ខេត្តកំពង់ចាម ៖ បុរសម្នាក់បានទាក់ទងស្នេហាជាមួយនារីម្នាក់ អស់រយៈពេលជាយូរមកហើយ តែមិនបានចូលស្តីដណ្តឹងរៀបការជាគូអនាគតនឹងគ្នានោះទេ លុះចុងក្រោយ នារីជាសង្សារ ក៏សម្រេចចិត្តសុំចែកផ្លូវទៅរៀបការ ជាមួយនឹងបុរសថ្មី ទើបធ្វើឱ្យបុរសរូបនេះ ឈឺចិត្តស្អិតទ្រូងខ្លាំងពេក ទ្រាំមិនបាន ក៏ទិញសាំងយកមកចាក់ដុតសម្លាប់ខ្លួន ដើម្បីបញ្ជាក់បង្ហាញពីចិត្តស្មោះភក្តីចំពោះស្រីជាទីស្រលាញ់ បណ្តាលឱ្យរងរបួសធ្ងន់ រលាកពេញខ្លួនប្រាណ។
ហេតុការណ៍ប្រុសខូចចិត្តសង្សាររៀបការចោលចាក់សាំងដុតសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិសំបួរមាស (ខ) ឃុំពាមជីកង ស្រុកកងមាស។
បុរសស្មោះស្នេហ៍តែគំនិតខ្លី តូចចិត្តសង្សាររៀបការចោល ចាក់សាំងដុតសម្លាប់ខ្លួននោះ មានឈ្មោះហ៊ាង សំអូន ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មានលំនៅក្នុងភូមិកើតហេតុខាងលើ រងរបួសរលាកពេញខ្លួន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក បុរសរងគ្រោះធ្លាប់បាន ទាក់ទងស្នេហាជាមួយនារីម្នាក់ (សុំមិនបញ្ចោញឈ្មោះ) រស់នៅភូមិជាមួយគ្នាជាយូរមកហើយ ប៉ុន្តែមិនបានចូលស្តីដណ្តឹងនាងរៀបការក្លាយជាប្តីប្រពន្ធតាមផ្លូវច្បាប់ប្រពៃណីអីនោះទេ ហើយគេក៏មិនដឹងថា ជនរងគ្រោះមិនមានលុយគ្រប់សម្រាប់ដណ្តឹងកូនស្រីគេធ្វើជាប្រពន្ធ ឬក៏យ៉ាងណានោះទេ គ្រាន់តែដឹងថា ជនរងគ្រោះ មានចិត្តស្រលាញ់នារីម្នាក់នោះខ្លាំងណាស់ និង ស្មោះស្ម័គ្របំផុត។
ប្រភពដដែលបន្តថា លុះមកដល់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជនរងគ្រោះ បានជួបនឹងវិបត្តិផ្លូវចិត្តធ្ងន់ ដោយសារតែនារី ជាទីស្រលាញ់របស់ខ្លួន បានសម្រេចចិត្តទៅរៀបការជាមួយប្រុសថ្មី ដោយសារមិនអាចនៅទ្រាំចាំជនរងគ្រោះចូលស្តីដណ្តឹងទៀតបាននោះទេ។ តាមពីនោះមក ជនរងគ្រោះហាក់ទទួលរងការវាយប្រហារផ្លូវចិត្តយ៉ាងខ្លាំង មួយថ្ងៃៗចេះតែអង្គុយសញ្ជប់សញ្ជឹង ធ្វើមុខស្អុយ មិននិយាយស្តីរកអ្នកណាសោះ និងចេះតែពោលពាក្យថា បើអូនរៀបការចោលបងហើយ តើ បងរស់នៅមានន័យអ្វីទៀត។ យ៉ាងណា មិនមានអ្នកណាម្នាក់នឹកស្មានដល់ថា ជនរងគ្រោះ អាចនឹងមានគំនិតខ្លីបែបនេះសោះ។
ប្រភពខាងលើបញ្ជាក់ថា លុះមកដល់ វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសអភ័ព្វស្នេហ៍ខាងលើ ក៏បានទៅទិញសាំងកន្លះលីត្រ យកមកចាក់ស្រោចលើខ្លួន រួចក៏យកដែកកេះ មកកេះដុតខ្លួនឯង បណ្តាលឱ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងធ្វើរលាកពេញខ្លួន ស្ទើរស្លាប់ស្ទើររស់។
ក្រោយកើតហេតុភ្លាមៗ អ្នកភូមិបាននាំគ្នាជួយពន្លត់ភ្លើងដែលកំពុងឆាបឆេះនៅលើ ខ្លួនជនរងគ្រោះ រហូតដល់រលត់ទៅវិញ បន្ទាប់មក ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកព្រៃឈរ ដើម្បីសង្គ្រោះជីវិត។
លោកជា ជួន អធិការនគរបាលស្រុកកងមាស បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបុរសម្នាក់ ចាក់សាំងដុតសម្លាប់ខ្លួនមក សមត្ថកិច្ចក៏ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានទាក់ទងហៅរថយន្តសង្គ្រោះដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។
លោកអធិការបញ្ជាក់ថា តាមការសាកសួរសាក្សី ក៏ដូចជាក្រុមគ្រួសារ មូលហេតុដែលជនរងគ្រោះដាច់ចិត្តគិតខ្លីចាក់សាំងដុតខ្លួនបែបនេះ ក៏ព្រោះតែជនរងគ្រោះតូចចិត្តនឹងរឿងសង្សារ រៀបការចោល ទើបលែងមានចិត្តចង់រស់នៅតទៅទៀត។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ក្រោមស្ថានភាពរបួសរលាកពេញខ្លួនប្រាណ៕