ឆ្កួតជំបួរ ឬចម្កួតជួរ គឺជាជំងឺមួយប្រភេទបណ្តាលឱ្យជនរងគ្រោះ ក្លាយជាមនុស្សវិកលចរិតយូរឆ្នាំ លុះបានជាសះស្បើយ ត្រូវតែ មានមនុស្សម្នាក់ទៀតឆ្កួតបន្តវេនគ្នា។ យ៉ាងណាមិញ ត្រកូលកសិករមួយនេះ មានសមាជិកឆ្កួតជាបន្តបន្ទាប់៤តំណមកហើយ ធ្វើឱ្យចៅៗស្រករក្រោយភ័យខ្លាចតែជំងឺនេះឆ្លងមកដល់ខ្លួន…។
អ្នកស្រីវ៉ែន សុខា អាយុ៥១ឆ្នាំ រស់នៅភូមិ ក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បានឱ្យដឹងថា គាត់មានស្វាមីឈ្មោះវ៉ាង ប្រច អាយុស្របាលគ្នា ដោយបានរៀបការតាំងពីឆ្នាំ១៩៩០ ដោយបង្កើតកូនប្រុសស្រី៤នាក់ ជាចំណងនិស្ស័យ។ បន្ទាប់ពីរួមរស់នឹងគ្នាបាន៨ឆ្នាំ មានកូន២នាក់ ទើប គាត់ដឹងថា ត្រកូលប្តីមានមនុស្សឆ្កួត
ជំបួរតៗគ្នាគួរ ឱ្យខ្លាច។ អ្វីដែលគាត់ដឹងច្បាស់គឺជីតារបស់ប្តីឈ្មោះ តាទក ជាមនុស្សវិកលចរិតមុនគេ បន្ទាប់មកកូនប្រុស តាទក ឈ្មោះវ៉ាង ក៏ឆ្កួតរបៀបនេះដែរ។ បន្ទាប់បាន ឃើញរូបរាងស្រស់សង្ហារបស់កំលោះវ៉ាង ប្រច គាត់ ក៏ចាប់ចិត្តប្រតិព័ទ្ធ ដោយពុំបានដេញដោលពីប្រវត្តិ ឆ្កួតជំបួរអ្វីឡើយ ដែលកាលនោះ អ្នកស្រីរស់នៅ ស្រុកកំណើត នាស្រុកកៀនស្វាយ ឯណោះ ក៏យល់ ព្រមរៀបការតាមប្រពៃណីជាមួយកំលោះវ៉ាង ប្រច និងចេញមកនៅខាងប្តីរហូតមក។
អ្នកស្រីវ៉ែន សុខា បន្តថា ពាក់ព័ន្ធដល់រឿងជីតារបស់ប្តីគាត់ ឈ្មោះតាទក ដែលវិកលចរិតរហូតដល់ស្លាប់នោះ អ្នកបន្តវេន គឺកូនប្រុសតាទក និងត្រូវជាឪពុកក្មេកគាត់ ឈ្មោះវ៉ាង។ ពេលឡប់ ស្មារតីនោះ ឪពុកក្មេកធ្វើការរកស៊ីអ្វីលែងកើត គឺបន្ទុកគ្រួសារ ធ្លាក់ទៅលើម៉ែក្មេកទាំងស្រុង ដោយខំព្យាបាលប្តីយ៉ាងយកចិត្តទុកដាក់។ ឪពុកក្មេក
វិកលចរិត ឬឆ្កួតជួរជំបួរបាន៥ឆ្នាំ ក៏បានជាសះស្បើយវិញ និងនៅរួមរស់ជាមួយម៉ែក្មេក រហូតពួកគាត់ទទួលមរណភាពរៀងៗខ្លួន។ គ្រាន់តែឪពុកក្មេកស្លាប់មិនបានប៉ុន្មាន ក៏ស្រាប់តែប្តីគាត់ឈ្មោះប្រច ធ្លាក់ខ្លួនវិកលចរិត បំពេញការងារអ្វី ក៏លែងកើត ដែលបន្ទុករកស៊ីធ្លាក់មកលើគាត់ទាំងស្រុងតាំងពី ឆ្នាំ១៩៩៨ មកម៉្លេះ។ អ្នកស្រីបានដឹកប្តីដើររកគ្រូព្យាបាលសុសសព្វដីអស់ ហើយ ឱ្យតែឮល្បីគ្រូហោរពូកែ ទោះនៅខេត្តឆ្ងាយរាប់រយគីឡូក៏ទៅដែរ។
អ្នកស្រីវ៉ែន សុខា បន្តទាំងក្រៀមក្រំថា គ្រាន់តែប្តីបានធូរស្រាលបន្តិច ក៏ស្រាប់តែកូនស្រីទី៣ របស់គាត់ឈ្មោះជន់ ខេមា អាយុ២២ឆ្នាំ ចាប់ផ្តើមវក់លែងដឹងខុសត្រូវ បាត់បង់អនាគតទាំងវ័យនៅក្រមុំ។ គាត់ព្យាបាល ប្តីអស់សម្បុកសម្បត្តិរលីងហើយ មិនដឹងបានលុយឯណាព្យាបាលកូនក្រមុំ ម្នាក់នេះទៀតទេ។ ឥឡូវកូនៗរបស់គាត់ទាំងអស់កំពុងតែព្រួយបារម្ភខ្លាចតែ ជំងឺឆ្កួតជំបួរនេះឆ្លងរាលដាលទៅដល់ពួកគេទៀត ព្រោះថា ធម្មតាត្រកូលឆ្កួតជំបួរគ្មានពេលបញ្ចប់ទេ។
លោកបូ ផាន់ណា អាយុ២៩ឆ្នាំ ជាកូនប្រសាបានឱ្យដឹងថា លោកមានប្រពន្ធឈ្មោះជន់ បុប្ផា ជាកូនទី២ របស់គ្រួសារនេះ។ លោកនិងភរិយា បង្កើតបានកូន២នាក់ហើយ និងបានទៅរស់នៅឯខេត្តបាត់ដំបង ប៉ុន្តែឆ្លៀត រដូវកាន់បិណ្ឌក៏នាំគ្នាមកលេងស្រុក។ ប្តីប្រពន្ធលោកកំពុងតែព្រួយបារម្ភ ខ្លាចតែជំងឺឆ្កួតជំបួរនេះឆ្លងមកដល់កូនតូចៗរបស់លោក បន្ទាប់ពីបានដឹងថា ជីតាទួត ជីតា ឪពុក និងប្អូនថ្លៃកំពុងរងការយាយីពីជំងឺប្រចាំត្រកូលនេះ។
លោកជន់ ម៉ៃ អាយុ២០ឆ្នាំ ជាកូនពៅរបស់គ្រួសារនេះ បានឱ្យដឹងថា គេអាណិតបងស្រីណាស់ កំពុងតែរៀនសូត្រសុខៗ ស្រាប់តែបានទទួល មរតកឆ្កួតបន្តវេនពីឪពុក និងជីតា ដែលសព្វថ្ងៃ រូបគេ កំពុងភិតភ័យ ដោយខ្លាចជំងឺអកុសលនេះ ឆ្លងមក ដល់ខ្លួនទៀត។
លោកអ៊ឹម ឆាន់ អាយុ៥៦ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា គាត់កើតទាន់ពេលដែលតាទក មានជំងឺ ឆ្កួតជំបួរ បន្ទាប់មកឃើញតាវ៉ាង និងលោកប្រច ឥឡូវ ស្រាប់តែនាងក្រមុំខេមា រងមរតកនេះទៀត គឺសរុប ទៅ៤តំណទៅហើយ។ គាត់ក៏ដូចអ្នកភូមិឯទៀត អាណិតតែនាងក្រមុំនេះទេ កំពុងរៀនសុខៗ ស្រាប់តែ លែងដឹងខុសត្រូវ គ្មានអ្នកណាហ៊ានចូលស្តីដណ្តឹង អាចនឹងនៅព្រៅមួយជីវិត។ នាងខេមា ចាប់ផ្តើម វិកលចរិតជិត៣ឆ្នាំហើយ បន្ទាប់ពីលោកប្រច ជា ឪពុកបានធូរស្រាល។ ពុំដឹងជាបានគ្រូណាជួយព្យាបាល ឱ្យជាទេ ព្រោះនាងរៀនពូកែណាស់ មិនគួរបាត់បង់ អនាគតយ៉ាងនេះ។
គួរបញ្ជាក់ថា តាមជំនឿបុរាណ ខ្មែរយើងតែង គោរពជួរជំបួរ (ខ្មោច) ខាងឪពុក និងខាងម្តាយ។ ជួរ ខាងឪពុកមានឈ្មោះខ្មោចផ្សេងៗដូចជា និមន្ត តាសេង តាហ្លួង ជាដើម ឯជួរខាងម្តាយ មានខ្មោចឈ្មោះតា សោម ជំទាវតី ដូនគង់ ជាដើម។ ពីបុរាណកាលតែងតែ រៀបពិធីឡើងរោង អញ្ជើញខ្មោចជួរទាំងពីរនេះមក សេពសោយក្រយាហារបូជា ហើយបើត្រកូលគ្រួសារ ណាមិននឹកដល់ខ្មោចដូនតាទាំងនោះទេ នឹងត្រូវខ្មោច ដាក់បណ្តាសាឱ្យឈឺថ្កាត់ ឬ
ឆ្កួតជំបួរតៗគ្នាមិនខាន ឡើយ។ លក្ខណៈរបស់មនុស្សឆ្កួតជំបួរ គឺចូលចិត្ត និយាយស្តីម្នាក់ឯងង៉ូវៗ បែកអូរហូរជាស្ទឹង ជួនយំ ជួនសើច ជួនខឹងតូង ស្ទុះទៅដាល់ជញ្ជាំងក៏មាន។ បើ មានអ្នកណាហ៊ានថា “អាចម្កួត” ឬ “មីចម្កួតជួរ” ច្បាស់ជាមនុស្សឆ្កួតនោះខឹងដាច់ក្បាលដាច់កន្ទុយផ្ទុះ អំពើហិង្សាមិនខាន។ ជំងឺនេះមានកំណត់ពេល
ជួនកាល ១០ឆ្នាំ ឬ៥ឆ្នាំ ក៏បាត់ទៅ ឬដល់ស្លាប់ក៏មាន។ លុះគាត់ ស្លាប់ បណ្តាសាខ្មោចដូនតា ក៏ធ្លាក់ទៅដល់កូនចៅតគ្នា ព្យាបាលមិនងាយជាទេ។ លុះត្រាតែរៀបពិធីលៀង មេមត់គគ្រឹគគគ្រេង អង្វរខ្មោចដូនតាឱ្យដកពិសពរ ទើបបាន ដែលអ្នកក្រគ្មានលទ្ធភាពធ្វើបានឡើយ…៕