ជីវិត ប្តីប្រពន្ធរួមរស់ជាមួយគ្នារាល់ថ្ងៃ មាន ភាពថ្នាំងថ្នាក់ ឈ្លោះប្រកែកគ្នា ដោយសារមិនចុះសម្រុងគ្នារឿងអ្វីមួយ។ ជាក់ស្តែង ប្តីប្រពន្ធមួយគូនេះ រួមរស់ជាមួយគ្នា មានភាពផ្អែមល្ហែម បានតែគ្រាដំបូង លុះក្រោយមក ក៏មានរឿងរ៉ាវឈ្លោះប្រកែកអាក់អន់ស្រពន់ចិត្ត ជាហូរហែ រហូតឈានដល់ប្រពន្ធមិនឱ្យប្តីរួមរ័ក ស្រាប់តែប្តី ក្តៅក្រហាយ ខឹងច្រឡោតធាក់ ប្រពន្ធ៣ជើងទាំងយប់…។
នាងម៉ាំ ធឿត អាយុ២៣ឆ្នាំ រស់នៅភូមិដងផ្លឹត ឃុំ ឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី៦ ក្នុងចំណោមបងប្អូន១០នាក់ ដែលឪពុក ឈ្មោះគុល ម៉ាំ អាយុ៧៩ឆ្នាំ ម្តាយឈ្មោះយូ ងួន អាយុ៧០ឆ្នាំ។ នាងរៀបការជាមួយប្តីឈ្មោះឡាំ វ៉េត សព្វថ្ងៃអាយុ៣១ឆ្នាំ រួមរស់ជាមួយគ្នាបង្កើត បានកូនស្រី៣នាក់ ជាចំណងអាពាហ៍ពិពាហ៍ ដោយចាប់របរធ្វើស្រែចម្ការចិញ្ចឹមជីវិត។ តាំងពី ចាប់ដៃគ្នាមក ជីវិតនាងមានសេចក្តីសុខសុភមង្គល តិចតួចបំផុត ព្រោះតែប្តីមិនសូវស្រលាញ់ថ្នាក់ថ្នម លុះបន្ទាប់ពីបង្កើតកូនទី២ រឹតតែជួបរឿងរ៉ាវរកាំរកូស ក្នុងគ្រួសារឥតស្រាកស្រាន្ត ដោយប្តីប្រែប្រួលចិត្ត ចេះដើរទៅអង្គុយព័ទ្ធវង់ជល់កែវជាមួយបនភឿន នៅ តាមតៀមស្រា មិនសូវសង្វាតរឿងការងារស្រែភ្លឺ និង ចូលព្រៃកាប់ឈើចិញ្ចឹមគ្រួសារឡើយ ធ្វើឱ្យនាងទ្រាំ មិនបានចេះតែស្តីបន្ទោស និងមានពេលខ្លះបង្កកចំណី ពេលយប់ទៀតផង ដើម្បីឱ្យប្តីចេះភ្ញាក់រលឹកកែខ្លួន ឈប់ដើរលេងឥតប្រយោជន៍តទៅទៀត។ ជាពិសេស ឱ្យចេះមានចិត្តអៀនខ្មាសមិត្តភក្តិ ដែលមានអាយុ ស្របាលគ្នាផង គេសុទ្ធតែមានផ្ទះធំទ្រនំខ្ពស់ រស់នៅ យ៉ាងមានសេចក្តីសុខ។
នាងម៉ាំ ធឿន ឱ្យដឹងទាំងត្អូញត្អែរថា ចំពោះប្តី ប្រពន្ធនាងវិញ រួមរស់ជាមួយគ្នាបង្កើតកូនមួយ កន្ទេលទៅហើយ នៅក្នុងកូនខ្ទមប្រក់ស្បូវដដែល មិន ចង់មានចង់បាន មានមុខមាត់ដូចគេឡើយ ពោលគឺ គិតតែពីអង្គុយផឹកស្រាជាមួយមិត្តភក្តិ រហូតដល់យប់ ទើបឃើញប្តីមកដល់ផ្ទះលូនចូលមុងដេក ព្រមទាំង កម្រើកតណ្ហាកេះកៀវប្រពន្ធរួមរ័កមេត្រី ធ្វើឱ្យនាង ធុញទ្រាន់។ លុះពេលនាងមិនព្រមឱ្យប៉ះពាល់ខ្លួន ប្រាណ ស្រាប់តែប្តីនេះ ខឹងច្រឡោតធាក់ប្រពន្ធ៣ជើង ទាំងកណ្តាលយប់។
ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា បើប្តីស្រលាញ់មិត្តភក្តិ មិនព្រមភ្ញាក់រលឹក កែខ្លួនទៀតទេ ឱ្យទៅនៅជាមួយមិត្តភក្តិទាំងនោះចុះ នាងសុខចិត្តធ្លាក់ខ្លួនជា ស្រីមេម៉ាយរកស៊ីចិញ្ចឹមកូនម្នាក់ឯងវិញ ប្រសើរជាង ព្រោះបើរួមរស់ជាមួយ គ្នាតទៅទៀត ក៏គ្មានអនាគតភ្លឺស្វាងដែរ។
លោកឡាំ រ៉េត ជាប្តីបានឱ្យដឹងថា តាមពិតទៅ លោកក៏មានការយល់ដឹងពី ច្បាប់ទម្លាប់ដែរ មិនចង់ប្រើកម្លាំងបាយលើប្រពន្ធទេ នាំឱ្យមានទោសទណ្ឌ ជាប់គុកច្រវាក់ ប៉ុន្តែមកពីប្រពន្ធតែងប្រើពាក្យមិនសមរម្យ ជេរដៀលប្រមាថ លោកជាប្តីឡើងកប់ៗមាត់ ធ្វើឱ្យលោកទ្រាំមិនបាន ក៏ប្រើដៃជើងប្រដៅនាង ខ្លះៗទៅ តែមិនដល់ថ្នាក់រងរបួសធ្ងន់ ឬស្លាកស្នាមលើរាងកាយឡើយ។ នៅ យប់ដែលលោកធាក់នាងនោះ គឺមកពីលោកស្រវឹងស្រាផង លុះពេលចូលដេក ប្រពន្ធរអ៊ូរទាំនៅក្បែរត្រចៀកដូចឃ្មុំ រកដេកពួនមិនលក់ លោកក៏ធាក់នាង៣ជើង ទៅ តែតិចៗប៉ុណ្ណោះ ស្រាប់តែនាងស្រែកយំផ្អើល អ្នកជិតខាងទាំងកណ្តាលយប់ ធ្វើប្ញកដូចត្រូវប្តីវាយ១០ដំបងអ៊ីចឹង លោកហួសចិត្តជាមួយនាងណាស់។
លោករ៉េត បន្តទៀតថា តាមពិត លោកអត់ទ្រាំជាមួយ ប្រពន្ធជាយូរណាស់ មកហើយ ដោយមិនចង់ឈ្លោះ ប្រកែកតបតនាំឱ្យខ្មាសញាតិជិតខាង តែនាង កាន់តែខ្លាំងដៃឡើងៗ រហូតហ៊ានផ្តាច់ចំណីយប់ព្រលប់ប្តីចោលទៀត តើឱ្យប្តី ឯណាទ្រាំបាននោះ?។ បើនាងចង់បែក ឬរួមរស់ជាមួយគ្នាតទៅទៀត គឺស្រេចតែចិត្តនាងចុះ លោកជាដំរីជើងក្រោយ ចាំតែបំពេញបំណងនាងគ្រប់ពេល។
បុរសជាប្តីរូបនេះបានអះអាងថា តាំងពីចាប់ដៃគ្នាមក លោកខំប្រឹងធ្វើ ការរកប្រាក់ចិញ្ចឹមប្រពន្ធកូនណាស់ ក្រៅពីធ្វើការងារស្រែចម្ការ ប្រមូលផល រួចរាល់ លោកតែងឆ្លៀតចូលព្រៃ កាប់ឈើយកមកសន្សំទុកធ្វើផ្ទះទៀត តែដោយសារឥឡូវនេះ ត្រូវរត់ការ សុំច្បាប់ទៅអាជ្ញាធរមូលដ្ឋានឱ្យបានត្រឹមត្រូវ ទម្រាំបានលិខិតអនុញ្ញាត ម៉្យាងទៀត គេមិនអាចចូលទៅកាប់តែម្នាក់ឯងបានឡើយ ទាល់តែមានមិត្តភក្តិ ឬអ្នកស្រុកចូលទៅកាប់ជាមួយគ្នា សហការគ្នាលើកដាក់លើរទេះ ទើបអាចនាំយកឈើមកដល់ផ្ទះបាន ហើយពេលនោះលោកបានទៅបបួលអ្នកស្រុកភូមិឱ្យចូលព្រៃកាប់ឈើ ជាមួយ ក៏ចេះតែទិញស្រាមកផឹកបណ្តើរ ពិភាក្សាគ្នាបណ្តើរ ដើម្បីចូលទៅរកទីតាំងណាដែលមានព្រៃឈើល្អៗ ប៉ុន្តែប្រពន្ធមិនយល់ពីការងាររបស់ប្តី ក៏ចោទប្រកាន់មកលើលោកថា គិតតែពីដើរផឹកស្រាឥតប្រយោជន៍ទៅវិញ ព្រមទាំងប្រើពាក្យសម្តីមិនសមរម្យ បំពានមកលើលោកជាប្តីទៀតផង។
លោកស៊ឹង សំអន ជាសមាជិកភូមិ និងលោកផាវ យឿត ជាមេភូមិដងផ្លិត បានឱ្យដឹងស្របគ្នាថា បើតាម ពួកលោកសង្កេតឃើញជាក់ស្តែង ជម្លោះនៅក្នុងរង្វង់គ្រួសារនាងធឿត គឺផ្តើមចេញពីការខ្វែងគំនិតគ្នាតែម្តង ព្រោះស្ត្រីជាប្រពន្ធចង់មានចង់បានណាស់ តែងជំរុញប្តីឱ្យខិតខំធ្វើការរកប្រាក់។ លុះប្តីធ្វើមិនត្រូវចិត្ត នាងក៏ចាប់ផ្តើមរករឿងប្តី រហូតឈានដល់បង្អត់ចំណីលើគ្រែប្តីមិនឱ្យបានស្គាល់រសជាតិឡើង ឋានសួគ៍តែម្តង។ រីឯបុរសជាប្តីវិញ ពេលទៅផឹកស្រាជាមួយមិត្តភក្តិ ក៏ដើម្បីពិភាក្សាគ្នារឿងការងារ មិនអត់ប្រយោជន៍ទេ តែប្រពន្ធមិនយល់ការងារប្តី ក៏រករឿងបង្កជម្លោះ ធ្វើឱ្យប្តីទ្រាំ លែងបាន ក៏ប្រើកម្លាំងបាយលើប្រពន្ធតែម្តងទៅ។ តែយ៉ាងណា ក្រោយពីអាជ្ញាធរ ធ្វើការ អប់រំពន្យល់ណែនាំរួចមក ឃើញថា ប្តីប្រពន្ធពួកគេព្រមទទួលកំហុសនិងកែខ្លួនបន្តិចម្តងៗ រហូតមកដល់ពេលនេះ មិនដែលឃើញឈ្លោះប្រកែកគ្នាទៀតទេ។
រីឯអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធវ័យក្មេងមួយគូនេះ រួមរស់ ផ្អែមល្ហែមបានតែគ្រាដំបូងទេ លុះក្រោយមកតែងជួបរឿងរ៉ាវ ឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់ រហូតដល់ស្រីជាប្រពន្ធលែងឱ្យ ប្តីប៉ះពាល់ខ្លួនប្រាណតែម្តង ធ្វើឱ្យប្តីខឹងសម្បាប្រើអំពើហិង្សាធាក់ប្រពន្ធ៣ជើង ព្រោះតែប្តីប្រពន្ធពួកគេសុទ្ធតែមាន អាយុក្មេងខ្ចីមិនសូវចេះគិតវែងឆ្ងាយ អត់ធ្មត់ឱ្យគ្នានោះទេ។ តែយ៉ាងណាមួយរយៈចុងក្រោយនេះ ពួកគាត់ឃើញថា ប្រពន្ធ ប្តីពួកគេមានការយល់ដឹងអត់ឱនឱ្យគ្នាច្រើន ជាពិសេសស្ត្រី ជាប្រពន្ធលែងផ្តាច់ចំណីយប់ព្រលប់ប្តីទៀតហើយ ធ្វើឱ្យការឈ្លោះប្រកែកគ្នាលែងកើតមានដូចគ្រាកន្លងមក…”៕