Saturday, January 11, 2025
Homeសង្គម និងជីវិតសង្វៀនបញ្ជល់មាន់ និងអាប៉ោង នៅស្រុកបាទី ល្បីដូចខេត្តកំពត

សង្វៀនបញ្ជល់មាន់ និងអាប៉ោង នៅស្រុកបាទី ល្បីដូចខេត្តកំពត

ខេត្តតាកែវ ៖ ទីតាំងបញ្ជល់មាន់ និងអាប៉ោងខុសច្បាប់យ៉ាងធំមួយនៅក្នុងភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ត្រូវបានគេមើលឃើញថាបើកដោយចំហ និងទទួលឱ្យមនុស្សម្នាចូលលេងដោយសេរីយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ហើយគិតមកដល់ពេលនេះ សង្វៀនមាន់ និងវង់អាប៉ោងខាងលើ បានបើកដំណើរការយ៉ាងរលូនអស់រយៈពេលជិត៣ខែហើយ ប៉ុន្តែគ្មានឃើញសមត្ថកិច្ច រួមនិងអាជ្ញាធរដែនដីណាអើពើ ឬមានចំណាត់ការអ្វីទាំងអស់ មិនខុសពីសង្វៀនមាន់នៅក្នុងខេត្តកំពត ប៉ុន្មានឡើយ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរសង្វៀនបញ្ជល់មាន់ខាងលើ បានបង្ហើបប្រាប់ថា សង្វៀនមាន់ដ៏ធំមួយនេះ ត្រូវគេស្គាល់ថា ជារបស់លោកធំម្នាក់ ធ្វើការនៅក្រសួងការពារជាតិ ពាក់ផ្កាយ២។ តាមពិត សមត្ថកិច្ចនៅក្នុងទឹកដីនោះ មិនមែនមិនដឹងថាមានសង្វៀនបញ្ជល់មាន់ ឬវង់ល្បែងខុសច្បាប់ក្នុងទឹកដីដែលខ្លួនគ្រប់គ្រងនោះទេ ប៉ុន្តែមិនព្រមចុះបង្ក្រាប ដោយខ្លាចអំណាចម្ចាស់សង្វៀនផងណាមួយទំនងជាទទួលបានលាភសក្ការៈ សើមមាត់សើមកផង ក៏មិនដឹង តែបើវង់ល្បែងតូចតាចតាមគុម្ពោតព្រៃវិញ ច្បាស់ជាតាមចាប់ដាក់គុកដោយមិនលើកលែងឡើយ។

ប្រជាពលរដ្ឋបានបង្ហើបប្រាប់ទៀតថា ទីតាំងសង្វៀនមាន់ និងអាប៉ោងខាងលើនេះ បើកលេងតាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ គិតមកដល់សព្វថ្ងៃ ជិត៣ខែមកហើយ ហើយគេតែងឃើញមានប្រជាពលរដ្ឋសុទ្ធតែប្រុសៗ មានចាស់ មានក្មេង ខ្លះជិះម៉ូតូ ខ្លះជិះឡានចូលលេងយ៉ាងពពាក់ពពូន ដោយពេលខ្លះចូលទាំងមុខខ្លាញ់ តែពេលចេញមកវិញមុខដូចខ្មោចក៏មាន ព្រោះតែចាញ់អស់បោសគូទខោ។ កន្លែងនេះ លេងធំណាស់ គឺនៅថ្ងៃចន្ទ-អង្គារ គេបើកឱ្យភ្នាល់ចាប់ពី៥០ម៉ឺនរៀលឡើងទៅ ដោយឡែកចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ គឺភ្នាល់ចាប់ពី១លានរៀលឡើងទៅ រីឯការយាមកាមវិញ គឺមានសន្តិសុខការពារ៣ដំណាក់កាលឯណោះ ក្នុងនោះដំណាក់កាលទី១ នៅច្រកដើមផ្លូវចំណុចសាលាបុណ្យ គឺមានសន្តិសុខម្នាក់ចាំឱ្យសញ្ញាទៅច្រករបង ដែលហៅថាដំណាក់កាលទី២ ថាជាអ្នកលេង ជាអ្នកកាសែត ឬជាសមត្ថកិច្ចចុះមក។ នៅពេលដឹងថា ជាអ្នកកាសែត គេនឹងឱ្យបុគ្គលិក កាសែតម្នាក់ ដែលឈរជើងស៊ីប្រាក់ខែពីលោក ម៉ាប់ ចេញមកជួប និងពង្វៀងឱ្យទៅជជែកគ្នានៅខាងក្រៅ។ ដោយឡែក ដំណាក់កាលទី៣ គឺជាដំណាក់កាលកិបសំបុត្រអនុញ្ញាតឱ្យចូលលេង បន្ទាប់ពីកិបសំបុត្រហើយ គឺអាចចូលលេងដោយសេរីតែម្តង។

ប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ថា ដីដ៏ធំល្វឹងល្វើយជាទីតាំងសង្វៀនបញ្ជាល់មាន់នេះ ត្រូវគេដឹងថា ម្ចាស់សង្វៀន ដែលពាក់ផ្កាយ៣ បានជួលពីថៅកែធំម្នាក់នៅភ្នំពេញ ក្នុងមួយខែ៣ពាន់ដុល្លារ។ ហើយក្នុងទីតាំងនោះ គឺមានមនុស្សបម្រើការមិនក្រោម១៥នាក់ទេ ក្នុងនោះមេការធំ ដែលជាដៃជើងរបស់លោកធំ មានឈ្មោះភ័ក្ត្រ គឺជាជើងខ្លាំងក្នុងការកាងល្បែង ខុសច្បាប់នេះ ហើយឈ្មោះភ័ក្ត្រនេះ មានជំនាញ ខាងបុកលុយទៅឱ្យសមត្ថកិច្ចចុះបង្ក្រាបកន្លែង បើកលេងទ្រង់ទ្រាយធំក្នុងខេត្តតាកែវ ដើម្បីឱ្យក្រុមអ្នកចូលចិត្តលេងល្បែងជល់មាន់ និងអាប៉ោង រត់មកចូលលេងនៅក្នុងកន្លែងរបស់គេតែមួយគត់។

ប្រជាពលរដ្ឋបានទទូចស្នើសុំដល់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏ដូចជាលោក សុខ សំណាង ស្នងការនគរបាលខេត្ត ជួយចាត់ វិធានការចំពោះករណីខាងលើនេះផង ដើម្បី ចូលរួមអនុវត្តគោលនយោបាយភូមិមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ព្រោះមិនទាន់អាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរដែនដី រួមនិងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES