Wednesday, December 25, 2024
Homeព័ត៌មានជាតិប្រពន្ធរត់តាមប្រុសថ្មី ប្តីតាមអង្វរអូនវិលវិញ

ប្រពន្ធរត់តាមប្រុសថ្មី ប្តីតាមអង្វរអូនវិលវិញ

សេចក្តីស្នេហា មិនថាប្រុស ឬស្រី ប្តី ឬប្រពន្ធ បើស្រលាញ់ ពេញក្នុងបេះដូងទៅហើយ ទោះជាផិតក្បត់រត់ទៅតាមប្រុសថ្មី ឬស្រីថ្មី ក៏ព្រមលើកលែងទោសអង្វរ ឱ្យវិលវិញដែរ។ ជាក់ស្តែង បុរសម្នាក់នេះ ត្រូវបានប្រពន្ធក្បត់ ចិត្តលួចទៅបង្កាត់ភ្លើងស្នេហ៍ត្រីកោណនៅពីក្រោយខ្នង រួចឱបបង្វេចរត់តាមប្រុសថ្មីបាត់ ប៉ុន្តែ ប្តីហេតុតែស្រលាញ់ប្រពន្ធពេក ទៅតាមអង្វរអូនវិលវិញ តែឥតប្រយោជន៍ ព្រោះប្រុសថ្មី ប្រសប់ថ្នមជាងប្តីដើម…។

លោកកែវ សុន អាយុ៣៧ឆ្នាំ រស់នៅភូមិក្រមួន ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ភប្ជា់ដោយទុក្ខសោក ដ្បិតអីប្រពន្ធ ក្បត់ផិតរត់តាមប្រុសឱ្យដឹងថា លោកជាកូនច្បងក្នុង ចំណោមបងប្អូន៨នាក់ (ប្រុស៤ ស្រី៤) ដែលម្តាយ ឈ្មោះហ៊ិន ទូច អាយុ៥៩ឆ្នាំ ឪពុកឈ្មោះខៀវ ស៊ូ (ស្លាប់)។ កាលពីក្មេង លោកមានវាសនារៀនសូត្រ បានត្រឹមថ្នាក់ទី៨ នឹងគេដែរ ប៉ុន្តែដោយក្រុមគ្រួសារ មានជីវភាពក្រីក្រ លោកក៏សម្រេចចិត្តបោះបង់ការសិក្សាចោលទៅ។ លុះចូលដល់វ័យជំទង់ លោកមិន សូវជារស់នៅជួបជុំគ្រួសារឡើយ ដោយដើររសាត់អណ្តែតធ្វើការរកប្រាក់

លោកកែវ សុន និងកូន

ផ្ញើឱ្យឪពុកម្តាយដោះស្រាយ ជីវភាពគ្រួសារប្រចាំថ្ងៃ រហូតបានជួបស្នេហ៍ជាមួយ ប្រពន្ធសព្វថ្ងៃ ទើបលោកលែងផ្ញើលុយជូនឪពុកម្តាយ ដោយគិតគូររឿងសាងគ្រួសារថ្មី ជាមួយស្រីដែលខ្លួន ស្រលាញ់វិញ។ ប្រពន្ធរូបនេះមានឈ្មោះម៉ែន ផល្លា អាយុប្អូនលោក២ឆ្នាំ មានស្រុកកំណើតនៅឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលចំណងស្នេហ៍ ពួកលោកសាងឡើងក្នុងគ្រាដែលពួកលោកធ្វើការ នៅរោងចក្រជាមួយគ្នា នៅម្តុំផ្សារពោធិ៍ចិនតុង។

នាងម៉ែន ផល្លា

លោកសុន បន្តថា កាលពីដំបូង ពួកលោកគ្រាន់តែ រាប់អានគ្នាក្នុងនាមជាមិត្តភក្តិប៉ុណ្ណោះ លុះពេលបាន សាសងសម្តី និងឃើញមុខគ្នាព្រឹកល្ងាចយូរៗទៅ ក៏មានចិត្តប្រតិព័ទ្ធលើគ្នា បង្កើតបានជាភ្លើងស្នេហ៍ ឆាបឆេះពេញក្នុងបេះដូងមានកម្តៅរាប់ពាន់អង្សារ ដោយបានបណ្តើរគ្នាដើរលេងសាងអនុស្សាវរីយ៍ ដ៏ផ្អែមល្ហែមរួមគ្នារាប់មិនអស់។ តែយ៉ាងណា គូសង្សារពួកលោកគោរពប្រពៃណីត្រឹមត្រូវ មិនជ្រុលជ្រួសខ្លួនប្រាណទុំមុនស្រគាលឡើយ ហើយលោកក៏នាំ ឪពុកម្តាយចូលស្តីដណ្តឹងនាងដល់មេបា រៀបការ តាមប្រពៃណីក្រាបក្បាលដល់កន្ទេល នៅក្នុងឆ្នាំ១៩៩៩។ បន្ទាប់ពីរៀបការហើយ ប្តីប្រពន្ធលោកឈប់ ធ្វើការងារក្នុងរោងចក្រ ដោយងាកមកធ្វើការសំណង់ ទាំងពីរនាក់វិញម្តង រហូតប្រពន្ធពោះធំកំណើតកូនច្បង ទើបលោកនាំប្រពន្ធមករស់នៅស្រុកកំណើត កន្លែង កំពុងរស់នៅសព្វថ្ងៃនេះ ដោយរួមរស់ជាមួយគ្នាបង្កើតបានកូន៣នាក់ (ស្រី២ ប្រុស១)។

លោកកែវ សុន

លោកកែវ សុន បញ្ជាក់ថា ប្តីប្រពន្ធលោកស្រលាញ់ស្មោះស្មគ្រ័ ជាមួយ គ្នាណាស់មិនដែលនឹកស្មានដល់ថា បោះបង់គ្នាចោលនោះទេ ដោយពេល នោះប្រពន្ធធ្វើការរោងចក្រក្បែរផ្ទះ ជិះឡានដាក់ខែ រីឯលោកនៅតែដើរ ធ្វើការសំណង់យកប្រាក់កម្រៃទ្រទ្រង់ជីវភាពគ្រួសារ ទោះជា មិនធូរធារ ប៉ុន្តែក៏មិនខ្វះខាតដល់ថ្នាក់រកអង្ករច្រកឆ្នាំងមិន បានដែរ។ នៅពេលប្រពន្ធកំពុងធ្វើការរោងចក្រក្បែរផ្ទះ នោះ លោកឧស្សាហ៍ឃើញនាងមានភាពស្និទ្ធស្នាល ជាមួយបុរសម្នាក់ ដែលធ្វើការក្នុងរោងចក្រ ជាមួយគ្នា នោះណាស់ ប៉ុន្តែលោកមិនសូវជាចាប់អារម្មណ៍ពីរឿង នេះប៉ុន្មានឡើយ ដោយយល់ថា ពួកគេទាំង២នាក់ គ្រាន់តែរាប់អានគ្នាក្នុងនាមជាមិត្តភក្តិរួមការងារប៉ុណ្ណោះ ម៉្យាងទៀតលោកក៏ជឿទុកចិត្តប្រពន្ធដែរ ព្រោះចំណងស្នេហ៍ពួកលោកកើតឡើងតាំងពីកំលោះក្រមុំ តស៊ូកម្សត់ កម្រជាមួយគ្នាណាស់ ទម្រាំតែបានរួមរស់ជាមួយគ្នាជា ប្រពន្ធប្តី បានសមដូចបំណង រឿងអី! មានកូន១កន្ទេលទៅ ហើយ ប្រពន្ធបែកឆ្វេង? ប៉ុន្តែអ្វីដែលលោកពុំនឹកស្មានដល់នោះ បានក្លាយជាការពិតស្ទើរតែមិនគួរឱ្យជឿ ខណៈដែលលោកទៅ ធ្វើការសំណង់បាត់ៗ ស្រាប់តែប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុស ម្នាក់នោះមែន ក្បត់ផិតពីក្រោយខ្នងប្តី រួចក៏ពង្រត់គ្នាទៅសំងំសោយសុខនៅ លើក្បូនស្នេហ៍ក្នុងទឹកដីក្រុងភ្នំពេញ បាត់ស្រមោល។

នាងម៉ែន ផល្លា ជាមួយកូនៗ

បុរសដែលត្រូវប្រពន្ធរត់ចោលរូបនេះបន្តទាំងអួលដើមកថា តាមពិតទៅក្នុងចិត្តលោក ស្រលាញ់ប្រពន្ធខ្លាំងណាស់ ទោះជានាងបានប្រព្រឹត្តមិនគប្បីដាក់ប្តីបែបនេះក្តី ប៉ុន្តែលោកនៅតែស្រលាញ់ និងព្រមអភ័យទោសឱ្យនាង គ្រប់បែបយ៉ាង ដោយទៅអង្វរនាងដល់ទីក្រុងភ្នំពេញ ឱ្យប្រពន្ធវិលវិញ មករស់នៅជួបជុំគ្រួសារ។ លោកសុខចិត្តរស់នៅមានឈ្មោះជាប្រុសអាវែក និងចាត់ទុកថា រឿងរ៉ាវ ដែលប្រពន្ធបានប្រព្រឹត្តកន្លងមក គឺជាសុបិនអាក្រក់ទៅចុះ ប៉ុន្តែការអង្វរករ របស់លោកឥតប្រយោជន៍ ដោយនាងមិនព្រមវិលមករស់នៅជាមួយប្តី និងកូនឡើយ ធ្វើឱ្យ

លោកឈឺចាប់ជាខ្លាំងត្រឡប់មកផ្ទះវិញជាមួយមុខស្អុយប៉ែ អស់សង្ឃឹមក្នុងជីវិត និងធ្លាក់ខ្លួនពោះម៉ាយកូន៣ រហូតមកដល់សព្វថ្ងៃ មានរយៈពេល៣ឆ្នាំមកហើយ លោកមិនព្រមយកប្រពន្ធទៀតទេ។ កន្លងមក ប្រពន្ធធ្លាប់នាំប្រុសស្នេហ៍របស់នាង មកលេងកូនដែរ ប៉ុន្តែលោកព្រមអហោសិកម្មឱ្យពួកគេទៅចុះមិនទៅរករឿងចងកម្មពៀរ ដោយចាត់ទុកថា វាជាកម្មផលរបស់ លោកតាមស្នងកាលពីជាតិមុនទៅចុះ។
ដោយឡែក នាងម៉ែន ផល្លា អាយុ៣៥ឆ្នាំ ជាប្រពន្ធដែលរងការចោទប្រកាន់ ឱបបង្វេចចុះចោលប្តី និងកូនរត់តាមប្រុសនោះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទង សុំការបកស្រាយបានទេ តែយើងនឹងរង់ចាំនាងមកបំភ្លឺជានិច្ច។

អ្នកស្រីហ៊ិន ទូច

អ្នកស្រីហ៊ិន ទូច ជាម្តាយ បានឱ្យដឹងថា កូនប្រសាស្រីរបស់គាត់ពិតជាក្បត់ផិតប្តី ឱបបង្វេចរត់តាមប្រុសថ្មីមែន តែកូនប្រុសគាត់នៅតែស្រលាញ់ប្រពន្ធរបស់គេខ្លាំង ណាស់ ទោះជាប្រពន្ធធ្វើបែបនេះដាក់ប្តី ក៏គេនៅតែតាមអង្វរប្រពន្ធឱ្យតត្រុក ឱ្យនាង ត្រឡប់ក្រោយមករួមរស់នៅជួបជុំគ្រួសារវិញ ប៉ុន្តែកូនប្រសាជើងល្អរូបនោះ មិនយល់ ពីអារម្មណ៍កូនប្រុសរបស់គាត់ឡើយ។

អ្នកស្រីពួក មុំ

អ្នកស្រីពួក មុំ អាយុ៥០ឆ្នាំ ជាសាច់ញាតិ និងអ្នកស្រុកមួយចំនួនបានឱ្យស្របគ្នាដឹងថា គាត់អាណិតអាសូរក្មួយប្រុសម្នាក់នេះណាស់ មិនគួរណាមានវាសនាអភ័ព្វត្រូវប្រពន្ធក្បត់ផិត រត់តាមប្រុសបែបនេះសោះ នៅតែអាឡោះអាល័យប្រពន្ធ ទៅតាមអង្វរប្រពន្ធ ឱ្យអូនវិលវិញ តែប្រពន្ធជើងល្អ ឈ្លក់តណ្ហានោះ បើអស់ចិត្តពីប្តី គូរតែអាណិតដល់កូនៗ ផង មកដល់ពេលពេលនេះក្មួយប្រុស ក៏បានកាត់ចិត្តពីប្រពន្ធរូបនេះបានខ្លះៗហើយ។ តែយ៉ាងណា ជាតិជាមនុស្សប្រុសមានដើមទ្រូងប្រាំហត្ថ ត្រូវចេះ តស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីអនាគតកូនៗ និងខ្វះអីស្រីៗពេញនគរ ដែលមានចិត្តស្មោះនោះ…”៕

RELATED ARTICLES