ភ្នំពេញ៖ បុរសម្នាក់ត្រឡប់មកពីផឹកស៊ីស្រវឹងរករឿងកូនប្រពន្ធ ហើយស្ទុះទៅវាយប្រពន្ធបានមួយដៃ បម្រុងវាយទៀត ប៉ុន្តែប្រពន្ធបានយកកន្រ្តៃរងការពារខ្លួន ចាក់ចំប្តី២កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបានស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា នៅផ្ទះជួលភូមិប៉ប្រកខាងជើងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះមានឈ្មោះ ស៊ុន សុខហៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជំនួយការអគ្គិសនី ដើរកត់ទឹកភ្លើង និងរត់ម៉ូតូឌុប រស់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅកំពង់សោម ចំណែកជនដៃដល់ជាប្រពន្ធមានឈ្មោះ សុខ សុគន្ធា ហៅមុំ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ចាប់ហួយ និងប្រហិតចៀន រស់នៅភូមិកើតហេតុ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។
តាមសម្តីជាប្រពន្ធដែលជាជនដៃដល់បានឲ្យដឹងថា គាត់មានប្តីមុនបានកូន៤នាក់ តែបាន លែងលះគ្នាជាង១០ឆ្នាំមកហើយ និងបានស្គាល់គ្នាជាមួយប្តីក្រោយរយៈប្រមាណ១០ឆ្នាំមកហើយដែលបង្កើតបានកូន៣នាក់ទៀត ប៉ុន្តែបច្ចុប្បន្នកូនគាត់ប្តីមុន៤នាក់បានទៅជួលផ្ទះ ស្នាក់នៅបែកពីគាត់អស់ហើយ ដោយគាត់រស់នៅតែជាមួយប្តីក្រោយ និងកូន៣នាក់តែប៉ុណ្ណោះ គឺកូនបងអាយុ១០ឆ្នាំ និងកូនពៅមានអាយុ៣ឆ្នាំ។
ប្រភពដដែលបានសារភាពថា នៅមុនពេលកើតហេតុ គាត់កំពុងតែលក់ប្រហិតនៅមុខផ្ទះជួល បន្ទាប់មកបានឃើញប្តីមកពីរត់ឌុប ក្នុងស្ថានភាពស្រវឹង ហើយបានមកផឹកបន្តនៅមុខផ្ទះជួលជាមួយមិត្តភក្តិមានគ្នា២នាក់ទៀត ស្រាប់តែមានអ្នកជិតខាងគេមកទិញអីវ៉ាន់ជំពាក់លុយជាញឹកញាប់កន្លងមក សរុបទាំងអស់ចំនួន៧ម៉ឺនរៀល ពេលប្តីគាត់បានឮថាគេជឿដល់ទៅ៧ម៉ឺន រៀល ក៏បានជេរដៀលគាត់ថា មីថោក! ងែងឲ្យគេជឿច្រើនម៉េះ មីថោក! មីឆ្កួត ងែងមានដើមប៉ុន្មានទិញទៀត! រួចហើយប្តីរបស់គាត់បានចូលទៅសំរាក ហើយបានគំរាមកូនស្រីរកវាយ ធ្វើឲ្យ
កូនភ័យស្ងាត់រៀងៗខ្លួន ។ បន្ទាប់មកទៀតគាត់កំពុងតែយកកន្ត្រៃកាត់ថង់ពោតលីងហូបលេង ស្រាប់តែប្តីបានស្ទុះទៅវាយទៅលើគាត់ត្រូវមួយដៃចំក្បាល ហើយស្ទុះមកវាយម្តងទៀត ក៏ត្រូវគាត់យកកន្ត្រៃដែលកាន់ជាប់នឹងដៃរងការពារខ្លួន ដោយមិនបានដឹងថា ត្រូវប្តី២កន្លែងទេ គឺចំលើដោះនិងក្រោមដោះ ។
ពេលកើតហេតុភ្លាមៗនោះអ្នកជិតខាងបានមកជួយដោយស្មានថា ប្តីវាយប្រពន្ធ ស្រាប់តែឃើញបុរសជាប្តីមានឈាមហូរ ហើយកូនស្រីប្រុសនិងអ្នកស្រុក បាននាំជនរងគ្រោះខាងលើដឹកតាមម៉ូតូទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តែបុរសជាប្តីមានឈាមហូរច្រើនពេក គ្រូពេទ្យបានដេរបិទរបួសហើយបញ្ជូនតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យព្រកុសុមៈ បានបន្តិច ប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់ ។
បើតាមសម្តីរបស់អ្នកនៅក្បែរប្តីប្រពន្ធខាងលើនេះបានបញ្ចាក់ប្រាប់អ្នកសាព័ត៌មានថា គ្រួសារខាងលើ តែងមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ តែមិនដែលវាយធ្ងន់ធ្ងន់ទេ គឺឈ្លោះគ្នាមួយសន្ទុះត្រូវគ្នាវិញ។
ប្រភពដដែលបានបន្តទៀតថា ពេលដែលដឹងថាប្តីស្លាប់ហើយគាត់បានជិះម៉ូតូទៅសារភាព កំហុសនៅប៉ុស្តិ៍នគរបាលកាកាប ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ចំណែកសពត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងដឹកយកទៅវត្តពោធិ៍ចិនតុង ដើម្បីអោយជំនាញធ្វើកោសល្យវិច័យ នឹងដើម្បីធ្វើបុណតាប្រពៃណី៕