ភ្នំពេញ ៖ ដើមឈើមួយដើមធំ ត្រូវក្រុមហ៊ុនឯកជនជីកកាយដីនៅចិញ្ចើមផ្លូវ និងកាប់ប្ញសឈើ បណ្តាលឱ្យរលំសង្កត់លើប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមផ្លូវ តែសំណាងល្អមិនមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែបង្កឱ្យមានការខូចខាតម៉ូតូ រ៉ឺម៉កម៉ូតូកង់៣ ព្រមទាំង រថយន្តកូរ៉េមួយគ្រឿងប៉ុណ្ណោះ។
ហេតុការណ៍ដើមឈើរលំសង្កត់អ្នកដំណើរនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចទល់មុខធានាគារ មេយប៊ែង ខេមបូឌា ភីអិលស៊ី តាមផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ដើមឈើដែលរលំសង្កត់អ្នកដំណើរតាមផ្លូវនេះ គឺជាប្រភេទដើមត្រសេកមួយដើមធំ ដែលមានអាយុកាលច្រើនឆ្នាំមកហើយ។ ចំណែកយានជំនិះរបស់ប្រជាពលរដ្ឋដែលទទួលរងការខូចខាតរួមមានរថយន្តកូរ៉េ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AF-8061 ម៉ូតូកូនទា ១គ្រឿង ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1A-F6062 បើកបរនារីវ័យក្មេងម្នាក់ (របួសស្រាល) និងរ៉ឺម៉កម៉ូតូកង់បី១គ្រឿង ដែលឈប់ចតក្រោមដើមឈើនៅកន្លែងកើតហេតុ ព្រមទាំងធ្វើឱ្យកើតមានការកកស្ទះចរាចរណ៍តាមដងផ្លូវម៉ៅសេទុងអស់ជាច្រើនម៉ោងទៀតផង។
តាមសម្តីបុរសឈ្មោះសុខ ធុច អាយុ៣៨ឆ្នាំ មុខរបររត់រ៉ឺកម៉កម៉ូតូកង់បី ស្នាក់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ គាត់បានដឹកភ្ញៀវពីចោមចៅមកបុណ្យសពនៅក្បែរកន្លែងកើតហេតុ លុះមកដល់រោងបុណ្យ ស្ត្រីជា ភ្ញៀវបានប្រាប់គាត់ឱ្យរង់ចាំបន្តិច ចាំដឹកគាត់ត្រឡបទៅ់ផ្ទះវិញ បន្ទាប់មកគាត់ក៏បានជិះម៉ូតូកង់បីទៅចត ក្រោមដើមឈើធំមួយដើមនេះ។ បុរសខាងលើបន្តថា លុះពេលអង្គុយបានមួយសន្ទុះ ស្រាប់តែដើមឈើនេះ បានបាក់សង្កត់មកលើរ៉ឺម៉កម៉ូតូកង់បីរបស់គាត់ ធ្វើឱ្យគាត់ មានការភិតភ័យ ស្ទុះលោតចេញពីម៉ូតូខ្លាចមានគ្រោះថ្នាក់ ហើយដើមឈើនោះ ក៏បានសង្កត់ទៅលើរថយន្តកូរ៉េ១គ្រឿង បណ្តាលឱ្យបែកកញ្ចក់ខាងមុខ ព្រមទាំងសង្កត់នារីម្នាក់ជិះម៉ូតូកូនទា តែសំណាងល្អមិនមានរបួសទេ គ្រាន់តែធ្វើឱ្យមានការភិតភ័យប៉ុណ្ណោះ។ យ៉ាងណាគាត់ទាមទារ ឱ្យខាងមន្ទីរសាធារណការ សងថ្លៃខូចខាតពួកគាត់ទាំង៣នាក់ ក្នុងនោះរ៉ឺម៉កម៉ូតូកង់បីគាត់ខូចខាតស្ទើរទាំងស្រុងច្រើនជាងគេ។
ជុំវិញករណីខាងលើនេះ មន្ត្រីសាលាខណ្ឌចំការមន បានបញ្ជាក់ប្រាប់ថា ករណីដើមត្រសេកបាក់រលំសង្កត់លើរថយន្ត និងរ៉ឺម៉កម៉ូតូកង់បី និងម៉ូតូកូនទានោះ មិនបណ្តាលឱ្យអ្នកណាម្នាក់របួសទេ គ្រាន់តែធ្វើម្ចាស់យានយន្តមានការភិតភ័យប៉ុណ្ណោះ។ ចំពោះការដោះស្រាយយ៉ាងណា ចាំគិតក្រោយទៀត សំខាន់ទំនាក់ទៅខាងមន្ទីរសារធារណៈចាត់កម្លាំងឱ្យយកម៉ាស៊ីន ចុះមកកាត់យកដើមឈើ១ដើមនេះចេញ កុំឱ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវ។ ក្រោយកើតហេតុ ប្រមាណកន្លះម៉ោង គេឃើញខាងមន្ទីរសាធារណការ បានចុះមកកាត់ដើមឈើចេញពីដងផ្លូវ ដើម្បីសម្រួលឱ្យមានការ ធ្វើដំណើរទៅមកឡើងវិញ។
ចំណែកជនរងគ្រោះជាម្ចាស់យានយន្តទាំង៣ខាងលើ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ៕