត់អីទេ។

លោកក្រឹត បឿន

អ្នកស្រីយិន តុល អាយុ៤៦ឆ្នាំ និងលោកក្រឹត បឿន អាយុ៤៨ឆ្នាំ ជាឪពុកម្តាយខាងស្រីបានឱ្យដឹង ស្របគ្នាថា តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ តម្រូវឱ្យ កំលោះក្រមុំស្រលាញ់គ្នា រៀបការមានខាន់ស្លាត្រឹមត្រូវ តែបើលេងផ្លូវកាត់ ច្បាស់ជាខុសចាស់ទុំ។ កាលអ្នកស្រី ជាម្តាយឈឺ បានទៅព្យាបាលនៅមន្ទីរពេទ្យជិត២ខែ តែមិនជាសោះ លុះបានសែនព្រេនកូនទាំងពីរ និងផឹក ថ្នាំខ្មែរផ្សំផង ក៏ជាសះស្បើយទៅ។ ហេតុនេះ យុវវ័យ គ្រប់រូបមិនត្រូវលេងផ្លូវកាត់ ដូចកូនពួកគាត់ទេ បើ មានគ្រោះថ្នាក់ ពេលម៉ែឪអត់លុយ វារងគ្រោះតែ ឪពុកម្តាយហ្នឹងឯង ហើយសាមីខ្លួន ក៏មានកូនមិន គង់ដែរ ច្បាស់ជាជ្រុះបាត់។

អ្នកស្រីយិន តុល

គួរបញ្ជាក់ថា ករណីខុសចាស់ទុំ ភាគីខាងប្រុស គ្មានបញ្ហាទេ ប៉ុន្តែភាគីខាងស្រី ជាពិសេសឪពុកម្តាយ ខាងស្រី នឹងធ្លាក់ខ្លួនឈឺធ្ងន់មិនខាន បើបណ្តែតបណ្តោយកូនស្រីឱ្យយកប្តីអត់ខាន់ស្លា។ ជំនឿនេះ មិនទាន់សាបរលាបទេ តែបើខូចគ្នា រួចប្រញាប់ប្រញាល់រៀបការ ឬសែនព្រេន កុំឱ្យហួស១ឆ្នាំ ខ្មោច ជីដូនជីតាមិនថាអីទេ ដោយយោគយល់កូនចៅរក លុយមិនទាន់ តែបើទុកយូរហួសពី១ឆ្នាំ នឹងជួបផលវិបាកដូចគ្រួសារខាងលើនេះ មិនខានឡើយ…”៕

RELATED ARTICLES