Wednesday, December 25, 2024
Homeព័ត៌មានជាតិប្រពន្ធផ្អាក៣រាត្រី ប្តីទះ៣ដៃ

ប្រពន្ធផ្អាក៣រាត្រី ប្តីទះ៣ដៃ

ប្តីប្រពន្ធ បើចិត្តរឹងមានះចង់ឈ្នះចង់ចាញ់ គ្នារៀងៗខ្លួន ដោយម្ខាងអាងទះ ម្ខាងអាងផ្អាកចំណី ច្បាស់ជារស់នៅរកសុភមង្គលមិនឃើញឡើយ។ ជាក់ស្តែង ប្តីប្រពន្ធមួយគូនេះ ប្រពន្ធអាងផ្អាក ចំណីយប់ព្រលប់ រីឯប្តីអាងប្រើកម្លាំងបាយ មានអី! ខ្លាំងប៉ះខ្លាំងច្បាស់ជាខ្លោច ដោយគ្រាន់តែប្រពន្ធ ដេកត្បៀតផ្អាកចំណីប្តី៣រាត្រី ប្តីខឹងច្រឡោត ចាប់ទះកំផ្លៀង៣ដៃ ទុកជាមេរៀន…។

នាងស្រាន រឿ អាយុ២៩ឆ្នាំ រស់នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី៣ ក្នុងចំណោមបងប្អូន ប្រុសស្រី៧នាក់ មានឪពុកឈ្មោះពុត ស្រាន (ស្លាប់) ម្តាយឈ្មោះយាង យ៉ាំ អាយុ៥៥ឆ្នាំ។ នាងរៀបការជាមួយប្តីឈ្មោះពៅ ឈុន សព្វថ្ងៃ អាយុ៣៦ ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងអាពាហ៍ពិពាហ៍។ ចាប់តាំងពីរៀបការមានប្តីមក ជីវិតនាងរស់នៅមានសេចក្តីសុខតិចណាស់ ព្រោះប្តីជាមនុស្សមានចិត្តនៅចុងច្រមុះ ឆេវឆាវឆាប់ខឹងច្រឡោត អាងប្រើ កម្លាំងបាយវាយតប់លើប្រពន្ធ។ មិនត្រឹមតែប៉ុណ្ណោះ គេថែមទាំងកើតរោគ ប្រចណ្ឌនៅក្នុងខ្លួន មិនជឿទុកចិត្តប្រពន្ធ ចោទនាងក្បត់ចិត្តលួចមានប្រុស ឈ្មោលជាដើម ដែលហេតុផលទាំងអស់នេះហើយ ទើបធ្វើឱ្យក្រុមគ្រួសារ នាងតែងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាឥតស្វាង។

នាងស្រាន រឿ

នាងស្រាន រឿ បញ្ជាក់ថា បើប្តីមិនផឹកស្រា មិនសូវកើតមានជម្លោះទេ តែឱ្យតែជាតិស្រាចូលពោះ ចូលមកដល់ផ្ទះកាលណា ប្តីតែងកើតរោគប្រចណ្ឌ ចោទប្រពន្ធក្បត់ចិត្តលួចមានទំនាក់ទំនងស្នេហាជាមួយ ប្រុសឈ្មោល រួចចាប់បង្ខំរួមរ័កមេត្រីទាំងកំរោល តើឱ្យស្រីណាមានអារម្មណ៍ជាមួយប្តី របៀបនេះនោះ? នាងមិនចូលចិត្តមនុស្សប្រុសផឹកស្រាទេ តែបែរជាស្អប់ ជំពប់លើ ដោយប្តីចេញទៅអង្គុយព័ទ្ធវង់ជល់កែវ ជាមួយបនភឿន ដល់ពាក់កណ្តាលអធ្រាត្រ ទើបចូលផ្ទះ មិនទៅងូតទឹកងូតផុក សម្អាតខ្លួនទេ គឺលូនចូលក្នុងមុងស្អុយក្លិនស្រាឱ្យហួង ហើយចាប់ផ្តើមកេះកៀវប្រពន្ធរួមភេទ លុះនាងមិនព្រម បំពេញបំណង ក៏ខឹងច្រឡោតចោទនាងមានប្រុស សហាយជាបន្តបន្ទាប់។
ស្ត្រីជាប្រពន្ធរូបនេះបន្តថា ហេតុដែលនាង មិនព្រមឱ្យប្តីប៉ះពាល់ខ្លួនប្រាណ មិនមែននាងមាន គំនិតបែកឆ្វេងលួចមានប្រុសថ្មីទេ គឺនាងបង្អត់ចំណី ប្តី បំណងឱ្យប្តីចេះភ្ញាក់រលឹកកែខ្លួនធ្វើជាប្តីល្អឡើងវិញ ប៉ុន្តែប្តីមិនយល់ពីអារម្មណ៍ប្រពន្ធឡើយ ដោយគិតឃើញក្នុងផ្លូវមិនល្អឯណោះឆ្កុយ។ ហើយកាលពី ផ្ទុះជម្លោះលើកចុងក្រោយនេះ នាងបានផ្តាច់របបប្តីចំនួន ៣យប់ ស្រាប់តែប្តីកើតរោគមួម៉ៅក្តៅក្រហាយ ដើរទៅផឹកស្រា បាត់ លុះស្រវឹងធ្លាក់ភ្នែកត្រឡប់ចូលដល់ផ្ទះ រករឿងបង្កជម្លោះបោក របស់របរចានឆ្នាំងក្នុងផ្ទះខ្ទេចខ្ទីអស់ រួចស្ទុះមកទះនាងចំនួន៣ដៃ ព្រមទាំងចាប់បង្ខំរួមភេទ រហូតបានសម្រេចតណ្ហារបស់ខ្លួន ទើបប្តីអស់ចិត្ត ដោយមិនយល់ពីអារម្មណ៍របស់ប្រពន្ធឡើយ ធ្វើឱ្យនាងឈឺចាប់ពើតផ្សាក្នុងឱរា ដែលប្តីមិនផ្តល់តម្លៃ ឱ្យនាងជាប្រពន្ធបន្តិចសោះ។

លោកពៅ ឈុន

លោកពៅ ឈុន ជាប្តីបានទទួលស្គាល់ថា លោកពិតជាបានប្រើអំពើហិង្សាទះកំផ្លៀងប្រពន្ធ ៣ដៃមែន ព្រោះតែភ្លើងកំហឹងដុតរោលមិនអាច គ្រប់គ្រងខ្លួនឯងបាន ប៉ុន្តែរឿងរ៉ាវទាំងនោះមក ពីប្រពន្ធជាអ្នកបង្កាត់ភ្លើងដែរ បើនាងចេះស្តាប់ពាក្យសម្តីប្តី កុំប្រើពាក្យសម្តីអសុរោះ ជេរដៀលត្មះ ពូជអម្បូរប្តី ក៏លោកមិនផ្ទុះជម្លោះជាមួយនាងដែរ។ លោកមិនមែនជាមនុស្សប្រចណ្ឌគ្មានហេតុផលឡើយ តែទង្វើរបស់ប្រពន្ធធ្វើឱ្យលោកទុកចិត្តនាងមិនបាន ពោលគឺនៅពេលដែលលោក ចេញទៅស៊ីឈ្នួលជួលព័ទ្ធគេ ឬចូលព្រៃរកអនុផលព្រៃឈើបោចវល្លិ ដងជ័រ ប្រពន្ធតែងដើរចេញតាមក្រោយបាត់ៗពីផ្ទះ មិនដឹងជាទៅទីកន្លែងណា និងមានការអ្វី មិនគិតរឿងដាំបាយធ្វើម្ហូបឱ្យកូន និងប្តីហូបឡើយ។ លុះពេលលោកត្រឡប់មកពីធ្វើការហត់នឿយអស់កម្លាំង មកដល់ផ្ទះ ប្រពន្ធមិនដាំបាយ ធ្វើម្ហូប តើមិនឱ្យលោកមិនខឹងប្រពន្ធម្តេចនឹងកើត? ជួលកាលប្រពន្ធថែមទាំងមានថ្លើមធំហ៊ានមករករឿងជេរបញ្ចោរ ពន្យុះ ឱ្យលោកវាយនាងទៀត ធ្វើឱ្យលោកទ្រាំមិនបាន ក៏ប្រើកម្លាំងបាយព្រមាន នាងខ្លះទៅ ដើម្បីកាច់ធ្មុងនាងកុំឱ្យខ្លាំងដៃពេក។

បុរសជាប្តីរូបនេះបញ្ជាក់ថា ប្រពន្ធរបស់លោកអាងតែខ្លួនមាន របស់ឆ្ងាញ់ អត់ស៊ីមិនបាន ឱ្យតែខឹងបន្តិច អាងដេកត្បៀតបង្អត់ចំណីប្តី លុះពេលលោកប្រើកម្លាំងចាប់បង្ខំរួមរ័កមេត្រី នាងចោទលោកជាមនុស្ស កំរោលចូល អាងប្រើកម្លាំងបាយ និងបំបិទសិទ្ធិសេរីភាពនាងទៅវិញ យកធ្វើជាលេស ដើម្បីទម្លាក់កំហុសឱ្យលោកតែម្នាក់ឯង ធ្វើឱ្យលោក មិនអាចទទួលយកបានទេ។ បើចង់ឱ្យលោកឈប់ប្រចណ្ឌ និងប្រើដៃជើង ទាល់តែប្រពន្ធខ្លួនឯងកែទម្លាប់អាក្រក់របស់ខ្លួនចេញ បំពេញតួនាទីធ្វើ ជាប្រពន្ធល្អជាមុនសិន។

អ្នកស្រីឃុន ខម

លោកញឹង ខេត អាយុ៤៧ឆ្នាំ និងអ្នកស្រីគឿន ហៀង អាយុ៤៤ ឆ្នាំ ជាបងបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធប្អូនមួយគូនេះ រស់នៅជាមួយ គ្នាមិនសូវចុះសម្រុងនឹងគ្នាឡើយ តែងជួបរឿងរ៉ាវឈ្លោះប្រកែកជាមួយ គ្នាជាបន្តបន្ទាប់ រកទីបញ្ចប់គ្មាន។ បើតាមពួកគាត់សង្កេតឃើញ ប្តីប្រពន្ធពួកគេរកអ្នកខ្លាំងអ្នកខ្សោយ និងអ្នកខុសអ្នកត្រូវមិនឃើញទេ ព្រោះពួកគេសុទ្ធតែជាជើងខ្លាំង និងយកត្រូវរៀងខ្លួនៗ គ្មានអ្នកណាម្នាក់ចេញមុខទទួលកំហុសរបស់ខ្លួននោះទេ។ កន្លងមក ក្រុមគ្រួសារតែងស្តី ប្រដៅអប់រំប្តីប្រពន្ធពួកគេដែរ តែប្រៀបដូចជាចាក់ទឹកលើក្បាលទា សូម្បីតែឪពុកម្តាយទាំង សងខាងអប់រំទូន្មានក៏ពួកគេមិនស្តាប់ឡើយ ទើបក្រុមគ្រួសារបណ្តោយតាមដំណើរតែម្តងទៅ លែងធ្វើដឹងធ្វើឮចេះដឹងរឿងប្តីប្រពន្ធពួកគេ។

លោកញឹង ខេត

អ្នកស្រីឃុន ខម ជាមេភូមិរងបានឱ្យដឹងថា ប្តីប្រពន្ធនាងរឿ មិនចេះទទួលយកការអប់រំរបស់ក្រុមគ្រួសារ និងអាជ្ញាធរឡើយ។ កន្លងមក គាត់ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ធ្លាប់បានចុះទៅធ្វើការអប់រំពន្យល់ពួកគេ ចំនួន២ដងមកហើយ តែមិនទទួលបានផលវិជ្ជមានសោះ ពោលគឺប្តីប្រពន្ធពួកគេនៅតែបន្តរករឿងឈ្លោះ ប្រកែកគ្នាដដែល។ តាមគាត់សង្កេតឃើញជាក់ស្តែង បុរសជាប្តីច្រើនកើតរោគប្រចណ្ឌ និងអាងប្រើកម្លាំង បាយ រីឯស្ត្រីជាប្រពន្ធចូលចិត្តដើរលេងផ្ទះគេ មិនសូវនៅផ្ទះ គិតគូររឿងរៀបចំបាយទឹកឱ្យប្តី។ ជាពិសេស ស្ត្រី ជាប្រពន្ធអាងបង្អត់ចំណី លើគ្រែមិនឱ្យប្តីប៉ះពាល់ខ្លួនប្រាណ មានពេលខ្លះផ្អាករហូតដល់៣រាត្រី ធ្វើឱ្យប្តីខឹង ទះ៣ដៃ ក៏កើតជាជម្លោះ រហូតមានពេលខ្លះឈាន ដល់ការប្រើអំពើហិង្សាទៀតផង។ តែយ៉ាងណា ដ្បិតតែប្តី ប្រពន្ធពួកគេឧស្សាហ៍ឈ្លោះគ្នាមែន តែក៏ឆាប់ត្រូវរ៉ូវគ្នាវិញដែរ។

អ្នកស្រីគឿន ហៀង

រីឯអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធនាងស្រាន រឿ ឧស្សាហ៍ជួបរឿងរ៉ាវឈ្លោះ ប្រកែកគ្នាណាស់ បើតាមពួកគាត់ដឹង មកពីពួកគេមិនចេះអត់ឱនអធ្យាស្រ័យឱ្យគ្នា ដោយភាគីខាងប្តីអាង ប្រើកម្លាំងបាយ រីឯភាគីខាងប្រពន្ធអាងជេរបញ្ចោរដាក់ប្តី ជាពិសេស ផ្អាកចំណីពេលយប់តែម្តង រហូតដល់៣យប់ក៏មាន។ លុះប្តីអត់យូរជូរមាត់កម្រើកតណ្ហាអត់បានស៊ីចុក ក៏ផ្ទុះកំហឹងទះប្រពន្ធ៣ដៃ។ ទៅថ្ងៃមុខ បើប្តីប្រពន្ធពួកគេនៅតែប្រកាន់ជំហរចង់ចាញ់ចង់ឈ្នះ លើគ្នាបែបនេះ ច្បាស់ជារកសុភមង្គលមិន ឃើញទេ…”៕

RELATED ARTICLES