បុរសម្នាក់នេះ ឱ្យតែប្រពន្ធឆ្លងទន្លេ តែងដើរចោលផ្ទះទៅរកស៊ីនៅស្រុកឆ្ងាយ បាត់ រហូតដល់ប្រពន្ធរឹងសរសៃសរសូង ទើបអើតក្បាលចូលផ្ទះ ដើម្បីផលិតកូន តែមិនសូវបានប្រាក់ឱ្យប្រពន្ធចាយឡើយ។ ពេលជួបប្រពន្ធម្តងៗ រូបគេប្រៀបដូចជាក្របីដាច់សង្វែងប្រទះដើម ចេកអ៊ីចឹង និងមានជំនាញតែខាងផលិតកូន ពោលគឺដាក់បានៗ បណ្តាលឱ្យប្រពន្ធធុញទ្រាន់ ខ្លាចពពោះធំឆ្លងទន្លេ លំបាកតែម្នាក់ឯងទៀត ទើបប្រពន្ធក្តៅចិត្តលែងឱ្យប្តីប៉ះ…។
នាងសឿង វុន អាយុ៣៩ឆ្នាំ រស់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី៥ ក្នុងចំណោមបងប្អូន៧នាក់ ដែលម្តាយមានឈ្មោះទិត្យ សួន អាយុ៧០ឆ្នាំ ឪពុកឈ្មោះពុក សឿន (ស្លាប់)។ កាលពីក្មេង នាងរៀនសូត្រមិនបានវែងឆ្ងាយទេ មិនចប់ថ្នាក់បឋមសិក្សាផង ក៏ឈប់ទៅ។ លុះពេលធំពេញក្រមុំ នាងបានរៀបការជាមួយប្តីឈ្មោះគង់ គឿន អាយុបងនាង១ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនចំនួន៦នាក់ (ស្រី២ ប្រុស៤) ជាចំណងដៃនិស្ស័យស្នេហ៍។ តាំងពីរៀបការរួចមក ប្តីនាងមិនបានរស់នៅក្បែរប្រពន្ធជាប់លាប់ទេ តែងចេញទៅធ្វើការរកប្រាក់ នៅស្រុកឆ្ងាយបាត់ៗ មួយឆ្នាំ ទើបឃើញអើតមុខចូលផ្ទះម្តង ប៉ុន្តែមិនមាន លុយចូលផ្ទះទេ យ៉ាងច្រើនណាស់១០-២០ម៉ឺនរៀលប៉ុណ្ណោះ ហេតុនេះហើយ ទើបនាងចេះតែខឹងសម្បាជាមួយប្តី។
នាងសឿង វុន បញ្ជាក់ថា តាមពិត ប្តីមកផ្ទះមិនមែនយកលុយឱ្យប្រពន្ធចិញ្ចឹមកូនឡើយ គឺបំណងមកសប្បាយក្នុងផ្លូវកាមគុណ ព្រោះឱ្យតែត្រឡប់ ចូលផ្ទះពេលណា ប្តីប្រៀបដូចជាក្របីដាច់សង្វែងប្រទះឃើញដើមចេកអ៊ីចឹង។ រីឯនាងជាប្រពន្ធវិញ ដោយយល់ថា ជាប្តីប្រពន្ធនឹងគ្នា រៀបការពេញ ច្បាប់ទៅហើយ ក៏ចេះតែបំពេញបំណងរបស់ប្តីទៅ។ ជាងនេះទៅទៀត ប្តី មានជំនាញបច្ចេកទេសច្បាស់លាស់ខាងបង្កើតកូន ធ្វើឱ្យប្រពន្ធពោះធំជា បន្តបន្ទាប់ ប៉ុន្តែឱ្យតែប្រពន្ធពោះធំ ជិតដល់ថ្ងៃសម្រាលកូន ប្តីចេញពីផ្ទះបាត់ស្រមោល ទុកឱ្យនាងកូនខ្ចីពិបាកវេទនាតែម្នាក់ឯង។ និយាយរួម រាល់កំណើតកូនគ្រប់គ្នា ប្តីមិនដែលនៅក្បែរប្រពន្ធឡើយ ទាល់តែនាងរឹងដៃជើងសរសៃសរសូង ទើបឃើញប្តីអើតក្បាលចូលផ្ទះឱ្យក្រឡឺម មកផលិតកូនទៀត ធ្វើឱ្យនាងធុញទ្រាន់ជាមួយប្តីនេះជាខ្លាំង ក៏សម្រេចចិត្តលែងឱ្យប៉ះពាល់ខ្លួនប្រាណតែម្តង ព្រោះខ្លាចភ្លាត់ស្នៀតមានកូនទៀត ពិបាកតែប្រពន្ធម្នាក់ឯងឥតប្រយោជន៍។
នាងសឿង វុន បន្តឱ្យដឹងទៀតថា ចាប់តាំងពីនាងផ្តាច់របបមក ធ្វើឱ្យប្តី មានអារម្មណ៍មិនល្អឡើយ ដោយចោទប្រកាន់នាងមានស្នៀតក្បត់ចិត្តប្តី លួច មានប្រុសឈ្មោលជាដើម។ តែយ៉ាងណា នាងបានពន្យល់ហេតុផលប្រាប់ប្តី រួចអស់ហើយ កុំយល់ច្រឡំថា នាងជាស្រីចិត្តចើកឱ្យសោះ ចិត្តនាងនៅតែ ស្អាតស្អំស្រលាញ់ប្តីដដែល ប៉ុន្តែបើចង់នែបនិត្យខ្លួនប្រាណនាងតទៅទៀត ទាល់តែខំប្រឹងធ្វើការយកប្រាក់មកឱ្យប្រពន្ធ ក្រាស់ក្រែលបន្តិច ដើម្បីសន្សំ ទុកចិញ្ចឹមកូនក្រោយទៀត ព្រោះប្តីពូកែផលិតកូនណាស់។ ម៉្យាងទៀតសូម្បីតែ ស្រីរកស៊ីសេវាផ្លូវភេទ ក៏បានតម្លៃខ្លួនច្រើនជាងនាងឆ្ងាយណាស់ដែរ ដូចនេះ នាងមិនអនុញ្ញាតឱ្យប្តីនែបនិត្យប្រាណ ដោយទទេៗទៀតឡើយ។
លោកគង់ គឿន ជាប្តីបានឱ្យដឹងថា លោកមិនយល់ពីអារម្មណ៍ប្រពន្ធ នៅពេលនេះឡើយ ធ្វើដូចលោកមិនមែនជាប្តីស្របច្បាប់អ៊ីចឹង ទោះបីលោកចេញទៅធ្វើការរកប្រាក់នៅស្រុកឆ្ងាយ មិនបានប្រាក់ច្រើនឱ្យប្រពន្ធពិតមែន ប៉ុន្តែមុននឹងលោកចេញទៅគឺនៅពេលទំនេរពីការងារស្រែចម្ការ ប្រមូលផលរួចរាល់ ដូច្នេះវាគ្មានផលប៉ះពាល់បញ្ហាជីវភាពទេ ព្រោះបើលោកមិនចេញទៅក៏នៅតែប៉ុណ្ណឹង។ តាមពិតទៅ លោកក៏ចង់រកប្រាក់ឱ្យបានច្រើនយកមកឱ្យប្រពន្ធដែរ តែរកបានតែប៉ុណ្ណឹង ឱ្យលោកទៅឆក់ប្លន់អ្នក ណាមកផ្គាប់ចិត្តនាងទៅ?
បុរសជាប្តីរូបនេះបន្តថា កាលពីមុន កូននៅតូចៗ ទើប លោកខំស្វះស្វែងដើររសាត់អណ្តែតធ្វើការរកប្រាក់ មកទ្រទ្រង់ ជីវភាពបន្ថែមលើរបរស្រែចម្ការ តែពេលនេះ លោកមានវ័យ ក៏ច្រើនដែរ ម៉្យាងទៀតកូនៗក៏ធំដឹងក្តី រៀបការមានប្រពន្ធប្តី មួយចំនួនដែរ លោកមិនចង់ចេញទៅណាឃ្លាតឆ្ងាយពីគ្រួសារ ទៀតឡើយ សុខចិត្តនៅរកស៊ីក្បែរផ្ទះជាមួយអ្នកស្រុកភូមិ បានប៉ុណ្ណា ស៊ីប៉ុណ្ណឹងទៅ ស្រាប់តែប្រពន្ធគិតផ្លូវផ្សេង លែងឱ្យប្តី ប៉ះពាល់ខ្លួនប្រាណទៅវិញ។ លោកមិនតូចចិត្ត ឬខឹងសម្បា ជាមួយប្រពន្ធឡើយ ប៉ុន្តែចង់ឱ្យនាងគិតសាជាថ្មីឡើងវិញ បើយល់ដល់ប្តី ដែលខំប្រឹងធ្វើការរកប្រាក់ ដើម្បីប្រពន្ធកូន ឡើងហូរញើសដល់កែងជើងពីមុនមក គួរ តែឈប់កំណាញ់ខ្លួនទៀតទៅ ដើម្បីសុភមង្គលក្រុមគ្រួសារទាំងអស់គ្នា។
យុវជនគង់ នីន អាយុ១៦ឆ្នាំ និងយុវតីគង់ រឿន អាយុ១៨ឆ្នាំ ជាកូនបានឱ្យដឹងស្របគ្នាថា ពួកគេយល់ថា ម្តាយធ្វើបែបនេះដាក់ឪពុក គឺទៅតាមកំហឹងរបស់គាត់ ដែលខឹងជាមួយប្តីដើររកស៊ីនៅស្រុកឆ្ងាយបាត់ៗ តែ មិនមានលុយចូលផ្ទះ។ តែមិនយូរទេ ម្តាយនឹងត្រជាក់ ចិត្តអាណិតឪពុកវិញជាមិនខាន ពួកគេជឿជាក់១០០% សំខាន់ឱ្យតែឪពុកតាមអង្វរម្តាយ បន្តិចទៅ។ ពួកគេ បន្តថា នេះមិនមែនជាលើកទី១ទេ ដែលម្តាយបង្អត់ ចំណីយប់ព្រលប់ឪពុក តែគាត់បានតែមាត់ដំបូងទេ ឱ្យតែឪពុកលួងលោមអង្វរ យ៉ាងយូរណាស់កន្លះខែ ពួកគាត់ត្រូវដងត្រូវផ្លែគ្នាវិញបាត់។ តែបើម្តាយ មានចិត្តខែងរ៉ែងថា ម៉ាត់ណា គឺម៉ាត់ហ្នឹងប្រហែល ជាពួកគាត់បែកបាក់គ្នាជាយូរឆ្នាំណាស់មកហើយ។
អ្នកស្រីម៉ក រឿង អនុប្រធានភូមិភ្ញាក់រលឹក បាន រៀបរាប់ថា ប្តីប្រពន្ធមួយគូខាងលើនេះ តែងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាជាហូរហែ តាំងពីកូនទី១ ដល់កូន ទី៦ តែលែងលះគ្នាមិនដាច់ស្រេចឡើយ ហើយក៏គ្មាន ជម្លោះធំដុំឈានដល់ការប្រើអំពើហិង្សាដាក់គ្នាដែរ។ បើតាមគាត់សង្កេតឃើញភាពរកាំរកូសប្តីប្រពន្ធ ពួកគេគឺរឿងតែដដែលៗ ព្រោះតែប្តីដើររកស៊ីនៅស្រុក ឆ្ងាយចោលប្រពន្ធកូន លុះចូលផ្ទះវិញគ្មានលុយឱ្យ ប្រពន្ធ និងពូកែតែខាងបង្កើតកូន ដូចស្ត្រីជាប្រពន្ធបាន លើកឡើងមែន រួចក៏ត្រូវរ៉ូវគ្នាវិញបាត់ មិនចាំបាច់រំខាន អាជ្ញាធរទៅជួយសម្របសម្រួលផ្សះផ្សាឡើយ។
រីឯអ្នកស្រុកភូមិចំនួនទៀតបានឱ្យដឹងស្របគ្នាថា តាមពិតទៅ រឿងរ៉ាវប្តីប្រពន្ធរបស់នាងសឿង វុន គ្មានអ្វីគួរធំដុំទេ គ្រាន់តែមានបញ្ហារឿងលុយកាក់ ដែលប្តីចេញទៅធ្វើការនៅស្រុកឆ្ងាយ ហើយមិន សូវបានលុយចូលផ្ទះប៉ុណ្ណោះ ធ្វើឱ្យស្រីជាប្រពន្ធ អាក់អន់ស្រពន់ចិត្ត ក៏លែងឱ្យប្តីប៉ះពាល់ខ្លួនប្រាណ តែម្តង។ រីឯរឿងមានកូនចៅនោះត្រឹម៦នាក់ ពួកគាត់ យល់ថា មិនជាច្រើនណាស់ណាទេ គួរកែសម្រួលគ្នា បញ្ចប់រឿងត្រឹមនេះទៅ កុំឱ្យវែងឆ្ងាយរឿងតូចបង្កជារឿងធំ…”៕