Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិSINO Plaza ជាង​តម្លៃ​​២០០​លាន​ដុល្លារ បញ្ចប់​ការ​បុក​គ្រឹះ​ និង​ការ​កក់ ជា​លើក​ដំបូង​

SINO Plaza ជាង​តម្លៃ​​២០០​លាន​ដុល្លារ បញ្ចប់​ការ​បុក​គ្រឹះ​ និង​ការ​កក់ ជា​លើក​ដំបូង​

ភ្នំពេញ ៖ គម្រោងអចលនទ្រព្យធំជាងគេ ដោយប្រើប្រាស់ទុនវិនិយោគជាង២០០លានដុល្លារ បានចាប់ផ្តើមទទួលការកក់ពីអតិថិជនហើយ មុនពេលប្រកាសលក់ជាផ្លូវការនៅដើមខែសីហាខាងមុខនេះ ។

គម្រោងអចលនទ្រព្យដែលធំជាងគេនៅភាគខាងត្បូងរាជធានីភ្នំពេញ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដោយរហូតមកទល់ពេលនេះ អ្នកអភិវឌ្ឍន៍គំរោងនេះបានចំណាយទុន ១៥លានដុល្លាររួចហើយ ក្នុងការបុកគ្រឹះលើគំរោងដែលមានអាគារកប់ពពកកំពស់៤៥ជាន់ ចំនួន ៤អាគារនេះ។

កញ្ញាឆឹង សុធារ៉ា តំណាងផ្នែកលក់នៃគំរោងSINO PLAZA បានថ្លែងឲ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលម៉ិញថា គំរោងSINO PLAZAត្រូវបានសាងសង់លើផ្ទៃដី១.៣ហិកតា ស្ថិតក្នុងសង្កាត់បឹងត្របែក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ គំរោងនេះមានការបំពាក់នូវសម្ភារៈបរិក្ខា និងសេវាកម្មនានាទាំងអស់ រួមមានចំណតយានយន្តដែលអាចចតយានយន្តបាន១៦០០គ្រឿង ផ្សារទំនើប ក្លឹបហាត់ប្រាណ កន្លែងលេងលេងកីទ្បា កន្លែងច្រៀងខារ៉ាអូខេ និងរោងភាពយន្តជាលក្ខណៈឯកជនជាដើម។

8

កញ្ញាបន្តថា អាគារកប់ពពកទាំង៤នៃគំរោងនេះ មានមុខងារដោយឡែកពីគ្នា រួមមាន អាគារA និងCជាខុនដូ ចំណែកអាគារDជាអាគារការិយាល័យនិងសណ្ឋាគារ និងអាគារBជាសេវាកម្មអាផាតម៉ិន។ចំណុចពិសេសនៃគំរោងនេះ គឺអ្នកវិនិយោគបានទុក១០ភាគរយនៃអាគារC សម្រាប់ផ្តល់នូវតំលៃពិសេសជូនប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម។កញ្ញាបន្តថា អ្នកវិនិយោគគំរោងនេះនឹងទទួលការជួលខុនដូត្រលប់ពីអតិថិជនមកវិញក្នុងរយៈពេលពីរឆ្នាំ ដែលស្មើនឹង៧ភាគរយក្នុងមួយឆ្នាំនៃតំលៃផ្ទះណាមួយដែលពួកគេបានទិញ។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនHutton CPLដែលជាភ្នាក់ងារលក់ផ្តាច់មុខរបស់គំរោងនេះ បានថ្លែងថា យើងជឿជាក់ថាគំរោងនេះនឹងទទួលបាន ជោគជ័យ ដោយរំពឹងថាគំរោងនេះនឹងចំណាយពេលមួយឆ្នាំប៉ុណ្ណោះ ដើម្បីលក់អស់គំរោងនេះទាំងមូល ដោយសារទីផ្សារខុនដូនៅឆ្នាំនេះ នៅតែមានការលក់ល្អប្រសើរ ធៀបនឹងឆ្នាំមុន ជាក់ស្តែងកាលពីឆ្នាំមុនយើងអស់បាន១៥០០ផ្ទះ ប៉ុន្តែយើងរំពឹងថាឆ្នាំនេះការលក់របស់យើងនឹងសម្រេចបាន ២០០០ផ្ទះ នៅក្នុងវិស័យខុនដូដែលកំពុងមានការរីកចំរើននេះ។

លោកបន្តថា “បើទោះជាទីផ្សាររបស់យើងជួនកាលក្តៅ ជួនកាលត្រជាក់ក្តី តែវិស័យអចលនទ្រព្យនៅកម្ពុជា មានការអភិវឌ្ឍលឿនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ”។លោកបន្តថា “ការវិនិយោគអចលនទ្រព្យនាពេលនេះ ទាមទារឲ្យភ្នាក់ងារអចលនទ្រព្យមានភាពស្មោះត្រង់ ប្រកបការងារដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ វានឹងធ្វើឲ្យមានទំនុកចិត្ត ពេលណាមានទំនុកចិត្តយើងនឹងទទួលបានជោគជ័យ”។

អ្នកនាងSHARON LIEWអគ្គនាយកក្រុមហ៊ុនSINO PLAZAបានថ្លែងថា អ្នកវិនិយោគវិស័យអចលនទ្រព្យ បានចូលមកវិនិយោគនៅកម្ពុជាយ៉ាងច្រើនកាលពី ២ឆ្នាំមុន ពួកគេទទួលបានជោគជ័យក្នុងការលក់គំរោងរបស់ខ្លួន ហើយបានប្រមូលប្រាក់យ៉ាងច្រើនត្រលប់ទៅវិញ ប៉ុន្តែក្នុងស្ថានភាពនេះ គំរោងSINO PLAZAដែលចាប់ផ្តើមសាងសង់ដោយមិនរាថយនាពេលនេះ ជាការបញ្ជាក់ពីភាពរឹងមាំនៃក្រុមហ៊ុនរបស់យើងឈរជើងនៅក្នុងទីផ្សារនេះ។ អ្នកនាងបន្តថា យើងមានទុនគ្រប់គ្រាន់ដើម្បីបញ្ចប់គំរោងនេះ យើងប្តេជ្ញាវិនិយោគរយៈពេលវែងនៅទីនេះ តាមរយៈការផ្តល់គំរោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

អ្នកនាងបន្តថា“ជាយូរមកហើយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ឋជាមួយគ្នា ហើយចិនបានផ្តល់ធាតុផ្សំយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា”។ អ្នកនាងបន្តថា “អ្នកវិនិយោគចិនចូលមកទីផ្សារនេះកាន់តច្រើន ដោយសារពួកគេមើលឃើញសក្តានុពលនៅទីនេះ ។ បើសិនជាប្រទេសនេះមិនមានសក្តានុពលទេ ពួកគេមិនចូលមកទីនេះទេ ប៉ុន្តែទីនេះងាយស្រូលរកប្រាក់ចំណេញពីការវិនិយោគ”។

អ្នកនាងSHARON LIEW បានបន្តថា អ្នកនាងរំពឹងថានាពេលអនាគតឆាប់ៗនេះ ប្រជាពលរដ្ឋខ្មែរនឹងចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថ រស់នៅតាមខុនដូកាន់តែច្រើន ដែលបទពិសោធន៍នៅប្រទេសម៉ាឡេស៊ី ថៃ និងសាំងហ្កាពួរមានភាពដូចគ្នានេះ។ អ្នកនាងបញ្ជាក់ថា ពេលតំលៃដីកាន់តែឡើងថ្លៃខ្ពស់ ពេលទីក្រុងកាន់តែចង្អៀត និងការកកស្ទះចរាចរ ប្រជាពលរដ្ឋនឹងរស់នៅតាមខុនដូ ដែលការរស់នៅខុនដូជាជីវិតមានភាពស៊ីវិល័យ មានសម្ភារៈបរិក្ខាទំនើប សន្តិសុខល្អ ដែលធ្វើឲ្យជីវិតរបស់ពួកគេកាន់តែមានភាពប្រសើរឡើង។

ដោយ៖ គង់ លាងហួរ

RELATED ARTICLES