ឥទ្ធិពលស្នេហា បានធ្វើឱ្យយុវតីមួយចំនួនលែងស្តាប់បង្គាប់ឪពុក ម្តាយ ដោយហ៊ានឱបបង្វេចរត់តាមប្រុសស្នេហ៍ រំលងប្រពៃណី។ តួយ៉ាងនារីវ័យក្មេងម្នាក់ បានបង្កាត់ភ្លើងស្នេហ៍ជាមួយគូសង្សារ យ៉ាងផ្អែមល្ហែម លុះពេលម៉ែដឹងរឿងក៏តាមរារាំងបំបែកស្នេហ៍ ស្រាប់តែ កូនក្រមុំមានថ្លើមធំឱបបង្វេចរត់តាមសង្សារ មករស់នៅក្នុងកូន ខ្ទមរខេករខាក ស៊ីអត់ស៊ីឃ្លានជាមួយគ្នា…។
នាងឈុំ សែ អាយុ១៨ឆ្នាំ សព្វថ្ងៃ កំពុងរស់នៅ ក្នុងកូនខ្ទមរយីករយាកមួយក្នុងភូមិអូរក្រសា ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ (ប្រុស៣ ស្រី២) ដែលម្តាយឈ្មោះសាង រ៉ន អាយុ៤១ឆ្នាំ ឪពុកឈ្មោះឈុំ ឆុន អាយុ៤៣ឆ្នាំ មានផ្ទះនៅឯស្រុកឧដុង្គ និងមាន ប្តីឥតខាន់ស្លាឈ្មោះជា សុវណ្ណារ៉ា អាយុបងនាង២ឆ្នាំ។ តាមពិត ចំណងស្នេហ៍ប្តីប្រពន្ធនាងបានកើតឡើង ជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីពួកនាងរៀនថ្នាក់អនុវិទ្យាល័យជាមួយគ្នាមកម៉្លេះ ខណៈដែលឪពុកម្តាយ ឱ្យទៅរៀន តែពួកនាងមិនចូលសាលាឡើយ ដោយតែងឆ្លៀតបណ្តើរគ្នាដើរលេង សាងអនុស្សាវរីយ៍ផ្អែមល្ហែម រួមគ្នារាប់មិនអស់។ លុះពេលឪពុកម្តាយដឹងពីទំនាក់ទំនងស្នេហ៍នេះ ពួកគាត់ខឹងសម្បាជាខ្លាំង ព្រមទាំងឧស្សាហ៍ ហៅនាងមកស្តីប្រដៅអប់រំ និងមានពេលខ្លះឈានដល់ទាញរំពាត់មកវាយនាង ទុកជាការព្រមានទៀតផង ប៉ុន្តែដោយសារចិត្តស្រលាញ់ប្រុសស្នេហ៍ពេញបេះដូង ទោះជាឪពុកម្តាយស្តីប្រដៅយ៉ាងណា ក៏នាងមិនដែល យកត្រចៀកស្តាប់ឡើយ ដោយតែង
ស្កាត់ជួបគ្នា ប្តូរសាច់ប្តូរឈាមគ្នាជាបន្តបន្ទាប់ រហូតត្រូវបង្ខំចិត្ត បោះបង់ចោលការសិក្សា ចូលធ្វើការងាររោងចក្រ យក ប្រាក់ដើរលេងស៊ីចាយ មិនដែលផ្ញើលុយឱ្យអ្នកមានគុណ ដោយរស់នៅម្ចាស់ការខ្លួនឯង ដើម្បីឱ្យមានសិទ្ធិសេរីភាព ក្នុងការដើរហើរ ឬជ្រើសរើសគូជីវិត ប៉ុន្តែអ្វីដែលជាក្តីស្រមៃរបស់នាង មិនបានដូចបំណងឡើយ ត្រូវអ្នកមានគុណហៅនាងឱ្យត្រឡប់មកផ្ទះវិញ និងចាប់បង្ខាំងទុកក្នុងបន្ទប់ មិនឱ្យចេញក្រៅមកជួបមុខប្រុសស្នេហ៍ ឬនិយាយ ទូរស័ព្ទសាសងសម្តីគ្នាតាមរលកធាតុអាកាសឡើយ។ នៅពេលនោះ នាងរស់នៅតែក្នុងបន្ទប់ មិនដែលបានជួប មុខប្រុសសំណព្វចិត្ត ដោយមានអារម្មណ៍ថា មួយថ្ងៃយូរដូចជាមួយឆ្នាំអ៊ីចឹង ទើបនាងសរសេរសំបុត្រពឹងពាក់ បងប្អូនយកទៅឱ្យប្រុសស្នេហ៍ ដើម្បីធ្វើការណាត់ជួបគ្នា រួចក៏ឱបបង្វេចពង្រត់គ្នាមកសំងំរួមរស់សាងស្នេហ៍ នៅទីនេះ រហូតមកដល់សព្វថ្ងៃ និងបង្កើតបានកូនប្រុសម្នាក់ទើបមានអាយុ៧ថ្ងៃ ជាចំណងដៃនិស្ស័យស្នេហ៍។
នាងឈុំ សែ បន្តទៀតថា តាមពិត នាងក៏ដឹងដែរថា ស្រីក្រមុំ ដែលឱបបង្វេចចុះចោលផ្ទះ រត់តាមប្រុស ស្នេហ៍ មិនមែនជារឿងត្រឹមត្រូវឡើយ ហើយក៏មិនសមធ្វើបែបនេះចំពោះអ្នកមានគុណដែរ ព្រោះធ្វើឱ្យអាប់ឱន កិត្តិយសក្រុមគ្រួសារ មានឈ្មោះអាស្រូវស្អុយសាយភាយបញ្ច្រាសខ្យល់ ប៉ុន្តែនាងគ្មានមធ្យោបាយឡើយ ហើយក៏មិនអាច រស់នៅដោយគ្មានប្រុសស្នេហ៍នៅក្បែរបានដែរ។ ពេលនេះ ក្រោយពីផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតរួច នាងបារម្ភខ្លាចឪពុកម្តាយ មកតាមបំបែកស្នេហ៍ទៀត។ តែយ៉ាងណាប្តីប្រពន្ធពួកនាង ត្បិតតែមិនទាន់មាន ខាន់ស្លាត្រឹមត្រូវមែន ប៉ុន្តែបានស្បថសច្ចាមិន បោះបង់ចោលគ្នាត្រឹមពាក់កណ្តាល ទីឡើយ ទោះជាឪពុកម្តាយតាមបំបែកស្នេហ៍ ក៏ពួកនាងនៅតែរកឱកាសរត់មក រួមរស់ជាមួយគ្នាដដែល។ តែយ៉ាងណា នាងក៏សូមទោសពីចម្ងាយចំពោះអ្នកមានគុណដែរ ដែលនាងបានធ្វើអំពើមិនគប្បីដល់អ្នកមានគុណ ហើយមិនយូរទេ នៅថ្ងៃណានាងរឹងសរសៃសរសូង នឹងបីចៅទៅលុតជង្គង់ ក្រាបសំពះសុំ ទោសលោកទាំងពីរនៅចំពោះមុខ។
លោកជា សុវណ្ណារ៉ា អាយុ២០ឆ្នាំ ជាប្តីបានឱ្យដឹងថា លោក ជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ (ស្រី២ ប្រុស៣) ដែលឪពុកឈ្មោះជា សុគន់ អាយុ៤៥ឆ្នាំ ម្តាយឈ្មោះជុំ ចន្ថា អាយុ៤២ឆ្នាំ ប៉ុន្តែឪពុកម្តាយបានកាត់កាល់លោកចោល ចាប់តាំងពី លោកបានបង្កាត់ភ្លើងស្នេហ៍ជាមួយប្រពន្ធនេះមកម៉្លេះ។ ឪពុកម្តាយលោក និងខាងប្រពន្ធសុទ្ធតែមិនពេញចិត្ត និងតាមបំបែកស្នេហ៍ពួកលោក មិនឱ្យរួមរស់ជាមួយគ្នាបានឡើយ ហើយលោកក៏ធ្លាប់ត្រូវឪពុកម្តាយ ចាប់បង្ខាំងក្នុងបន្ទប់ ដូចប្រពន្ធដែរ។ តែទោះជាយ៉ាងណា ក៏មិនអាចមករារាំងគូស្នេហ៍ពួកលោក មិនឱ្យរស់នៅជាមួយគ្នាបានដែរ។
បុរសជាប្តីរូបនេះបញ្ជាក់ថា ប្រវត្តិស្នេហ៍របស់លោក ពិតជាកម្សត់កម្រ និងតស៊ូពុះពារម៉ែឪតាមបំបែកស្នេហ៍ តែសំណាងណាស់ ដែលពួកលោកស្រលាញ់គ្នាស្មោះស្មគ្រ័ចិត្តមួយថ្លើមមួយ បានពង្រត់គ្នាមកសំងំរស់នៅ សាងស្នេហ៍នៅទីកន្លែងនេះ។ លោកអះអាងថា ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ លោកមិន បោះបង់ប្រពន្ធកូនចោល ឬឱ្យរស់នៅលំបាកវេទនា អត់បាយក្រហាយទឹកឡើយ។ ដរាបណាលោកនៅ មានជីវិត លោកនឹងខំប្រឹងធ្វើការរកប្រាក់មើលថែផ្តល់ ភាពកក់ក្តៅឱ្យប្រពន្ធអស់ពីចិត្តពីថ្លើម ឥតប្រួល ប្រែរហូតដល់ដង្ហើមចុងក្រោយ។
អ្នកស្រីឡេង ម៉ាប់ អាយុ៤៤ឆ្នាំ ជាម្ចាស់ដី និង ខ្ទមដែលឱ្យប្តីប្រពន្ធកម្សត់មួយគូនេះអាស្រ័យនៅ បានឱ្យដឹងថា គាត់មិនជាប់សាច់ឈាម និងមិនស្គាល់ ប្តីប្រពន្ធវ័យក្មេងមួយគូនេះ ពីមុនមកឡើយ។ តែមាន ល្ងាចមួយ
ស្រាប់តែគូស្នេហ៍មួយគូនេះ ស្ពាយបង្វេច មកសុំស្នាក់នៅក្រោមផ្ទះគាត់មួយយប់។ ដោយមើល ទៅអាណិតកូនគេកូនយើង គាត់ក៏ឱ្យពួកគេស្នាក់នៅ ហើយក្នុងយប់នោះ ពេលគាត់សួរនាំទៅទើបដឹងថា ពួកគេជាគូស្នេហ៍នឹងគ្នាដែលពង្រត់គ្នា ដើម្បីរត់គេច ពីការតាមបំបែកស្នេហ៍របស់ឪពុកម្តាយទាំងសងខាង។ គាត់ក៏បានណែនាំឱ្យពួកគេត្រឡប់ទៅផ្ទះវិញដែរ តែពួកគេ មិនព្រម លុះព្រឹកឡើងស្រាប់តែពួកគេលើកដៃសំពះសុំ ស្នាក់អាស្រ័យកូនខ្ទមដែលគាត់ទុកចោល មួយរយៈ សិន។ ដោយឃើញខាងស្រីពោះធំផង គាត់ក៏អនុញ្ញាត ឱ្យប្តីប្រពន្ធពួកគេរស់នៅ រហូតមកដល់សព្វថ្ងៃ។ គាត់ សង្កេតឃើញថា ប្តីប្រពន្ធពួកគេពិតជាស្រលាញ់គ្នាមែន ជាពិសេស ភាគីខាងប្តីជាក្មេងស្លូតបូតណាស់ និងឧស្សាហ៍ក្នុងរឿងការងាររកប្រាក់ចិញ្ចឹមកូន និងរកត្រី សាច់ដាក់ទ្រូ ជីកអន្លង់ រកក្តាម ខ្យងជាដើម។
លោកតេវ លេខ អាយុ៥៨ឆ្នាំ និងនាងថា មុំ អាយុ២៥ឆ្នាំ បានឱ្យដឹងស្របគ្នាថា ពួកលោកមិនបាន ដឹងពីប្រវត្តិស្នេហ៍ប្តីប្រពន្ធមួយគូនេះច្បាស់ទេ ឮតែ សាមីខ្លួនពួកគេរៀបរាប់ប្រាប់ត្រួសៗប៉ុណ្ណោះ។ តែយ៉ាងណា ក្រោយពីអ្នកទាំងពីរមកសុំស្នាក់អាស្រ័យ នៅទីនេះ ម៉្យាងទៀតប្តីប្រពន្ធពួកគេជាក្មេងមានចរិយា មាយាទស្លូតបូត អ្នកស្រុកគ្រប់គ្នាអាណិតស្រលាញ់ រាប់អានចាត់ទុកពួកគេដូចជាកូនក្មួយអ៊ីចឹង។
គួរបញ្ជាក់ថា គូសង្សារដែលស្រលាញ់គ្នាស្មោះស្មគ្រ័ចេញពីបេះដូង ទោះជាមានការរារាំងបំបែក ស្នេហ៍ពីសំណាក់ក្រុមគ្រួសារយ៉ាងណាក្តី ក៏មិនអាច ធ្វើឱ្យពួកគេព្រាត់ប្រាសគ្នាបានដែរ ដោយសុខចិត្តវេចបង្វេចរត់ចោលម៉ែឪ នាំគ្នាទៅសំងំសាងស្នេហ៍ ដោយមិនគិតពីអនាគតកាលយ៉ាងណានោះទេ។ ដូចនេះគួរ តែយុវតីទាំងឡាយចៀសវាង កុំត្រាប់តាមស្នេហាបែប នេះនាំឱ្យមានផលវិបាកទៅថ្ងៃក្រោយ…”៕