នារីម្នាក់នេះ ក្រោយពីធ្លាក់ខ្លួនមេម៉ាយកូន១ បានចេញទៅធ្វើការរោងចក្រ នៅទីក្រុង ស្រាប់តែមានកំលោះម្នាក់ បាក់ចិត្តស្រលាញ់ តាមលួងលោមប្រលោមស្នេហ៍ រហូតនាងទន់ចិត្តឱ្យ នែបនិត្យប្រាណបានម្តង ធ្វើឱ្យប្រុសស្នេហ៍ ញៀនញ៉ាម រស់នៅអត់រូបនាងមិនបាន ក៏តាមយកធ្វើជាប្រពន្ធ ព្រោះគេប្រាប់ថា ប្រពន្ធមេម៉ាយនេះ ប្រសប់ណាស់…។
នាងរិត ធីដា អាយុ២៤ឆ្នាំ រស់នៅភូមិដីរលោះ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា រូបនាងជាកូនទី៥ ក្នុងចំណោម បងប្អូន៧នាក់ (ប្រុស១ ស្រី៦) ដែលម្តាយឈ្មោះអាន សារុំ អាយុ៦២ឆ្នាំ ឪពុកស្លាប់។ កាលពីក្មេង នាងរៀនសូត្របានតិចតួចណាស់ មិនចប់ថ្នាក់បឋមសិក្សាផង ក៏ឈប់ទៅ ដោយនៅផ្ទះជួយធ្វើការងារជំនួសដៃជើងឪពុកម្តាយ។ លុះធំពេញ ក្រមុំអាយុ២០ឆ្នាំ ម្តាយទុកឪពុកដាក់ផ្សំផ្គុំឱ្យរៀបការជាមួយបុរសម្នាក់ឈ្មោះគង់ ណុប អាយុបងនាង២ឆ្នាំ ធ្វើជាគូគាប់ទ្រនាប់ជីវិត។ នៅពេលរៀបការហើយ ប្តីប្រពន្ធនាងស្រលាញ់ គ្នាយ៉ាងស្អិតល្មួតដូចស្ករតាំងម៉ែ ពេលទៅណាមក ណាតែងបណ្តើរគ្នាឱ្យត្រសងដូចលលកញីឈ្មោល ប៉ុន្តែគួរឱ្យស្តាយ ក្រោយពីរួមរស់ជាមួយគ្នាបង្កើតបាន កូនស្រីម្នាក់ ជាចំណងនិស្ស័យស្នេហ៍ ប្តីសុំចេញទៅ រកស៊ីនៅខេត្តបាត់ដំបង រួចក៏ក្បត់ចិត្តលួចមានប្រពន្ធថ្មី នៅទីនោះ ទើបនាងហៅត្រឡប់មកផ្តិតមេដៃលែងលះ គ្នាតាមផ្លូវច្បាប់តែម្តងទៅ។
នាងធីដា បន្តថា ក្រោយពីធ្លាក់ខ្លួនជាស្រីមេម៉ាយកូន១ បាន១ឆ្នាំ នាងបានចេញទៅធ្វើការ រោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញ នៅម្តុំភូមិព្រៃទា សង្កាត់ ចោមចៅ បានមួយរយៈ ក៏បានស្គាល់កំលោះម្នាក់ ឈ្មោះសុខ កុសល អាយុបងនាង២ឆ្នាំ ជាកម្មករសំណង់ តាមរយៈមិត្តភក្តិឱ្យលេខទូរស័ព្ទនាងទៅគេ។ ដំបូងឡើយ ទំនាក់ទំនងរវាងនាង និងលោកកុសល គ្រាន់តែរាប់អានគ្នាក្នុងនាមជាមិត្តភក្តិប៉ុណ្ណោះ និងស្គាល់គ្នាតែសំឡេងតាមរលកធាតុអាកាស។ លុះពេលសាសងសម្តីជាមួយគ្នាយូរៗទៅ ស្រាប់តែ លោកកុសល លួងលោមអង្វរសុំស្នេហ៍នាង ដោយ បានអះអាងថា រូបគេនៅកំលោះបរិសុទ្ធ មិនធ្លាប់ឆ្លង កាត់រឿងស្នេហាម្តងណាឡើយ តែគេហាក់បីដូចជា មាននិស្ស័យជាមួយនាង ទើបដាច់ចិត្តសុំស្នេហ៍តែម្តង។ ខណៈនាងកំពុងមេម៉ាយយូរជូរមាត់ ស្រាប់ផង ក៏ព្រម បើកប្រអប់បេះដូងទទួលយកសេចក្តីស្រលាញ់ពីគេ ដោយបានបង្កាត់ភ្លើង ស្នេហ៍ជាមួយគេយ៉ាងផ្អែមល្ហែមតាមរលកធាតុអាកាស ដូចពាក្យចាស់ពោលថា “ក្រមុំដណ្តឹង ម្តាយមេម៉ាយដណ្តឹងចិត្ត”។
នាងធីតា បញ្ជាក់ថា លុះពេលណាត់ជួបមុខមាត់គ្នា ពិតក៏ពេញចិត្តគ្នាស្តូកតែម្តង មិនយូរប៉ុន្មាន គូស្នេហ៍ពួកនាងក៏ត្រូវដងត្រូវផ្លែប្តូរសាច់ប្តូរឈាមគ្នាតែម្តង ព្រោះនាងមិនមែននៅក្រមុំ ត្រូវកំណាញ់ខ្លួនពេកនោះឡើយ។ បន្ទាប់មកទៀត គូស្នេហ៍ពួកនាងតែងស្កាត់ជួបគ្នារួមរ័កមេត្រី ជាបន្តបន្ទាប់ រហូតស្មគ្រ័រស់នៅក្នុងបន្ទប់ជួលជាមួយគ្នា ក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា ដោយមិនខ្លាចព្រលឹងខ្មោចចាស់ទុំប្រកាន់ឡើយ។
នាងបញ្ជាក់ទៀតថា ក្នុងពេលពួកនាងបង្កាត់ភ្លើងស្នេហ៍ទុំមុនស្រគាល នាងបានលាក់បាំង មិនឱ្យក្រុមគ្រួសារដឹងឡើយ។ លុះរំលងបាន៣ខែ ទើបនាងដាច់ចិត្តនាំប្រុសស្នេហ៍ទៅស្រុកឱ្យ ម្តាយស្គាល់មុខ ហើយចាស់ទុំក៏ចាប់សែនព្រេន បង្គ្រប់កិច្ចឱ្យក្លាយជាប្តីប្រពន្ធពេញច្បាប់ រួមរស់សាងស្នេហ៍ក្នុងរង្វង់សុភមង្គលមកដល់សព្វថ្ងៃ។
លោកសុខ កុសល អាយុ២៦ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមានស្រុកកំណើតនៅភូមិកណ្តាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លោកជាកូនកសិករ មិនបានរៀនសូត្រ វែងឆ្ងាយ ហើយក៏មិនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនារីណាម្នាក់ដែរ ពីមុនមក។ លុះពេលលោកមកធ្វើការ សំណង់នៅក្នុងទីក្រុងភ្នំពេញ ស្រាប់តែមាន មិត្តភក្តិម្នាក់ណែនាំឱ្យលោក ស្គាល់លេខទូរស័ព្ទ របស់ប្រពន្ធសព្វថ្ងៃនេះ។ ដើមឡើយ លោកគ្រាន់តែ ចុចទូរស័ព្ទសុំរាប់អាននាង ក្នុងនាមជាមិត្តភក្តិប៉ុណ្ណោះ លុះក្រោយពីដឹងថា នាងធ្លាក់ខ្លួនមេម៉ាយវ័យក្មេងកំពុងរស់នៅ កំព្រារងាចិត្តកាយ លោកក៏ប្រថុយលួងលោម អង្វរសុំស្នេហ៍ រហូតនាងទន់ចិត្តប្រគល់ប្រាណឱ្យ លោកនែបនិត្យតែម្តង ដោយទទួលស្គាល់ថា ត្បិតតែនាងជាស្រីមេម៉ាយកូនមួយមែន ប៉ុន្តែ មានរសជាតិឈ្ងុយឆ្ងាញជាងក្រមុំទៅទៀត។ លុះ ក្រោយៗមក លោកញៀនញ៉ាមចំណីកាមគុណ តែង តាមសៀតស៊កខ្លួនប្រាណរបស់ស្រីថ្លើមថ្លៃជាហូរហែ រហូតដល់ៗត្រើយលោកីយ៍។
បុរសជាប្តីរូបនេះបញ្ជាក់ថា តាមពិតទៅ លោកគ្មានបំណងយកនាងធ្វើជាប្រពន្ធឡើយ ពោលគឺចង់បានតែខ្លួនប្រាណនាងនែបនិត្យឆ្អែតស្កប់ឆ្កល់ហើយ នឹងបោះបង់នាងចោលវិញ ប៉ុន្តែ មកពីប្រពន្ធប្រសប់ថ្នាក់ថ្នមលោកពេក ធ្វើឱ្យលោកពេញចិត្តស្តូក ក៏កាន់តែបាក់ចិត្តស្រលាញ់នាងខ្លាំងលើសដើម រហូតបោះបង់ ចិត្តគំនិតជាប្រុសព្រាន ក៏មកសែនព្រេនយកនាងធ្វើជាប្រពន្ធពេញច្បាប់តែម្តង ដោយយកទ្រឹស្តី “កកក៏បាយ មេម៉ាយក៏ស្រី” ដាក់ខ្លួន មិនខ្វល់ពីមនុស្ស ដែល នៅជុំវិញខ្លួនទាំងអស់ សំខាន់ឱ្យតែលោកបានរួមរស់ជាមួយមនុស្សស្រីដែលខ្លួន ស្រលាញ់ពេញក្នុងបេះដូង ទោះជាស្លាប់ក៏មិនសោកស្តាយដែរ។
លោកយាយអាន សារុំ ជាម្តាយបានដឹងថា កាលពីក្រមុំ គាត់បានរៀបចំ ទុកដាក់ឱ្យកូនស្រីម្នាក់នេះ មានប្តីតាមប្រពៃណីម្តងរួចមកហើយ តែដោយសារ កាលនោះ អតីតកូនប្រសាជើងល្អនោះបានក្បត់ចិត្តប្រពន្ធ ទៅយកប្រពន្ធថ្មីនៅ ឯខេត្តបាត់ដំបង ទើបធ្វើឱ្យ និស្ស័យស្នេហ៍ប្តីប្រពន្ធពួកគេត្រូវបានកាត់ផ្តាច់ ចេញពីគ្នា។ លុះក្រោយពីធ្លាក់ខ្លួនជាស្រីមេម៉ាយកូនមួយ កូនស្រីអភ័ព្វរូបនេះ ចេញទៅធ្វើការរោងចក្រនៅក្នុងទីក្រុងភ្នំពេញ ហើយក៏បង្កាត់
ភ្លើងស្នេហ៍ទុំមុន ស្រគាលជាមួយប្តីទី២ នេះតែម្តង។ រីឯគាត់វិញក៏មិនខឹងសម្បា ឬហាមឃាត់បំបែកស្នេហ៍នាងឡើយ ព្រោះ អង្ករក្លាយជាបាយទៅហើយ ក៏គិតគូរសែនព្រេនមួយព្រឹកឱ្យពួកគេក្លាយជាប្តីប្រពន្ធមានខាន់ស្លាត្រឹមត្រូវតែម្តង។ ពេលឃើញកូនស្រីរួមរស់ជាមួយប្តីទី២ មានសេចក្តីសុខសុភមង្គល គាត់ជាម្តាយក៏សប្បាយចិត្តដែរ។
រីឯអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា កាលពីនាងធីដា រួមរស់ជាមួយប្តីទី១ គ្មានអ្នកណា ម្នាក់គិតថា ពួកគេអាចបែកបាក់គ្នាឡើយ ព្រោះ ឃើញស្រលាញ់ផ្អែមល្ហែមជាមួយគ្នាយ៉ាងស្អិតល្មួត ប៉ុន្តែ ក្រោយពីបង្កើតបានកូនស្រីម្នាក់ ពេលប្តីចេញទៅរកស៊ីនៅស្រុកឆ្ងាយ ក៏ក្បត់ចិត្តប្រពន្ធ ដើរលួចយកប្រពន្ធចុង នៅទីនោះ ទើបមានការបែកបាក់គ្នា។ លុះក្រោយពីនាងធ្លាក់ខ្លួនជាស្រីមេម៉ាយ និងចេញទៅធ្វើការរោងចក្រ នៅភ្នំពេញ ក៏បានជួបស្នេហ៍ជាមួយប្តីទី២នេះតែម្តង។ ពួកគាត់យល់ថា រវាងនាងនិងប្តីទី២នេះ ប្រហែលជា គូព្រេងគ្នាពីអតីតជាតិ ទើបវាសនាបានរុញច្រានឱ្យពួកគេជួបគ្នា សាងស្នេហ៍ជាមួយគ្នាតទៅទៀតក្នុងជាតិនេះ តែបើតាមសម្តីប្តី ខ្សឹបប្រាប់ពួកគាត់ថា ប្រពន្ធមេម៉ាយនេះ ប្រសប់ណាស់…”៕