ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ប្រើល្បិចហៅអ្នករត់ម៉ូតូឌុប ឱ្យឌុបទៅយកខោទឹកនោមកូនង៉ែត ពេលដល់កន្លែងស្ងាត់បានធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូបានសម្រេច ហើយរត់គេច ត្រូវប្រជាពលរដ្ឋជិះម៉ូតូដេញតាមរហូតឃាត់បាននៅជិតរង្វង់មូលជ្រោយចង្វា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង ១៥នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុងគ្មានលេខ នៅចំណុចមាត់ទន្លេ ផ្លូវបេតុង ស្ថិតនៅក្នុងចំណុចភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ជនសង្ស័យឈ្មោះលី ហេងថេង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានស្រុកកំណើតភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះមានឈ្មោះប៊ុន ជា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រែកផ្តៅ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ម៉ូតូដែលជនសង្ស័យប្លន់យកមិនបានសម្រេចម៉ាកសង់កូរ៉េ ពណ៌ទឹកក្រូច អត់ស្លាកលេខ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកម៉ូតូឌុប នៅមុខស្ថានទូតបារាំង ស្រាប់តែមានជនសង្ស័យ២នាក់ បានហៅឱ្យគាត់ឌុបទៅជ្រោយចង្វា ក្នុងតម្លៃមួយម៉ឺនរៀល ក្នុងគោលបំណងទៅយកខោទឹកនោមក្មេង។ ពេលដឹកជនសង្ស័យទាំង ២នាក់ទៅដល់ចំណុចកើតខាងលើ ក៏ស្រាប់តែពួកនោះបានធ្វើសកម្មភាពវ៉ៃគាត់ ប្លន់យកម៉ូតូ ឯរូបគាត់ខ្លាចស្លាប់ ក៏ហក់ចេញពីម៉ូតូ បានឱកាសល្អ ជនទុច្ចរិតក៏ឡើងម៉ូតូជិះគេចខ្លួន ប៉ុន្តែសំណាងល្អ មានប្រជាពលរដ្ឋ៣នាក់ ជិះម៉ូតូមួយគ្រឿង ដេញតាមពីក្រោយ ទៅជិតដល់រង្វង់មូលជ្រោយចង្វា ក៏ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វា ប្រចាំគោលដៅនោះឃាត់ខ្លួនបានម្នាក់ និងម៉ូតូរបស់ជនរងគ្រោះវិញ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះគាត់បានបន្តទៀតថា គាត់មិនចង់ដាក់ពាក្យបណ្តឹងនោះទេ ព្រោះជនសង្ស័យនោះ បានប្រាប់ថា ខ្លួនគ្មានបំណងវ៉ៃប្លន់ម៉ូតូនេះទេ តែមិត្តដែលរត់គេចខ្លួននោះ ជាជនដៃដល់ ពិតជាមិនដឹងថាមិត្តភក្តិម្នាក់ទៀតនោះ ធ្វើសកម្មភាពប្លន់ម៉ូតូឌុបទេ គ្រាន់តែបបួលគ្នា មកយកខោកន្ទបឱ្យប្រពន្ធតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើតេស្តរកសារធាតុញៀន ឃើញមានសារធាតុញៀន បានកសាងសំណុំរឿងបញ្ចូនទៅកាន់មន្ទីរអប់រំកែប្រែ ដោយមិនបញ្ជូនទៅតុលាការនោះទេ៕