Wednesday, January 22, 2025
Homeព័ត៌មានជាតិព្រៃផ្សៃណាស់!!! បងប្រុសកាប់ប្អូនថ្លៃដាច់ក្បាលចេញពីខ្លួន ព្រោះខឹងគំរាមសម្លាប់ឪ

ព្រៃផ្សៃណាស់!!! បងប្រុសកាប់ប្អូនថ្លៃដាច់ក្បាលចេញពីខ្លួន ព្រោះខឹងគំរាមសម្លាប់ឪ

ខេត្តបាត់ដំបង ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ ព្រោះតែខឹងសម្បានឹងប្អូនថ្លៃ ដែលបានជេរប្រមាថមើលងាយ ព្រមទាំងគំរាមរកសម្លាប់ឪពុកក្មេកដែលជាឪពុកបង្កើតរបស់ខ្លួនចោលទៀតផង ក៏កាន់ពូថៅដើរទៅរកប្អូនថ្លៃ លុះឃើញប្អូនថ្លៃកំពុងដេកលង់លក់នៅលើគ្រែក្រោមផ្ទះក៏ស្ទុះចូលទៅកាប់ប្រហារទាំងកំរោល បណ្តាលឱ្យដាច់ក្បាលចេញពីដងខ្លួនគួរឱ្យរន្ធត់បំផុត។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្រុមទី៣ ភូមិជ័យជម្នះ ឃុំបឹងប្រាំ ស្រុកបវេល។ ជនសង្ស័យជាឃាតករដៃឆៅ ដែលកាប់ប្អូនថ្លៃរបស់ខ្លួនដាច់ក្បាល មានឈ្មោះហៀង វណ្ណា អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះយុង តុណា អាយុ២២ឆ្នាំ មុខរបរកសិករ ស្នាក់នៅជាមួយផ្ទះឪពុកក្មេកឈ្មោះធី វែង អាយុ ៥៧ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ សព្វថ្ងៃរស់នៅភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនសង្ស័យ និងជនរងគ្រោះ គឺជាបងប្អូនថ្លៃនឹងគ្នា ប៉ុន្តែអ្នកទាំង២ ឧស្សាហ៍កើតមានទំនាស់ពាក្យសម្តីនឹងគ្នាខ្លាំងណាស់ ដោយសារតែម្នាក់ៗ សុទ្ធតែជាយុវវ័យឈាមរាវ មានចរិតចង់ឈ្នះចាញ់រៀងៗខ្លួន។ នៅមុនពេលកើតហេតុ ជនសង្ស័យបានចោទប្រកាន់ទៅលើជនរងគ្រោះជាប្អូនថ្លៃថា បានមើលងាយ និងជេរប្រមាថទៅលើឪពុកក្មេក ដែលត្រូវជាឪពុកបង្កើតរបស់ខ្លួន។

លុះមកដល់វេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យក៏បានកាន់ពូថៅដើរចេញពីផ្ទះរបស់ខ្លួន សំដៅទៅផ្ទះ ឪពុកបង្កើតឈ្មោះធី វែង ដើម្បីទៅរកជនរងគ្រោះជាប្អូនថ្លៃ ស្រាយគំនុំចាស់ចេញម្តង គាប់ជួនពេលទៅដល់ផ្ទះឪពុកបង្កើត ជនសង្ស័យក៏ប្រទះឃើញជនរងគ្រោះ កំពុងដេកនៅលើគ្រែ ស្ថិតនៅខាងក្រោមផ្ទះរបស់ឪពុក ដែលជាឱកាសល្អ ទើបភ្លាមនោះ ជនសង្ស័យបានកាន់ពូថៅចូលទៅកាប់ប្រហារប្អូនថ្លៃរបស់ខ្លួនទាំងកំរោលទាំងដែលជនរងគ្រោះ កំពុងដេកលង់លក់គ្មានដឹងខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ប៉ុន្តែដោយសារតែមានកំហឹងក្នុងចិត្តខ្លាំង ទើបជនសង្ស័យបន្តកាប់ទៅលើសពជនរងគ្រោះ រហូតដល់ដាច់កចេញពីដងខ្លួនតែម្តងមើលទៅគួរឱ្យរន្ធត់ចិត្តជាពន់ពេក។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ ខ្លួនជនដៃដល់ជាឃាតករ នាំយកទៅសួរនាំនៅអធិការដ្ឋានស្រុកបវេល។

នៅចំពោះមុខសមត្ថកិច្ច ជនជាឃាតករដៃឆៅ ឈ្មោះហៀង វណ្ណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ប្អូនថ្លៃនេះមែន ដោយសារតែប្អូនថ្លៃរូបនេះជាមនុស្សញៀនថ្នាំ និងស្រវឹងស្រាជាប្រចាំ ហើយថែមទាំងបង្កជម្លោះ ជេរប្រមាថមើលងាយ រហូតគំរាមរកសម្លាប់ឪពុកក្មេក ដែលត្រូវជាឪពុករបស់ខ្លួន (ជនសង្ស័យ) ចោលទៀត ដូច្នេះទើបធ្វើឱ្យខ្លួនទ្រាំមិនបានក៏ទាញពូថៅសម្លាប់មុនទៅ។

ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចរៀចបំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES