Wednesday, December 25, 2024
Homeព័ត៌មានជាតិប្តីសង្ហាខ្លាចភក់ ប្រពន្ធសំពង៣គល់ប្ញស្សី

ប្តីសង្ហាខ្លាចភក់ ប្រពន្ធសំពង៣គល់ប្ញស្សី

បុរសរូបរាងសង្ហាម្នាក់នេះ នៅពេលបានទទួល តំណែងជាប្រជាការពារភូមិ មួយថ្ងៃៗគិតតែពី ស្លៀកពាក់ឯកសណ្ឋានដើរបង្អួតរាងក្នុងភូមិ មិន សូវខ្វាយខ្វល់ពីការងារស្រែភ្លឺ ចិញ្ចឹមប្រពន្ធកូន ឡើយ ខ្លាចប្រឡាក់ភក់ ធ្វើឱ្យប្រពន្ធជ្រិញប្ញក ទ្រាំមិនបាន ណាមួយខំធ្វើការងារចិញ្ចឹមកូន លំបាកតែម្នាក់ឯងផង ក៏ទាញព្រនង់សំពងប្តី៣ គល់ប្ញស្សី ទុកជាការព្រមាន…។

នាងមឿន ភីវ អាយុ២១ឆ្នាំ រស់នៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ ដែលឪពុកឈ្មោះញ៉ឹប មឿន (ស្លាប់) ម្តាយឈ្មោះប៊ូ សឿម អាយុ៦១ឆ្នាំ ជាកសិករ ទើបនាងគ្មាន ឱកាសបានរៀនសូត្រជ្រៅជ្រះដូចកូនអ្នករស់នៅទីក្រុង។ លុះធំពេញក្រមុំ ចាស់ទុំបានផ្សំផ្គុំឱ្យនាងរៀបការជាមួយប្តីឈ្មោះធន់ ភិន សព្វថ្ងៃ អាយុ៣២ឆ្នាំ តាមប្រពៃណីក្រាបក្បាលដល់កន្ទេល និងសាងស្នេហ៍ ជាមួយគ្នាបង្កើតបានកូនស្រី២នាក់ ជាចំណងនិស្ស័យ។ ចាប់តាំងពី បានគ្នាជាប្រពន្ធប្តីមក រឿងការងារស្រែភ្លឺ ប្តីមិនសូវសង្វាតឱហាត ឡើយ ពោលគឺធ្វើក្នុងលក្ខណៈចុងដៃចុងជើងប៉ុណ្ណោះ ប៉ុន្តែបើខាង ដើរបង្អួតរាងនៅចំពោះមុខស្រីៗ ចំណាប់ណាស់ ព្រោះប្តីមានរូបរាង ខ្ពស់សង្ហាស្រាប់ពីធម្មជាតិ ហើយក៏ពូកែណាស់ដែរខាងទៅអង្គុយ ព័ទ្ធវង់ជល់កែវ ជាមួយបនភឿន នៅតាមតៀមលក់ស្រា។

លោកធន់ ភិន

នាងភីវ បន្តទៀតថា មួយរយៈក្រោយមក ប្តីនាងកាន់តែដើរ បង្អួតរាងខ្លាំងឡើង បន្ទាប់ពីបងប្រុសជាប្រធានភូមិជួយជ្រោមជ្រែង ធ្វើជាប្រជាការពារភូមិ លែងខ្ចីធ្វើការងារស្រែភ្លឺ និងមិនខ្វាយខ្វល់ អ្វីទាំងអស់ ព្រឹកឡើងបើកភ្នែកមិនទាន់ទេ ទាញខោអាវជាឯកសណ្ឋាន ប្រជាការពារស្លៀកពាក់ស្អាតបាត ចេញពីផ្ទះទៅដើរបង្អួតរាងដ៏សង្ហា របស់គេបាត់។ លុះល្ងាចឡើង ទើបឃើញប្តីអើតក្បាលត្រឡប់ចូលផ្ទះ ព្រមទាំងមានអាការស្រវឹងស្រា ធ្លាក់ភ្នែកទៀតផង ទោះបីជាប្រពន្ធ កូនអត់បាយក្រហាយទឹក ក៏ប្តីមិនឈឺក្បាលវិលមុខដែរ។ សព្វថ្ងៃនេះ ការងារស្រែចម្ការកុំតែបាននាងជាប្រពន្ធ និងកូនជាអ្នកជ្រោង និង ដើរស៊ីឈ្នួលជួលព័ទ្ធគេយកប្រាក់មកទុកសម្រាប់ចាយវាយប្រចាំថ្ងៃ មិនដឹងជាជីវភាពគ្រួសារនាងត្រូវធ្លាក់ដុនដាបដល់កម្រិតណា បើពឹង លើប្តីច្បាស់ជាអត់បាយហូបដាច់ពោះស្លាប់ជាមិនខាន។

នាងមឿន ភីវ

ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា ប្តីមិនត្រឹមតែមិនជួយគិតគូរ រឿងគ្រួសារទេ តែផ្ទុយទៅវិញឱ្យតែស្រវឹងស្រាចូលដល់ផ្ទះតែងរក រឿងបង្កជម្លោះ ជាមួយប្រពន្ធកូនឥតស្វាង ធ្វើឱ្យនាងទ្រាំនឹងទង្វើប្តី រូបនេះតទៅទៀតលែងបាន ក៏ទាញព្រនង់សំពងប្រដៅប្តី៣គល់ប្ញស្សី ទុកជាការព្រមាន ប៉ុន្តែពេលនោះ សំណាងដែរ ដែលប្តីមិនវាយតបត មកលើនាងជាប្រពន្ធវិញ ម៉្លេះអី! ច្បាស់ជាធ្ងន់ករបស់ប្តីវិញជាមិនខាន។ ចាប់ពីពេលនោះមក ប្តីហាក់ដូចជាភ្ញាក់រលឹកកែខ្លួន ចេះជួយធ្វើការងារ ស្រែចម្ការប្រពន្ធកូនខ្លះវិញ តែប្តីតមសម្តីមិននិយាយរកនាង អស់រយៈពេល៣ខែឯណោះ ទើបតែនិយាយរកគ្នានៅមួយរយៈចុងក្រោយនេះ ប៉ុណ្ណោះ។ តែយ៉ាងណា ដំបងរបស់នាងក៏អាចជួយឱ្យប្តី កែខ្លួនបាន ច្រើនដែរ មិនគិតតែពីសង្ហា ដើរបង្អួតរាងដូចមុនឡើយ។

នាងមឿន ភីវ និងលោកធន់ ភិន ជាមួយកូនៗ

លោកធន់ ភិន ជាប្តីបានឱ្យដឹងថា ប្រពន្ធរបស់លោកមានចិត្តចង្អៀតចង្អល់ និងមិនយល់ពីការងារប្តី ដែល បម្រើសង្គមឡើយ។ ហើយលោកក៏ស្រលាញ់ការងារនេះដែរ ទើបរាងរយាលដៃរឿងការងាររកស៊ីចិញ្ចឹមប្រពន្ធ កូនបន្តិចទៅ។ មូលហេតុដែលមិនជួយធ្វើការងារស្រែភ្លឺប្រពន្ធកូន គឺលោកនិងក្រុមប្រជាការពារភូមិឯទៀត បានទទួលភារកិច្ចសំខាន់មួយពីលោកមេភូមិ ឱ្យដើរស៊ើបអង្កេតរកកន្លែងលេងល្បែងស៊ីសង និងធ្វើរបាយការណ៍ មួយជូនទៅលោកមេប៉ុស្តិ៍ ដើម្បីមានវិធានការណ៍ក្តៅមួយទប់ស្កាត់បង្ក្រាបបទល្មើសទាំងនេះ នៅក្នុងមូលដ្ឋាន កំពុងរស់នៅសព្វថ្ងៃ។ លុះដល់ពេលប្រពន្ធមិនយល់ពីការងារប្តី គិតថា លោកដើរលេងឥតប្រយោជន៍ ក៏ទាញ ព្រនង់សំពងប្តី៣គល់ប្ញស្សីតែម្តង។ តែយ៉ាងណា លោកមិនប្រកាន់ខឹងជាមួយប្រពន្ធដែរ មកពីនាងមិនយល់ ពីការងារប្តី ហើយក៏ជាកំហុសរបស់លោកដែរ ដែលមិនប្រាប់ប្រពន្ធឱ្យដឹងជាមុន។

នាងនាងមឿន ភីវ

នាងធឿន អឿង ជាបងជីដូនមួយបានឱ្យដឹងថា នាងនិយាយមិនកាន់ជើងខាងណាមួយទេ តាមពិតទៅ ប្អូនថ្លៃជីដូនមួយ (បុរសជាប្តី) ហាក់បីដូចជាមិនសូវ ជួយធ្វើការងាររកស៊ីចិញ្ចឹមគ្រួសារមែន លុះពេល បានធ្វើការជាប្រជាការពារភូមិកាន់តែលែងជួយធ្វើ ការងារចិញ្ចឹមគ្រួសារទាំងស្រុងតែម្តង ធ្វើឱ្យបន្ទុក រកស៊ីចិញ្ចឹមគ្រួសារទាំងមូល ត្រូវធ្លាក់មកលើប្រពន្ធ ជាអ្នករ៉ាប់រងតែម្នាក់ឯង បណ្តាលឱ្យជីវភាពគ្រួសារ ធ្លាក់ចុះដុនដាបជាលំដាប់ ទើបប្រពន្ធទ្រាំលែងបាន ក៏សំពងប្តី៣គល់ប្ញស្សីម្តងទៅ។ ស្ត្រីរូបនេះបន្តថា រឿងនេះបើបុរសជាប្តីសង្វាតការងារតែបន្តិច ក៏មិន ត្រូវព្រនង់របស់ប្រពន្ធដែរ ព្រោះប្រជាការពារផ្សេង ទៀត ក៏មានភារកិច្ចដូចជាប្អូនថ្លៃជីដូនមួយដែរ ប៉ុន្តែ គេអាចឆ្លៀតមកធ្វើការងារចិញ្ចឹមគ្រួសារបានជាធម្មតា។

លោកយាយប៊ូ សឿម

លោកយាយប៊ូ សឿម ជាម្តាយបានឱ្យដឹងថា គាត់មិនកាន់ជើងវែកញែកអ្នកណាខុសអ្នកណាត្រូវ ឡើយ នាំឱ្យគេថា គាត់ជាម្តាយមានចិត្តលំអៀង ស្រលាញ់កូនមិនស្មើគ្នា ដូច្នេះគាត់យល់ថា ប្តីប្រពន្ធ កូនទាំងពីរ គឺខុសបន្តិចម្នាក់ ដោយសាររួមរស់មិន ចេះពិភាក្សាអធ្យាស្រ័យឱ្យគ្នា ទើបបង្កឱ្យមានជម្លោះ កើតឡើងដូចនេះ។ តែយ៉ាងណា ក្រោយពីកូនស្រី ទាញព្រនង់វាយប្តី និងមានការណែនាំស្តីប្រដៅអប់រំ ពីចាស់ទុំមកឃើញថា ប្តីប្រពន្ធពួកគេរស់នៅចុះសម្រុង គ្នាបានច្រើន មិនសូវជួបរឿងរ៉ាវខ្វែងគំនិតឈ្លោះ ប្រកែកគ្នាដូចមុនឡើយ។ រីឯកូនប្រសារបស់គាត់ ក៏ភ្ញាក់រលឹកកែខ្លួន ចេះជួយធ្វើការងារស្រែភ្លឺចិញ្ចឹម ប្រពន្ធកូនឡើងវិញដែរ។

នាងធឿន អឿង

រីឯអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងថា លោកធន់ ភិន (ប្តី) ពិតជាមានរូបរាងខ្ពស់សង្ហាមែន ហើយ ក៏មិនសូវជួយធ្វើការរកស៊ីចិញ្ចឹមគ្រួសារដែរ ជាពិសេស ក្រោយពេលចូលធ្វើជាប្រជាការពារ កាន់តែបោះបង់ ការងារស្រែភ្លឺចោលទាំងស្រុងតែម្តង ដោយមួយ ថ្ងៃៗ ឃើញតែស្លៀកពាក់តឺនុយឯកសណ្ឋានប្រជាការពារដើរទៅដើរមក មានពេលខ្លះឃើញអង្គុយ ព័ទ្ធវង់ជល់កែវ នៅឯតៀមលក់ស្រាក៏មាន ទើបធ្វើឱ្យ ប្រពន្ធក្តៅចិត្តទ្រាំលែងបាន ក៏ទាញគល់ប្ញស្សីសំពងប្តី ដើម្បីបញ្ចោញកំហឹងតែម្តង។ ចាប់ពីពេលនោះមក ឃើញបុរសជាប្តី ជួយធ្វើការងារស្រែភ្លឺចិញ្ចឹមគ្រួសារ ឡើងវិញ និងមិនដែលឮប្តីប្រពន្ធពួកគេឈ្លោះប្រកែក គ្នាទៀតដែរ ដោយសារបានគល់ឬស្សីជួយអប់រំ…”៕

RELATED ARTICLES