ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចគោ១ក្បាល បានសម្រេច ពេលយប់ លុះព្រឹកឡើងគោនោះងាប់បានដើររកអ្នកទិញគោ នោះស្រាបតែហៅចំម្ចាស់គោ កំពុងតែដើរកគោរបស់ខ្លួន ក៏ចាប់ប្រគល់ឱ្យប៉ូលិសតែម្តង។
ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីម៉ោង០១ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រោយមណ្ឌសុខភាព សែនសុខ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែន-សុខ។
ជនសង្ស័យឈ្មោះឈួន រ៉េត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មាន ស្រុកកំណើតភូមិអូរ ឃុំបឹងឈូក ស្រុកត្រាំកក់ ខេត្តតាកែវ ចំណែកបក្ខពួកគេចខ្លួន មិនស្គាល់ឈ្មោះ។ ចំណែកម្ចាស់គោរងគ្រោះឈ្មោះឈន សុខភី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិក ស្នាក់នៅផ្ទះលេខ២០៦ ផ្លូវលេខ ២០៤ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីម្ចាស់គោ បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ រូបគាត់បានយកមេគោ១ក្បាល សម្បុរស ទៅចងនៅក្នុងក្រោលលើដីឡូត៍មួយកន្លែងលុះនៅវេលាម៉ោង១និ៣០នាទីយប់ គាត់ក៏បាត់គោ ហើយបាននាំគ្នាដើររក លុះដល់វេលា ម៉ោង៦ព្រឹកស្រាប់តែមានមនុស្សម្នាក់ដើរមករកអ្នកទិញគោ ប៉ះរូបគាត់ដែលជាម្ចាស់គោដែល បាត់ពីយប់ និងកំពុងដើររក។ ពេលនោះគាត់ក៏សង្ស័យបានឱ្យជននោះជូនទៅកន្លែងលក់នោះ ជនសង្ស័យក៏លើកខ្មោចគោដាក់លើរទេះ យកកៅស៊ូតង់មកក្របពីលើ។ ពេលនោះ គាត់ក៏បើកកៅស៊ូតង់មើល ទើបស្គាល់ថា ជាមេគោរបស់គាត់ ទើបគាត់ស្រែកឆោឡោ។ ភ្លាមនោះ ជនសង្ស័យ ដែលទៅហៅគាត់ទិញគោនោះ គេចខ្លួនបាត់ នៅសល់តែបក្ខពួកម្នាក់ឈ្មោះឈួន រ៉េត ទើបគាត់ជា (ម្ចាស់គោ) បាននាំខ្លួនយកមកប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ឃ្មួញតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕