Tuesday, November 26, 2024
Homeព័ត៌មានជាតិប្តីស្រវឹងវ៉ៃប្រពន្ធបែកចិញ្ចើម ប្អូនថ្លៃឃាត់ ដាល់បាក់ធ្មេញ

ប្តីស្រវឹងវ៉ៃប្រពន្ធបែកចិញ្ចើម ប្អូនថ្លៃឃាត់ ដាល់បាក់ធ្មេញ

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីជួបជុំមិត្តភក្តិបនភឿនផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ លុះប្រពន្ធតមាត់តិចតួច ស្រាប់តែផ្ទុះកំហឹងស្ទុះទៅវ៉ៃប្រពន្ធ បណ្តាលឱ្យបែកចិញ្ចើម ឃើញបែបនេះ បុរសជាប្អូនថ្លៃបានចូលទៅឃាត់ ទើបធ្វើឱ្យជនបង្កច្រឡោតខឹង ក៏ដាល់ប្អូនថ្លៃ បណ្តាលឱ្យបាក់ធ្មេញ អស់១ទៀត។

ករណីបុរសស្រវឹងប្រើហិង្សាក្នុងគ្រួសារ វ៉ៃប្រពន្ធបែកចិញ្ចើម រួចដាល់ប្អូនថ្លៃបាក់ធ្មេញ ទៀតនោះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុង ភូមិគោគចំបក់១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កហេតុជាប្តី ដែលផឹកស្រាស្រវឹងវ៉ៃ ប្រពន្ធបែកចិញ្ចើម មានឈ្មោះស៊ុម ភឿន អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់កើតហេតុខាងលើ និងមានស្រុក កំណើតនៅខេត្តព្រៃវែង មានប្រពន្ធឈ្មោះជា សារ៉ន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ កាត់ដេរស្នាក់នៅការដ្ឋានសំណង់ជាមួយប្តី និង មានស្រុកកំណើតនៅស្រុកគិរីវង់ ខេត្តតាកែវ មានកូនប្រុសម្នាក់ អាយុ៤ឆ្នាំ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពី វេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្តីរបស់គាត់បាននាំបងប្អូន៤នាក់ មកផឹកស៊ីជុំគ្នានៅផ្ទះ។ លុះក្រោយពីផឹកស៊ី ស្រវឹងធ្លាក់ភ្នែកគ្រប់គ្នា ក៏ចែកផ្លូវគ្នាត្រឡប់ ទៅវិញអស់ រៀងៗខ្លួន។ ចំណែកប្តីរបស់គាត់ ក្រោយពីបងប្អូនចេញទៅវិញអស់ក៏ចាប់ផ្តើម រករឿងឈ្លោះប្រកែកជាមួយគាត់ជាប្រពន្ធ និង ថែមទាំងបានជេរប្រមាថគាត់យ៉ាងចាស់ដៃ រហូតដល់គាត់ទ្រាំមិនបានក៏តបតទៅប្តីវិញ២-៣ម៉ាត់ ស្រាប់តែបុរសជាប្តីកំណាច បានស្ទុះ មកវិញគាត់ទាំងកំរោល បណ្តាលឱ្យបែកចិញ្ចើម ខាងឆ្វេង និងហើមមុខមាត់ទៀតផង លុះពេល ប្អូនជីដូនមួយរបស់នាងម្នាក់ចូលមកជួយឃាត់ ស្រាប់តែប្តីកំណាចរបស់នាង បានវាយប្អូនថ្លៃ ជីដូនមួយ បណ្តាលឱ្យបាក់ធ្មេញអស់១ថែម ទៀត។

តាមសម្តីស្ត្រីជាប្រពន្ធបុរសរងគ្រោះ ដែល ត្រូវជនបង្កហេតុដាល់បាក់ធ្មេញបានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញប្តី ប្រពន្ធខាងលើ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូត ដល់ភាគីប្តីបានស្ទុះទៅវាយប្រពន្ធយ៉ាងចាស់ ដៃ បណ្តាលឱ្យបែកចិញ្ចើម និងហើមមុខមាត់ ឃើញបែបនេះ ប្តីរបស់នាងទ្រាំមិនបាន ក៏ចូល ទៅឃាត់ ស្រាប់តែត្រូវជនបង្កហេតុ ដាល់១ដៃ បណ្តាលឱ្យបាក់ធ្មេញតែម្តង។

ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធរបស់ ប្អូនជីដូនមួយ បានរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ចាប់ឃាត់ខ្លួនជនបង្កហេតុយកទៅ សាកសួរ។ ចំណែកស្ត្រីជាប្រពន្ធជនរងគ្រោះ ដែលរងរបួសបានទៅព្យាបាលនៅគ្លីនិកឯកជន ដោយមិនបានធ្វើការប្តឹងប្តល់អ្វីទេ គ្រាន់តែ សូមឱ្យសមត្ថកិច្ចណែនាំឱ្យឈប់ប្រើអំពើហិង្សា ក្នុងគ្រួសារតទៅទៀត រួចហើយឱ្យប្តីត្រឡប់ ទៅផ្ទះវិញ៕

RELATED ARTICLES